ដោយ អាស៊ីសេរី
2019-11-29
អាស៊ីសេរី

កសិករប្រមូលផលត្រសក់យកលក់ទៅនៅភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩។

រូប៖ ថតដោយកសិករស្រុកបវេល
ប្រជាកសិករជាច្រើនគ្រួសារនៅស្រុកបវេល ខេត្តបាត់ដំបង សម្រេចចិត្តទុកត្រសក់ឱ្យផ្លែទុំចោលពេញចម្ការដោយសារតម្លៃត្រសក់ចុះថោក លក់មិនរួចថ្ងៃដើមដាំដុះ។ ពួកគាត់អះអាងថា តម្លៃផ្លែត្រសក់ធ្លាក់មកនៅ ២៥០រៀលក្នុងមួយគីឡូក្រាម ដែលតម្លៃនេះធ្វើឱ្យពួកគាត់លក់មិនបានប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារបានឡើយ។ ក្រុមកសិករព្រួយបារម្ភខ្លាចគ្មានអង្ករច្រកឆ្នាំ និងមិនអាចរកប្រាក់សងធនាគារ ដែលបានខ្ចីគេធ្វើដើមទុនដាំដុះកន្លងមក ឱ្យបានទាន់ពេល។
កសិករនៅស្រុកបវេលលើកឡើងថា ចម្ការត្រសក់របស់ពួកគាត់ប្រមាណ ៥០ភាគរយបានបោះបង់ចោលក្រហមពេញដី ដោយសារពុំមានឈ្មួញទិញ និងគ្មានប្រាក់ជួលកម្មករបេះផ្លែត្រសក់យកទៅលក់នៅទីផ្សារខេត្តបាត់ដំបង។
កសិកររស់នៅភូមិតាកត់ ឃុំក្ដុលតាហែន ស្រុកបវេល លោកស្រី ហៀក ម៉ាប់ ថ្លែងថា ឆ្នាំនេះលោកស្រីដាំត្រសក់នៅលើផ្ទៃដីចំនួន ២ហិកតារ ចំណាយអស់ដើមទុនប្រមាណ ៥ពាន់ដុល្លារអាមេរិក (៥.០០០)។ កសិកររូបនេះបន្តថា ប្រាក់ដើមទុនទាំងនេះ លោកស្រីខ្ចីពីធនាគារយកទៅដាំដុះ ដោយរំពឹងថា នឹងបានប្រាក់សងគេវិញនៅពេលប្រមូលផល។ ប៉ុន្តែលោកស្រីអះអាងថា អ្វីៗ មិនបានដូចក្ដីស្រមៃនោះឡើយ ព្រោះតម្លៃត្រសក់នៅក្នុងខែវិច្ឆិកាចុះថោកខ្លាំងមិនធ្លាប់ជួបប្រទះ ដោយត្រសក់ស្អាតល្អតម្លៃត្រឹមតែ ២៥០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ លោកស្រីបន្ថែមថា ចម្ការរបស់លោកស្រី ២ហិកតារប្រមូលផលបាន ៤ដង ក៏សម្រេចចិត្តបោះបង់ចោលប្រមាណ ៤ថ្ងៃមកហើយ។ ការបោះបង់ចោលនេះ គឺដោយសារតម្លៃត្រសក់ថោកពេកធ្វើឱ្យទូទាត់មិនរួចថ្លៃដើម ព្រោះម្យ៉ាង ត្រូវជួលកម្មករបេះផ្លែត្រសក់តម្លៃ ១៥០រៀលក្នុងមួយគីឡូក្រាម ហើយត្រូវចំណាយថ្លៃប្រេងបូមទឹកស្រោច និងចំណាយកម្លាំងថែទាំជារៀងរាល់៖ «ខ្ញុំនឹងឃើញថែទាំមួយថ្ងៃមួយថ្ងៃទៀតខ្លាចត្រសក់ឡើងថ្លៃជាងមុន តែវាចុះថោករហូតដល់ចោលតែម្ដង។ ខ្ញុំឈឺហើយពិបាកចិត្តគ្រុននិយាយមិនចង់ចេញទេ ព្រោះបើយើងបេះវាកាន់តែខាត អីចឹងចោលប្រសើរជាង កាលពីមុនបានមួយគីឡូក្រាម៥០០យើងទប់ទល់ បើតម្លៃអាចលក់បានចំណេញខ្លះត្រឹម៥០០ឡើងទៅ។ ឆ្នាំមុនធ្លាប់ចុះថោកដែរតែមួយរយៈខ្លី ក៏ឡើងមកវិញដល់ឆ្នាំនេះចុះថោករហូតតែម្ដង»។
លោកស្រីបន្តថា ឈ្មួញប្រាប់លោកស្រីថា តម្លៃត្រសក់ចុះថោកនេះ ដោយសារត្រសក់នៅតំបន់ផ្សេងទៀតហុចប្រមូលព្រមៗ គ្នាគ្រប់ទីកន្លែង ដែលធ្វើឱ្យខ្វះទីផ្សារសម្រាប់លក់។ កសិកររូបនេះនិយាយថា កសិករនៅតំបន់ពួកគាត់ ចាប់ផ្ដើមខ្វះអង្ករច្រកឆ្នាំបណ្ដើរៗហើយ ព្រោះម្នាក់ៗ រស់ដោយពឹងផ្អែកទៅលើរបបដាំដុះរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ ជាពិសេស គឺដំណាំត្រសក់។ ប៉ុន្តែឆ្នាំនេះ ត្រសក់ចុះថោកខ្លាំង ធ្វើឱ្យមិនមានប្រាក់ចំណូលយកទៅទិញស្បៀងអាហារហូបចុកប្រចាំថ្ងៃ។
កសិករនៅឃុំក្ដុលតាហែន ម្នាក់ទៀត លោកស្រី ហ៊ា ឌីណា រៀបរាប់ថា ដំណាំត្រសក់របស់លោកចំនួន ៣ហិកតារ ចំណាយអស់ដើមទុនជាង ៦ពាន់ដុល្លារអាមេរិក (៦.០០០)។ ចម្ការត្រសក់នៅទីនោះប្រមាណ ៥០ភាគរយ ក៏ត្រូវបានបោះបង់ចោល ដោយសារតម្លៃថោក និងគ្មានអ្នកទិញដូចគ្នា។ កសិកររូបនេះបន្តថា មុននឹងបោះបង់ចោល លោកស្រីប្រមូលផលបាន ៤ដង ដោយក្នុងថ្ងៃមួយថ្ងៃបេះត្រសក់បាន ៤តោន ប៉ុន្តែតម្លៃត្រសក់សព្វនេះ ក្រោយពីទូទាត់ថ្លែងជួលកម្មករបេះ និងថ្លៃប្រេងបូមទឹកលក់មិនបានប្រាក់កម្រៃឡើយ។ លោកស្រីកំពុងបារម្ភខ្លាចគ្មានអង្ករច្រកឆ្នាំនៅពេលខាងមុខ ព្រោះណាមួយខ្ចីប្រាប់ពីធនាគារមិនទាន់មានប្រាក់សងគេវិញនៅឡើយ ស្របពេលដល់រដូវប្រមូលផលដំណាំហើយលក់មិនបានប្រាក់កម្រៃ៖ «និយាយពីប៉ះពាល់គឺខាតទាំងស្រុងតែម្ដងបើមួយហិកតារធ្វើអស់១០លានរៀល អីចឹងគឺចោលទាំងស្រុងបណ្ដោយ។ យើងបេះរាល់ថ្ងៃនេះគ្រាន់តែថាបេះឱ្យវាបានដើមនៅល្អដើម្បីបានបេះផ្លែទៅមុខទៀត ក្រែងលោបានថ្លៃជាងនេះ បានប្រាក់ដាំដុះសាថ្មី ដល់ពេលវាមិនឡើងអីចឹងមិនបានលុយអីដាំដុះទៀត។ ខ្ញុំពិបាកចិត្តណាស់មិនថា គិតយ៉ាងណា ក៏ចេះតែទ្រាំទៅ ហើយជំពាក់ធនាគារក៏ជិតថ្ងៃបង់ការប្រាក់ឱ្យគេរាល់ខែ»។
លោកស្រីបន្តថា ដំណាំត្រសក់ប្រមូលផលមួយថ្ងៃម្ដង ហើយអាចប្រមូលផលបានចន្លោះបានពី ២០ ទៅ ៣០ថ្ងៃក្នុងមួយរដូវ។ លោកស្រីថា ត្រសក់ធ្លាក់ថ្លៃប្រមាណ ១០ថ្ងៃហើយ ដោយមិនមានអាជ្ញាធរណាជួយរកទីផ្សារលក់កសិផលជូនពួកគាត់នៅឡើយទេ។
ទាក់ទងនឹងបញ្ហានេះអនុប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងលោក អ៊ឹម សុវណ្ណមុនី ប្រាប់អាស៊ីសេរីថា ខាងមន្ទីររបស់លោកមិនទាន់ទទួលដំណឹងអំពីបញ្ហាតម្លៃត្រសក់របស់កសិករចុះថោកនេះនៅឡើយទេ។ លោកបន្តថា ក្រោយពីទទួលដំណឹងនេះ ខាងលោកនឹងចាត់មន្ត្រីក្រោមឱវាទឱ្យចុះទៅពិនិត្យមើលដល់តំបន់ប្រជាពលរដ្ឋមានបញ្ហាផ្ទាល់ ដើម្បីរៀបផែនការជួយពួកគាត់តាមលទ្ធភាពដែលអាចជួយបាន៖«ដោយសារយុទ្ធសាស្ត្រក្នុងនេះគឺយើងជួយចងក្រងជាក្រុង ហើយផលិតជាក្រុម ហើយឆ្ពោះទៅទីផ្សារ។ បង្រៀនគាត់ឱ្យចេះផែនការដាំដុះផ្លាស់ប្ដូរគ្នា ដើម្បីកាត់បន្ថយលំហូរនៅក្នុងទីផ្សារដែលនាំឱ្យបញ្ហាទៅដល់តម្លៃលក់របស់កសិករ។ នៅក្នុងបណ្ដុំហ្នឹងគឺ យើងហៅទាំងឈ្មួញកណ្ដាល ក៏ដូចជាឈ្មួញប្រមូលទិញហ្នឹងមកធ្វើកិច្ចព្រមព្រៀងជាមួយគ្នាដែរ ហើយយើងកំពុងតែរុញទៅលើការងារហ្នឹង»។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សារឿន មានប្រសាសន៍ថា នៅពេលដល់រដូវប្រមូលដំណាំម្ដងៗ ប្រជាកសិករតែងជួបបញ្ហាតម្លៃចុះថោកជារៀងរាល់ឆ្នាំ។ លោកបន្តថា បណ្ដាលមកពីកសិករប្រមូលផលព្រមៗ គ្នា ស្របពេលដែលអាជ្ញាធរពាក់ព័ន្ធមិនមានផែនការច្បាប់ដើម្បីជួយរកទីផ្សារលក់កសិផលជូនកសិករ។ លោកបន្ថែមថា បញ្ហានេះប្រសិនបើរដ្ឋាភិបាលមិនឆាប់ជួយដល់កសិករទេ នឹងធ្វើឱ្យពួកគាត់បោះបង់ការដាំដុះ នាំគ្នាធ្វើចំណាកស្រុកទៅក្រៅប្រទេសកាន់តែច្រើន ដើម្បីរកប្រាក់សងធនាគារ៖ «អ៊ីចឹងកសិករហ្នឹងខាត ហើយពួកគាត់នឹងជំពាក់បំណុលធនាគារដែលបានខ្ចីប្រាក់ធ្វើដើមទុននោះ ពីព្រោះរដ្ឋមិនបានផ្ដល់ថវិកាជួយដល់ពួកគាត់ទេ។ អីចឹងខ្ញុំស្នើឱ្យក្រសួងពាក់ព័ន្ធធ្វើយ៉ាងណាជួយដល់កសិករហ្នឹង ហើយត្រូវតែមានផែនការជាក់លាក់ដោះស្រាយបញ្ហារយៈពេលវែងតែម្ដង មិនចាំតែមានបញ្ហាកើតឡើងបានចុះទៅជួបពួកគាត់នោះទេ»។
រដ្ឋធម្មនុញ្ញ មាត្រា៦២ ចែងថា រដ្ឋយកចិត្តដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផល ជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់កសិផល។
កសិករទាំងនោះឱ្យដឹងថា នៅភូមិរបស់ពួកគាត់មានប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារប្រកបរបបដាំត្រសក់ ហើយមានផ្ទៃដីរាប់ហិកតារ ក្នុងនោះកសិករដាំដុះចាប់ពីកន្លះហិកតារទៅ ៣ហិកតារក្នុងមួយគ្រួសារ។ ការដាំដំណាំត្រសក់របស់អ្នកភូមិនៅស្រុកបវេល អាចហុចផលយ៉ាងយូរ ២សប្ដាហ៍ទៅមុខទៀតទើបប្រមូលផលអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ការវិវឌ្ឍនៃការធ្វើកសិកម្មរបស់ជនជាតិដើមភាគតិចនៅខេត្តភាគឦសាន
- ស្រូវរាប់ពាន់ហិកតារនៅខេត្តបន្ទាយមានជ័យក្រៀមស្វិតដោយសារគ្មានទឹកស្រោចស្រព
- របៀបរៀបចំដីនិងការដាំដុះដំណាំទៅតាមរដូវកាល
- កសិករដាំស្វាយកែវរមៀតកំពុងប្រឈមបញ្ហាទីផ្សារ
- ផលប្រយោជន៍ និងរបៀបនៃការដាំបន្លែទ្រើង
- អ្នកជំនាញជំរុញឱ្យរដ្ឋាភិបាលប្រឹងប្រែងជួយអ្នកដាំម្រេចដើម្បីកុំឱ្យពួកគាត់បោះបង់ចោលមុខរបរ
- កម្ពុជាស្នើឲ្យបារាំងពិនិត្យឡើងវិញចំពោះការប្រឆាំងការនាំអង្ករកម្ពុជាទៅលក់នៅទីផ្សារអឺរ៉ុប
- ការនាំចេញអង្ករធ្លាក់ចុះ ១៣ភាគរយ នៅរយៈពេល១១ខែឆ្នាំ២០១៨
- អ្នកវិភាគ និងសង្គមស៊ីវិលរិះគន់របបភ្នំពេញរឿងប្រមូលចំណូលពីដីសម្បទានសេដ្ឋកិច្ចបានតិច
- UNDPប្រចាំនៅកម្ពុជា និងក្រុមហ៊ុនចិនវិនិយោគលើវិស័យដំឡូងមី
every Cambodian can see how HUN SEN can make this people life better . as all Cambodian knew every day minute HUN SEN was so busy fighting white his enemy to hold his powers. my question is how can he looking to see what people need . I gest he rather bring poison vegetable from his master’s nation to Cambodia and slowly murder Cambodian as his master plane. I think it all up to Cambodian to take this evil leader to responsible of what he has done to this nation.