កម្មករ​រោងចក្រ​ថា ពួក​គាត់​ខ្វះ​ការងារ​ធ្វើ​នៅ​ពេល​អឺរ៉ុប​ជិត​ផ្ដាច់ EBA

ដោយ សេក បណ្ឌិត
2019-11-24
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​កម្មករ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨។ Photo courtesy of SPM Facebook's page

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ជួប​កម្មករ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៨។ Photo courtesy of SPM Facebook’s page


ក្រុម​កម្មករ​កាត់ដេរ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​អំពី​ជោគវាសនា​របស់​ពួកគាត់ ដោយសារតែ​ឱសានវាទ​នៃ​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBAរបស់​សហភាព​អឺរ៉ុប កាន់តែ​ខិត​ជិត​ចូល​មក​ដល់។ ក្រុម​កម្មករ​បញ្ជាក់​ថា ប្រសិនបើ​សហភាព​អឺរ៉ុប​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ​មែន នោះ​ពួកគាត់​នឹង​បាត់បង់​ការងារ ហើយ​សេដ្ឋកិច្ច​គ្រួសារ​នឹង​ធ្លាក់​ចុះ​ដុនដាប​ទៅ​តាម​នោះ​ដែរ។

ពេលវេលា​មិនទាន់​មក​ដល់​ផង កម្មករ​កាត់ដេរ​មួយ​ចំនួន​អះអាង​ថា ពួកគាត់​បាន​រង​ផល​ប៉ះពាល់​ពី​វិបត្តិ EBA ជា​បណ្តើរៗ​រួច​ទៅ​ហើយ ដូចជា ខ្វះ​ការងារ​ធ្វើ គ្មាន​ការងារ​ថែម​ម៉ោង និង​ងាយ​រង​ការ​បញ្ឈប់​ពី​ថៅកែ​រោងចក្រ​ជាដើម។

កម្មករ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ កញ្ញា ឃុន ស្រីពៅ ឱ្យ​អាស៊ីសេរី​ដឹង​ថា រោងចក្រ​របស់​នាង​ផ្គត់ផ្គង់​ផលិតផល​ឱ្យ​ក្រុមហ៊ុន​សំលៀកបំពាក់​ម៉ាក ហ្សារ៉ា (ZARA) និង មេងហ្គោ (MANGO)​។ កញ្ញា​ថា ពី​ដើមឡើយ​រោងចក្រ​របស់​នាង​មាន​កម្មករ​ធ្វើការ​ជាង ២​ពាន់​នាក់ ក៏ប៉ុន្តែ​តាំងពី​មាន​បញ្ហា EBA មក រោងចក្រ​បាន​បញ្ឈប់​កម្មករ​ជា​បន្តបន្ទាប់​នៅ​សល់​តែ​ជាង ១​ពាន់​នាក់​ប៉ុណ្ណោះ។ នាង​បញ្ជាក់​ទៀត​ថា កាល​ពី​មុន ក្រុម​កម្មករ​មាន​ការងារ​ធ្វើ​ឥត​ដាច់ និង​មាន​ថែម​ម៉ោង​ពេល​ល្ងាច ព្រមទាំង​ថ្ងៃ​ចុង​សប្ដាហ៍ និង​ថ្ងៃបុណ្យ​ផង​ដែរ ដែល​អាច​ឱ្យ​ពួកគាត់​រក​ចំណូល​បាន​ប្រមាណ ២៧០​ដុល្លារ​ក្នុង​មួយ​ខែ​។ ក៏ប៉ុន្តែ​រយៈពេល ៣​ខែ​មកនេះ កញ្ញា​ថា កម្មករ​មិន​សូវ​មាន​ការងារ​ធ្វើ​ទេ ហើយ​រោងចក្រ​ក៏​មិនបាន​ថែម​ម៉ោង​ពេល​ល្ងាច និង​ថ្ងៃ​ឈប់សម្រាក ឬ​ថ្ងៃបុណ្យ​ទៀត​នោះ​ដែរ ធ្វើ​ឱ្យ​ពួកគាត់​ទទួល​បាន​ចំណូល​តែ​ប្រមាណ ២១០ ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​ខែ​។ កញ្ញា​អះអាង​ថា នៅ​ពេល​ប្រាក់កម្រៃ​ប្រចាំខែ​ថយ​ចុះ​ច្រើន​បែបនេះ ក្រុម​កម្មករ​បាន​នាំ​គ្នា​ត្បិតត្បៀត​ការ​ចំណាយ ជាពិសេស​លើ​ថ្លៃ​ម្ហូបអាហារ ដោយ​ពីមុន​ពួកគាត់​ធ្លាប់​ហូបបាយ​ជាមួយ​សម្ល ពេលនេះ​ត្រូវ​បង្ខំចិត្ត​ហូបបាយ​ជាមួយ​ពង​ទា ឆៃប៉ូវ សៀង លៀស​ហាល និង​ជ្រក់​ស្ពៃ​វិញ ដើម្បី​សន្សំ​ថវិកា​ទុក​ផ្ញើ​ទៅ​គ្រួសារ​នៅ​ឯ​ស្រុកកំណើត។ «»

កម្មករ​រោងចក្រ​មួយ​រូប​ទៀត​នៅ​ខេត្ត​កណ្តាល លោកស្រី ដោក សាវ៉ាន់ ថ្លែង​ថា ចាប់ពី​ខែ​កញ្ញា​មក រោងចក្រ​របស់​លោក​ស្រី​មិនសូវ​មាន​អីវ៉ាន់​ឱ្យ​កម្មករ​ធ្វើ​នោះ​ទេ ហើយ​ការ​ថែម​ម៉ោង​ទៀតសោត ក៏​មាន​កាន់តែ​តិច ខុស​ពី​លើក​មុន​ដែល​រោងចក្រ​មាន​ការងារ​ឱ្យ​កម្មករ​ធ្វើ​ជា​ប្រចាំ ហើយ​មាន​ការងារ​ថែម​ម៉ោង​រាល់ថ្ងៃ​។ លោកស្រី​បញ្ជាក់​ថា កាល​ពី​មុន កម្មករ​ខ្លះ​អាច​រក​បាន​ដល់​ទៅ​៥០០ ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​ពេលនេះ​បាន​ជាង​២០០​ដុល្លារ ឬ​ច្រើន​បំផុត​ត្រឹម​៣០០ ដុល្លារ ប៉ុណ្ណោះ​។ លោកស្រី​បារម្ភ​ថា ចាប់​ពី​ខែ​ក្រោយ​ទៅ រោងចក្រ​អាច​នឹង​ខ្វះ​ការងារ​ឱ្យ​កម្មករ​ធ្វើ ព្រោះ​ក្រុមហ៊ុន​បញ្ជា​ទិញ​មួយ​ចំនួន ដូចជា លីវ៉ាយស៍ (LEVI’S) និង អូឡាហ្វ (OLAF) ជាដើម បាន​កាត់បន្ថយ​បរិមាណ​បញ្ជា​ទិញ​ពី​រោងចក្រ​របស់​លោក​ស្រី​ហើយ។ «»

លោកស្រី ដោក សាវ៉ាន់ បញ្ជាក់​ថា កាល​ពី​មុន រោងចក្រ​របស់​លោក​ស្រី​មាន​កម្មករ ៣​ពាន់ ៧​រយ​នាក់ ប៉ុន្តែ​ពេលនេះ​បាន​ថយ​មក​នៅ ៣​ពាន់ ៥​រយ​នាក់ ហើយ​បើ​សហភាព​អឺរ៉ុប​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​មែន នោះ​រោងចក្រ​ប្រាកដជា​កាត់បន្ថយ​កម្មករ​កាន់តែ​ច្រើន​ថែម​ទៀត​។ លោកស្រី​បញ្ជាក់​ថា ក្រុម​កម្មករ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ខ្លាច​បាត់បង់​ការងារ​ធ្វើ ពីព្រោះ​ពេលវេលា​នៃ​ការសម្រេច​ចិត្តជា​ចុងក្រោយ​របស់​សហភាព​អឺរ៉ុប​រឿង​ដក​ការ​អនុគ្រោះ​ពន្ធ EBA កាន់តែ​ខើច​ណាស់​ទៅ​ហើយ។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន ប្រាប់​កម្មករ​កុំ​ព្រួយបារម្ភ​ច្រើនពេក​ចំពោះ​រឿង EBA នេះ ព្រោះ​លោក​ថា រដ្ឋាភិបាល​ចេះ​ដោះស្រាយ​បញ្ហា​នេះ​ហើយ ជាពិសេស​លោក​ថា រដ្ឋាភិបាល​កំពុង​ជជែក​គ្នា​ជាមួយ​សហភាព​អឺរ៉ុប​ជុំវិញ​រឿង​ការ​អនុគ្រោះ​ពន្ធ​នេះ។ «»

កម្មករ​រោងចក្រ​កាត់ដេរ កញ្ញា ឃុន ស្រីពៅ ប្រតិកម្ម​ថា មិន​ឱ្យ​ព្រួយបារម្ភ​យ៉ាងម៉េច​នឹង​កើត បើ EBA ជា​ឆ្នាំងបាយ​របស់​នាង​ទៅ​ហើយ​នោះ​។ នាង​បន្ត​ថា សម្ដី​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​នេះ បង្ហាញ​ថា គាត់​មិន​ដឹង​ទាល់តែសោះ​អំពី​សុខទុក្ខ​របស់​កម្មករ ហើយ​ជា​ការ​និយាយ​ឱ្យ​តែ​រួចពីមាត់។ «»

សហភាព​អឺរ៉ុប​បាន​បញ្ជូន​របាយការណ៍​បឋម​ទៅ​របប​ក្រុងភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា កន្លងទៅ ហើយ​ទុក​ពេល ៣០​ថ្ងៃ ឱ្យ​របប​នេះ​ឆ្លើយតប​វិញ​។ សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ថា របប​ក្រុងភ្នំពេញ​មិន​បាន​កែ​លម្អ​ស្ថានភាព​អាក្រក់​ទាំងឡាយ​ឱ្យ​ប្រសើរ​ឡើង​វិញ ដើម្បី​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA ឡើយ ផ្ទុយ​ទៅវិញ​របប​នេះ ថែមទាំង​បាន​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស​កាន់តែ​អាក្រក់​ជាង​មុន​ថែម​ទៀត។

គិត​ត្រឹម​ថ្ងៃ​ទី​២៤ វិច្ឆិកា របប​លោក ហ៊ុន សែន មាន​ពេល ១៨​ថ្ងៃ​ទៀត ដើម្បី​កែប្រែ​ស្ថានការណ៍ ហើយ​ឆ្លើយតប​ទៅកាន់​សហភាព​អឺរ៉ុប​វិញ មុននឹង​សហភាព​អឺរ៉ុប​សម្រេច​ចិត្តជា​ចុងក្រោយ​ថា ត្រូវ​ដក ឬ​រក្សាទុក EBA នេះ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០ ខាងមុខ។

ទោះជា​យ៉ាងណា មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​អះអាង​ដដែល​ជា​ដដែល​ថា លោក​មិន​ខ្លាច​ក្នុង​ការ​បង់ពន្ធ​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប​ឡើយ ព្រោះ​របប​របស់​លោក​បាន​ត្រៀមខ្លួន​រួចហើយ​តាំងតែ​ពី​ខែ​មីនា មក​ម្ល៉េះ​។ លោក​ថ្លែង​ទៀត​ថា ការ​ដក EBA នឹង​មិន​ធ្វើ​ឱ្យ​របប​លោក​ត្រូវ​លៀន​អណ្ដាត​នោះ​ឡើយ ហើយ​របប​លោក​នៅ​តែ​មាន​លទ្ធភាព​បើកប្រាក់​ខែ​ជូន​មន្ត្រី​រាជការ​ដដែល។ «»

ក្រុម​កម្មករ​រោងចក្រ​ស្នើ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិចារណា​ឱ្យ​បាន​ច្បាស់លាស់ មុននឹង​បោះ​ពាក្យ​សម្ដី​បែបនេះ ព្រោះ​កម្មករ​រោងចក្រ​មានការ​ងារ​ធ្វើ​អាស្រ័យ​ដោយមាន​ការ​អនុគ្រោះ​ពន្ធ EBA នេះឯង​។ ពួកគាត់​បន្ត​ថា លោក ហ៊ុន សែន គួរតែ​គិត​ពី​ប្រយោជន៍​កម្មករ​ផង ព្រោះ​វិស័យ​កាត់ដេរ​ជា​ប្រភព​ចំណូល​សំខាន់​ជាងគេ​សម្រាប់​សេដ្ឋកិច្ច​ជាតិ ហើយ​ការបាត់បង់ EBA នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់។ «»

ក្រៅ​ពី​ក្រុម​កម្មករ សមាគម​ថៅកែ​រោងចក្រ​ក៏​ធ្លាប់​បាន​បង្ហាញ​ក្តី​បារម្ភ​ជា​ខ្លាំង​ជុំវិញ​ការបាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ EBA នេះ​ដែរ​។ សមាគម​ថៅកែ​រោងចក្រ​បញ្ជាក់​ថា ការ​អនុគ្រោះ​ពន្ធ EBA បាន​ជួយ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​បាន​រួច​ចាក​ផុត​ពី​ភាព​ក្រីក្រ និង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា។ សមាគម​ថៅកែ​រោងចក្រ​បាន​ព្រមាន​ថា ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ធ្វើ​ឱ្យ​បាត់បង់​ការងារ​ទ្រង់ទ្រាយ​ធំ ក្នុង​វិស័យ​កាត់ដេរ ដែល​នឹង​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ ៧៥​ម៉ឺន​នាក់ និង​គ្រួសារ​របស់​ពួកគាត់​ប្រមាណ ៣​លាន​នាក់​ទៀត។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ស្នើ​យ៉ាង​ទទូច​ឱ្យ​របប​ក្រុងភ្នំពេញ​បំពេញ​តាម​លក្ខខណ្ឌ​របស់​សហ​ភាព​អឺរ៉ុប ដើម្បី​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA បន្ត​ទៅ​ទៀត ព្រោះ​លោក​យល់​ថា រដ្ឋាភិបាល​គ្មាន​សមត្ថភាព​បង្កើត​ការងារ​រាប់​សែន​កន្លែង សម្រាប់​កម្មករ​ដែល​អត់​ការងារ​ធ្វើ​ពី​វិស័យ​កាត់ដេរ​នោះ​ឡើយ។ «»

កម្ពុជា​ជា​ប្រទេស​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ជាង​គេ​លំដាប់​ទីពីរ ពី​ការ​អនុគ្រោះ​ពន្ធ EBA ដែលមាន​ចំនួន​ស្មើនឹង​១៨% នៃ​ទំនិញ​គ្រប់​ប្រភេទ​ដែល​នាំទៅ​ទីផ្សារ​អឺរ៉ុប ក្រោម​កម្មវិធី​ទំនិញ​គ្រប់​មុខ​លើកលែងតែ​គ្រឿង​សព្វាវុធ។ ក្នុង​ឆ្នាំ​២០១៨ សហភាព​អឺរ៉ុប​នាំចូល​ទំនិញ​ពី​កម្ពុជា​គិត​ជា​ទឹកប្រាក់​ប្រមាណ ៥ ពាន់​៣ រយ​លាន​យូរ៉ូ (5.3 billion euros) ឬ​ស្មើនឹង​៥ ពាន់​៨ រយ​លាន​ដុល្លារ​អាមេរិក ($5.8 billion) ដែល​ទំនិញ​ស្ទើរតែ​ទាំងអស់​រួច​កាតព្វកិច្ច​ពន្ធ​ដោយសារតែ​កម្មវិធី EBA​។ ផលិតផល​វាយនភណ្ឌ និង​សំលៀកបំពាក់ មាន​ចំនួន​ប្រហែល ៧៥% នៃ​ទំនិញ​ដែល​សហភាព​អឺរ៉ុប​នាំ​ចូល​ពី​កម្ពុជា។

សហភាព​អឺរ៉ុប​បាន​បញ្ជាក់​រួចហើយ​ថា អឺរ៉ុប​នឹង​មិន​ផ្លាស់ប្ដូរ​ជំហរ​រឿង EBA នេះឡើយ ហើយ​បើ​របប​ក្រុងភ្នំពេញ​ចង់បាន​ការ​អនុគ្រោះ​ពន្ធ​បន្ត​ទៀត​នោះ របប​នេះ​ត្រូវតែ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​ឱ្យ​បាន​ជា​ដាច់ខាត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment