អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ថៃ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​យុទ្ធនាការ​គាំទ្រ​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ជាថ្មី

ដោយ វ៉ែន សុមេធ
2019-11-22
RFA

សកម្មភាព​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ដែល​ស្នាក់​នៅ​ប្រទេស​ថៃ ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក កាល​ពី​ថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

សកម្មភាព​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ដែល​ស្នាក់​នៅ​ប្រទេស​ថៃ ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក កាល​ពី​ថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ២០១៩។ Photo Provided


អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ថៃ​​ធ្វើ​យុទ្ធនាការ​គាំទ្រ​លោក​ សម រង្ស៊ី​ វិល​ចូល​ស្រុក​ជា​ថ្មី


អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ប្រមាណ ៤០​នាក់​នៅ​ប្រទេស​ថៃ ប្រមូលផ្ដុំ​គ្នា​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក បន្ត​គាំទ្រ​ឱ្យ​ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឱ្យ​រស់​ឡើងវិញ​។ ពួកគេ​នៅតែ​មាន​សង្ឃឹមថា លោក សម រង្ស៊ី នឹង​អាច​រក​ច្រក​ធ្វើ​មាតុភូមិនិវត្តន៍​បាន​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ។

អ្នកគាំទ្រ​គណបក្សប្រឆាំង​ទាំងនេះ បាន​ប្ដេជ្ញា​ចិត្ត​ព្រម​គ្នា​នៅ​ពេល​ដែល​ពួកគេ​ប្រមូលផ្ដុំ​នៅ​ខេត្ត​នន់ថាក់បូរី (Nonthaburi) ជាប់​ទីក្រុង​បាងកក កាលពី​រសៀល​ថ្ងៃ​ទី​២០ វិច្ឆិកា។

អ្នកចូលរួម​ក្នុង​ពិធី​ប្រមូល​ផ្ដុំ​គ្នា​ម្នាក់ លោក ស៊ុម សីហា ប្រាប់​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា​ថា ការ​អភិវឌ្ឍន៍​របស់​ស្រុកទេស​នឹង​មិន​បាន​រីក​ចំរើន​ឡើយ ល្គឹកណា​គ្មាន​គណបក្ស​ប្រឆាំង ដែល​មាន​ប្រជាពលរដ្ឋ​គាំទ្រ​ប្រដំប្រសងគ្នា​ជាមួយ​គណបក្ស​កាន់អំណាច ចូល​ប្រកួតប្រជែង​ក្នុង​បោះឆ្នោត​ជាតិ​នោះ​។ លោក​បន្ត​ថា បើ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ ដើម្បី​កុំ​ឱ្យ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ចេះតែ​អូស​បន្លាយពេល នាំ​ឱ្យ​ខាតបង់​ដល់​ប្រយោជន៍​ជាតិ​។ លោក​បញ្ជាក់​ថា ពលករ​ខ្មែរ​នៅ​ថៃ​រាប់​ម៉ឺន​នាក់ កំពុង​រង់ចាំ​លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍​ជាថ្មី ព្រោះ​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា បាន​ខកខាន​ដោយសារតែ​របប​ក្រុងភ្នំពេញ​រាំង​ខ្ទប់​គ្រប់​ច្រក ធ្វើ​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​វិល​ចូល​ស្រុក​វិញ​បាន៖ «ខ្ញុំ​ទាមទារ​ការផ្លាស់ប្ដូរ​ព្រោះ​របប​នេះ ធ្វើបាប​ប្រជាពលរដ្ឋ​មិន​ឱ្យ​មាន​សិទ្ធិ​សេរីភាព និង​ចាប់ចង​មនុស្ស​តាម​អំពើ​ចិត្ត អីចឹង​យើង​ត្រូវការ​ផ្លាស់ប្ដូរ​របប​សិន​។​ម្យ៉ាងទៀត​មេដឹកនាំ​មុខ​ដដែល​ជាច្រើន​ឆ្នាំ​ហើយ​មិន​មាន​ការផ្លាស់ប្ដូរ​ទេ ខ្ញុំ​ចង់​ឱ្យ​មាន​ការផ្លាស់ប្ដូរ​មេដឹកនាំ​យ៉ាង​យូរ​ដឹកនាំ ២​អាណត្តិ ដូច​ប្រទេស​សហរដ្ឋអាមេរិក​ដែរ»។

លោក​បន្ត​ថា ការ​ជួប​ប្រជុំគ្នា​នេះ ដើម្បី​ជូនដំណឹង​ទៅ​ដល់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ឱ្យ​ត្រៀមខ្លួន ទៅ​ចូល​អម​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ។

