លោក ហ៊ុន សែន ស្វាគមន៍​កិច្ច​ពិភាក្សា​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​ស្ដារ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ

ដោយ ខែ សុណង
2019-11-27
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ កុម្ភៈ ឆ្នាំ​២០១៤។

រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ កុម្ភៈ ឆ្នាំ​២០១៤។ RFA


មន្រ្តី​សង្គម​ស៊ីវិល​មិន​ជឿ​​លោក ​ហ៊ុន ​សែន​ព្រម​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ


មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ឆ្លើយ​តប​ទៅ​​នឹង​លិខិត​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ថា លោក​រីករាយ​នឹង​​ឱ្យ​ក្រុម​ការងារ​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​ស្ដារ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ។

កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ លោក ដូណាល់ ត្រាំ បាន​ទាម​ទារ​ឱ្យ​លោក​ ហ៊ុន សែន ដឹក​នាំ​ប្រទេស​តាម​គន្លង​ប្រជាធិបតេយ្យ​វិញ ដើម្បី​អនាគត​នៃ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ។

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​ស្គាល់​ថា មួយ​ផ្នែក​នៃ​វិបុល​​ភាព​របស់​កម្ពុជា​សព្វថ្ងៃ គឺ​បាន មក​ពី​វិភាគទាន​របស់​ពលរដ្ឋ និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដោយ​ចាប់​ផ្ដើម​ពី​ការ​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​ប្រជាធិបតេយ្យ ការ​កសាង​ជាតិ អភិបាល​កិច្ច​សង្គម និង​ការ​ទទួល​បាន​ចំណែក​ទីផ្សារ​ដ៏​ទូលំទូលាយ​​របស់​​សហរដ្ឋ​អាមេរិក។​​​​​​​​​​​

លោក ហ៊ុន សែន លើក​ឡើង​​ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃទី២៦ វិច្ឆិកា​ថា លោក​ទទួល​បាន​ការ​ធានា​ដ៏​ជាក់​លាក់​ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ​ក្នុង​​ការ​ស្វែង​រក​ការ​ចូល​​រួម​​ដ៏​ពិត​ប្រាកដ​ដើម្បី​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ សេរីភាព​បុគ្គល និង​នីតិរដ្ឋ ជា​ជាង​ការ​ផ្លាស់​ប្តូរ​របប។ លោក​ថ្លែង​អំណរគុណ​ដល់​ប្រធានាធិបតី​អាមេរិក​ចំពោះ​ការ​យោគយល់ និង​​អត់​ធ្មត់​ចំពោះ​បញ្ហា​ទាំងអស់ ព្រោះ​លោក​ថា ​​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ​ដ៏​ក្មេង​ខ្ចី។ ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន អះអាង​ថា លោក​ស្វាគមន៍​ឱ្យ​ក្រុម​ការងារ​ផ្នែក​​កិច្ច​ការ​បរទេស​កម្ពុជា​ ធ្វើ​ការ​ជា​មួយ​​ក្រុម​ការងារ​ផ្នែក​កិច្ច​ការ​បរទេស​របស់​សហរដ្ឋ​​អាមេរិក ដើម្បី​ស្តារ​ទំនុក​ចិត្ត​ និង​ភាព​ជឿជាក់​ ព្រម​​ទាំង​កសាង​ឡើង​វិញ​នូវ​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​ទាំង​ពីរ។

ទោះ​ជា​យ៉ាង​ណា លិខិត​ដែល​លោក ហ៊ុន សែន ផ្ញើ​ជូន​ប្រមុខ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នេះ មិន​មាន​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ក្នុង​ការ​វិល​មក​ដឹកនាំ​ប្រទេស​តាម​គន្លង​ប្រជាធិបតេយ្យ ដូច​អ្វី​ដែល​លោក ដូណាល់ ត្រាំ បាន​ស្នើ​នៅ​​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី១ វិច្ឆិកា​នោះ​ឡើយ។

លោក ដូណាល់ ត្រាំ បាន​ទាមទារ​ឱ្យ​លោក​ ហ៊ុន សែន ដឹក​នាំ​ប្រទេស​តាម​គន្លង​ប្រជាធិបតេយ្យ​វិញ ដើម្បី​​អនាគត​នៃ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ។ លោក​ស្នើ​ឱ្យ​លោក ហ៊ុន សែន វាយ​តម្លៃ​ឡើង​វិញ​អំពី​ការ​សម្រេច​មួយ​ចំនួន ដែល​សហរដ្ឋ​អាមេរិក​ជឿជាក់​ថា ជា​ការ​ដាក់​អធិបតេយ្យ ស្ថិរភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​វែង​របស់​កម្ពុជា ក្នុង​ស្ថានភាព​ហានិភ័យ​ខ្ពស់។ លោក​បន្ថែម​ថា ប្រសិន​បើ​លោក ហ៊ុន សែន កែ​ប្រែ​ស្ថានភាព​ទាំង​ឡាយ​ឱ្យ​ល្អ​ឡើង​វិញ សហរដ្ឋ​អាមេរិក​នឹង​ឱ្យ​ក្រុម​ការងារ​ផ្នែក​គោល​នយោបាយ​ការ​បរទេស​បើក​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​រឿង​នេះ។ លោក​សង្កត់​ធ្ងន់​ថា សហរដ្ឋ​អាមេរិក​បន្ត​បង្ហាញ​នូវ​ជំនឿ​យ៉ាង​មុត​មាំ​ថា ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ សេរីភាព​បុគ្គល និង​នីតិរដ្ឋ ជា​មាគ៌ា​ល្អ​បំផុត​ឆ្ពោះ​ទៅ​កាន់​សន្តិភាព ស្ថិរភាព និង​វិបុល​ភាព​សម្រាប់​ប្រជាជាតិ​ទាំង​អស់។

អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន មិន​បក​ស្រាយ​បន្ថែម​លើ​ខ្លឹមសារ​លិខិត​នេះ​ទេ ព្រោះ​លោក​ថា ជា​លិខិត​របស់​នាយក​រដ្ឋ​មន្ត្រី៖«សំបុត្រ​របស់​សម្ដេច​អត់​មាន​លើស​ អត់​មាន​ខ្វះ​ទេ ប៉ុនណា គឺ​ប៉ុណ្ណឹង។ អា​ហ្នឹង​គឺ​ជា​ជំហរ​របស់​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ ពីព្រោះ​ភាគី​កម្ពុជា​ និង​សហរដ្ឋ​​អាមេរិក​ហ្នឹង ជា​ភាគី​ដៃគូ​ទេ​តើ មិន​មែន​ជា​ភាគី​​ឈ្លើយសឹក​ ឬ​ចាញ់​សង្គ្រាម​ជាមួយ​សហរដ្ឋ​អាមេរិក​​ឯណា។”

ទំនាក់ទំនង​រវាង​កម្ពុជា​ជាមួយ​នឹង​សហរដ្ឋអាមេរិក មាន​ភាព​ល្អក់កករ​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​របប​ក្រុងភ្នំពេញ​បង្ហាញ​ជំហរ​លម្អៀង​ខ្លាំង​ទៅ​រក​ប្រទេស​ចិន។ ម្យ៉ាង​វិញ​ទៀត អាមេរិក​ដែល​ឱ្យ​តម្លៃ​ខ្លាំង​លើ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ស្រងាក​ចិត្តជា​ខ្លាំង នៅ​ពេល​​របប​លោក ហ៊ុន សែន រំលាយ​បក្ស​ប្រឆាំង​នៅមុន​ការ​បោះឆ្នោត និង​ច្បាម​យក​អំណាច​រដ្ឋ​ទាំង​អស់​មក​កាន់​កាប់​តែម្នាក់​ឯង​​។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​​ទៀត​នោះ គឺ​របប​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​ចំៗ ថា សហរដ្ឋ​អាមេរិក​គឺ​ជា​អ្នក​គាំទ្រ​ចលនា​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់ ឬ​ដែល​របប​នេះ​ហៅ​ថា ជា​ផែនការ​បដិវត្តន៍​ពណ៌។

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ទង្វើ​រំលោភ​​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​បែប​នេះ សហរដ្ឋអាមេរិក​បាន​កាត់​ផ្តាច់​ជំនួយ​សំខាន់ៗ ដែល​រួមមាន​ជំនួយ​តាមរយៈ​កម្មវិធី​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​កិច្ចការ​អភិវឌ្ឍ​អន្តរជាតិ (USAID) និង​កម្មវិធី​ជំនួយ​ផ្នែក​យោធា ដែល​ធ្លាប់​ផ្ដល់​ឱ្យ​របប​លោក ហ៊ុន សែន ក្នុង​ការ​ជួយ​កសាង​សមត្ថភាព​អាជ្ញាធរ​មូលដ្ឋាន និង​កង​យោធពល​ខេមរភូមិន្ទ ព្រមទាំង​អគ្គនាយកដ្ឋាន​ពន្ធដារ​។ រដ្ឋាភិបាល​អាមេរិក​បញ្ជាក់​ថា ជំនួយ​ទាំងនេះ​មានតម្លៃ​ជា​ទឹកប្រាក់​ជាង ៨លាន​ដុល្លារ​អាមេរិក ហើយ​ការសម្រេចចិត្ត​នេះ គឺ​ដោយសារ​ពិនិត្យ​ឃើញ​ថា ស្ថាប័ន​ទាំងអស់​នោះ សុទ្ធ​សឹង​តែ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

បន្ថែម​ពីលើ​នេះ សមាជិកសភា​អាមេរិក​ជា​ច្រើន​រូប​​កំពុង​រៀប​ចំ​​ច្បាប់​ដាក់ទណ្ឌកម្ម​ផ្នែក​ការទូត និង​សេដ្ឋកិច្ច បន្ថែម​ទៀត​លើ​របប​ក្រុងភ្នំពេញ ដែល​រួម​មានការ​បង្កក​ទ្រព្យសម្បត្តិ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ ព្រមទាំង​មន្ត្រី​គ្រាក់ៗ​ ផ្សេងទៀត​នៃ​របប​នេះ ហើយ​និង​ការ​​ពិនិត្យមើល​ឡើងវិញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ដែល​ធ្លាប់​ផ្ដល់​ឱ្យ​កម្ពុជា​ផង​ដែរ។

អនុប្រធាន​បណ្តាញ​យុវជន​កម្ពុជា (CYN) និង​ជា​អ្នក​សិក្សា​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ លោក ស ម៉ូរី ថ្លែង​ថា ការ​ឆ្លើយ​តប​របស់​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​លោក ដូណាល់ ត្រាំ នេះ មាន​លក្ខណៈ​វិជ្ជមាន​ច្រើន ក៏​ប៉ុន្តែ​លោក​ថា ការ​អនុវត្ត​ជាក់ស្ដែង​យ៉ាងណា​នោះ ជា​រឿង​មួយ​ផ្សេង​ទៀត។ លោក​ជឿជាក់​ថា ទំនាក់​ទំនង​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក អាច​ល្អ​ប្រសើរ​ឡើង​វិញបាន លុះ​ត្រា​តែ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​ឡើង​វិញ​នូវ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដូច​ដែល​មាន​បញ្ជាក់​ក្នុង​លិខិត​របស់​សេតវិមាន៖ «ការ​ផ្ដល់​នីតិសម្បទា​ផ្នែក​នយោបាយ​ដល់​គណបក្ស​ប្រឆាំង​ ហើយ​និង​បញ្ឈប់​ការ​រឹតត្បិត​សេរីភាព​ផ្នែក​នយោបាយ​របស់​គណបក្ស​ប្រឆាំង គឺ​ផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​ចាប់​ផ្តើម​រស់​រវើក​ឡើង​វិញ។ ប្រសិន​បើ​មិន​មាន​កំណែទម្រង់​ស៊ី​ជម្រៅ​ជុំ​វិញ​បញ្ហា​នេះ​ ខ្ញុំ​គិត​ថា វា​លំបាក​ណាស់​ក្នុង​ការ​ស្តារ​ទំនាក់​ទំនង​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​រវាង​រដ្ឋាភិបាល​កម្ពុជា ហើយ​និង​​សហរដ្ឋ​អាមេរិក»។

ក្រុម​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​វាយ​តម្លៃ​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ របប​លោក​ ហ៊ុន សែន​ បាន​បង្កើន​ការ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ដោយ​បំពាន។ ​ ក្នុង​នោះ​មាន​ជាអាទិ៍ ការ​ដាក់​ទោស​ទណ្ឌ​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិ​មនុស្ស ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​ដោយ​ចោទ​ប្រកាន់​ទាំង​ស្រពេចស្រពិល​ពី​បទ​ក្បត់​ជាតិ ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ហាម​ឃាត់​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន​​ ១១៨នាក់ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ រយៈ ពេល ៥ឆ្នាំ​ជាដើម​។ ក្រុម​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​ចាត់​ទុក​ការ​វាយ​បង្ក្រាប​ទាំង​ឡាយ​នេះ​ថា​ ជា​ការ​​កាត់​ផ្តាច់​​​ដំណើរ​ការ​នៃ​ប្រព័ន្ធដឹក​នាំ​តាម​បែប​​​ប្រជា​ធិបតេយ្យ​ ហើយ​ជំនួស​មក​វិញនូវ​​ការ​បុកគ្រឹះ​សាងសង់​ប្រព័ន្ធ​ដឹក​​នាំ​តាម​បែប​ផ្តាច់​ការ​ឱ្យ​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ស្វាគមន៍​កិច្ច​ពិភាក្សា​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​ស្ដារ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ"

  1. Anonymous says:

    all I have to say to this guy is >>> good dog please continuous to burke for more food. as I used to say too bad the US have to spending one of their high level of officer to treat Cambodia.

Leave a Reply

Submit Comment