កម្ពុជា
21 វិច្ឆិកា 2019
កាន់ វិច្ឆិកា
វីអូអេខ្មែរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ ប្រាប់ឲ្យប្រជាជនកម្ពុជា និងមន្ត្រីពាក់ព័ន្ធត្រៀមខ្លួនក្នុងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ(EBA)» តែកុំឲ្យបាត់បង់អធិបតេយ្យ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូច្នេះក្រោយពីសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី១២ ខែវិច្ឆិកានេះ បានផ្ញើរបាយការណ៍ជាលើកទី២ឲ្យរដ្ឋាភិបាលកម្ពុជា ដោយទុករយៈពេលមួយខែដើម្បីឲ្យកម្ពុជាឆ្លើយតបបញ្ហាសិទ្ធិមនុស្ស ដូចជាការធ្វើទុក្ខបុកម្នេញទៅលើក្រុមប្រឆាំង អង្គការសង្គមស៊ីវិល និងការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ ដែលមិនចំណុះរដ្ឋាភិបាល។
ក្នុងពិធីសម្ពោធអគារឥន្ទ្រទេវីរបស់រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន ថ្លែងថា កម្ពុជាមិនអាចយកអធិបតេយ្យភាពជាតិទៅដោះដូរជាមួយជំនួយ ឬការអនុគ្រោះណាមួយនោះទេ។
«ព្រោះឥឡូវគេយកអាហ្នឹង [EBA] មកគំរាមយើងថា អ្នកឯងត្រូវធ្វើអានេះ អានេះ។ អីចឹងបានយើងប្រាប់ទៅវិញថា យើងមិនអាចយកអធិបតេយ្យរបស់យើងទៅដោះដូរជាមួយជំនួយ ឬការអនុគ្រោះណាទេ។ អ្វីដែលយើងខិតខំធ្វើ យើងធ្វើបានយើងធ្វើ តែអ្វីដែលយើងធ្វើមិនអាចធ្វើបាន គឺអត់ទេ។ ទីផ្សារនៅតែជាទីផ្សារ គ្រាន់តែពីមុនអត់បង់ពន្ធ ឥឡូវត្រូវបង់ពន្ធ»។
លោក ហ៊ុន សែន បន្តថា នៅឆ្នាំ២០២៥ ឬ២០២៦ កម្ពុជានឹងត្រូវដកចេញពីការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ(EBA) ដោយស្វ័យប្រវត្តិដោយសារសេដ្ឋកិច្ចកម្ពុជារីកចម្រើន ដូច្នេះលោកថា កម្ពុជានៅត្រូវតែបង់ពន្ធនាំចេញពេញដដែល។
លោក ហ៊ុន សែន ក៏បានបន្ថែម ដោយជំរុញឲ្យសភាពាណិជ្ជកម្មកម្ពុជាផ្នែកធុរកិច្ចត្រូវសម្លឹងឆ្ពោះទៅរកទីផ្សារនានាតាមប្រទេសក្នុងតំបន់អាស៊ាន និងត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាពទាញយកផលប្រយោជន៍ពីពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
លោក ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី លើកឡើងថា ក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ានបាននៅឡើយ។ លោកបន្តថា ការរក្សាឲ្យបាន EBA និងទំនុកចិត្តពីអ្នកវិនិយោគគឺជាកត្តាសំខាន់សម្រាប់កម្ពុជា។
«EBA បើនៅបានល្អ ពីព្រោះថា យើងត្រូវការរយៈពេលមួយ transaction [ការធ្វើប្រតិបត្តិការ] ទៅ knowledge base economy [ចំណេះដឹងផ្នែកសេដ្ឋកិច្ច]។ អាហ្នឹងវាត្រូវការរយៈពេលមួយ។ ហើយល្បឿននៃកំណែទម្រង់ហ្នឹងវាត្រូវតែលឿនមែនទែន។ ឥឡូវល្បឿនកំណែទម្រង់ហ្នឹង វានៅយឺតនៅឡើយ diversify [ការធ្វើពិបិធកម្ម] ហ្នឹង អីចឹងយើងគិតថា EBA នៅតែមានសារសំខាន់ ហើយបើការពារបានផ្នែកណាមួយ ជាពិសេសវិស័យកាត់ដែរ កាន់តែល្អ»។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ គណៈកម្មការសហភាពអឺរ៉ុបប្រកាសចាប់ផ្តើមដំណើរការជាផ្លូវការដែលអាចនឹងឈានទៅដល់ការព្យួរជាបណ្តោះអាសន្ននូវឋានៈអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា ដោយសារតែការខូចខាតយ៉ាងដំណំលើបញ្ហាសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសគឺក្រោយការរំលាយគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៧។

បន្តិចមុន សហភាពអឺរ៉ុបចេញរបាយការណ៍ជាលើកទី២ គេឃើញក្រុមសហជីព និងសមាគមផ្សេងមួយចំនួន ពិសេសសមាគមរោងចក្រកាត់ដេរកម្ពុជា បានព្រមានពីហានិភ័យផ្សេងៗ ប្រសិនបើកម្ពុជាបាត់បង់ EBA។ ចំណែកក្រុមហ៊ុនវិនិយោគទុន ដូចជា H&M ក៏បានឲ្យដឹងថា ពួកគេបានត្រៀមខ្លួនផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេទៅប្រទេសចិន ឬឥណ្ឌូនេស៊ី បើសិនជាកម្ពុជាបាត់បង់ឋានៈអនុគ្រោះពន្ធនេះពីសហភាពអឺរ៉ុប។
ក្រុមអ្នកការពារសិទ្ធិកម្មករលើកឡើងថា ប្រសិនបើកម្ពុជាបាត់បង់ EBA នោះក្រុមហ៊ុនដែលនាំផលិតផលកាត់ដេរចេញទៅប្រទេសអឺរ៉ុបជាច្រើននឹងចាកចេញពីប្រទេសកម្ពុជាដើម្បីរកប្រទេសដែលផលិតកម្មមានតម្លៃថោកជាងកម្ពុជា។ អ្នកធ្វើការជាង៧៥០.០០០នាក់ អាចប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណូល ឬបាត់បង់ប្រាក់ចំណូលទាំងស្រុង។
លោក ដួង តុលា តំណាងសហជីពនៅរោងចក្រអ៊ីហ្គាមិនដែលជារោងចក្រផលិតសម្លៀកបំពាក់នាំចេញទៅទីផ្សារអឺរ៉ុប ប្រាប់ VOA ថា ការដកប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជា អាចធ្វើឲ្យរោងចក្រមួយចំនួនដកចេញពីកម្ពុជា ទៅកាន់ប្រទេសផ្សេង។ លោកបន្តថា ការណ៍នេះនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កម្មករ ដែលត្រូវការប្រាក់ចំណូលជាប្រចាំក្នុងការទំនុកបម្រុងគ្រួសារ និងបង់ធនាគារ រហូតអាចបង្ខំឲ្យពួកគេធ្វើចំណាកស្រុកស្វែងរកការងារនៅក្រៅប្រទេស។
លោក ដួង តុលា សង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងព្យាយាមទប់ស្កាត់មិនឲ្យមានការដកប្រព័ន្ធការអនុគ្រោះពន្ធពីកម្ពុជា។
«សម្រាប់ពួកខ្ញុំជាកម្មករគឺរងហានិភ័យច្រើន ដោយសារអត់មានការងារ ហើយបើសិនមានការងារ ប្រាក់ខែក៏មិនច្រើនដូចពួកគាត់[រដ្ឋាភិបាល]ដែរ គឺប្រាក់ខែតែ២០០ឬ៣០០ដុល្លារ បែងចែកទៅថ្លៃទឹកភ្លើងសព្វគ្រប់។ សម្រាប់ពួកគាត់ ទោះជាបាត់បង់ក៏អត់មានអីត្រូវខ្វល់ទេ ដោយសារពួកគាត់មានលុយត្រៀមសម្រាប់ពួកគាត់ស៊ីចាយហើយហ្នឹង! វាអាចជះឥទ្ធិពលមិនត្រឹមតែក្នុងប្រព័ន្ធវាយនភ័ណ្ឌ។ វាអាចជះឥទ្ធិពលដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនទៀត»។
សភាពាណិជ្ជកម្មអឺរ៉ុបបានសន្និដ្ឋានថា មនុស្សយ៉ាងហោចណាស់៩ម៉ឺននាក់ អាចនឹងបាត់បង់ការងារធ្វើ បើសិនជាសហភាពអឺរ៉ុបសម្រេចផ្អាក ឬដកឋានៈអនុគ្រោះពន្ធ ដែលអនុញ្ញាតឲ្យកម្ពុជាចំណេញប្រមាណជា៦០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំពីការនាំចូលភាគច្រើននៃផលិតផលក្នុងស្រុកទៅអឺរ៉ុប ដោយមិនបាច់បង់ពន្ធ។ វិស័យកាត់ដេរបានផ្តល់ការងារយ៉ាងហោចណាស់ចំនួន៧សែនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្ត្រី៕
Good choice and the question is what countries that are willing to pay that high price and can Cambodia products compete with China or Vietnam? How about India?
what is the multiplier effect
example with a gain of 1 unit and if we stop at the 4th individual, economie generates the sum of 3.36 unit How many million that the Khmer will lose to the EBA and GPS suprresion
but all these bands of one-eyed crocodile fan do not understand but not at all
well.. this evil is suicide himself but he did not realize that can be affecting to Cambodian. it is the same the word that this evil saying to his followers be preparing to die. I just want to give this dumb ass a clue>>right now is only EU but if all western nation lost hope the US will joint soon . I tell you what if you HUN SEN not give up they will chocking you to deft . I’m glad right now they just give you the red light the reason why??? because they think about Cambodian not you . wakeup Cambodian you should not gong hell whit this whatever you call him. GOD bless Cambodia and it’s people