មេធាវី​ថា តុលាការ​ត្រូវ​លើកលែង​ការ​ចោទ​ប្រកាន់​​លោក កឹម សុខា ព្រោះ​គ្មាន​ភស្តុតាង​ដាក់​បន្ទុក

ដោយ ហេង រស្មី
2019-11-28
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កឹម សុខា (រូប​កណ្ដាល) ប្រធាន​គណបក្ស​សង្រ្គោះជាតិ និង​មេធាវី​ការពារ​ក្ដី​របស់​លោក នា​បរិវេណ​ផ្ទះ​លោក កឹម សុខា នៅ​ខណ្ឌ​ទួលគោក។

លោក កឹម សុខា (រូប​កណ្ដាល) ប្រធាន​គណបក្ស​សង្រ្គោះជាតិ និង​មេធាវី​ការពារ​ក្ដី​របស់​លោក នា​បរិវេណ​ផ្ទះ​លោក កឹម សុខា នៅ​ខណ្ឌ​ទួលគោក។ រូប​ពី​ហ្វេសប៊ុក លោក ផែង ហេង


សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​ទាន់​មាន​ការ​វិវឌ្ឍ​ថ្មី​ទៀត​នោះ​ទេ បន្ទាប់ពី​ក្រុម​មេធាវី​បាន​ដាក់​លិខិត​ស្នើសុំ​ចៅក្រម​ឱ្យ​ស៊ើបសួរ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​លោក កឹម សុខា។ អ្នកវិភាគ​នយោបាយ​ថា តុលាការ​ប្រហែលជា​មិន​ទម្លាក់​ចោល​រឿង​នេះ​ទេ ពីព្រោះ​ការ​ធ្វើ​របៀប​នេះ​អាច​នឹង​មានរឿង​ស្មុគស្មាញ​ជាច្រើន​ទៀត ដែល​ត្រូវ​ដោះស្រាយ​នៅ​ជំហាន​បន្ទាប់ ជា​ពិសេស ការ​ផ្ដល់​សម្បទាន​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ។

សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា លោក ផែង ហេង ប្រាប់​អាស៊ីសេរី​ថា ខាង​មេធាវី​កំពុង​រង់ចាំ​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ​ថា តើ​ករណី​លោក កឹម សុខា នេះ នឹង​ត្រូវ​ទម្លាក់​ចោល ឬក៏​ត្រូវ​បញ្ជូន​ទៅ​ជំនុំជម្រះ។ លោក​ថា អង្គហេតុ និង​អង្គច្បាប់ ដែល​ក្រុម​មេធាវី​បាន​រៀបរាប់​នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​លើកលែង​ការ​ចោទប្រកាន់ មាន​មូលដ្ឋាន​គ្រប់គ្រាន់ ដែល​ចៅក្រម​ស៊ើបសួរ​អាច​យក​ទៅ​ពិចារណា​ក្នុង​ការ​សម្រេច​ចំពោះ​នីតិវិធី​បន្ទាប់​មក​ទៀត។

ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា បាន​ដាក់​លិខិត​ទៅ​ចៅក្រម​ស៊ើបសួរ​តុលាការ​​ក្រុង​ភ្នំពេញ លោក គី ឫទ្ធី កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា កន្លងទៅ ដើម្បី​ស្នើសុំ​លើកលែង​ការចោទប្រកាន់​លើ​លោក កឹម សុខា បន្ទាប់​ពី​ចៅក្រម​រូប​នេះ​បាន​ប្រកាស​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​សំណុំ​រឿង​នេះ។

នៅ​ក្នុង​លិខិត​នោះ សហ​មេធាវី​លោក កឹម សុខា បាន​រៀបរាប់​ថា ចៅក្រម​ស៊ើបសួរ​បាន​ប្រើ​រយៈពេល​ជាង ២​ឆ្នាំ​ក្នុង​ការ​ស៊ើបអង្កេត​រឿង​ក្តី លើស​ពី​ការកំណត់​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដែល​ការស៊ើបអង្កេត​ត្រូវ​ប្រើ​ពេល​ត្រឹម ១៨​ខែ​ប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត ការ​ស៊ើបអង្កេត​នា​ពេល​កន្លងមក ចៅក្រម​រក​មិន​ឃើញ​មាន​រដ្ឋ​បរទេស ឬ​ជនបរទេស ឬ​អ្នកសមគំនិត​ក្នុង​រឿង​នេះ ដូច​ការ​ចោទ​ប្រកាន់​របស់​តំណាង​អយ្យការ​ទេ។

ក្រុម​មេធាវី លោក កឹម សុខា អះអាង​ទៀត​ថា តាម​គោលការណ៍​ច្បាប់ ការ​ផ្ដន្ទាទោស​ជនណា​ម្នាក់ ត្រូវ​ផ្អែកលើ​ធាតុ​ផ្សំ​នៃ​បទល្មើស​ចាំបាច់​ចំនួន ៣ គឺ​ធាតុ​ច្បាប់ អំពើ​ប្រព្រឹត្ត និង​ចេតនា​ប្រព្រឹត្ត ហើយ​បើ​ខ្វះ​ធាតុ​ផ្សំ​ណាមួយ គឺ​មិន​អាច​ផ្ដន្ទាទោស​បាន​ឡើយ​។ ដោយឡែក សំណុំរឿង​លោក កឹម សុខា នេះ ក្រុម​មេធាវី​ពិនិត្យ​ឃើញថា តុលាការ​ខ្វះ​ធាតុ​ផ្សំ​ពីរ​សំខាន់ គឺ​អំពើ​ប្រព្រឹត្ត និង​ចេតនា​ប្រព្រឹត្ត។ ក្រុម​មេធាវី​បកស្រាយ​ថា បើ​ស្ដាប់​ពី​គោលបំណង​នៃ​ការ​សំណេះសំណាល​របស់​លោក កឹម ជាមួយ​ក្រុម​អ្នកគាំទ្រ​នៅ​ប្រទេស​អូស្ត្រាលី​នោះ លោក​គ្មាន​ចេតនា​ប្រព្រឹត្ត​ហិង្សា​ឡើយ ហើយ​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា មាន​បទល្មើស​ចាប់​ពី​ពេល​សង្ស័យ និង​រហូតដល់​ថ្ងៃ​ចាប់ខ្លួន​លោក កឹម សុខា ក៏​មិន​ឃើញ​មាន​អំពើ​ប្រព្រឹត្ត​ស្ដែង​ចេញ​មក​ដែរ​។ ទន្ទឹម​នឹង​នេះ គ្មាន​ជនបរទេស​ណា​ម្នាក់​ទទួលខុសត្រូវ​ថា បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​លោក កឹម សុខា ឡើយ ហើយ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ក៏បាន​បដិសេធ​បទ​ចោទ និង​អង្គហេតុ​ទាំងនោះ​រួចហើយ​ដែរ។

ក្រុម​មេធាវី​លោក កឹម សុខា បកស្រាយ​ទៀត​ថា មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ្ញ ចែងថា “​វិមតិសង្ស័យ​ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​ជនជាប់ចោទ​” ហើយ​មាត្រា​៤ នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា “​ពុំ​មាន​បទល្មើស​ទេ ប្រសិនបើ​គ្មាន​ចេតនា​ប្រព្រឹត្ត​”​។ ដូច្នេះ ផ្អែក​តាម​អង្គហេតុ និង​អង្គច្បាប់ តុលាការ​មិន​អាច​ចោទ​ប្រកាន់ ឬ​ផ្ដន្ទាទោស​លោក កឹម សុខា ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​បាន​ទេ ហើយ​ចៅក្រម​ស៊ើបសួរ​ត្រូវតែ​សម្រេច​លើកលែង​ការ​ចោទប្រកាន់​លើ​លោក កឹម សុខា។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ លោក គី ឫទ្ធី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​រឿង​នេះ​បានទេ នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា។

អ្នកវិភាគ​នយោបាយ​ចាស់​វស្សា បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា តុលាការ​ទំនងជា​មិន​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ប្រឆាំង​លោក កឹម សុខា ឡើយ ពីព្រោះ​ការ​ធ្វើ​បែបនេះ ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ គឺជា​រឿង​ខុសច្បាប់​។ លោក​សង្កត់​ថា ជោគវាសនា​របស់​លោក កឹម សុខា ស្ថិត​ក្នុង​កណ្ដាប់ដៃ​លោក ហ៊ុន សែន ពោល​បើ​បុរស​ខ្លាំង​រូប​នេះ​ចង់​ឱ្យ​មេ​បក្ស​ប្រឆាំង​មាន​សេរីភាព​ពេលណា គាត់​នឹង​មាន​សេរីភាព​ពេល​នោះ​ភ្លាម។ «»

នៅ​ពេល​ចៅក្រម​ស៊ើបសួរ​ប្រកាស​បញ្ចប់​ការស៊ើបអង្កេត ហើយ​ក្រុម​មេធាវី​លោក កឹម សុខា កំពុង​ខ្នះខ្នែង​ដាក់​លិខិត​លើកលែង​ការចោទប្រកាន់​នោះ ស្រាប់តែ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​ចេញមុខ​ប្រកាស​ជា​សាធារណៈ​ថា តុលាការ​នឹង​មិន​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​លោក កឹម សុខា ឡើយ ហើយ​សំណុំ​រឿង​នេះ​ត្រូវ​ប្រើ​រយៈពេល​វែង​តទៅ​ទៀត​។ លោក​បាន​សន្មត​ទុកជាមុន​ថា ចៅក្រម​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំជម្រះ។ «»

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​របប​ក្រុងភ្នំពេញ​សម្រុកចូល​ចាប់ខ្លួន ដល់​ក្នុង​ផ្ទះ​ទាំង​កណ្ដាល​អធ្រាត្រ កាលពីដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លងទៅ ក្នុង​ពេល​លោក​កំពុង​មាន​អភ័យឯកសិទ្ធិសភា​។ តុលាការដែល​ស្ថិត​ក្រោម​ឥទ្ធិពល​លោក ហ៊ុន សែន បាន​ចោទប្រកាន់​មេ​បក្ស​ប្រឆាំង​រូប​នេះ ពី​បទ “​សន្ទិដ្ឋិភាព​” ឬ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​។ លោក កឹម សុខា បាន​ជាប់ឃុំ​អស់​រយៈពេល​ជាង ២​ឆ្នាំ ទាំង​ការ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ និង​ក្នុង​ផ្ទះ។

ទោះជា​យ៉ាងណា កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា​កន្លង​ទៅ តុលាការ​ក្រុង​ភ្នំពេញ​បាន​កែប្រែ​លក្ខខណ្ឌ​ឱ្យ​លោក កឹម សុខា មាន​សេរីភាព​ដើរហើរ​ក្នុង​រង្វង់​ដែនដី​ខ្មែរ​ហើយ ប៉ុន្តែ​នៅតែ​ហាមឃាត់​សកម្មភាព​នយោបាយ និង​តម្រូវ​ឱ្យ​លោក​ឆ្លើយតប​ចំពោះ​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច​។ ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ខ្លះ​សម្រាប់​លោក កឹម សុខា នេះ គឺ​នៅ​ស្រប​ពេល​ដែល​ឱសានវាទ​នៃ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA កាន់តែ​ខិត​ជិត​មកដល់ ហើយ​សហគមន៍​អន្តរជាតិ​បាន​ដាក់​សម្ពាធ​លើ​របប​ក្រុងភ្នំពេញ​ឱ្យ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន ដូចជា សហរដ្ឋអាមេរិក អឺរ៉ុប បារាំង អង់គ្លេស អាល្លឺម៉ង់ និង​ជប៉ុន ជាដើម បាន​បណ្ដាក់​គ្នា​ទៅ​ជួប​លោក កឹម សុខា ដល់​គេហដ្ឋាន​របស់​លោក នៅ​ឯ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ក្រុម​ប្រទេស​ទាំងនោះ​បានបង្ហាញ​ពី​បំណង​ចង់​ឃើញ​លោក កឹម សុខា មាន​សេរីភាព​ពេញ​លេញ​ឡើងវិញ ទាំង​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ និង​បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់​ទាំងឡាយ​។ ជំហរ​របស់​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​នេះ គឺ​ដូចគ្នា​ទៅ​នឹង​ការ​ចង់​បាន​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ទៀត​ដែរ ដែល​បាន​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ទម្លាក់​ចោល​បទចោទប្រកាន់​បែប​ប្រឌិត និង​មាន​ចរិត​នយោបាយ​ប្រឆាំង​លោក កឹម សុខា និង​ផ្ដល់​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ​ដល់​រូបលោក​វិញ។

ចំណែក លោក កឹម សុខា វិញ បាន​អះអាង​ថា លោក​ជា​មនុស្ស​ស្អាតស្អំ ដែល​ត្រូវការ​ដំណោះស្រាយ និង​យុត្តិធម៌​ពិតប្រាកដ ហើយ​បាន​បន្ត​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ប្រឆាំង​រូបលោក​។ គិត​ត្រឹម​ថ្ងៃ​ទី​២៨ វិច្ឆិកា លោក កឹម សុខា មិន​ទាន់​បាន​ចុះ​ជួប​ពលរដ្ឋ​នៅឡើយ​ទេ បន្ទាប់ពី​មាន​សិទ្ធិ​ដើរហើរ​ក្នុង​រង្វង់​ដែនដី​ខ្មែរ។

ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា អះអាង​ថា លោក កឹម សុខា ជា​អ្នកនយោបាយ​ដែល​តម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ជាធំ និង​ប្រកាន់ខ្ជាប់​គោលការណ៍​អហិង្សា នីតិរដ្ឋ ប្រជាធិបតេយ្យ និង​គោរព​រដ្ឋធម្មនុញ្ញ ជាពិសេស លោក​តែង​មាន​ការ​អត់ធ្មត់ ទោះបីជា​លោក​កំពុង​បាត់បង់​សិទ្ធិ​នយោបាយ និង​សេរីភាព​ក៏ដោយ​។ ម្យ៉ាងវិញទៀត ក្រុម​មេធាវី​ថា ការលើកលែង​បទចោទប្រកាន់​លើ​លោក កឹម សុខា និង​ផ្ដល់​សេរីភាព​ពេញលេញ​ឡើងវិញ​ដល់​រូបលោក គឺជា​ការ​រួមចំណែក​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​ផ្ដល់​ឱកាស​ឱ្យ​អ្នកនយោបាយ​ជជែក​គ្នា ដើម្បី​ប្រយោជន៍​ជាតិ និង​កិត្តិយស​រវាង​ខ្មែរ និង​ខ្មែរ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "មេធាវី​ថា តុលាការ​ត្រូវ​លើកលែង​ការ​ចោទ​ប្រកាន់​​លោក កឹម សុខា ព្រោះ​គ្មាន​ភស្តុតាង​ដាក់​បន្ទុក"

  1. so socheath says:

    គួរអស់សំណើចណាស់ !
    មុខងារត្រឹមមេធាវី មកបញ្ជារតុលាការវ៉ី ?
    អត់ចេះប្រើពាក្យនិយាយផងហ្នឹង ?
    សំណូមពរ ហើយនឹងបញ្ជារ ពាក្យនិយាយពីរនេះ
    វាមានន៏យ នឹងសកម្មភាពខុសគ្នាឆ្ងាយណាស់ ? យល់អត់ !