រីឯ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ដែល​បាន​ចូលរួម​ជួបជុំគ្នា​នេះ​ដែរ លោក ជីម ផាត ថ្លែង​ថា ពួកគេ​ត្រូវការ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដើម្បី​ទៅ​ជួយ​រំដោះ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ពេញលេញ ពីព្រោះ​លោក ហ៊ុន សែន ចាប់ចង​មនុស្ស​តាម​អំពើ​ចិត្ត ដោយ​មិន​ព្រម​ដោះលែង​លោក ឱ្យ​មាន​សេរីភាព​ធ្វើ​នយោបាយ​ឡើងវិញ​នៅឡើយ​ទេ។ លោក​បញ្ជាក់​ថា របប​ក្រុងភ្នំពេញ​ធ្វើ​បែប​នេះ ដើម្បី​បន្ត​អំណាច​ឱ្យ​បាន​យូរ​ទៅ​មុខ​ទៀត​។ ដូច្នេះ ពួកគេ​ដែល​ជា​ពលករ​នៅ​ប្រទេស​ថៃ មិន​អាច​នៅ​ស្ងៀម​បានទេ គឺ​ត្រូវ​ទៅ​ចូលរួម​អម​ដំណើរ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​វិល​ចូល​ស្រុក​ឱ្យ​ទាល់តែ​បាន ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា៖ «ក្នុង​ការ​ថ្លែង​សារ​នោះ​ក្រុម​អ្នកគាំទ្រ​ស្រែក​ថា យើង​ជា​សម រង្ស៊ី ៣​ទៅ ៤​ដង​ក្នុង​ម្នាក់ ហើយ​ស្រែក​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក​សម រង្ស៊ី ។​ទោះបីជា​លោក​មិនបាន​កំណត់​ថ្ងៃខែ​មែន ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា មិន​យូរ​ទេ លោក​នឹង​ចូល​ទៅ​កម្ពុជា ដូច​ពួក​ខ្ញុំ​បាន​ប្រមូល​តួលេខ​ពលករ​និង​បាន​រៀបចំ​ពលករ​ជាស្រេច​ហើយ។ នៅ​ពេល​ដែល​លោក​ប្រធាន​ប្រកាស​ត្រឹម ២​ថ្ងៃ ខ្ញុំ​នឹង​ត្រៀម​តែម្ដង ហើយ​អត់ទ្រាំ​រស់​ក្រោម​របប​នេះ​តទៅ​ទេ ខ្ញុំ​នឹង​ស្ទុះស្ទា​គ្រប់បែប​យ៉ាង»។

ពាក់ព័ន្ធ​នឹង​ប្ដេជ្ញា​ចិត្ត​របស់​ក្រុម​ពលករ​នៅ​ប្រទេស​ថៃ គាំទ្រ​លោក សម រង្ស៊ី នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន យល់ថា ជា​រឿង​ធម្មតា ប៉ុន្តែ​លោក​ព្រមាន​ហាម​បញ្ចេញ​សកម្មភាព ព្រោះ​ការ​ធ្វើ​សកម្មភាព​នឹង​ត្រូវ​មានទោស​។ អ្នកនាំពាក្យ​រូប​នេះ​បន្ថែម​ថា ការ​ធ្វើ​សកម្មភាព​បញ្ចុះបញ្ចូល​ពលករ​នៅ​ប្រទេស​ថៃ ឱ្យ​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​នឹង​ត្រូវ​មានទោស ហើយ​រដ្ឋាភិបាល​ថៃ នឹង​ចាប់​បញ្ជូន​ពួកគេ ទៅ​ទទួលទោស​នៅ​ប្រទេស​កម្ពុជា៖ «គេ​មាន​អារម្មណ៍​របៀប​ម្ដេច មានការ​ប្ដេជ្ញា​ស្លាប់​រស់​ជាមួយគ្នា​យ៉ាង​ម្ដេច ខ្ញុំ​អត់​មានការ​វាយតម្លៃ​ទេ អា​ហ្នឹង​ជា​សិទ្ធិ ជា​ជម្រើស​របស់​គាត់។ ក៏ប៉ុន្តែ​បើ​មាន​សកម្មភាព​គាត់​ត្រូវ​ទទួលទោស​។ ប្រទេស​ថៃ នឹង​ចាប់​ពួកគាត់​មក​ប្រទេស​ខ្មែរ ជាប់គុក»។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​ប្រមូល​ផ្ដុំ​គ្នា​របស់​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នេះ ជា​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់ ដែល​បាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។ លោក​គត់​សំគាល់​ថា ថ្វីត្បិតតែ​ថ្មី​នេះ​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​លក្ខ​ខណ្ឌ​មួយ​ចំនួន​ដល់​លោក កឹម សុខា និង​ដោះលែង​សកម្មជន​គណបក្សប្រឆាំង​ជាច្រើន​នាក់​ក្ដី ក៏​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ហាក់​មិន​ទាន់​បាន​ប្រសើរ​នៅឡើយ ពីព្រោះ​ពួកគេ​មិន​ទាន់​មាន​សិទ្ធិ​ពេញលេញ​ដូច​ប្រជាពលរដ្ឋ​ដទៃ​នៅ​ឡើយ៖ «យើង​ឃើញ​ការ​ដោះលែង​ទាំងអស់​ហ្នឹង​ដូចជា​សេរីភាព​មួយ​បណ្ដោះអាសន្ន​ទេ មិនមែន​ជា​សេរីភាព​ពេញលេញ​ក្នុង​ការ​ផ្ដល់​សិទ្ធិ​សេរីភាព​ឱ្យ​ពួកគាត់​ធ្វើ​សកម្មភាព​នយោបាយ​បាន​នៅឡើយ​ទេ អីចឹង​ដរាបណា​សេរីភាព​ដែល​មាន​លក្ខខណ្ឌ​បែបនេះ​យើង​យល់ថា កម្ពុជា​អត់​មានការ​បើក​សិទ្ធិ​សេរីភាព ទូលំទូលាយ​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ក្រុម​អ្នកនយោបាយ​គ្រប់​ភាគី​បាន​ធ្វើ​នយោបាយ​ឱ្យ​បាន​ត្រឹមត្រូវ​ឱ្យ​បាន​ស្មើភាព និង​យុត្តិធម៌​អី​ហ្នឹង​នៅ​ឡើយ​ទេ»។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា សង្គម​ប្រជាធិបតេយ្យ​ដែល​ល្អ ត្រូវ​មាន​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ប្រហាក់ប្រហែល​គ្នា ដើម្បី​មាន​អំណាច​តាមដាន​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​មាន​ប្រសិទ្ធភាព ដែល​ធ្វើ​ប្រទេស​អភិវឌ្ឍន៍​រីកចម្រើន​បាន​ឆាប់​រហ័ស។ ផ្ទុយ​ទៅ​វិញ​លោក​បញ្ជាក់​ថា ប្រទេស​ដែល​គ្រប់​ដោយ​របប​ឯក​បក្ស​នឹង​ធ្វើ​ឱ្យ​ប្រទេស​នោះ​អភិវឌ្ឍន៍​មាន​ចំណុច​ចន្លោះប្រហោង​ច្រើនជាង​សង្គម​ប្រជាធិបតេយ្យ។

អ្នកគាំទ្រ​គណបក្សប្រឆាំង​នៅ​ប្រទេស​ថៃ អះអាង​ថា ពួកគេ​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ជូនដំណឹង​ដល់​ពលករ​ខ្មែរ ឱ្យ​ត្រៀមខ្លួន​ទៅ​ទទួល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​វិញ​ជា​បន្តបន្ទាប់​ទៀត​។ ពួកគេ​សង្ឃឹមថា លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស​នេះ និង​អាច​រក​ច្រក​ចូល​ទៅ​កម្ពុជា​បាន​នៅ​ចុង​ឆ្នាំ​២០១៩ នេះ ពីព្រោះ​លោក សម រង្ស៊ី កំពុង​ធ្វើ​ការ​ទូត​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន និង​សហភាព​អឺរ៉ុប ដើម្បី​ឱ្យ​ដាក់​សម្ពាធ​ទៅ​របប​ក្រុងភ្នំពេញ​ឱ្យ​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ថៃ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​យុទ្ធនាការ​គាំទ្រ​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ជាថ្មី"

  1. អាចារតែថេះ says:

    គាត់មិនហ៊ានចូលទេ! លោកសមរង្សីហោះទៅដេកគងទាក់ខ្លានៅបារាំងវិញហើយ។សូមផ្តាំទៅលោកសមរង្សីផងដែរថា បំផ្លាញសេចក្តីទុកចិត្តរបស់អ្នកគាំទ្រវាមិនខុសពីសម្លាប់ជីវិតនយោបាយទេ។តិចទៀតសម្តីរបស់លោកគេនឹងចាត់ទុកដូចផោមសេះចឹងអត់ប្រយោជន៍។លោកស្រែកក្តែងថាលោកជោគជ័យធំណាស់ តែជោគជ័យរបស់លោកមិនមែនជាអ្វីដែរអ្នកប្រជាធិត្តេយ្យគេប្រាថ្នាទេព្រោះតែភាពកំសាករបស់លោកហ្នឹងហើយ។សូមបើកភ្នែកមើលអ្នកដែរខំជើះយន្តហោះមកដេកអត់បាយនៅស្រុកថៃផង ព្រោះតែស្រលាញ់និងគាំទ្រលោក តើគេលះបង់ប៉ុណ្ណា!ចុះលោកវិញ?យកលេសថាគេកែសំបុត្រយន្តហោះ យកលេសថាគេអង្វមិនអោយឡើងយន្តហោះតែធាតុពិតគឺលោកកំសាក! បើហោះមកដល់ថៃហើយត្រូវគេដេញទៅវិញអាហ្នឹងទើបជឿ!ហើយមួយវិញទៀតបើចង់មកមែនហោះពីម៉ាលេស៊ីរឺឥណ្ឌូណេស៊ីមក។សុខចិត្តហោះមកបារាំងវិញ

  2. Anonymous says:

    Remember US never shakes hand with Sam Ramsey yet but Kem Sokha. Believe it or not US main focus is Kem Sokha and the major force that can defeat Hun Sen is the people who live in and around Cambodia. Kem Sokha proves to be a real leader who sacrifice himself all along and stays with his people with all causes.

Leave a Reply

Submit Comment