សកម្មជន​បក្ស​ប្រឆាំង​ភៀស​ខ្លួន​នៅ​ថៃ នៅ​តែ​បន្ត​ជួប​ជុំ​គ្នា​ពង្រឹង​សាមគ្គី​​ត្រៀម​ទទួល​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ

ដោយ យន់ សាមៀន
2019-11-29
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ប្រជុំ​គ្នា​ពង្រឹង​សាមគ្គី រង់ចាំ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ នៅ​ព្រឹក​ថ្ងៃ​ទី២៩ វិច្ឆិកា ឆ្នាំ២០១៩។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ប្រជុំ​គ្នា​ពង្រឹង​សាមគ្គី រង់ចាំ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ នៅ​ព្រឹក​ថ្ងៃ​ទី២៩ វិច្ឆិកា ឆ្នាំ២០១៩។

 រូប៖ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ


សកម្មជន​គណបក្ស​ប្រឆាំង​ដែល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ប្រមាណ ១០នាក់​ នៅ​តែ​បន្ត​ជួប​ប្រជុំ​គ្នា​ពង្រឹង​សាមគ្គីភាព ដើម្បី​ត្រៀមខ្លួន​ទៅ​ទទួល​ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​សា​ជា​ថ្មី។ ពួកគេ​នៅ​តែ​​អះអាង​ថា នៅ​ពេល​លោក សម រង្ស៊ី វិល​ចូល​​ស្រុក នឹង​ធ្វើ​ឱ្យ​​វិបត្តិនយោបាយ​​​​នៅ​កម្ពុជា​បាន​ប្រសើរ​ឡើង​វិញ។

យុវជន​គណបក្ស​ប្រឆាំង​ដែល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​លើក​ឡើង​ថា ការ​ជួប​ជុំ​គ្នា​នេះ ដោយសារ​ពួក​គាត់​​ចង់​ឱ្យ​កម្ពុជា​ ជា​ប្រទេស​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​ និង​មាន​ការ​អភិវឌ្ឍន៍​​ជឿន​លឿន​ ដូច ប្រជាធិបតេយ្យ​លោក​ខាង​លិច។​

សមាជិក​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម លោក រឹន រ័ដ្ឋ ​ថ្លែង​នៅ​ថ្ងៃ​ទី​២៩​ វិច្ឆិកា​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​កាន់​តែ​អាក្រក់​ទៅ​ ដោយសារ​តែ​​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ លោក​ ហ៊ុន សែន​ បំផ្លាញ​ប្រជាធិបតេយ្យ​​ ដោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​ ដើម្បី​ក្រុម​របស់​លោក​បាន​គ្រប់គ្រង​អំណាច​បន្ត​ទៅ​មុខ។ លោក​បញ្ជាក់​​ថា ​​របប​ដឹក​នាំ​សព្វ​ថ្ងៃ​​​ធ្វើ​បាប​តែ​ប្រជាពលរដ្ឋ​ក្រីក្រ ចាប់​មនុស្ស​ដាក់​គុក​ដាក់​ច្រវាក់​តាម​អំពើ​ចិត្ត​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​​ឈឺ​ចាប់​ក៏​នាំ​គ្នា​រត់​ភៀស​ខ្លួន​ ដើម្បី​ចូល​រួម​ជា​មួយ​គណបក្ស​ប្រឆាំង។ លោក​បន្ត​ថា​ ពួក​គេ​មាន​គ្នា​ ១០នាក់ ជា​តំណាង​យុវជន​មក​ពី​ខេត្ត​កំពង់ចាម រាជធានី​ភ្នំពេញ និង​ខេត្ត​បាត់ដំបង បាន​​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​បាងកក​ពង្រឹង​សាមគ្គីភាព ដើម្បី​ត្រៀម​កម្លាំង​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​សា​ជា​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី២៩ វិច្ឆិកា។ លោក​អះអាង​ថា ថ្វីត្បិត​តែ​កាល​ពី​ថ្ងៃ​ទី៩ វិច្ឆិកា​កន្លង​ទៅ​ របប​ក្រុង​ភ្នំពេញ​បាន​​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​ និង​ទាហាន​ គ្រប់​ច្រក​ព្រំដែន​ ដើម្បី​រាំង​ខ្ទប់​ដល់​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​មិន​បាន​​ចូល​ទៅ​ដល់​កម្ពុជា​ក្ដី​ ក៏​ពួក​គាត់​នៅ​តែ​បន្ត​​រង់​ចាំ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ដដែល៖ «»

លោក​បន្ត​ថា​ ​​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក​ នៅ​តែ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ ដោយ​មិន​មាន​ថ្ងៃ​ងាករេ​ឡើយ​ ហើយ​ពួកគាត់​តែង​តែ​ទាក់ទង​មក​​ពួក​លោក​​​នៅ​ក្រៅ​ប្រទេស​ជា​ប្រចាំ​ ដើម្បី​សាកសួរ​អំពី​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក​ សម រង្ស៊ី ជា​ថ្មី​ទៀត​នេះ។

រីឯ​សមាជិក​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​​រាជធានី​ភ្នំពេញ​ ដែល​បាន​ចូល​រួម​ពង្រឹង​សាមគ្គី​ដែរ​នោះ​លោក នាង សុឃុន​ ថ្លែង​ថា ​លោក​បាន​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ជាង ១ឆ្នាំ​ហើយ ដោយសារ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ធ្វើ​ឱ្យ​លោក​មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​បាន​ឡើយ។ លោក​រំពឹង​ថា កម្លាំង​សាមគ្គី​របស់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ ពី​ព្រោះ​លោក​សម រង្ស៊ី ជិត​បាន​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ហើយ៖ «»

លោក​បន្ត​ទៀត​ថា សកម្មជន​គណបក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ បន្ត​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ជា​ថ្មី​ ដោយសារ​នៅ​ក្នុង​ស្រុក​មិន​អាច​ជួប​ជុំ​គ្នា​ធ្វើ​សកម្មភាព​នយោបាយ​បាន​ដូច​នៅ​ក្រៅ​ប្រទេស។

កាល​ពី​ពេល​ថ្មីៗ​ នេះ​ មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ លោក ហ៊ុន សែន ថ្លែង​ថា នៅ​កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ដូច​ការ​សកម្មជន​គណបក្ស​ប្រឆាំង​និយាយ​នោះ​ទេ។ លោក​ បញ្ជាក់​ទៀត​ថា អ្នក​ដែល​រត់​ភៀស​ខ្លួន​​ទៅ​ក្រៅ​ប្រទេស​ ដោយសារ​ពួក​គេ​ប្រព្រឹត្ត​ខុស​ច្បាប់​ ដោយ​បាន​រួម​គំនិត​ជា​មួយ​លោក សម រង្ស៊ី ចង់​ផ្ដួល​រំលំ​របប​លោក។

ទាក់ទង​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ដែល​ភៀស​ខ្លួន​នៅ​ថៃ​ គួរតែ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ខិតខំ​ធ្វើ​ការងារ​រក​ប្រាក់​ចំណូល​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​ប្រសើរ​ជាង​ ពីព្រោះ​លោក​ជឿជាក់​ថា​ លោក សម រង្ស៊ី ​មិន​​​ហ៊ាន​ត្រឡប់​ទៅ​កម្ពុជា​វិញ​ឡើយ៖ «»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែន ករុណា​ មាន​ប្រសាសន៍​ថា​ ការ​ប្រជុំ​គ្នា​របស់​អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង​នេះ ​ជា​សិទ្ធិ​សេរីភាព​សម្ដែង​មិត​របស់​ប្រជាពលរដ្ឋ​​ដោយ​ស្រប​ច្បាប់​ ដែល​បាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក​គត់​សំគាល់​ថា​ ថ្វីត្បិត​តែ​ថ្មី​នេះ​រដ្ឋាភិបាល​បាន​បន្ធូរ​បន្ថយ​លក្ខខ័ណ្ឌ​មួយ​ចំនួន​ដល់​លោក​ កឹម សុខា និង​ដោះ​លែង​សកម្មជន​គណបក្ស​ប្រឆាំង​ជា​ច្រើន​នាក់​​ក្ដី​ ក៏​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​​ហាក់​មិន​ទាន់​បាន​ប្រសើរ​នៅ​ឡើយ ពី​ព្រោះ​ពួក​គេ​មិន​ទាន់​​​មាន​សិទ្ធិ​ពេញលេញ​​ដូច​ប្រជាពលរដ្ឋ​ដទៃ​នៅ​ឡើយ៖ «»​

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា សង្គម​ប្រជាធិបតេយ្យ​ដែល​ល្អ​ ត្រូវ​មាន​គណបក្ស​ប្រឆាំង ​និង​គណបក្ស​កាន់​អំណាច ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ប្រហាក់ប្រហែល​គ្នា ដើម្បី​មាន​អំណាច​តាម​ដាន​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​មាន​ប្រសិទ្ធភាព​ ដែល​ធ្វើ​ប្រទេស​អភិវឌ្ឍន៍​រីក​ចំរើន​បាន​ឆាប់​រហ័ស។ ផ្ទុយ​ទៅ​វិញ​លោក បញ្ជាក់​ថា ​ប្រទេស​ដែល​គ្រប់​ដោយ​របប​ឯក​បក្ស​នឹង​ធ្វើ​ឱ្យ​ប្រទេស​នោះ​អភិវឌ្ឍន៍​មាន​ចំណុច​ចន្លោះ​ប្រហោង​ច្រើន​ជាង​សង្គម​ប្រជាធិបតេយ្យ។

ក្រោយ​ពេល​មិន​អាច​វិល​ទៅ​កម្ពុជា​វិញ​តាម​កាល​កំណត់​ លោក សម រង្ស៊ី បាន​ប្រកាស​ជា​ថ្មី​ទៀត​ថា​ លោក​នឹង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​នឹង​រក​ច្រក​វិល​ចូល​មាតុប្រទេស​វិញ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ ដើម្បី​​ទាមទារ​អំណាច​ពី​លោក​ ហ៊ុន សែន​ ដែល​ប្លន់​យក​ទៅ​ក្ដោបក្ដាប់ តាម​រយៈ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ឆ្នាំ២០១៧ ទៅ​ប្រគល់​ជូន​​ពលរដ្ឋ​វិញ។

​យុវជន​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ​នៅ​តែ​ជឿជាក់​ថា ​លោក សម រង្ស៊ី ​និង​អាច​រក​ច្រក​ចូល​ទៅ​កម្ពុជា​បាន​នៅ​ចុង​ឆ្នាំ២០១៩ នេះ ពី​ព្រោះ​លោក សម រង្ស៊ី កំពុង​ធ្វើ​កិច្ចការ​ទូត​ជា​មួយ​បណ្ដា​ប្រទេស​អាស៊ាន និង​សហភាព​អឺរ៉ុប ដើម្បី​ឱ្យ​ដាក់​សម្ពាធ​ទៅ​របប​ក្រុង​ភ្នំពេញ​ឱ្យ​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment