ដោយ ខែ សុណង
2019-11-26
RFA

ដើមឈើដែលត្រូវគេកាប់រំលំនៅក្នុងព្រៃព្រះរកា ឋិតក្នុងស្រុកឆែប ស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុកជ័យសែន ខេត្តព្រះវិហារ។ រូបថតថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ (RFA/Chuop Sereyroth)
ក្រុមយុវជនស្រឡាញ់បរិស្ថានប្រមាណ ១០នាក់គ្រោងធ្វើយុទ្ធនាការជិះកង់ ពីរាជធានីភ្នំពេញ ទៅខេត្តព្រះវិហារមានចម្ងាយជាង ៣០០គីឡូម៉ែត្រ (៣១៦) ក្នុងបំណងផ្សព្វផ្សាយ ពីសក្តានុពលដែនជម្រកសត្វព្រៃព្រះរកា និងស្នើឱ្យមានការបង្កើតយន្តការជាក់លាក់ ដើម្បីធានាពីប្រសិទ្ធភាពក្នុងកិច្ចគាំពារអភិរក្សព្រៃមួយនេះ។ អ្នកនាំពាក្យក្រសួងបរិស្ថាន ស្វាគមន៍យុទ្ធនាការនេះ ដោយបូកបញ្ចូលទាំងយន្តការដែលមានស្រាប់របស់ក្រសួង។
សមាជិកក្រុមយុវជនស្រឡាញ់បរិស្ថាន លោក សាន់ ម៉ាឡា ឱ្យដឹងនៅថ្ងៃទី២៦ វិច្ឆិកាថា មូលហេតុដែលក្រុមយុវជនធ្វើយុទ្ធនាការជិះកង់ពីភ្នំពេញទៅខេត្តព្រះវិហារនេះ គឺក្នុងទិសដៅធ្វើបច្ចុប្បន្នភាពព្រៃព្រះរកា ថាតើមកទល់ពេលនេះ មានការកាប់បំផ្លាញដល់កម្រិតណាហើយ? លោកថា ក្រុមយុវជននឹងចែកខិតប័ណ្ណ ផ្សព្វផ្សាយពីសក្តានុពលព្រៃព្រះរកា អំឡុងពេលដែលពួកគេជិះកង់ឆ្លងកាត់តំបន់នីមួយៗ។ លោកបន្ថែមថា គោលបំណងចម្បងរបស់ក្រុមយុវជន គឺស្នើឱ្យក្រសួងបរិស្ថាន បង្កើតយន្តការអភិរក្សព្រៃឈើ ច្បាស់លាស់ជាងមុន ស្របពេលដែលពួកលោកសង្កេតឃើញថា បទល្មើសព្រៃឈើក្នុងព្រៃការពារមួយនេះ នៅតែកើតមានឥតស្រាកស្រាន្ត៖ «អ្វីដែលយើង យើងមើលឃើញ កន្លងមកហ្នឹងនៅក្នុងព្រៃ ដោយសារមានផ្លូវខ្វាត់ខ្វែង អ៊ីចឹងវាជាការសម្រួលដល់ជនល្មើស ក្នុងការដឹក ដោយសារមិនមានកម្លាំងរបស់ឧទ្យានុរក្សគ្រប់គ្រាន់ ហើយកត្តាមួយទៀតគឺ ប្រហែលជាអាចមានការឃុបឃិតគ្នា ជាលុយកាក់ ដើម្បីសម្រួលឱ្យ ជនល្មើសចូលទៅដឹក។ ដូច្នេះហើយ ក្រសួងអាចបន្ថែមប៉ុស្តិ៍ត្រូតពិនិត្យ ឱ្យបានច្រើនជាងមុន ធ្វើម៉េចឱ្យមានការយន្តការមួយ ក្នុងការតាមដាន ការអនុវត្តច្បាប់របស់មន្ត្រី និងបើកទូលាយឱ្យពលរដ្ឋ និងយុវជនចូលរួមដឹងឮ។ ហ្នឹងបានជាវិធីមួយឱ្យយើងជឿជាក់ថា អាចបញ្ឈប់»។
លោក សាន់ ម៉ាឡា បន្ថែមថា ពួកលោកហាក់មិនទាន់ស្ងប់ចិត្តទាល់តែសោះ ពីយន្តការអភិរក្សដែនជម្រកសត្វព្រៃព្រះរកា របស់ក្រសួងបរិស្ថាន ដោយសារទំហំព្រៃឈើក្នុងព្រៃអភិរក្សមួយនេះ កាន់តែថយចុះបន្តិចម្ដងៗ។ លោកថា ពេលចាប់ជនល្មើសមួយចំនួនបាន មន្ត្រីបរិស្ថានបានត្រឹមតែផាកពិន័យអន្តរកាលប៉ុណ្ណោះ ដោយសារមានកិច្ចអន្តរាគមន៍ ពីថៅកែឈើ ហើយមួយរយៈខ្លីក្រោយមក ក្រុមជនល្មើសនៅតែបន្តសកម្មភាពកាប់ឈើដដែលៗ៖ «តាំងពីដាក់បញ្ចូលជាដែនជម្រកសត្វព្រៃព្រះរកា ក្នុងឆ្នាំ ២០១៦ ហ្នឹងរយៈពេល ៣ឆ្នាំហើយ ព្រៃនៅតែទទួលរងការកាប់បំផ្លាញជាហូរហែ ឥតស្រាកស្រាន្ត។ ដូច្នេះគឺយើងចង់ ឱ្យការងារអភិរក្សរបស់រដ្ឋាភិបាល និងក្រសួងបរិស្ថាន មានប្រសិទ្ធភាពជាងមុន»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្រា ចាត់ទុកយុទ្ធនាការនេះ ជាសិទ្ធិផ្ទាល់ខ្លួនរបស់ក្រុមយុវជន។ លោកថា យន្តការគ្រប់គ្រង តំបន់ព្រៃការពារធម្មជាតិ ដែលឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន គឺក្រសួងបានរៀបចំ សកម្មភាពអភិរក្ស និងសកម្មភាពចុះល្បាត ក្នុងដែនសមត្ថកិច្ចរបស់ក្រសួង។ លោកបញ្ជាក់ថា តំបន់ការពារធម្មជាតិដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ក្រសួងបានបញ្ជូនមន្ត្រីឧទ្យានុរក្សអនុវត្តច្បាប់ព្រៃឈើជាប្រចាំ។ ក្រៅពីនេះ ក្រសួងក៏ទាមទារឱ្យមានការចូលរួម ពីសហគមន៍ និងមហាជន ដើម្បីអនុវត្តច្បាប់ព្រៃឈើកាន់តែមានប្រសិទ្ធភាព៖ «ការផ្សព្វផ្សាយ ការចូលរួមក្នុងការអប់រំ ពលរដ្ឋក៏ដូចជា ផ្សព្វផ្សាយអំពីផលប៉ះពាល់ផ្សេងៗ វាជាការល្អ ក៏ប៉ុន្តែគ្រាន់ថា សកម្មភាពហ្នឹង សូមឱ្យមានភាពស្មោះត្រង់ ហើយគោរពតាមច្បាប់ដែរមាន។ សំខាន់យើងស្វាគមន៍ រាល់ការចូលរួមរបស់សាធារណជន ហើយយន្តការ ដែលមានស្រាប់បញ្ចូលគ្នា ធ្វើម៉េចឱ្យមានប្រសិទ្ធភាព»។
ប្រជាសហគមន៍ការពារព្រៃព្រះរកា លោក ចាន់ សិលា ចាត់ទុកយុទ្ធនាការរបស់ក្រុមយុវជន ជាសញ្ញាវិជ្ជមានមួយ ផ្សព្វផ្សាយពីអត្ថប្រយោជន៍ព្រៃឈើឱ្យបានទូលំទូលាយ និងជាផ្នែកមួយគាំពារព្រៃព្រះរកា ដែលកំពុងទទួលរងការកាប់បំផ្លាញឈើធ្វើអាជីវកម្មជាបន្តបន្ទាប់។ លោកសង្កេតឃើញថា បច្ចុប្បន្ន ក្រុមជនល្មើសហាក់មិនខ្លាចសមត្ថកិច្ច និងឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាននោះទេ គឺពួកគេខ្លាចតែក្រុមយុវជន និងសហគមន៍ការពារព្រៃឈើប៉ុណ្ណោះ នៅពេលដែលចុះល្បាតព្រៃឈើម្ដងៗ។ លោកថា ព្រៃព្រះរកានៅតែទទួលរងការកាប់រំលំឈើធំៗ អស់ជាបន្តបន្ទាប់ សូម្បីតែដើមឈើផលិតជ័រទឹករបស់អ្នកស្រុក ក៏កំពុងបាត់បង់ជាហូរហែដែរ៖ «មានតែអ្នកចង់ទៅ បង្ហើយតែរហូតតែប៉ុណ្ណឹងឯង ដឹកសាំងចូលជាបន្តៗ ដើម្បីបង្ហើយអាធំៗ ដែលមានអាខ្លះសល់ ៥០ ដើម ៧០ ដើមអ៊ីចឹងគេចង់បង្ហើយឱ្យអស់។ មិនថា តែខ្ញុំទេទាំងសហគមន៍ទាំងមូល ដោយសារតែគាត់ព្រួយបារម្ភខ្លាចគេ ឥឡូវគេបើកឱ្យមានអ្នកទិញអ៊ីចឹងហើយ។ ដើមជ័រអ្នកស្រុក រាល់ថ្ងៃមានតែដើមជ័រហ្នឹងហើយ ដែលធំបំផុត»។
នៅលើក្រដាស ព្រៃព្រះរកា មានទំហំជាង ៩៦.០០០ហិកតារស្ថិតនៅចន្លោះព្រំប្រទល់ស្រុកចំនួន៣ គឺស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុកឆែប របស់ខេត្តព្រះវិហារ។ មកទល់ពេលនេះ ព្រៃអភិរក្សមួយនេះ មានឆ្មាំអភិរក្ស ១៤នាក់ និងធ្វើការសហការជាមួយអាជ្ញាធរដែនដី សហគមន៍ និងសមត្ថកិច្ចចម្រុះ ដើម្បីចុះល្បាត និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ៕

(ប័ណ្ណផ្សព្វផ្សាយរបស់ក្រុមយុវជន)
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិល និងពលរដ្ឋស្នើអាជ្ញាធរឱ្យបំភ្លឺករណីរំលាយភ្នំទ្រូងអណ្ដើកនៅខេត្តកែបជាប់ខេត្តកំពត
- ពលរដ្ឋ និងអ្នកឃ្លាំមើលបរិស្ថាន ស្នើឱ្យគណៈកម្មការជាតិលុបបំបាត់បទល្មើសព្រៃឈើ នៅឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល
- អាជ្ញាធរគ្រោងបញ្ចប់សេវាកម្មជិះដំរីកម្សាន្តនៅតំបន់អង្គរនៅដើមឆ្នាំ២០២០
- សហគមន៍អភិរក្សផ្សោតខេត្តក្រចេះ បារម្ភពីការបាត់បង់សត្វផ្សោតក្នុងទន្លេមេគង្គដោយសារការនេសាទខុសច្បាប់
- អ្នកឃ្លាំមើលបរិស្ថានថាបទល្មើសព្រៃឈើនៅជួរភ្នំក្រវាញកណ្តាលកើតមានច្រើន អំឡុងពេលនយោបាយឡើងកម្តៅ
- ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃបញ្ចប់ធម្មយាត្រាដោយទទូចឱ្យអាជ្ញាធររុះរើសំណង់ជីនទីង
- ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃនឹងបញ្ចប់ធម្មយាត្រានៅថ្ងៃទី៣១ តុលាស្អែកនេះ
- សកម្មជនបរិស្ថានថា គណៈកម្មការជាតិអនុវត្តច្បាប់ព្រៃឈើបានតែមួយរយៈពេលខ្លី
- ក្រុមអ្នកធ្វើធម្មយាត្រាគ្រោងប្រើពេល ២ថ្ងៃទៀត ដើម្បីទៅដល់ក្រុងព្រះសីហនុ
- ក្រុមអ្នកអភិរក្សសាទរចំពោះកំណើនសត្វផ្សោតមេគង្គ ប៉ុន្តែបារម្ភចំពោះកត្តាគំរាមកំហែងធ្ងន់ធ្ងរ
សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតឆ្លើយតបទៅប្រធានាធិបតី ដូណាល់ ត្រាំ និងយល់ព្រមឲ្យក្រុមការងារនៃប្រទេសទាំងពីរធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារទំនុកចិត្ត និងកសាងចំណងមិត្តភាពឡើងវិញ
(ភ្នំពេញ)៖ កន្លងទៅថ្មីៗនេះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតពីរច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបញ្ជាក់ជំហររបស់សហរដ្ឋ
អាមេរិក ដែលចង់បង្កើនទំនាក់ទំនងចំណងមិត្តភាពទ្វេភាគីកាន់តែល្អប្រសើរថែមទៀតជាមួយ
កម្ពុជា ហើយអ្វីដែលកាន់តែពិសេសទៀត គឺលោកប្រធានាធិបតី បានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា អាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយមិនគាំទ្រចំពោះការការផ្លាស់ប្តូររបបម្តងណាឡើយ ព្រមទាំងស្នើសុំឲ្យក្រុមការងារកិច្ចការបរទេសនៃប្រទេសទាំងពីរ កម្ពុជា-អាមេរិក ធ្វើកិច្ចការជាមួយគ្នាដើម្បីស្តារចំណងមិត្តភាពរវាងប្រទេសទាំងពីរឡើងវិញ។
លិខិតដ៏កម្រទាំងពីរច្បាប់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ដៃពីសំណាក់លោកប៉ាទ្រីក មើរ៍ហ្វី Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នាវិមានសន្តិភាព។
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើលិខិតឆ្លើយតបទៅប្រធានាធិបតី ដូណាល់ ត្រាំ ដោយយល់ព្រមឲ្យក្រុមការងារកិច្ចការបរទេសនៃប្រទេសទាំងពីរ ធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់ឡើងវិញនឹងកសាងឡើងវិញ នូវចំណងមិត្តភាពរវាងប្រទេស និងប្រជាជនយើងទាំងពីរ។
ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏សូមទទួលយកការអញ្ជើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅត្រីមាសទី១ នៃឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក ៕