ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០ធ្នូ​នឹង​លែងជា​ថ្ងៃ​ឈប់​សម្រាក​ផ្លូវការ ខណៈ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មិន​ទាន់​មាន​ភាព​ប្រសើរ​ឡើង

កម្ពុជា

25 វិច្ឆិកា 2019
ណឹម សុភ័ក្រ្តបញ្ញា
ផន បុប្ផា
វីអូអេខ្មែរ

រូបឯកសារ៖ អង្គការ​សង្គម​ស៊ីវិល​ ​ក្រុម​សហជីព និង​សកម្មជន និងប្រជាពលរដ្ឋ​នានា​ ចូលរួម​ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរ​ជាតិ១០ធ្នូ ​លើក​ទី៧០, នាទីលាន​ប្រជាធិបតេយ្យ​, នៅរាជធានីភ្នំពេញ​នៅថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨។ (អូន​ ឆេង​ប៉រ​​​/ VOA)
រូបឯកសារ៖ អង្គការ​សង្គម​ស៊ីវិល​ ​ក្រុម​សហជីព និង​សកម្មជន និងប្រជាពលរដ្ឋ​នានា​ ចូលរួម​ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរ​ជាតិ១០ធ្នូ ​លើក​ទី៧០, នាទីលាន​ប្រជាធិបតេយ្យ​, នៅរាជធានីភ្នំពេញ​នៅថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨។ (អូន​ ឆេង​ប៉រ​​​/ VOA)

ជាងពីរ​ទសវត្សរ៍​មក​ហើយ​ កម្ពុជាប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ១០ ធ្នូ ដោយ​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំ និង​ការ​ដង្ហែ​ក្បួន​ ដែល​មាន​ការ កាន់​ស្លាក​បដា​ផ្សេងៗ រួម​ទាំង​ការ​បង្ហោះ​ប៉េងប៉ោង​ផង​ដែរ​ ដើម្បី​បុព្វហេតុសិទ្ធិ​សេរីភាព​និង​បង្ហាញ​ពី​កង្វល់​របស់​ពួកគេ។

កន្លងមក​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​នេះ​ ប្រជា​ពលរដ្ឋ​រាប់​រយ​នាក់​ចូលរួម​ប្រារព្ធ​ពិធី​នេះ​បាន​ពេញ​មួយ​ថ្ងៃ​ដោយសារ​ថ្ងៃ​ទី១០ ខែ​ធ្នូ​ គឺ​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ។

យ៉ាង​ណា​ក្តី ថ្ងៃទី​ ១០ ខែ​ធ្នូ ឆ្នាំ ២០១៩​នេះ​ នឹងជា​ថ្ងៃ​ចុង​ក្រោយ ​ដែល​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ត្រូវ​បាន​ចាត់​ទុក​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ​ជា​ផ្លូវការ​នៅ​កម្ពុជា។

មុន​នឹង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឆ្នាំ​នេះ​ អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ យល់​ថា​ ការ​ដក​ចេញ​ថ្ងៃ​ឈប់​សម្រាក​ជាតិ​នេះ​នឹង​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ពិធី អាច​ភ្លេច​ពី​និយមន័យ​នៃ​សិទ្ធិ​សេរីភាព​ បាត់បង់​ឱកាស​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​ក្នុង​សង្គម និង​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ពី​សហគមន៍​អន្តរជាតិ។

អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ គឺ​ជា​អង្គការ​មួយ​ដែល​បាន​ធ្វើការ​នានា​ដើម្បី​លើកកម្ពស់​សិទ្ធិមនុស្ស​តាំងពី​ឆ្នាំ១៩៩១​មក​ម្ល៉េះ។ ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​១០​ធ្នូ​ អង្គការ​នេះ​រៀបចំ​ដង្ហែ​ក្បួន ដើម្បី​ប្រារព្ធ​ពិធី​សិទ្ធិមនុស្ស​ដែល​មាន​ការ​ចូលរួម​ពី​ប្រជាជន​មក​ពី​គ្រប់​ស្រទាប់​និង​តំបន់។

លោក សឹង សែនករុណា អ្នកនាំពាក្យសមាគម​គាំពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ប្រាប់ VOA ថា ការ​ដក​ទិវា​សិទ្ធិមនុស្ស​ ១០​ ធ្នូ​ ចេញ​នេះ​នឹង​កាន់​តែបង្ក​ឲ្យ​មាន​ការ​លំបាក​ដល់​ជន​រងគ្រោះ​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​ក្នុង​ការ​អំពាវនាវ​ស្វែង​រក​ជំនួយ​ពី​រដ្ឋាភិបាល។

«ពួកគាត់​ជា​អ្នក​រងគ្រោះ​ដោយសារ​ដីធ្លី ដោយសារ​ការ​បាត់​បង់​ធនធាន​ធម្មជាតិ ដោយសារ​ភាព​អយុត្តិធម៌​សង្គម​ដែល​ត្រូវ​បាន​រំលោភ​បំពាន​ដោយ​ជន​មាន​អំណាច​ជា​ដើម។ គាត់​យក​ឱកាស​ទិវា​នេះ​ថ្លែង​នូវ​ទុក្ខ​លំបាក​ដែល​ត្រូវ​បាន​ការ​រំលោភ​បំពាន​យាយី​ដោយ​ជន​មាន​អំណាច​ទឹកប្រាក់ ជន​មាន​អំណាច​តួនាទី​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ដឹង​ឮ​ពី​អ្វី​ដែល​ពួកគាត់​ប្រឈម​ទាំងអស់​ហ្នឹង»។

លោក​ សែនករុណា បាន​បន្ថែម​ថា៖

«ហើយ​រដ្ឋាភិបាល​ដឹង​ឮ​ហ្នឹង​ជួយ​ចាត់វិធានការ​ទៅ​លើ​ជន​ទាំងអស់​ហ្នឹង ហើយ​រក​យុត្តិធម៌​ជូន​ពួកគាត់​អី​ជា​ដើម​អញ្ចឹង​ទៅ។ ប៉ុន្តែ​យើង​ឃើញ​ថា កន្លង​មក​មិន​ត្រឹម​តែ​មាន​បញ្ហា​មិន​ទទួល​ព័ត៌មាន​គាត់​ទេ​ ថែមទាំង​មាន​ការ​រឹតត្បិត​មិន​ឲ្យ​គាត់​ជួបជុំ​ប្រមូល​ផ្តុំ​ធ្វើ​ទិវា​សិទ្ធិ​មនុស្ស​នេះ​ទៅ​ទៀត»។

អ្នកនាំពាក្យ​សមាគម​អាដហុក​រូប​នេះ​បាន​បន្ត​ថា សមាគម​អាដហុក​មាន​ការ​សោកស្តាយ​ចំពោះ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដក​ទិវា​សិទ្ធិមនុស្ស​ ១០ ធ្នូ​ចេញ​ពី​ថ្ងៃ​សម្រាក​ជា​ផ្លូវការ។

ចំពោះ​មុខ​ឲ្យ​សមាគម​អាដហុក​ លោក សឹង សែនករុណា​ ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​លុបចោល​ថ្ងៃ​ឈប់​សម្រាក​ផ្លូវការ​នៅ​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ ព្រោះ​លោក​គិត​ថា ទិវា​នេះ​ជា​ថ្ងៃ​សំខាន់​នៅ​ក្នុង​ការ​រំឭក​ដល់​សេចក្តី​ប្រកាស​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ១៩៤៨

រូបឯកសារ៖ ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ តវ៉ា​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ខែមេសា ដោយ​ស្នើ​សុំ​ការអន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ តវ៉ា​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ខែមេសា ដោយ​ស្នើ​សុំ​ការអន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ (ស៊ុន ណារិន/VOA)

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០​ធ្នូ ជា​ថ្ងៃ​មួយ​ក្នុង​ចំណោម​ថ្ងៃឈប់​សម្រាក​ផ្លូវ​ការ​ចំនួន​ប្រាំមួយ​ទៀត​ដែល​នឹង​ត្រូវ​ដកចេញ​ពី​ប្រតិទិន​ថ្ងៃ​ឈប់​សម្រាក​ជាតិ។

លោក អំ សំអាត មន្រ្តី​ជាន់ខ្ពស់​នៃ​អង្គការ​លីកាដូ បាន​ថ្លែង​ប្រាប់​ VOA ថា ការ​លុប​ចេញ​ទិវា​សិទ្ធិ​មនុស្ស​១០ ធ្នូ​ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ផ្លូវ​ការ​ គឺ​កាន់​តែ​ជំរុញ​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​បន្ថែម​ទៀត ខណៈ​ដែល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​តែ​ធ្លាក់​ចុះ។

«យើង​ឃើញ​ថា បច្ចុប្បន្ន​នេះ​ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ គឺ​មាន​ការ​រិះគន់​ពី​សហគមន៍​ជាតិ​និង​អន្តរជាតិ​ថា​ មាន​ការ​រឹតត្បិត​សេរីភាព​ ឬ​ក៏​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ហ្នឹង​ មាន​ការ​ធ្លាក់​ចុះ។ អញ្ចឹង​គឺ​ រដ្ឋាភិបាល​ឆ្នាំ​ក្រោយ​ដក​ចេញ​ពី​ប្រតិទិន​នៃ​ការ​ឈប់​សម្រាក​នៅ​ថ្ងៃ​ ១០​ធ្នូ​នេះ​ទៀត​ វា​កាន់​តែ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​កាន់​តែ​ធ្ងន់ធ្ងរ​ទៀត»។

លោក អំ សំអាត នៃ​អង្គការ​លីកាដូ​បាន​លើកឡើង​ថា ជា​ធម្មតា​ នៅ​ទិវា​សិទ្ធិ​មនុស្ស ១០​ធ្នូ​ មាន​ពលរដ្ឋ​ចូលរួម​ប្រារព្ធ​ពី​ ៦​ពាន់​ ទៅ​ ៧​ពាន់​នាក់​តាម​បណ្តា​ខេត្ត និង​ក្រុង​នានា។ លោក​បាន​បន្ត​ថា ការ​ដក​ចេញ​ទិវា​សិទ្ធិមនុស្ស​ពី​ប្រតិទិន​ថ្ងៃ​ឈប់​សម្រាក​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ចូលរួម​ ប្រសិន​បើ​ទិវា​សិទ្ធិមនុស្ស​ ១០​ធ្នូ​ ត្រូវ​ចំ​ថ្ងៃ​ដែល​ពលរដ្ឋ​ត្រូវ​បំពេញ​ការងារ។

លោក Phil Robertson អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch ដែល​ជា​អង្គការ​ដែល​តាម​ដាន​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ពិភពលោក បាន​ប្រាប់ VOA តាមរយៈ​សារអេឡិចត្រូនិច ឬ​អ៊ីម៉ែល​តាម​សំណេរ​ដើម​ជុំវិញ​ការ​ដកចេញ​នូវ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០​ធ្នូ ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ក្នុង​ន័យ​ដើម​ថា៖

«តាមរយៈ​ការ​លុប​ចោល​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចេញ​ពី​ប្រតិទិន​ថ្ងៃ​ឈប់​សម្រាក​ជាតិ រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​បង្ហាញ​ការ​មិន​គោរព​ទៅលើ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​សន្ធិសញ្ញា​ដែល​ខ្លួន​បាន​ផ្តល់​សច្ចាប័ន​និង​ស្មារតី​គោល​នៃ​សន្ធិសញ្ញា​សន្តិភាព​ក្រុងប៉ារីស​ ដែល​ចែង​ថា កម្ពុជា​ត្រូវ​ជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​និង​គោរព​សិទ្ធិ»។

លោក Phil Robertson បាន​បន្ត​ថា៖

«សកម្មភាព[លុប​ចោល​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ] គឺ​ដូចជា​ ការ​ប្រមាថ​ចំពោះ​ពលរដ្ឋ​កម្ពុជា​ដោយ​រដ្ឋាភិបាល​មួយ​ ដែល​មិន​បានអើពើ​ពី​សិទ្ធិ​របស់​ពួកគេ​អស់​រយៈពេល ៣៥​ឆ្នាំ​មក​ហើយ»។

ទោះ​បី​ជាយ៉ាងណា​ក៏​ដោយ​ រដ្ឋាភិបាល​កម្ពុជា​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក ជិន ម៉ាលីន បាន​និយាយ​ថា​ទោះ​បី​ជា​មាន​ការ​លុប​ចោល​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចេញ​ពី​ប្រតិទិន​ឈប់​សម្រាក​ជាតិ​ក៏ដោយ ក៏​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ប្រារព្ធ​ធ្វើ​ទិវា​សិទ្ធ​មនុស្ស​នេះ​ដូច​សព្វដង។

«មែនទែន​ទៅ​ការ​គោរព​សិទ្ធិ​មនុស្ស​នេះ​គឺ​ មិន​ទាក់ទង​នឹង​ថ្ងៃ​ ១០​ធ្នូ​ ហ្នឹង​ត្រូវ​ឈប់ ឬ​មិន​ឈប់​អី​នោះ​ទេ។ វា​សំខាន់ទៅ​លើ​ឆន្ទៈ និង​ការ​អនុវត្ត​នោះ​ទេ​ ដែល​សំខាន់»។

លោក ​ជិន ​ម៉ាលីន ​បន្ថែមថា ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នឹង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០​ធ្នូ ដោយ​សង្កត់ធ្ងន់​លើ​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​ថែរក្សា​សន្តិភាព​និង​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បាន​ប្រាប់ VOA ថា ហេតុផល​មួយ​នៅ​ពី​ក្រោយ​ការ​កាត់បន្ថយ​ថ្ងៃ​ឈប់​សម្រាក​នៅ​កម្ពុជា គឺដើម្បី​ជំរុញ​ផ្នែក​ផលិតកម្ម​ក្នុងសេដ្ឋកិច្ច។

«ចំណុច​ទីបី​ដែល​យើង​បាន​រៀបចំ​នោះ​ គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច ពីព្រោះ​ខាង​ឯកជន លោក​ត្រូវការ​ថ្ងៃ​ដែល​មាន​ផលិតកម្ម​ឲ្យ​បាន​ច្រើន»។

សិទ្ធិ​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា​ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ដុនដាប​មួយ​ ​ដោយ​នៅ​ឆ្នាំ​២០១៩​នេះ​ ​កម្ពុជា​ទទួល​បាន​ពិន្ទុត្រឹមតែ ២៦ពិន្ទុ ​ ក្នុង​ការវាយ​តម្លៃ​របស់​អង្គការ​ ​Freedom House ដែល​ជា​អង្គការ​ឃ្លាំមើល​ស្ថានភាព​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ និង​សិទ្ធិ​ជន​ស៊ីវិល​ជា​លក្ខណៈ​សកល។

ប្រទេស​ដែល​ទទួល​បាន​ពិន្ទុ​១០០​ពី​អង្គការ​ Freedom House ត្រូ​វចាត់​ទុក​ថា​ជា​ប្រទេស​ដែល​មាន​សេរីភាព​ជា​ទីបំផុត ហើយ​សូន្យ​គឺជា​ប្រទេស​គ្មាន​សេរីភាព។

បន្ទាប់​ពី​ស្ថានភាព​សិទ្ធិមនុស្ស​បាន​ធ្លាក់ចុះ​ ដោយ​មាន​ការ​គាបសង្កត់​ និង​ការ​រំលាយ​គណបក្សប្រឆាំង ​ការ​បង្ក្រាប​ទៅ​លើ​អង្គការ​និង​ប្រព័ន្​ធផ្សព្វផ្សាយ​ដែល​មិន​មាន​និន្នាការ​ស្របតាម​រដ្ឋាភិបាល ​បច្ចុប្បន្ន​កម្ពុជា​កំពុង​រង​សម្ពាធ​ពី​សហភាព​អឺរ៉ុប​ ដែល​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កែ​ទម្រង់​លិទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ បើ​មិន​ដូច្នោះ​ទេ កម្ពុជា​អាច​ប្រឈម​នឹង​ការ​ខាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​ផ្តល់​ប្រាក់ចំណេញ​ ៧០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

What Next?

Recent Articles

Leave a Reply

Submit Comment