ក្រុម​យុវជន​ចាប់​ផ្ដើម​យុទ្ធនាការ​ជិះ​កង់​ដើម្បី​ព្រៃ​ព្រះរកា​ដែល​កំពុង​រង​ការ​គំរាមកំហែង

ដោយ យន់ សាមៀន
2019-11-30
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​ក្រុម​យុវជន​ស្រឡាញ់​ព្រៃឈើ ធ្វើ​យុទ្ធនាការ​ជិះ​កង់ ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះវិហារ​ហើយ ដើម្បី​ផ្សព្វផ្សាយ​ពី​សារសំខាន់​របស់​ព្រៃ​ព្រះ​រកា​ដែល​កំពុង​រង​ការ​គំរាមកំហែង។

សកម្មភាព​ក្រុម​យុវជន​ស្រឡាញ់​ព្រៃឈើ ធ្វើ​យុទ្ធនាការ​ជិះ​កង់ ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះវិហារ​ហើយ ដើម្បី​ផ្សព្វផ្សាយ​ពី​សារសំខាន់​របស់​ព្រៃ​ព្រះ​រកា​ដែល​កំពុង​រង​ការ​គំរាមកំហែង។ photo courtesy of Ma Chettra’s Facebook


ក្រុម​យុវជន​ស្រឡាញ់​ព្រៃឈើ​ចំនួន ៦​នាក់ បាន​ចាប់ផ្តើម​យុទ្ធនាការ​ជិះ​កង់​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះវិហារ​ហើយ នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ដោយ​ពួកគាត់​ធ្វើដំណើរ​បាន​ជិត ១០០​គីឡូម៉ែត្រ នៅ​ថ្ងៃ​ដំបូង​នេះ ដើម្បី​ផ្សព្វផ្សាយ​ពី​សារសំខាន់​របស់​ព្រៃ​ព្រះ​រកា​ដែល​កំពុង​រង​ការ​គំរាមកំហែង។

សកម្មជន​បរិស្ថាន និង​ជា​អ្នកចូលរួម​រៀបចំ​យុទ្ធនាការ​ជិះ​កង់​ដើម្បី​ព្រៃ​ព្រះ​រកា លោក សាន់ ម៉ាឡា ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្រៅពី​ការ​ជិះ​កង់​ដែល​មាន​ដោត​ទង់ជាតិ​ពីក្រោយ ពួក​លោក​បាន​ចែក​ខិត្តប័ណ្ណ​អំពី​សារៈសំខាន់ និង​ស្ថានភាព​បច្ចុប្បន្ន​នៃ​ព្រៃ​ព្រះ​រកា ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ចំពោះ​រឿង​នេះ។ លោក​បញ្ជាក់​ថា យុទ្ធនាការ​ជិះ​កង់​ដើម្បី​ព្រៃ​ព្រះ​រកា​នេះ មិន​មានការ​តាម​ឃ្លាំមើល ឬ​រឹតត្បិត​ពី​អាជ្ញាធរ​នោះ​ឡើយ ហើយ​ពួក​លោក​គ្រោង​ទៅដល់​គោលដៅ​ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ នៅ​ពីរ​ថ្ងៃ​ខាងមុខ មុននឹង​ចុះ​ល្បាត​ព្រៃ​ព្រះ​រកា​ជាមួយ​ប្រជា​សហគមន៍ និង​មន្ត្រី​បរិស្ថាន​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត៖ «នៅ​ពេល​ដែល​យើង​ធ្វើដំណើរ​ទៅដល់​ឃុំ​ប្រមេរ យើង​នឹង​សម្រាក​មួយ​យប់​នៅ​យប់​ថ្ងៃ​ទី២ (​ធ្នូ​ហើយ​ព្រលឹម​ថ្ងៃ​ទី​០៣ យើង​នឹង​ធ្វើ​ដំណើរ​ចូល​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ជាមួយ​សហគមន៍​ប្រហែល ៥​គោយន្ត អម​នឹង​ឧទ្យានុរក្ស​ប្រហែលជា​៣ នាក់​ជាមួយ​ពួក​យើង​ដែរ»។

នៅ​លើ​ក្រដាស ព្រៃ​ព្រះ​រកា​មាន​ទំហំ​ជាង​៩ ម៉ឺន​ហិកតារ ស្ថិតនៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​ចំនួន​៣ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ជាំ​ក្សាន្ត និង​ស្រុក​ឆែប របស់​ខេត្ត​ព្រះវិហារ។ សកម្មជន​បរិស្ថាន​អះអាង​ថា ព្រៃ​អភិរក្ស​មួយ​នេះ​មានគុណ​ប្រយោជន៍​ជាច្រើន​ខាង​ផ្នែក​បរិស្ថាន និង​សង្គម ដូចជា រក្សា​តុល្យភាព​កម្ដៅ​ផែនដី ផ្ដល់​អុកស៊ីហ្សែន​ដល់​ជីវិត​មនុស្ស​សត្វ ផ្ដល់​មុខរបរ​ដល់​ប្រជាពលរដ្ឋ និង​ជា​ជម្រក​សត្វព្រៃ ជាដើម​។ ទោះជា​យ៉ាងណា ព្រៃ​អភិរក្ស​មួយ​នេះ​កំពុង​រង​ការ​បំផ្លិចបំផ្លាញ​ឥត​ឈប់ឈរ តាមរយៈ​ការ​កាប់​ឈើ និង​ការទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់។

នេះ​ហើយ​គឺជា​មូលហេតុ​ដែល​នាំ​ឱ្យ​ក្រុម​យុវជន​ស្រឡាញ់​ព្រៃឈើ​នាំគ្នា​ធ្វើ​យុទ្ធនាការ​ជិះ​កង់​លើ​ចម្ងាយ​ផ្លូវ​៣១៦ គីឡូម៉ែត្រ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​អំពី​ស្ថានភាព​ព្រៃ​ព្រះ​រកា បំផុស​ការ​ចូលរួម​ការពារ​ព្រៃឈើ​ឱ្យ​បាន​សកម្ម និង​បណ្ដុះ​ឆន្ទៈ​យុវជន​ឱ្យ​ស្រឡាញ់ និង​ជួយ​ថែរក្សា​ការពារ​ព្រៃឈើ​ទាំងអស់​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ក្រុម​យុវជន​ចាប់​ផ្ដើម​យុទ្ធនាការ​ជិះ​កង់​ដើម្បី​ព្រៃ​ព្រះរកា​ដែល​កំពុង​រង​ការ​គំរាមកំហែង"

  1. Anonymous says:

    WELL …if those young really want to save the forest please going to ask HUN SEN to stop cutting tree. after that if HUN SEN not stop just take him out of his deadly power’s chair

Leave a Reply

Submit Comment