សកម្មជន​បក្ស​ប្រឆាំង​នៅ​បាត់ដំបង​ចាប់​ផ្ដើម​ភៀសខ្លួន​រក​ទី​សុវត្ថិភាព​ជាថ្មី​បន្ទាប់ពី​ត្រូវ​អាជ្ញាធរ​តាមដាន

ដោយ អាស៊ីសេរី
2019-11-28
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​គាំទ្រ​ឈរ​នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៩។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​គាំទ្រ​ឈរ​នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៩។ Photo Provided


សកម្មជន​គណបក្សប្រឆាំង​មួយ​ចំនួន រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​ជាថ្មី ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​។ សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ​អះអាង​ថា សមត្ថកិច្ច​ខេត្ត​នេះ​បន្ត​តាម និង​ធ្វើទុក្ខបុកម្នេញ​មក​លើ​ពួកគាត់​ធ្វើ​ឱ្យ​មិន​អាច​រស់នៅ​ក្នុង​ស្រុក​បាន​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់ថា ការ​តាមដាន​សកម្មជន​បក្ស​ប្រឆាំង​នេះ ដោយសារ​អាជ្ញាធរ​បារម្ភ​ខ្លាច​ពួកគេ​ធ្វើ​សកម្មជន​នយោបាយ​នាំ​ឱ្យ​រង្គោះរង្គើ​ដល់​គណបក្ស​កាន់អំណាច។

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង លោក រុន ចន្ធី ថ្លែង​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា​ថា ពួក​លោក​មិន​មាន​សុវត្ថិភាព​នោះ​ទេ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​នៅតែ​បន្ត​តាម​ធ្វើទុក្ខបុកម្នេញ​មក​លើ​ពួកគាត់​ដដែល​។ លោក​បន្ត​ថា សកម្មជន​ដែល​ស្មោះស្ម័គ្រ​នឹង​គណបក្សប្រឆាំង​នៅ​ខេត្ត​បាត់ដំបង ៦​នាក់​ហើយ បាន​ភៀសខ្លួន​ជា​ថ្មី​ទៀត ដើម្បី​រក​ទីកន្លែង​មាន​សុវត្ថិភាព​។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​រត់គេច​ខ្លួន ដោយសារ​ប៉ូលិស និង​អាជ្ញាធរ​មូលដ្ឋាន​តាមដាន​លោក​គ្រប់​ពេល ជាពិសេស នៅ​ពេល​ដែល​លោក​ជួបជុំគ្នា​ជាមួយ​សកម្មជន​នៅ​ក្នុង​ហាង​កាហ្វេ កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា​កន្លងទៅ មាន​ប៉ូលិស​ម្នាក់​បាន​ចូល​ទៅ​អង្គុយ​ក្នុង​ហាង​កាហ្វេ​សម្លឹងមុខ​ពួកគាត់ និង​និយាយ​វិទ្យុ​ទាក់ទង​គ្នា ដោយ​បើក​សំឡេង​ឮ​ខ្លាំង​បំភិតបំភ័យ​ដល់​ពួកគាត់ ធ្វើ​ឱ្យ​ភ័យខ្លាច​ហើយ​នាំគ្នា​រត់គេច​រៀងៗ​ខ្លួន។ «»

លោក​បន្ត​ថា ពេលនេះ​លោក​បាន​ភៀសខ្លួន​ទៅដល់​ប្រទេស​ថៃ​ហើយ ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​។ លោក​បន្ត​ថា ក្រោយពី​លោក​រត់​គេច​ខ្លួន​បាន​មួយថ្ងៃ អាជ្ញាធរ​មូលដ្ឋាន​បាន​នាំគ្នា​ចុះទៅ​សួររក​លោក​ដល់​ផ្ទះ​នៅ​សង្កាត់​អូរចារ​ក្រុង​បាត់ដំបង​ម្ដង​ហើយ​ម្ដងទៀត​។ បញ្ហា​នេះ ធ្វើ​ឱ្យ​សាច់ញាតិ​ភ័យ ព្រោះ​ខ្លាច​លោក​មិន​មាន​សុវត្ថិភាព​។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បន្ថែម​ថា មូលហេតុ​ដែល​ពួកគេ​រត់គេច​ខ្លួន ដោយសារ​ពួកគេ​ខ្លាច​អាជ្ញាធរ​ចាប់ បង្ខំ​ឱ្យ​ចូល​សារភាព​ខុស​ពី​ឆន្ទៈ​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​បាត់បង់​ធនធានមនុស្ស ដើម្បី​ទៅ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ​។ កាលពីពេល​ថ្មីៗ នេះ មាន​សកម្មជន​គណបក្ស​ប្រឆាំង​មួយ​ចំនួន បាន​សារភាព​ចំពោះ​អាជ្ញាធរ ដែល​ភាគី​គណបក្ស​ប្រឆាំង​អះអាង​ថា ការ​សារភាព​ទាំងនោះ ធ្វើឡើង​ដោយ​ការ​បង្ខិតបង្ខំ​តាម​ការ​ចង់​បាន​របស់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ។

ឆ្លើយតប​នឹង​បញ្ហា​ចោទ​ប្រកាន់​នេះ អភិបាលក្រុង​បាត់ដំបង​លោក ផេង សិទ្ធី ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​ពុំ​បាន​តាម​ធ្វើទុក្ខបុកម្នេញ​ដល់​សកម្មជន​គណបក្ស​ប្រឆាំង​ដូច​ការចោទ​ប្រកាន់​នោះ​ឡើយ​។ លោក​បញ្ជាក់​ថា ប្រសិនបើ​មាន​សមត្ថកិច្ច​ណា​តាម​យាយី​ដល់​សកម្មជន​បក្ស​ប្រឆាំង គឺ​ពួកគេ​អាច ប្ដឹង​ទៅ​សាលាក្រុង​បាត់ដំបង ឬ​ប្ដឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​មាន​វិធានការ​ជុំវិញ​បញ្ហា​នេះ​បាន។ «»

កាល​ពី​ពេល​ថ្មីៗ​នេះ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​តុលាការ និង​ក្រសួង​យុត្តិធម៌​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា កន្លង​ទៅ។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក​បាន​ព្រមាន​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង​ជាច្រើន​នាក់​ដាក់គុក​វិញ ប្រសិនបើ​ពួកគេ​ហ៊ាន​និយាយ​ថា ការ​ដោះលែង​នេះ​ដោយសារ​សម្ពាធ​ពី​អន្តរជាតិ ឬ​ប្រសិនបើ​ពួកគេ​នៅតែ​បន្ត​ធ្វើ​សកម្មភាព​គាំទ្រ​បក្ស​ប្រឆាំង។

ផ្ទុយ​ពី​ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែន ករុណា មានប្រសាសន៍ថា ថ្វី​ត្បិត​តែ​ថ្មីៗ នេះ តុលាការ​បាន​ដោះលែង និង​បន្ធូរបន្ថយ​លក្ខខណ្ឌ​ត្រួតពិនិត្យ​ដល់​មន្ត្រី​គណបក្សប្រឆាំង​ក៏ដោយ ក៏​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មិន​ទាន់​បាន​ធូរស្រាល​នៅ​ឡើយ​ទេ ពីព្រោះ​ពួកគេ​មិន​ទាន់​មាន​សិទ្ធិ​ពេញលេញ ក្នុង​ការ​ដើរហើរ និង​សិទ្ធិ​ធ្វើ​នយោបាយ​ដូច​ប្រជាពលរដ្ឋ​ដទៃ​នៅឡើយ​។ លោក​កត់សំគាល់​ថា មូលហេតុ​ដែល​អាជ្ញាធរ​បន្ត​ធ្វើ​តាម​ឃ្លាំមើល​សកម្មជន​បក្ស​ប្រឆាំង ដោយសារ​ការ​ព្រួយបារម្ភ ខ្លាច​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជាថ្មី​ទៀត ដែល​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​រដ្ឋាភិបាល​សព្វថ្ងៃ។ «»

បច្ចុប្បន្ន​នេះ​មាន​សកម្មជន​គណបក្ស​ប្រឆាំង​ប្រមាណ ១០០​នាក់​ហើយ ដែល​កំពុង​រស់នៅ​ភៀសខ្លួន​នៅ​ប្រទេស​ថៃ។ លោក រុន ចន្ធី អះអាង​ថា លោក​នឹង​សកម្មជន​ដទៃ​ទៀត​រត់​ភៀសខ្លួន នៅតែ​ប្រកាន់​ជំហរ​រង់ចាំ​ទទួល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​វិញ​ដដែល ព្រោះ​ពួកគាត់​ជឿជាក់​ថា នៅ​ពេល​លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍​នឹង​អាច​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន​ធូរស្រាល​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment