មន្ត្រី​សិទ្ធិ​មនុស្ស​ថា ការ​បន្ត​ផ្ដន្ទាទោស​លោក រ៉ាត់ រត្នមុនី ជា​រឿង​អយុត្តិធម៌

ដោយ មួង ណារ៉េត
2019-11-29
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិការងារ

លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិការងារ

 រូប៖ អ្នកស្រី ឡុង គឹមហ៊ាង


សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី២៩ វិច្ឆិកា សម្រេច​ឱ្យ​សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី ជាប់​ទោស​បន្ត​ទៅ​ទៀត តាម​អំណាច​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ។ មន្ត្រី​សិទ្ធិ​មនុស្ស​ថ្លែង​ថា ការ​សម្រេច​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក រ៉ាត់ រត្នមុនី។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​សមាគម​ អាដហុក (ADHOC) លោក នី សុខា សោក​ស្ដាយ​ដែល​សាលា​ឧទ្ធរណ៍​តម្កល់​សាលក្រម​ផ្ដន្ទាទោស​លោក រ៉ាត់ រត្នមុនី ទុក​ជា​បាន​ការ​ដដែល ក្នុង​ពេល​ដែល​គាត់​ត្រឹម​តែ​ជា​អ្នក​បកប្រែ​ឱ្យ​សារព័ត៌មាន​រុស្ស៊ី ហើយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​សុទ្ធ​តែ​អវត្តមាន​ក្នុង​អង្គ​សវនាការ​នា​ពេល​កន្លង​ទៅ។ ម្យ៉ាង​វិញ​ទៀត លោក​មើល​​ឃើញ​ថា ការ​បន្ត​ឃុំ​ខ្លួន​លោក រ៉ាត់ រត្នមុនី មិន​ចំណេញ​អ្វី​ដល់​រដ្ឋាភិបាល​ និង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ឡើយ។ ដូច្នេះ​លោក​សង្ឃឹម​ថា តុលាការ​កំពូល​នឹង​ពិចារណា​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ពី​បទ “ញុះញង់​​ឱ្យ​មាន​​ការ​រើសអើង” និង​សង​សំណង​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ៧០លាន​រៀល ឬ​ស្មើនឹង​ជិត ២ម៉ឺន​ដុល្លារ​អាមេរិក។ គិត​ត្រឹម​ពេល​នេះ លោក​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈ​ពេល​ជិត​​មួយ​ឆ្នាំ​មក​ហើយ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី ជាប់​ទោស​ក្នុង​រឿង​ក្តីក្តាំ​នេះ ដោយសារ​តែ​លោក​បាន​ជួយ​បកប្រែ​ភាសា​ឱ្យ​ក្រុម​អ្នក​សារព័ត៌មាន​ RT (Russia Today) ផលិត​ភាពយន្ត​ឯកសារ​មួយ ស្ដីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ក្រោម​ចំណង​ជើង​ថា “ម្តាយ​ខ្ញុំ លក់​ខ្ញុំ”។ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចាត់​ទុក​ភាពយន្ត​ឯកសារ​នេះ​ថា ជា​រឿង​ប្រឌិត ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ និង​មុខ​មាត់​របស់​កម្ពុជា រួច​ក៏​បាន​តាម​ចាប់​លោក​ដល់​ទីក្រុង​បាងកក ប្រទេស​ថៃ។ ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​ហាក់​ព្យាយាម​ដាក់​បន្ទុក​ទៅ​លើ​លោក រ៉ាត់ រត្នមុនី ម្នាក់​ប៉ុណ្ណោះ ដោយ​មិន​បាន​កោះ​ហៅ​តំណាង​សារព័ត៌មាន RT របស់​រុស្ស៊ី ដែល​អ្នក​ផលិត ឱ្យ​មក​ឆ្លើយ​បំភ្លឺ​លើ​ការ​ចេញផ្សាយ​ស្នាដៃ​របស់​ខ្លួន​ឡើយ ហើយ​សាក្សី​សំខាន់ៗ ដែល​អាច​ជួយ​ដោះ​បន្ទុក​លោក រ៉ាត់ រត្នមុនី បាន​នោះ ក៏​​មិន​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​បំភ្លឺ​នោះ​ដែរ។

​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ការ​ផ្ដន្ទាទោស​លោក រ៉ាត់ រត្នមុនី ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​សង្គម​ស៊ីវិល និង​សេរីភាព​សារព័ត៌មាន ព្រោះ​គាត់​ជា​មេ​ដឹក​នាំ​សហជីព​ផង និង​ជា​អ្នក​បកប្រែ​ឱ្យ​សារព័ត៌មាន​ផង។ លោក​បន្ត​ថា រដ្ឋាភិបាល​ធ្លាប់​​បាន​ប្រកាស​ពី​ការ​​ប្ដេជ្ញា​ចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស។ ដូច្នេះ អាជ្ញាធរ​មិន​គួរ​យក​ទោស​អូស​ដំណើរ​អ្នក​ដែល​ជួយ​ផ្សព្វផ្សាយ​អំពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នោះ​ឡើយ៖ «»

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ធ្លាប់​​បាន​គូស​បញ្ជាក់​កាល​ពី​ពេល​កន្លង​ទៅ​ថា ការ​កាត់​ទោស​លោក រ៉ាត់ រត្នមុនី ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ កាន់​តែ​បាត់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា ពី​ព្រោះ​សកម្មជន​សិទ្ធិ​ការងារ​​រូប​នេះ មិន​ទទួល​បាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌​ឡើយ។

ចំណែក​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​ចំនួន ដូច​ជា អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) និង​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporter Without Borders) ជា​ដើម បាន​ចេញមុខ​ថ្កោល​ទោស​របប​ក្រុង​ភ្នំពេញ​ជា​បន្ត​បន្ទាប់​ ជុំ​វិញ​ចំណាត់​ការ​លើ​លោក រ៉ាត់ រត្នមុនី និង​បាន​ទាម​ទារ​ឱ្យ​​របប​នេះ ដោះ​លែង​រូប​លោក​វិញ​ជា​បន្ទាន់។ ក្រុម​​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​នេះ វាយ​តម្លៃ​ថា តុលាការ​បាន​​កាត់​ក្តី​រឿង​នេះ ​បែប​បាយ​ឡុក​បាយឡ​គួរ​ឱ្យ​អាម៉ាស់ និង​គួរ​ឱ្យ​ស្អប់​ខ្ពើម ហើយ​សាលក្រម​នេះ​ បាន​ធ្វើ​ឱ្យ​បាត់​បង់​សុចរិត​ភាព​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា​យ៉ាង​ដំណំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment