សាច់​ញាតិ​របស់​ស្ត្រី​សកម្ម​ជន​បក្ស​ប្រឆាំង​ ​ដែល​ស្លាប់​ដោយ​សារ​ប៉ូលិស​ដឹក​ធ្លាក់​ពី​លើ​ម៉ូតូ មិន​ទាន់​ទទួល​បាន​យុត្តិធម៌

ដោយ សេក បណ្ឌិត
2019-11-27
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​នៅ​ពេល​សាច់ញាតិ​នាំ​ស្ត្រី​សកម្មជន​បក្ស​ប្រឆាំង​ឈ្មោះ សំ បុប្ផា វ័យ ៤៨ឆ្នាំ ទៅ​សង្គ្រោះ​ ក្នុង​មន្ទីរពេទ្យ ដែល​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​ម៉ូតូ​ក្នុង​ពេល​ប៉ូលិស​ចាប់​បង្ខំ​ទៅ​សាកសួរ​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ២០១៩។

ទិដ្ឋភាព​នៅ​ពេល​សាច់ញាតិ​នាំ​ស្ត្រី​សកម្មជន​បក្ស​ប្រឆាំង​ឈ្មោះ សំ បុប្ផា វ័យ ៤៨ឆ្នាំ ទៅ​សង្គ្រោះ​ ក្នុង​មន្ទីរពេទ្យ ដែល​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​ម៉ូតូ​ក្នុង​ពេល​ប៉ូលិស​ចាប់​បង្ខំ​ទៅ​សាកសួរ​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ២០១៩។

 រូប៖ ហ្វេសប៊ុក


សាច់ញាតិ​របស់​ស្ត្រី​ជា​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ស្វាយរៀង​ម្នាក់​ដែល​បាន​ស្លាប់​ដោយសារ​ ធ្លាក់​ពីលើ​ម៉ូតូ​ក្នុង​ពេល​ប៉ូលិស​ចាប់​បង្ខំ​ទៅ​សាកសួរ​កាលពី​ចុងខែ​តុលា​នោះ​ ស្នើសុំ​ឲ្យ​តុលាការ​ខេត្ត ស្វាយរៀង ពន្លឿន​ការ​ផ្ដល់​យុត្តិធម៌។ មន្ត្រី​សិទ្ធិមនុស្ស​ យល់ថា​ ក្រុម​ប៉ូលិស​ដែល​ចុះ​អនុវត្ត​ផ្ទាល់​ គឺជា​អ្នកទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់​របស់​សកម្មជន​បក្ស​ប្រឆាំង​នេះ។

ស្ត្រី​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ឈ្មោះ សំ បុប្ផា វ័យ ៤៨ឆ្នាំ​ រស់​នៅ​ភូមិ​ក្បាល​ថ្នល់​ ឃុំ​ត្នោត​ ស្រុក​ កំពង់រោទិ៍​ ខេត្ត​ស្វាយរៀង​ បាន​ស្លាប់​រយៈ​ពេលជិត១ខែហើយ​ ដោយសារ​ធ្លាក់​ពីលើ​ម៉ូតូ​ក្នុង​ពេល​ប៉ូលិស​នាំ​ខ្លួន​ទៅ​សាកសួរ​ទាំង​បង្ខំ ក្នុង​ពេល​របប​ក្រុង​ភ្នំពេញ បើក​យុទ្ធនាការ​ចាប់​ខ្លួន និង​ធ្វើ​ទុក្ខ បុក​ម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង​កុំ​ឲ្យ​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។ មក​ទល់​ពេល​នេះ​ ក្រុម​គ្រួសារ ​និង​សាច់​ញាតិ​ ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌​ ឬ​មាន​ប៉ូលិស​ណា​ម្នាក់​ចេញ​មុខ​ទទួលខុសត្រូវ​នៅ​ឡើយ​ទេ។

