សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​បន្ត​ភៀស​ខ្លួន​នៅ​ថៃ​ ដើម្បី​រង់ចាំ​ទទួល​លោក​ សម រង្ស៊ី​ វិល​ចូល​ស្រុក

ដោយ ហេង រស្មី
2019-11-26
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ឆ្វេង) លោក ស៊ុម សីហា អនុប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម និង​លោក សៅ ពលក្ខណ៍ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ។

(ឆ្វេង) លោក ស៊ុម សីហា អនុប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម និង​លោក សៅ ពលក្ខណ៍ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ។

 រូប៖ ហ្វេសប៊ុក​របស់​លោក​ទាំង​ពីរ


សកម្មជន​គណបក្ស​ប្រឆាំង​ជា​ច្រើន​នាក់​បន្ត​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ ដើម្បី​រង់ចាំ​ទទួល​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ​វិល​ចូល​ស្រុក​វិញ។ អ្នក​វិភាគ​នយោបាយ​ លើក​ឡើង​ថា​ ​សកម្មជន​បក្ស​ប្រឆាំង​ស្នាក់​នៅ​ក្រៅ​ប្រទេស​ចំណេញ​នយោបាយ​ជាង​ការ​វិល​ចូល​ស្រុក ដោយសារ​បាន​ធ្វើ​សកម្មជន​នយោបាយ​​ប្រសើរ​ជាង​នៅ​ក្នុង​ស្រុក។

សកម្មជន​គណបក្ស​ប្រឆាំង​ដែល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​លើក​ឡើង​ថា​ ​ប្រសិន​បើ​ពួកគេ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​នៅ​ពេល​នេះ គឺ​ប្រៀប​ដូច​ទៅ​ជួយ​ឱ្យ​របប​ក្រុង​ភ្នំពេញ​បាន​បន្ត​គ្រប់​គ្រង​អំណាច​​ទៅ​​មុខ​ទៀត។

អនុប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម លោក ស៊ុម សីហា ​ថ្លែង​នៅ​ថ្ងៃ​ទី​២៥ ​វិច្ឆិកា​​ថា រហូត​មក​ទល់​ពេល​នេះ​យ៉ាង​ហោច​ណាស់​មាន​សកម្មជន​គណបក្ស​ប្រឆាំង​ជិត​ ១០០​នាក់​ បន្ត​ភៀស​នៅ​ប្រទេស​ថៃ។ លោក​បន្ថែម​ថា ពួកគេ​តែង​ជួប​ប្រជុំ​គ្នា​ពិភាក្សា​រឿង​នយោបាយ ហើយ​បាន​ប្ដេជ្ញា​ចិត្ត​ដោយ​ស្មោះស្ម័គ្រ​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​​មាន​លោក កឹម សុខា និង​លោក សម រង្ស៊ី ធ្វើ​ជា​មេ​ដឹក​នាំ​ដដែល។ លោក​បញ្ជាក់​ថា ថ្វីត្បិត​តែ​កាល​ពី​ថ្ងៃ​ទី៩ វិច្ឆិកា​ ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​មិន​បាន​​ចូល​ទៅ​ដល់​កម្ពុជា​ ដោយសារ​តែ​អាជ្ញាធរ​បាន​ដាក់​ប៉ូលិស​រាំង​ខ្ទប់​គ្រប់​ច្រក​ល្ហក​​ក្ដី​ ក៏​ពួកគាត់​នៅ​តែ​បន្ត​​រង់​ចាំ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ដដែល៖ «ខ្ញុំ​ជឿ​គាត់​លើ​សមត្ថភាព​លោក សម រង្ស៊ី គាត់​ជា​អ្នក​ចេះ​ដឹង​មួយ​ដែល​ធ្វើ​ការ​ទូត​បាន​ល្អ។ អីចឹង​ខ្ញុំ​រង់ចាំ​គាត់​យូរ​បន្តិច​មិន​អី​ទេ​។ព្រោះ​ការ​ជួយ​រំដោះ​ជាតិ​មិន​មែន​មួយ​ថ្ងៃ ធ្វើ​បាន​ទេ​ យើង​រង់ចាំ​​រាប់​សិប​ឆ្នាំ​ហើយ។ ដូច្នេះ​ពេល​វេលា​នេះ​វា​ដល់​ទឹក​ចុង​ក្រោយ​ហើយ ព្រោះ​សហភាព​អឺរ៉ុប​ដាក់​បន្ទុក​ខ្លាំង​ទៅ​របប​ក្រុង​ភ្នំពេញ។ មួយ​វិញ​ទៀត​​របប​លោក ហ៊ុន សែន​ ជា​អំណាច​ផ្ដាច់​ការ​ ដូច្នេះ​ពួក​ខ្ញុំ​មិន​អាច​ឱ្យ​របប​នេះ​នៅ​យូរ​ទៅ​មុខ​ទៀត​បាន​ទេ»

លោក​បន្ត​ថា​ ​​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក​នៅ​តែ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដោយ​មិន​មាន​ថ្ងៃ​ងាករេ​ឡើយ​ ហើយ​ពួកគាត់​តែង​តែ​ទាក់​ទង​មក​​ពួក​លោក​​​នៅ​ក្រៅ​ប្រទេស​ជា​ប្រចាំ​ ដើម្បី​សាកសួរ​អំពី​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក​ សម រង្ស៊ី ជា​ថ្មី​ទៀត​​​នេះ។

រីឯ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​ លោក សៅ ពល័ក្ខ ថ្លែង​ថា សកម្មជន​នៅ​ខេត្ត​របស់​លោក​ប្រមាណ​១០​នាក់​កំពុង ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស មិន​ទាន់​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឡើយ​ទេ។លោក​បន្ត​ថា ​ ពួកគេ​មិន​អាច​​​វិល​ចូល​ស្រុក​នៅ​ពេល​នេះ​បាន​ទេ ពី​ព្រោះ​លោក ហ៊ុន សែន មិន​ទាន់​ដោះលែង​អ្នក​ទោស​នយោបាយ​ឱ្យ​មាន​សេរីភាព​ពេញលេញ​នៅ​ឡើយ ដូច្នេះ​ពួកគេ​ត្រូវ​តែ​នៅ​បន្ត​ដើម្បី​បាន​ធ្វើ​សកម្មភាព​នយោបាយ​ដាក់​សម្ពាធ​​ដល់​របប​ក្រុង​ភ្នំពេញ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ៖ «ពួក​ខ្ញុំ​មិន​ចង់​បែក​ផ្ទះ​និង​បែក​ពី​ប្រពន្ធ​កូន​ទេ​ តែ​មក​ដល់​ដំណាក់​កាល​នេះ​ហើយ​បើ​យើង​ចូល​វិញ​ ក្នុង​ពេល​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ប្រើ​ដូច​ចូល​​ទៅ​ឱ្យ​គេ​​ចាប់​បង្ខំ​ឱ្យ​ចូល​សារភាព​វា​ផ្ទុយ​​ពី​ឆន្ទៈ​របស់​យើង​ ដូច្នេះ​ទាល់​តែ​មាន​ដំណោះ​ស្រាយ​ ទើប​យើង​ចូល​ទៅ​ក្នុង​នាម​អ្នក​នយោបាយ​ដែល​អាច​ធ្វើ​សកម្មភាព​នយោបាយ​ស្របច្បាប់​បាន»

កាល​ពី​ពេល​ថ្មីៗ ​នេះ​ មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ លោក ហ៊ុន សែន​ បាន​បញ្ជា​​ឱ្យ​ក្រសួង​​យុត្តិធម៌​ដោះ​​លែង​​អ្នក​​ទោស​​នយោបាយ​ទាំង​ឡាយ ​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ប្រធាន​​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី​ កាល​ពី​ថ្ងៃ​ទី​៩ ​វិច្ឆិកា​កន្លង​ទៅ។ ​ក្រោយ​​ពី​​ការ​​ប្រកាស​​របស់​​លោក​ ហ៊ុន សែន​​ មិន​បាន​ប៉ុន្មាន​ម៉ោង​ផង តុលាការ​បាន​ដោះលែង​មនុស្ស​ជា​ច្រើន​នាក់​ចេញ​ពី​ពន្ធនាគារ​ជា​បន្តបន្ទាប់​ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​លោក ហ៊ុន សែន បាន​ព្រមាន​ចាប់​អ្នក​ទាំង​នោះ​ដាក់​គុក​វិញ​​ប្រសិន​បើ​ពួកគេ​និយាយ​ថា​ការ​ដោះលែង​នេះ​ដោយសារ​មាន​​​សម្ពាធ​ពី​សហភាព​អឺរ៉ុប​ ។​លោក​ហ៊ុន សែន​ បញ្ជាក់​ថា ការ​ដោះលែង​នេះ​ ជា​សកម្មភាព​មនុស្សធម៌​របស់​លោក ដោយសារ​លោក​យល់​ថា សកម្មជន​បក្ស​ប្រឆាំង​បាន​ចាញ់បោក​ការ​អំពាវនាវ​របស់​ លោក សម រង្ស៊ី ​រួម​គំនិត​គ្នា ​ផ្ដួល​រំលំ​របប​លោក។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ស្រុក​មិន​មាន​អ្វី​គួរ​ឱ្យ​ព្រួយបារម្ភ​ដូច​ការ​លើក​ឡើង​របស់​​សកម្មជន​គណបក្ស​ប្រឆាំង​​នោះ​ឡើយ​។ លោក​បន្ត​ថា ពលរដ្ឋ​ទាំង​ឡាយ​ដែល​កំពុង​​រង់ចាំ​​ទទួល​លោក សម រង្ស៊ី នៅ​ប្រទេស​ថៃ នឹង​ខាត​បង់​ពេល​វេលា​ និង​ប្រាក់​កាស​ដោយ​ឥតប្រយោជន៍ ព្រោះ​លោក​មាន​ជំនឿ​ថា​ប្រធាន​ស្ដី​ទី​គណបក្ស​ប្រឆាំង​រូប​នេះ​នឹង​មិន​​​ត្រឡប់​ទៅ​កម្ពុជា​វិញ​ឡើយ៖ «រហូត​ដល់​ពេល​នេះ​ខ្ញុំ​លោក​ សម រង្ស៊ី​ ជា​មនុស្ស​មហា​កំសាក​ បាន​តែ​ភូតភរ​បងប្អូន​ពីក្រៅ​ប្រទេស​ ដូច​យុវជន​មក​ពី​កូរ៉េ ពី​ជប៉ុន​អី​មក​ដេក​ចាំ​ចាយ​លុយ​ខ្លួន​ឯង​ទៅ​ មាន​តែ​ត្រឡប់​ទៅ​វិញ​ខំ​ធ្វើ​ការ​ខ្មឺត​រក​ប្រាក់»

ផ្ទុយ​ពី​ការ​លើក​ឡើង​​របស់​អ្នក​លោក សុខ ឥសាន​នេះ​ អ្នក​វិភាគ​នយោបាយ​ជើងចាស់​ លោក បណ្ឌិត​ ឡៅ ម៉ុងហៃ​ យល់​ថា​ ថ្វីត្បិត​តែ​​ថ្មីៗ​នេះ​តុលាការ​បាន​ដោះលែង​ និង​បន្ធូរបន្ថយ​លក្ខខណ្ឌ​ត្រួតពិនិត្យ​ដល់​លោក កឹម សុខា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្ដី ក៏​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មិនទាន់​​ប្រសើរ​នៅ​ឡើយ​ទេ។ លោក បន្ត​ថា ​ស្ថានការណ៍​នយោបាយ​បែប​នេះ​ ប្រសិន​បើ​សកម្មជន​គណបក្ស​ប្រឆាំង​បន្ត​ស្នាក់​នៅ​ក្រៅ​ប្រទេស​ល្អ​ជាង​ការ​​​វិល​ចូល​មក​ក្នុង​ស្រុក​ ពី​ព្រោះ​ពួកគេ​នៅ​ទៅ​នោះ​បាន​​ជួប​ប្រជុំ​គ្នា​ធ្វើ​សកម្មភាព​នយោបាយ​បាន​​ច្រើន​ជាង​អ្នក​នៅ​ក្នុង​​ប្រទេស​។ ​លោក​បញ្ជាក់​ថា សកម្មជន​បក្ស​ប្រឆាំង​ធ្វើ​សកម្មភាព​ច្រើន​​​បាន​ផល​ចំណេញ​ដល់​គណបក្ស​នេះ​ គឺ​ធ្វើ​ឱ្យ​អន្តរជាតិ​ដាក់​សម្ពាធ​កាន់​តែ​​ខ្លាំង​មក​លើ​​មក​លើ​រដ្ឋាភិបាល​​កម្ពុជា៖ «ហើយ​ធម្មតា​អ្នក​នៅ​ក្រៅ​មិន​អត់​ប្រយោជន៍​ទេ ជា​ពិសេស​មេ​ដឹក​នាំ​ ក្នុង​ប្រវត្តិសាស្ត្រ​»ដែល​ខ្ញុំ​ចាំ​មាន​មេ​ដឹក​នាំ​២​រូប​​សំខាន់ៗ មាន​ដូច​ជា​លោក ឡេ នីន (Lenin) បាន​ដឹក​នាំ​ធ្វើ​បដិវត្ត​នៅ​ប្រទេស​រុស្ស៊ី ឆ្នាំ​១៩១៧ ​គាត់​នៅ​ក្រៅ​ប្រទេស​ និង​អ្នក​ដឹក​នាំ​ធ្វើ​បដិវត្ត​ខាង​សាសនា​ម្នាក់​នៅ​ប្រទេស​អ៊ីរ៉ង់ ​នៅ​ឆ្នាំ​១៩៧៩​ធ្វើ​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ប្រទេស​នេះ​ជា​ដើម»

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​សង្ឃឹម​ថា លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ និង​អាច​រក​ច្រក​ចូល​ទៅ​កម្ពុជា​បាន​នៅ​ចុង​ឆ្នាំ២០១៩ នេះ ពី​ព្រោះ​លោក សម រង្ស៊ី កំពុង​ធ្វើ​ការ​ទូត​ជា​មួយ​បណ្ដា​ប្រទេស​អាស៊ាន និង​សហភាព​អឺរ៉ុប ដើម្បី​ឱ្យ​ដាក់​សម្ពាធ​ទៅ​របប​ក្រុង​ភ្នំពេញ​ឱ្យ​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment