សកម្មជន​បក្ស​ប្រឆាំង​ដែល​នៅ​ក្រៅ​ឃុំ ទាមទារ​យក​សម្ភារៈ និង​ទ្រព្យ​សម្បត្តិ ដែល​តុលាការ​ដក​ហូត

ដោយ សេក បណ្ឌិត
2019-11-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ខាង​ឆ្វេង) លោក យ៉ាត ភារម្យ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយ​មាន​ជ័យ កញ្ញា យូ ចាន់ធានី សកម្មជន​បក្ស​ប្រឆាំង និង (ស្ដាំ) លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌។

(ខាង​ឆ្វេង) លោក យ៉ាត ភារម្យ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយ​មាន​ជ័យ កញ្ញា យូ ចាន់ធានី សកម្មជន​បក្ស​ប្រឆាំង និង (ស្ដាំ) លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌។

 រូប៖ ហ្វេសប៊ុក


សកម្មជន​បក្ស​ប្រឆាំង​ដែល​ទើប​ចេញ​ពី​ការ​ឃុំឃាំង ស្នើសុំ​តុលាការ​ឱ្យ​ប្រគល់​សម្ភារៈ និង​ទ្រព្យ​សម្បត្តិ ដែល​ដក​ហូត​ក្នុង​ពេល​ចាប់​ខ្លួន​នោះ ឲ្យ​ពួក​គាត់​វិញ ព្រោះ​ពួក​គាត់​ត្រូវ​ការ​ប្រើ ប្រាស់​ជា​ចាំបាច់។ មេធាវី និង​មន្ត្រី​សង្គម​ស៊ីវិល​ថា តាម​ច្បាប់​តុលាការ​គួរ​តែ​ប្រគល់​វត្ថុ​ចាប់​យក​ណា ដែល​មិន​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ជូន​ម្ចាស់​ដើម​វិញ ហើយ​បើ​នៅ​តែ​រក្សា​ទុក គឺ​ជា​ការ​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិ​មនុស្ស។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា សម្ភារៈ​ដែល​អាជ្ញាធរ និង​តុលាការ​ដក​ហូត​ក្នុង​ពេល ចាប់​ខ្លួន​ពួក​គាត់​កន្លង​មក គឺ​មាន​សម្ភារៈ​ខ្លះ មិន​មែន​ជា​វត្ថុ​តាង និង​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ដំណើរ​ការ រឿង​ក្តី​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​ឆ្ងល់​ថា ហេតុអ្វី បាន​ជា​តុលាការ​មិន​ព្រម​ប្រគល់​ឱ្យ​ពួក​គាត់​វិញ ខណៈ ពួក​គាត់​មួយ​ចំនួន បាន​ដាក់​ពាក្យ​ស្នើសុំ​វត្ថុ ដែល​ចាប់​យក​ទាំង​នោះ ចាប់​តាំង​ពី​ថ្ងៃ​គេ​ដោះ​លែង​ឲ្យ​ពួក​គាត់​នៅ​ក្រៅ​ឃុំ​ភ្លាមៗ ម្ល៉េះ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រស់នៅ​ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ លោក យ៉ាត ភារម្យ ប្រាប់​អាស៊ី​សេរី​ថា តុលាការ​បាន​ដោះ​លែង​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ កាល​ពី​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ប៉ុន្តែ តុលាការ​មិនបាន​ប្រគល់​គ្រឿង​អលង្ការ ប្រាក់​កាស និង​ទូរស័ព្ទ​ដៃ​ឲ្យ​លោក​វិញ​ទេ។ លោក​រៀបរាប់​ថា លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ចំនួន​ពីរ​លើក​មក​ហើយ ដែល​លើក​ចុង​ក្រោយ គឺ​នៅ​ថ្ងៃ​ទី២០ វិច្ឆិកា​ថ្មីៗ នេះ ប៉ុន្តែ​តុលាការ​មិន​ទាន់​ឆ្លើយ​អ្វី​នោះ​ទេ៖ «ដាក់​ពាក្យ​ស្នើសុំ​យូរ​ណាស់ ដាក់​ពីរ​ដង​ហើយ អត់​ឃើញ​គាត់ (តុលាការ​ខេត្ត​បន្ទាយមានជ័យឆ្លើយតប​ផង។ អ្វី​ដែល​ដកហូត​នោះ​មាន​ថវិកា​ចំនួន ១ពាន់ ៣រយ (.៣០០ដុល្លារ ខ្សែ​ក ខ្សែ​ដៃ មាន​អង្កាំ ទូរស័ព្ទ​អាយហ្វូន (Iphone) មួយ​គ្រឿង សាមស៊ុង(Samsung) មួយ​គ្រឿង និង​ណូគា (Nokia) ចុច​ពិល​មួយ​គ្រឿង ហើយ​នឹង​អត្តសញ្ញាណ​ប័ណ្ណ​ ប័ណ្ណ​បើក​បរ កាត​ធនាគារ​អេស៊ីលីដា(ACLEDA) និង​សៀវភៅ​ធនាគារ​ រួម​ទាំង​ឯកសារ​មួយ​ចំនួន​ទៀត»

លោក យ៉ាត ភារម្យ ឲ្យ​ដឹង​ថា ទ្រព្យ​សម្បត្តិ និង​សម្ភារៈ​របស់​លោក ត្រូវ​បាន​អាជ្ញាធរ និង​តុលាការ ដក​ហូត​ក្នុង​ពេល​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ដោយ​ចោទ​ពី​បទ ”រួម​គំនិត​ក្បត់” បន្ទាប់​ពី​លោក បង្ហោះ​លើ​ហ្វេសប៊ុក (Facebook) ស្វាគមន៍​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី។

លោក យ៉ាត ភារម្យ ថ្លែង​បន្ថែម​ថា លោក​គឺ​ជា​ជាងធ្វើផ្ទះ។ ដូច្នេះ លោក​ត្រូវ​ការ​កាត​ធនាគារ ត្រូវ​ការ​លុយ និង​សម្ភារៈ​មួយ​ចំនួន​មក​វិញ សម្រាប់​បម្រើ​ឲ្យ​មុខ​របរ​រក​ស៊ី​របស់​លោក ហើយ​ម្យ៉ាង​ទៀត សម្ភារៈ​ដក​ហូត​ទាំង​នោះ មិន​មែន​ជា​វត្ថុ​តាង និង​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ដំណើរ​ការ​រឿង​ក្តី​នេះ​ទេ៖ «ជា​ជាង​អ៊ីចឹង ខ្ញុំ​ត្រូវ​ធ្វើ​ផ្ទះ​ឲ្យ​គេ​ហើយ​ខ្ញុំ​មាន​ថវិកា​ក្នុង​កាត​ធនាគារ ដើម្បី​ដក​យក​មក​ធ្វើ​ផ្ទះ​គេ​ឲ្យ​ហើយ ព្រោះ​ម្ចាស់​ផ្ទះ​គេ​តឿន។ ខ្ញុំ​សូម​ស្នើសុំ​របស់​ណា​ដែល​ចាំបាច់ ដូច​ជា សៀវភៅ​ធនាគារ ដូច​ជា ថវិកា​របស់​ខ្ញុំ​អី ដូច​ជា​គ្មាន​ចាំបាច់​អី​ត្រូវ​តុលាការ​យក​ទៅ​ស៊ើប​អង្កេត​នោះ​ទេ។ ប៉ុន្តែ​បើ​ដូច​ជា​ទូរស័ព្ទ​អី បើ​ថា តុលាការ​ទុក​ស៊ើប​អង្កេត​ក៏​ទុក​ចុះ។ ប៉ុន្តែ​ដូច​ជា​សៀវភៅ​ធនាគារ កាត​ធនាគារ ថវិកា និង​គ្រឿង​អលង្កា​របស់ខ្ញុំ​អី គួរ​តែ​ឲ្យ​ខ្ញុំ​វិញ ព្រោះ​វា​គ្មាន​អី​ត្រូវ​ស៊ើប​អង្កេត»

លោក យ៉ាត ភារម្យ ក៏​បាន​ស្នើសុំ​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​លោក ដែរ ព្រោះ​អាជ្ញាធរ​បាន​ចូល​ទៅ​ចាប់​ខ្លួន​ទាំង​គ្មាន​ដីកា ខណៈ​ដែល​លោក​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ច្បាប់ ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ សកម្មជន​រូប​នេះ​ត្អូញត្អែរ​ថា ការ​ដោះ​លែង​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ គឺ​មិន​ទាន់​គ្រប់គ្រាន់​ទេ ព្រោះ​តុលាការ​ដាក់​លក្ខខណ្ឌ​ឲ្យ​ចូល​បំភ្លឺ​នៅ​ប៉ុស្តិ៍​ប៉ូលិស​មួយ​ខែ​ម្ដង មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស និង​ហាម​មិន​ឲ្យ​សកម្មភាព​នយោបាយ​ជា​ដើម ដែល​ទាំង​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ការងារ ជីវភាព និង​សិទ្ធិ​សេរីភាព​របស់​លោក​ធ្ងន់ធ្ងរ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ចៅក្រម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ លោក ញឹម ពិសាល បាន​ទេ ដោយសារ​លោក​បង្វែរ​ឲ្យ​ទៅ​អ្នក​នាំ​ពាក្យ​របស់​តុលាការ​ខេត្ត​វិញ។

ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ លោក រឿន លីណា អាស៊ី​សេរី​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ដោយសារ​ទូរស័ព្ទ​ចូល​ហើយ តែ​គ្មាន​អ្នក​ទទួល។

ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត កញ្ញា យូ ចាន់ធានី ក៏​បាន​ដាក់​ពាក្យ​ស្នើសុំ​វត្ថុ​ចាប់​យក​ពី ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែរ ក្រោយ​ពី​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ តុលាការ​មិន​​ឆ្លើយ​អ្វី​ទេ។ កញ្ញា យូ ចាន់ធានី ស្នើសុំ​តុលាការ​ឱ្យ​ពន្លឿន​ការ​ផ្ដល់​សម្ភារៈ​ទាំង​នោះ ព្រោះ​កញ្ញា​ត្រូវ​ការ​ជា​ចាំបាច់ ជា​ពិសេស លុយ​កាក់ គ្រឿង​អលង្ការ និង​ទូរស័ព្ទ​ដៃ ដោយសារ​ពេល​នេះ កញ្ញា​បាន​បាត់បង់​ការងារ​គ្មាន​ថវិកា​គ្រប់គ្រាន់​ដោះ​ស្រាយ​ជីវភាព​នោះ​ទេ៖ ខ្ញុំ​បាន​ទាក់ទង​ទៅ​ខាង​តុលាការ​ដែរ ប៉ុន្តែ​គេ​មិន​ទាន់​បាន​បញ្ជូន​ទៅ​ចៅក្រម ហើយ​ទាល់​តែ​ឆ្លង​កាត់​ចៅក្រម​សិន​ទើប​អាច​ទទួល​យក​វត្ថុ​តាង​នោះ​បាន​ ប៉ុន្តែ​មិន​បាន​ទាំង​អស់​ដែរ។ វត្ថុ​ដែល​សមត្ថកិច្ច​ដក​ហូត​នោះ មាន​ខ្សែក​ កងដៃ​ ទូរស័ព្ទ អង្គ​ចង់​ចាំ (Memory) លុយ​ចំនួន ៩០ដុល្លារ ហើយ​លុយ​ខ្មែរ​ខ្ញុំ​មិន​ចាំ​ថា​ប៉ុន្មាន​ទេ។ នៅ​មាន​កាតាប​និង​កាបូប​របស់ខ្ញុំ​ដែរ។ ខ្ញុំ​ត្រូវ​ ការ​របស់​ទាំង​នោះ និង​លុយ​កាក​ចាំបាច់​ដែរ​ ព្រោះ​ពេល​នេះ​អត់​មាន​ការងារ​ធ្វើ​ទៀត»។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើក​ឡើង​យ៉ាង​ខ្លី​ថា តុលាការ​នឹង​ពិចារណា​ប្រគល់ ជូន​វត្ថុ​ចាប់​យក​ណា ដែល​មិន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ជូន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ប៉ុន្តែ វត្ថុ​តាង​ណា ដែល​ជាប់​ពាក់ព័ន្ធ​តុលាការ​នឹង​រក្សា​ទុក​ដដែល ព្រោះ​សំណុំ​រឿង​របស់​ពួក​គេ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ៖ «ជាគោល​ការណ៍​ច្បាប់​តែ​កាលណា​ដាក់ពាក្យ​ស្នើសុំ​ទៅ​តុលាការ​ គេ​នឹង​ពិនិត្យ​ថា​ តើ​វត្ថុ​តាង​ណា​ដែល​ពាក់ព័ន្ធ​សំណុំរឿង​ហើយ​មួយ​ណា​គ្មាន​ការ​ពាក់ព័ន្ធ​។បើ​មិន​ ពាក់ព័ន្ធ​ទេ​ គេ​នឹង​ប្រគល់​ជូន​ តែបើ​ពាក់ព័ន្ធ​គេ​នឹង​មិនទាន់​ប្រគល់​ជូន​ទេ​ ព្រោះអី​សំណុំរឿង​មិន​ ទាន់​បិទ​បញ្ចប់​នៅឡើយ»។

មេធាវី​ការពារ​ក្តី​ឲ្យ​ជន​បក្ស​ប្រឆាំង លោក សំ សុគង់ មាន​ប្រសាសន៍​ថា សកម្មជន​បក្ស​ប្រឆាំង ជាង ៧០នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ កាល​ពី​ពេល​ថ្មីៗ នេះ សុទ្ធតែ​បាន​ដាក់​ពាក្យ​ស្នើសុំវត្ថុ​ចាប់​យក​ពី​តុលាការ​ស្ទើរ​គ្រប់​ខេត្ត​ទាំង​អស់ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ចៅក្រម ដែល​កាត់​សំណុំ​រឿង គឺ​មាន​ការ​យឺតយ៉ាវ​មិន​ទាន់​បាន​ប្រគល់​វត្ថុ​ចាប់​យក​ទាំង​នោះ​ជូន​ពួក​គាត់​វិញ​នៅឡើយ។ មេធាវី​រូប​នេះ​យល់ថា តុលាការ​គួរ​តែ​សម្រេច​ឲ្យ​បាន​លឿន ដើម្បី​ឲ្យ​កូន​ក្តី​របស់​លោក ទទួល​បាន​សម្ភារៈ និង​ទ្រព្យ​សម្បត្តិ ដែល​សមត្ថកិច្ច​ដក​ហូត​ទាំង​នោះ​មក​ប្រើប្រាស់​ទៅ​តាម​តម្រូវ​ការ​ជា​ចាំបាច់​ឡើងវិញ។ លោក សំ សុគង់ ពន្យល់​ថា តាម​ច្បាប់ វត្ថុ​ដែល​ដក​ហូត​ពី​ជន​សង្ស័យ​ក្នុង​ពេល​ឃាត់​ខ្លួន​នោះ ត្រូវ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ប្រសិន​បើ​វត្ថុ​តាង​ណា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស ឬ វត្ថុ​តាង​ណា ដែល​សមត្ថកិច្ច និង​តុលាការ បាន​ស្រាវជ្រាវ និង​ធ្វើ​កំណត់​ហេតុ​រួច​ហើយ និង​គ្មាន​ភាព​ចាំបាច់​ស្រាវជ្រាវ​បន្ត​ទៀត៖ «ឃើញ​ថា វត្ថុ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ការ​ពារ​ក្តី​ឲ្យ​គាត់​គឺ​មាន​ម៉ូតូ​ មាន​រថយន្ត​មួយ​ចំនួន​តូច​ ហើយ​មាន​សម្ភារៈ​កំប៉ិកកំប៉ុក​ផ្សេង​ទៀត ជា​ពិសេស គឺ​ទូរស័ព្ទ​ ហើយ​ករណី​ទូរស័ព្ទ​នេះ​ បើ​សិន​ជា​សមត្ថកិច្ច​ស្រាវជ្រាវ​រួច​ហើយ​ ធ្វើតាម​បច្ចេកទេស​និង​ធ្វើ​កំណត់ហេតុ​ រួច​ហើយ​ គួរតែ​ប្រគល់​ឲ្យ​ពួក​គាត់​បាន​ប្រើប្រាស់​ឡើង​វិញ​ដោយសារ​តែ​ពួក​គាត់​សុទ្ធ​អ្នក​ក្រីក្រ​ ហើយ​ពួក​គាត់​ មិន​មាន​លទ្ធភាព​ពេល​ទើប​ចេញពី​ឃុំឃាំង​វិញ»

ទាក់ទង​ករណី​នេះ​ដែរ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​ (LICADHO) លោក​ អំ​ សំអាត​ មានប្រសាសន៍ថា ប្រសិន​បើ​វត្ថុ​តាង​ទាំង​ឡាយ ដែល​ដក​ហូត​នោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​សម្រាប់​ចោទ​ប្រកាន់​នោះ​ទេ ហើយ​សមត្ថកិច្ច និង​តុលាការ នៅតែ​រក្សា​ទុក គឺ​នឹង​ប៉ះពាល់​ដល់​ការ​អនុវត្ត​ច្បាប់ និង​ការ​អនុវត្ត​សិទ្ធិ​របស់​ប្រជាពលរដ្ឋ។ លោក​បញ្ជាក់​ថា ប្រសិនបើ​សមត្ថកិច្ច និង​តុលាការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ដិត​ដល់​នោះ គឺ​មាន​សម្ភារ និង​ទ្រព្យ​សម្បត្តិ​ខ្លះ មិន​គួរ​ដកហូត​សម្រាប់​ធ្វើ​ជា​វត្ថុ​តាង​នោះ​ទេ គួរ​តែ​ប្រគល់​ជូន​គ្រួសារ​របស់​ជន​សង្ស័យ៖ «តុលាការ​គួរតែ​ពិនិត្យ​ឲ្យ​ច្បាស់លាស់ ចំពោះ​វត្ថុ​តាង​ដែល​បាន​ចាប់​យក​ ថា​ តើ​វត្ថុ​តាង​ណា​ដែល​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ហើយ​វត្ថុ​តាង​ណា​ដែល​មិន​ពាក់ព័ន្ធ​គួរតែ​ ប្រគល់ឲ្យ​គាត់​វិញ​ដើម្បី​ទី១​ ទាក់ទង​នឹង​ជីវភាព​របស់​គាត់​ដូចជា​លុយកាក់​ មាស​ប្រាក់ ខ្សែ​ក ខ្សែ​អី គឺ​មិន​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទ​ចោទ​នោះ​ទេ តែ​វា​ទាក់ទង​នឹង​ជីវភាព​របស់​គាត់»។

លោក​មេធាវី សំ សុគង់ ឱ្យ​ដឹង​ថា មាន​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ៧៥​នាក់​ ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន គិត​ត្រឹម​ពាក់​កណ្ដាល​ខែ​វិច្ឆិកា បន្ទាប់​ពី​លោក ហ៊ុន សែន បញ្ជា​ទៅ តុលាការ​ឲ្យ​ដោះ​លែង​ ស្រប​ពេល​ ដែល​សហភាព​អឺរ៉ុប​ដាក់​របាយការណ៍​វាយតម្លៃ​បឋម​អំពី​ករណី​រំលោភ សិទ្ធិ​មនុស្ស​ សិទ្ធិ​នយោបាយ​ និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ជូន​រដ្ឋាភិបាល​កម្ពុជា​ មុននឹង​ឈាន​ទៅ​សម្រេចចិត្ត​ជា​ផ្លូវការ​ថា​ តើ​ត្រូវ​ដកហូត​ ឬ​មិន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ហៅថា​ EBA​ របស់​សហភាព​អឺរ៉ុប​។ ប៉ុន្តែ​នៅសល់​សកម្មជន និង​អ្នក​គាំទ្រ​​បក្ស​ប្រឆាំង​ជាង​ ២០​នាក់​ទៀត មិនទាន់​ដោះលែង​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

Leave a Reply

Submit Comment