ប្អូន​ប្រុស​របស់​លោកស្រី​ សំ​ បុប្ផា​ គឺ​លោក​ សំ​ ឌី​ណា​ ប្រាប់​អាស៊ី​សេរី​ថា​ លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ប៉ូលិស​ប៉ុស្តិ៍​នគរបាល​ឃុំ​ត្នោត​ និង​ប៉ូលិស​ស្រុក​កំពង់រោទិ៍ ដែល​ចុះ​អនុវត្ត​ច្បាប់​ពុំ​ត្រឹមត្រូវ​បណ្ដាល​ឲ្យ​បងស្រី​របស់​លោក​ស្លាប់ចោលកូន​ចំនួន ៤នាក់​នោះ ទៅ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​រួច​រាល់​ហើយ កាល​ពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ក្រោយ​ពិធី​បុណ្យ ៧ថ្ងៃ​របស់​បង​ស្រី​លោក។ ក្នុង​បណ្ដឹង​នោះ លោក​ទាមទារ​សំណង​ចំនួន ៣ម៉ឺន​ដុល្លារពី​មន្ត្រី​ប៉ូលិស​ឃុំ និង​ស្រុក ព្រមទាំង​ទាមទារ​ឲ្យ​ផ្តន្ទាទោស​អ្នក​ពាក់ព័ន្ធ​តាម​ច្បាប់។ ប្អូន​ប្រុស​ជន​រង​គ្រោះ ស្នើសុំ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី​ក្នុង​ការ​ស្វែង រក​យុត្តិធម៌​ជូន​បង​ស្រី​របស់​លោក៖ «ខ្ញុំ​សូម​អំពាវនាវ​ក្នុង​នាម​ជា​ប្អូន​ពៅ​របស់​ជន​រង​គ្រោះ ឲ្យ​តុលាការ​ខេត្ត​ស្វាយរៀង​ជំរុញ​ពន្លឿន​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់ៗ ព្រោះ​មក​ដល់​ពេល​នេះ​យូរ​ដែរ ហើយ​មនុស្ស​ក៏​បាន​ស្លាប់​ទៀត។ ការ​ស្លាប់​នេះ​អយុត្តិធម៌​ណាស់។ ខ្ញុំ​ឃើញ​ប៉ូលិស ដែល​ធ្វើ​ឲ្យ​បង​ខ្ញុំ​ស្លាប់​នៅ​មាន​សេរីភាព​ពាក់​ខោ​អាវ​ប៉ូលិស​ដដែល»

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី សំ បុប្ផា បាន​ស្លាប់​កាល​ពី​រសៀល​ថ្ងៃ​ទី៣០ ខែ​តុលា។ ប្អូន​ប្រុស​ជន​រង​គ្រោះ ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​ រៀបរាប់​ថា​ រឿងរ៉ាវ​ដំបូង​ឡើយ គឺ​បងស្រី​របស់​លោក​បាន​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ប្តី និង​បាន​ជេរ​រាលដាល​ដល់​ឪពុក​ក្មេក​មួយ​ម៉ាត់​ថា បាន​លក់​ក្បាល​ឲ្យ​គណបក្សប្រជាជន​កម្ពុជា​ ក្រោយពេល​ឪពុកក្មេក​ដែល​ជាសកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​នោះ​ បាន​ចូល​សារភាព​នៅចំពោះមុខ​សមត្ថកិច្ច​ថា ឈប់​គាំទ្រ​ផែនការ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី។ លោក សំ ឌីណា បន្ត​ថា​ ផ្ដើម​ចេញពី​រឿង​ឈ្លោះប្រកែក​គ្នា​នោះ​ ក៏​ស្រាប់តែ​មាន​ក្រុម​ប៉ូលិស​ជា​ច្រើន​នាក់​គឺ​មាន​ទាំង​ប៉ូលិស​ឃុំ និង​ស្រុក​បាន​ចុះទៅ​ឃាត់ខ្លួន​ លោក ស្រី​ សំ​ បុប្ផា​ ទៅ​សាកសួរ​ទាំង​បង្ខំ​ ដោយ​សំអាង​ថា​ឪពុក​ក្មេក​លោកស្រី​គឺ​លោក ហ៊ុន យាប់ បាន​ប្ដឹង​ទៅ​អាជ្ញាធរ​រឿង​ជម្លោះ​ក្នុង​គ្រួសារ​និង​ជេរប្រមាថ​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​គាត់។ បើ​ទោះជា យ៉ាងណា​ លោក សំ ឌីណា​ គិត​ថា​អាជ្ញាធរ​ច្រើន​នាក់​ចុះទៅ​ចាប់​បងស្រី​របស់​លោក​មិនមែន​គ្រាន់តែ​ដោយសារ​មាន​ជម្លោះ​ក្នុង​គ្រួសារ​ទេ។ លោក​សង្ស័យ​ថា រឿង​នេះ គឺ​ពាក់ព័ន្ធ​នឹង​រឿ​ងន​យោ​បាន​ច្រើនជាង​ គឺ​ការ​បង្ខិតបង្ខំ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ចូល​សារភាព​ និង​ការ​គំរាមកំហែង​ បងស្រី​របស់​លោក​ឲ្យ​ឈប់​រិះគន់​ឪពុក​ក្មេក​ ដែល​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​។ ប្អូនប្រុស​ របស់​ជនរងគ្រោះ​ បន្ត​ថា​ នៅ​ពេល​ដែល​ប៉ូលិស​ចាប់​បង្ខំ​ដឹក​ បងស្រី​របស់​លោក​ ទៅ​សួរចម្លើយ​តាម​ម៉ូតូ​នោះ​ហើយ​ ទើប​បណ្ដាល​ឲ្យ​រូប​គាត់​ ខ្យល់គរ​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​ មុន​ពេល​ទៅដល់​មន្ទីរពេទ្យ។

មន្ត្រី​នគរបាល​ឃុំ​ត្នោត លោក មាស រៀង ដែល​ជា​អ្នក​ជិះ​ម៉ូតូ​ដឹក​លោកស្រី សំ បុប្ផា ទៅ​សួរ​ចម្លើយ បណ្ដាល​ឲ្យ​ធ្លាក់​ស្លាប់​នោះ មិន​ឆ្លើយ​តប​ករណី​នេះ​ទេ ដោយ​ប្រាប់​អាស៊ី​សេរី​ឲ្យ​ទៅ​សួរ​ថ្នាក់​ដឹក​នាំ​របស់​លោក​វិញ៖ «ខ្ញុំ​អត់​ដឹង​ផង ទៅ​សួរ​ថ្នាក់​លើ​ទៅ។ ខ្ញុំ​បញ្ជូន​ឯកសារ​ទៅ​ថ្នាក់​លើ​អស់​ហើយ មិន​អាច​ទាក់ទង​បាន​ទេ។ ខ្ញុំ​មិន​អាច​ឆ្លើយ​ទេ ជាប់​រវល់​ណាស់»

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​​ឆ្លើយ​តប​រឿង​នេះ​ពី​អធិការ​ស្រុក​កំពង់រោទិ៍​ លោក​ ហែម​ សា​មុត​ និង​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ លោក​ កឹង​ ឃន​ បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លោក ទេព ផល្លា ថ្លែង​ថា តុលាការ​បាន​ទទួល​បណ្ដឹង​ពី​គ្រួសារ​ជន​រង​គ្រោះ​រួច​ហើយ ប៉ុន្តែ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា តុលាការ នឹង​ចាប់​ផ្ដើម​នីតិវិធី​ពេល​ណា​នោះ​ទេ។ លោក​បង្វែរ​សំណួរ​ទៅ​ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​ស្វាយ រៀង​វិញ៖ «ចំណាត់​ការ​យ៉ាង​ម៉េច​ទាល់​តែ​សួរ​ខាង​អ្នក​នាំ​ពាក្យ​អយ្យការ ព្រោះ​ខ្ញុំ​អត់​ហ៊ាន​ឆ្លើយ​ទេ។ចំណាត់​ការ​អី​យ៉ាង​ម៉េចៗ របស់​ព្រះរាជអាជ្ញា គឺ​ជា​សិទ្ធិ​របស់​ខាង អយ្យកា។ រឿង​នេះ​គាត់​បាន​ប្ដឹង​ទៅ​ខាង​ព្រះរាជអាជ្ញា ដោយសារ​គាត់​ប្ដឹង​ទៅ​ខាង​ប៉ូលិស​ព្រហ្មទណ្ឌ»

អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​បន្ថែម​ពី​ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លោក គង់ ច័ន្ទខេមរិទ្ធ បាន​ទេ ដោយ​លោក​ថា ស្ដាប់​មិន​ច្បាស់ ប៉ុន្តែ​នៅ​ពេល​អាស៊ី​សេរី​ព្យាយាម​ទូរស័ព្ទ​ទៅ​ជា​ថ្មី​ទៀត ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ​ឡើយ។

ករណី​ស្លាប់​សកម្មជន​បក្ស​ប្រឆាំង​នេះ របាយការណ៍​ប៉ូលិស​បង្ហាញ​ថា មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ​ ហើយ​ប៉ូលិស​ក៏​មិន​បាន​ចាប់​បង្ខំ​ស្ត្រី​ ដែល​ស្លាប់​នោះ​ទៅ​សាកសួរ​ដែរ​។ របាយការណ៍ បញ្ជាក់​ថា អ្នកស្រី សំ បុប្ផា ប្រើ​ហិង្សា​លើ​ប្តី និង​ជេរ​ប្រមាថ​ឪពុក​ក្មេក ហើយ​មន្ត្រី​នគរបាល ដែល​ទទួល​បណ្ដឹង​ពី​ឪពុក​ក្មេក បាន​យក​ឡាន​ទៅ​អញ្ជើញ​លោក​ស្រី ទៅ​សួរ​នាំ ប៉ុន្តែ​លោក​ស្រី មិន​ចង់​ជិះ​ឡាន​ទេ ដោយ​សុំ​ជិះ​ម៉ូតូ​វិញ ដែល​ជា​ហេតុ​ចៃដន្យ​បណ្ដាល​ឲ្យ​ធ្លាក់​ស្លាប់។

ប្អូន​ប្រុស​ជន​រង​គ្រោះ ​ ចាត់ទុកថា​ របាយការណ៍​របស់​ប៉ូលិស​មាន ភាព​លម្អៀង​ និង​ជា​ការ​ដោះសា​យក​រួច​ខ្លួន។ លោក សំ ឌីណា អះអាង​ថា បង​ស្រី​របស់​លោក មិន​បាន​ប្រើ​ហិង្សា​អ្វី​ទេ គ្រាន់តែ ឈ្លោះ​ជេរ​គ្នា​រវាង​ប្តី និង​ប្រពន្ធ។ លោក​ថា បើ​គ្រាន់​តែ​ជម្លោះ​ក្នុង​គ្រួសារ ហេតុ​អី្វ​ទើប​មាន ប៉ូលិស​ឃុំ និង​ស្រុក​មាន​គ្នា​លើស​ពី ១០នាក់​យក​ឡាន និង​ម៉ូតូ​មក​ចាប់​បង្ខំ​បង​ស្រី​របស់​លោក​ទៅ​សួរ​នាំ ទាំង​ដែល​លោក និង​បង​ស្រី​របស់​លោក​បាន​អង្វរ​ថា មិន​អាច​ទៅ​បាន​ដោយសារ​ពេល​នោះ គាត់​មិន​ស្រួល​ខ្លួន៖ «ពេល​នោះ​គាត់​ថា មិន​ស្រួល​ខ្លួន​ទេ គាត់​ទៅ​មិន​បាន​ទេ ហើយ​គាត់​ថា រឿង​នេះ​ជម្លោះ​ក្នុង​គ្រួសារ​ទេ មិន​ត្រូវ​មាន​ប៉ូលិស​ទាំង​ឃុំ និង​ស្រុក​មក​ថា ទោះ​បី​ជា​គាត់​មិន​ស្រួល ក៏​នៅ​តែ​ឲ្យ​គាត់​ទៅ​ដាច់ខាត បើ​មិន​ទៅ​នៅ​តែ​ចាប់​ទៅ​ដែរ​ទេ។ ពេល​នោះ ក៏​គ្មាន​លោក​មន្ត្រី​ណា​បញ្ជា​ឲ្យ​បង​ស្រី​ខ្ញុំ​ឡើង​ជិះ​ឡាន​ដែរ។ ដឹក​បង​ស្រី​ខ្ញុំ​តាម​ម៉ូតូ​រួច ហើយ​ទើប​មាន​ឡាន​មក​អម​តាម​ក្រោយ​នោះ»

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​ស្វាយរៀង (Licadho) លោក នុត ប៊ូពិណ្ណារ័ត្ន ដែល​ចុះ​អង្កេត​ករណី​នេះ​ មាន​ប្រសាសន៍​ថា ករណី​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​បែប​នេះ គឺ​ដំណើរ​ការ​រក​យុត្តិធម៌​មាន​ភាព​យឺតយ៉ាវ ប៉ុន្តែ​ប្រសិន​បើ​គ្រួសារ​ជន​រង​គ្រោះ ដាក់​បណ្ដឹង​ទៅ តុលាការ​រយៈ​ពេល​ជិត ១ខែ​នេះ នោះ​មិន​ទាន់​ហួស​នីតិវិធី​ទេ។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ បន្ត​ថា ​ ជនរងគ្រោះ​ និង​ប្តី​ ព្រមទាំង​ឪពុកក្មេក​ គឺជា​សកម្មជន​គណបក្ស​ សង្គ្រោះ​ជាតិ​កាល​ពី​គណបក្ស​នេះ មិន​ទាន់​ត្រូវ​បាន​រំលាយ ប៉ុន្តែ​ឪពុក​ក្មេក​ទើប​តែ​ចូល​សារភាព​ចុះចូល​ជាមួយ​គណបក្ស​ កាន់អំណាច​តាម​ការ​អំពាវនាវ​របស់​អាជ្ញាធរ​នៅ​ពេល​មាន​ផែនការ​វិល​ចូល​ស្រុក​របស់​មេ​បក្ស​ប្រឆាំង។ លោក​មិន​ទាន់​ហ៊ាន​វាយ​តម្លៃ​ថា​ ករណី​នេះ គឺ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឬ​យ៉ាងណា​នោះ​ទេ​ ប៉ុន្តែ​លោក​ថា​ ប្រសិនបើ​គ្រាន់តែ​ជា​រឿង​ជម្លោះ ឬ​ហិង្សា​ក្នុង​គ្រួសារ​ មិន​គួរណា​មាន​ប៉ូលិស​ឃុំ​និង​ស្រុក​ច្រើន​នាក់​មាន​ទាំង​ឡាន​ទាំង​ម៉ូតូ​ ចុះទៅ​ចាប់​បង្ខំ​ស្ត្រី​ម្នាក់​ទៅ​សួរ​ចម្លើយ​នោះ​ទេ ព្រោះ​លោក​សង្កេត​ឃើញ​ថា កន្លង​មក​ពេល​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ម្តងៗ ហើយ​ពលរដ្ឋ​ទៅ​ប្ដឹង ស្ទើរ​តែ​គ្មាន​ប៉ូលិស​ចុះ​ទៅ​សួរ​នាំ​ផង។ លោក​ នុត​ ប៊ូពិណ្ណារ័ត្ន យល់​ថា​ ទង្វើ​របស់​ក្រុម​ប៉ូលិស ដែល​ចុះ​ទៅ​ចាប់​បង្ខំ​ជនរងគ្រោះ​យក​ទៅ​សាកសួរ​បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​នេះ គឺជា​ការអនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​ និង​រំលោភ សិទ្ធិ​មនុស្ស​ដែល​ក្រុម​ប៉ូលិស​ទាំង​នោះ​ ត្រូវ​តែ​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់៖ «បើ​សិន​ជា​រឿង​ហិង្សា​ក្នុង​គ្រួសារ​មែន ក៏​មិន​អាច​បង្ខំ​គាត់​ទៅ​បាន​ដែរ ព្រោះ​គាត់​អត់​ទាន់​បាន​ប្រព្រឹត្ត​ទៅ​កាប់​សម្លាប់ ឬ​មាន​បទ​ល្មើស​អី​ធ្ងន់ធ្ងរ​ទេ ដូច្នេះ​ប៉ូលិស អាច​សម្របសម្រួល​គាត់​នៅ​ទីតាំង​នោះ នៅ​ផ្ទះ​មេ​ភូមិ ឬ​នៅ​សាលា​ឃុំ​អី​បាន។ ក្នុង​រឿង​នេះ​នៅ​ពេល​សមត្ថកិច្ច​រុញ​ឲ្យ​គាត់​ត្រូវ​តែ​ទៅ ហើយ​គាត់​មាន​បញ្ហា​ស្លាប់​ដូច្នេះ គឺ​សមត្ថកិច្ច​មាន​តួនាទី​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ទៅ​លើ​ការ​ស្លាប់​នេះ»

ករណី​ស្លាប់​របស់​ស្ត្រី​សកម្មជន​បក្ស​ប្រឆាំង​នេះ​ កើត​ក្នុង​ពេល​ដែល​របប​លោក​ ហ៊ុន​ សែន​ ធ្វើ​យុទ្ធនា ការ​បង្ក្រាប​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​កម្ម​ជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន​ដូចជា​ការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ ការ​កោះហៅ​ទៅ​សួរនាំ​និង​ការ​បង្ខិតបង្ខំ​ឲ្យ​ចូលខ្លួន​សារភាព​ឈប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម​។ក្រៅ​ពី​នេះ ក៏​មាន​សកម្មជន​បក្ស​ប្រឆាំង​ ១២នាក់​ទៀត​ ត្រូវ​បាន​ជន​អនាមិក​លួចវាយប្រហារ​តាម​ដង​ផ្លូវ​បណ្ដាល​ឲ្យ​បែក​ក្បាល និង​របួស​ធ្ងន់​ដែរ​ ប៉ុន្តែ​សមត្ថកិច្ច​មិនទាន់​វែកមុខ​ចាប់​ជន​ដៃដល់​យក​មក​កាត់ទោស​តាមច្បាប់​បាន​នៅឡើយ​ទេ។

ថ្មីៗ នេះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៧៥នាក់​ ទើប​តែ​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ និង​មួយ​ចំនួន​ទៀត​ទើប​តែ​បាន​វិល​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ បន្ទាប់​ពី​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បញ្ជា​ឲ្យ​តុលាការ​ និង​សមត្ថកិច្ច​ ដោះលែង​ និង​ឈប់​ធ្វើទុក្ខ​បុក​ម្នេញ​លើស​កម្ម​ជន​បក្ស​ប្រឆាំង​ ស្រប​ពេល​មាន​សម្ពាធ​ពី​សហភាព​អឺរ៉ុប ឲ្យ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment