នគរបាល​ខេត្ត​ព្រះសីហនុ​ឃាត់​ជនជាតិ​ចិន​២០​នាក់​ពី​បទ​បង្ខាំង​មនុស្ស​ខុសច្បាប់

ដោយ អូន ភាព
2019-11-22
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧។

Photo: RFA


សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់​ជនជាតិ​ចិន​ចំនួន​២០​នាក់ ហើយ​បាន​បញ្ជូន​ទៅ​តុលាការ ពី​បទ​ជនសង្ស័យ​បង្ខាំង​មនុស្ស​ខុសច្បាប់ ដើម្បី​ជំរិត​ទារ​ប្រាក់​។ សង្គម​ស៊ីវិល​ថា ឱ្យ​ដឹង​ថា មាន​ជនជាតិ​ចិន​មួយ​ចំនួន បាន​ចាញ់​ល្បែង ប៉ុន្តែ​គ្មាន​លុយ​សង ទើប​ម្ចាស់​កាស៊ីណូ បញ្ជា​ឱ្យ​ជន​ជាតិ​ចិន​ផ្សេង​ទៀត​បង្ខាំង​ជនរងគ្រោះ​ដើម្បី​សង​លុយ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក ជួន ណារិន្ទ បាន​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ព្រហស្បត៍ ទី​២១ វិច្ឆិកា នេះ​ថា​ជនសង្ស័យ​ទាំងនេះ បាន​បង្ខាំង​ជនជាតិ​ចិន​ដូចគ្នា​ចំនួន ២៧​នាក់ ដើម្បី​ជំរិត​ទារ​លុយ។

លោក ជួន ណារិន្ទ បញ្ជាក់​ថា ជនសង្ស័យ​ចំនួន​១១​នាក់​ដែល​ជា​ជនជាតិ​ចិន​ក្នុង​នោះ​មាន​ស្រី​ម្នាក់ បាន​បង្ខាំង​ជនជាតិ​ចិន​ដូចគ្នា​ចំនួន ១១​នាក់ កាលពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ហើយ​បាន​ទារ​លុយ​ពី​ជនរងគ្រោះ​ចំនួន ប្រមាណ​ជិត ២​ម៉ឺន​ដុល្លារ សម្រាប់​ជា​ថ្នូរ​នៃ​ការ​ដោះលែង។

លោក​បាន​ប្រាប់​ថា ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​សាច់ញាតិ​របស់​ជនរងគ្រោះ ហើយ​កម្លាំង​សមត្ថកិច្ច​របស់​លោក​បើក​ការស្រាវជ្រាវ បន្ទាប់​មក​បាន​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ជនល្មើស​ទាំងអស់​នេះ។

លោក​បញ្ជាក់​ថា ជនរងគ្រោះ​ខ្ចី​លុយ​ជនសង្ស័យ ដើម្បី​យក​ទៅ​លេងល្បែង​នៅ​កាស៊ីណូ ប៉ុន្តែ​បាន​ចាញ់​អស់ ទើប​ជនសង្ស័យ​ចាប់​បង្ខាំង​ទុក ដើម្បី​បង្ខំ​ឱ្យ​គ្រួសារ​ជនរងគ្រោះ យក​លុយ​មក​សង​ពួកគេ​វិញ។

លោក ជួន ណារិន ប្រាប់​ឱ្យ​ដឹង​ដែរ​ថា នគរបាល​ខេត្ត ក៏​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៩​នាក់​ផ្សេង​ទៀត ដោយសារ​ជនសង្ស័យ​បាន​ឃាត់​ជនជាតិ​ចិន ១៦​នាក់ ហើយ​បាន​ជំរិត​ទារ​ប្រាក់ នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ៖ «វា​បង្ខាំង វា​មិនមែន​ចាប់ជំរិត​ទេ វា​បង្ខាំង​ដោយសារ​ជំពាក់​លុយ​អ៊ីចឹង​ទៅ​វា​របៀប​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ហ្នឹង​ណាស់»។

លោក​បន្ត​ថា សមត្ថកិច្ច​បាន​បញ្ជូន​ជនល្មើស​ទាំងអស់​នេះ​ទៅ​តុលាការ ប៉ុន្តែ​លោក​មិនទាន់​ដឹង​ថា​ជន​សង្ស័យ​ទាំង​២០​នាក់​ត្រូវ​បាន​ចោទ​ពី​បទ​អ្វី​នៅ​ឡើយ​ទេ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​តុលាការ​ខេត្ត​លោក លឹម ប៊ុនហេង នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ ប៉ុន្តែ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នកទទួល។

ក្នុងការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំងនោះ សមត្ថកិច្ច​បាន​ដកហូត​កាំភ្លើង​ខ្លីម៉ាក K54 ចំនួន​០២​ដើម និង​មាន​គ្រាប់​មួយ​ចំនួន​ផង​ដែរ។ សមត្ថកិច្ច​ក៏បាន​ដក​ហូត​ខ្នោះដៃ​ចំនួន ២៣​គូ និង​កូន​សោរ​ខ្មោះ​មួយ​ចំនួន ព្រមទាំង​ដំបង ញញួរ​មួយ​ចំនួន​ទៀត​ដែល​ជនសង្ស័យ​ប្រើប្រាស់​សម្រាប់​ធ្វើ​ទារុណកម្ម​ជនរងគ្រោះ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា អ្នកស្រី​តែងតែ​សង្កេតឃើញ​មាន​ការ​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់​ជា​ញឹកញាប់​ប្រព្រឹត្ត​ឡើង​ដោយ​ជនជាតិ​ចិន ចាប់​តាំង​ពី​មាន​កាស៊ីណូ​ច្រើន​នៅ​ខេត្ត៖ «យើង​ឃើញ​ភាគច្រើន​គឺ​គាត់​លេងល្បែង​ហ្នឹង​ហ្មង ព្រោះ​ចង់​និយាយ​ថា ពួកគាត់​អត់​មាន​ជំពាក់​លុយ​គ្នា​គាត់ ដោយសារ​យក​មក​រកស៊ី ដូចជា​អត់​ដែល​លឺ​ទេ ឃើញ​តែ​គាត់​លេងល្បែង​កាស៊ីណូ»។

អ្នកស្រី​បន្ត​ថា ជាទូទៅ​មាន​មនុស្ស​ចូល​លេងល្បែង​នៅ​កាស៊ីណូ​ច្រើន ហើយ​ភាគច្រើន​គឺជា​ជនជាតិ​ចិន។ អ្នកស្រី​ថា អ្នកទេសចរ​ដែល​មកលេង​ខេត្ត​នេះ​មានការ​ថយ​ចុះ​ច្រើន ដោយសារ​ខ្លាច​ការ​ចាប់​ជំរិត​នេះ ព្រោះ​អំពើ​ចាប់ជំរិត​តែងតែ​កើតមាន​ឡើងជា​ញឹកញាប់ នៅ​ពេល​ពួកគេ​ចាញ់​ល្បែង។

សព្វថ្ងៃ​ជនជាតិ​ចិន​គ្រប់គ្រង កាស៊ីណូ ៤៨​កន្លែង។ កន្លងមក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ជនល្មើស​ជា ជនជាតិ​ចិន​ចំនួន ៩០៦ នាក់ ក្នុង​នោះ​មាន​ស្រី១៧២​នាក់​ក្នុង​រយៈពេល ៩​ខែ​ដើម​ឆ្នាំនេះ។

ជនជាតិ​ចិន​ដែល​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​នោះ មួយ​ចំនួន​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន ហើយ​បាន​មក​លាក់ខ្លួន​នៅ​ប្រទេស​កម្ពុជា និង​មួយ​ចំនួន​ទៀត​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ល្បែងភ្នាល់​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ខុសច្បាប់ និង​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​បទ​ដែល​ក្លែងបន្លំ​ឆបោក​តាម​រយ​:​ទូរគមនាគមន៍​នៅ​កម្ពុជា (VOIP)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "នគរបាល​ខេត្ត​ព្រះសីហនុ​ឃាត់​ជនជាតិ​ចិន​២០​នាក់​ពី​បទ​បង្ខាំង​មនុស្ស​ខុសច្បាប់"

  1. Anonymous says:

    Anything you do to serve our Cambodian people will be unforgettable and grateful, that is how you gain power and popularity and protected without using forces. Keep up with the good work eventhough you are not recognized but you will sleep good and no guilt in your heart.

Leave a Reply

Submit Comment