មន្ត្រី​ជំនិត និង​សាច់​ញាតិ​លោក ហ៊ុន សែន ៨នាក់ មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែល​ត្រូវ​ដក​ហូត​សញ្ជាតិ​ស៊ីប

ដោយ ហេង រស្មី
2019-11-30
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក នេត សាវឿន (ឆ្វេង) អគ្គស្នងការ​នគរបាល​ជាតិ និង​លោក អូន ព័ន្ធ​មុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

លោក នេត សាវឿន (ឆ្វេង) អគ្គស្នងការ​នគរបាល​ជាតិ និង​លោក អូន ព័ន្ធ​មុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

 រូប៖ ហ្វេសប៊ុក​លោក នេត សាវឿន និង​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ


មន្ត្រី​ជំនិត និង​សាច់​ញាតិ​លោក ហ៊ុន សែន ជាច្រើន​នាក់ មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែល​ត្រូវ​ដក​ហូត​សញ្ជាតិ​ស៊ីប ឬ​សាយព្រឹស (Cyprus)។ អ្នកឃ្លាំមើល​សង្គម​​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​​ស៊ើប​អង្កេត​រឿង​នេះ ហើយ​បកស្រាយ​ឱ្យ​សាធារណជន​អស់​ចម្ងល់។

សារព័ត៌មាន​​ឈាន​មុខ​​របស់​ប្រទេស​ស៊ីប (Cyprus) ឈ្មោះ​ ដេលី ប៉ូលីទីស (Daily Politis) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃពុធទី២៧ វិច្ឆិកាថា ​មនុស្ស​ជំនិត​ និង​សាច់​ញាតិ​លោក ហ៊ុន សែន ចំនួន ​៨នាក់ មាន​ឈ្មោះ​ក្នុង​ចំណោម​មនុស្ស ២៦នាក់ ដែល​រដ្ឋាភិបាល​ប្រទេស​ស៊ីប ត្រូវ​​លុប​ចោល​លិខិត​ឆ្លងដែន និង​ដក​ហូត​សញ្ជាតិ​ស៊ីប។

មនុស្ស​ទាំង៨ នាក់​នោះ រូម​មាន រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរត្ន និង​ភរិយា អ្នក​ស្រី អ៊ឹម ផល្លិកា ក្មួយ​ស្រី​លោក ហ៊ុន សែន អ្នក​ស្រី ហ៊ុន គីមឡេង និង​ស្វាមី ដែល​ជា​មេ​ប៉ូលិស​កម្ពុជា គឺ​លោក នេត សាវឿន ព្រម​ទាំ​កូន​ស្រី​ពីរ​នាក់​របស់​ពួក​គេ ហើយ​និង​អ្នកស្រី ជឹង សុភាព ហៅ​យាយ ភូ និង​​ស្វាមី​គឺ​លោក ឡាវ ម៉េងឃីន ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​​ជា​ម្ចាស់​ក្រុមហ៊ុន ស៊ូកាគូ(Shukaku Inc.)ដែល​ច្បាម​យក​ដី​ពលរដ្ឋ​តំបន់​បឹង​កក់។

មន្ត្រី​​ជំនិត និង​សាច់​​ញាតិ​​របស់​លោក ហ៊ុន សែន ទាំង ៨នាក់​នេះ ទទួល​​បាន​សញ្ជាតិ និង​លិខិត​ឆ្លង​ដែន​ប្រទេស​ស៊ីប ចាប់​ពី​​ឆ្នាំ២០១៦ មក ពោល​គឺ​នៅ​ពេល​ដែល​គណបក្ស​កាន់​អំណាច​កំពុង​​រៀប​ចំ​ផែន​ការ​សម្ងាត់​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅមុន​ការ​បោះឆ្នោត​មក​ដល់។ របាយការណ៍​ស៊ើប​អង្កេត​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ (Reuters) ឱ្យ​ដឹង​ថា បុគ្គល​ទាំងនេះ អាច​ចំណាយ​​​ទឹកប្រាក់​យ៉ាងហោចណាស់​ចាប់ពី ២​លាន​អឺរ៉ូ​ឡើង​ទៅ​ក្នុង​ម្នាក់ៗ ដើម្បី​ទទួល​បាន​សញ្ជាតិ​ប្រទេស​ស៊ីប​នេះ។

អាស៊ីសេរីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​មន្ត្រី និង​​សាច់​ញាតិលោក ហ៊ុន សែន ដែល​​មាន​ឈ្មោះ​ក្នុង​បញ្ជី​​ដែល​ត្រូវដក​ហូត​សញ្ជាតិ​ស៊ីបនេះបាន​ទេ នៅថ្ងៃទី៣០ វិច្ឆិកា។ ចំណែក​អ្នក​​នាំ​ពាក្យ​​របបក្រុ​ង​ភ្នំពេញ លោក ផៃ ស៊ីផាន និង​អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន វិញ ក៏​មិន​អាច​ទាក់ទង​បាន​​ដូចគ្នា ដោយ​​ពួក​លោក​មិន​លើក​ទូរស័ព្ទ។

អ្នកវិភាគនយោបាយ​ដែលហ៊ាន​​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃមាត់ គឺលោក គឹម សុខ ថ្លែងថា ករណី​ក្រុម​មន្រ្តី និង​សាច់ញាតិ​របស់​លោក​ ហ៊ុន សែន​ ប្រើ​លុយរាប់​លានដុល្លារទិញ​​សញ្ជាតិ​បរទេសនេះ ស​បញ្ជាក់​ឱ្យ​​ឃើញថា ក្រុម​មន្ត្រីគ្រាក់ៗ និង​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន មាន​ទ្រព្យសម្បត្តិមហាសាល ដែល​​កើត​ចេញ​ពី​​អំពើ​ពុក​រលួយ ហើយ​កំពុង​ព្យាយាម​រក​កន្លែង​មាន​សុវត្ថិភាពរស់​នៅសម្រាប់ថ្ងៃ​​អនាគត ពេល​លោក ហ៊ុន សែន អស់​ពី​អំណាច។ លោក​​ជឿថា លោក ហ៊ុន សែន អាច​ដឹង​ច្បាស់​ពី​​រឿង​នេះ ប៉ុន្តែ​លោកធ្វើ​​មិនដឹង​មិន​​ឮ ព្រោះ​ក្រុម​​មនុស្ស​​ទាំងនោះ​ជា​អ្នក​ជួយ​​ជ្រោង​អំណាច​ផ្ដាច់​ការ​​របស់​លោក៖ «»

រដ្ឋាភិបាល​ប្រទេស​ស៊ីប បាន​ចាប់​ផ្ដើម​ស៊ើបអង្កេត​ដើម្បី​​​លុបចោល​លិខិតឆ្លងដែន និង​ដក​សញ្ជាតិ​ស៊ីប​ពី​ជន​បរទេស​​សរុប ​២៦​នាក់ ​ក្រោយ​ផ្ទុះ​រឿងរ៉ាវ​អាស្រូវ​​ថា រដ្ឋាភិបាល​ប្រទេស​នេះ បាន​លក់​សញ្ជាតិ និង​លិខិតឆ្លងដែន​ឱ្យ​ជនបរទេស​សរុប​ជិត ២​ពាន់​នាក់ (១.៨៦៤​សញ្ជាតិ​) ក្នុង​នោះ​​មនុស្ស​មួយ​ចំនួន គឺ​ជា​ជន​​ពុក​រលួយ​ដែល​កេង​ប្រវ័ញ្ច ឬ​លួច​លុយ​ជាតិ​ ហើយ​អ្នក​ខ្លះ​ទៀត​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់។

ប្រធាន​អង្គការ​សម្ព័ន្ធគណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ថ្លែងថា ច្បាប់​កម្ពុជា​មិនបាន​​ហាម​ឃាត់ពលរដ្ឋ​មិន​​ឱ្យ​មាន​​សញ្ជាតិ​​បរទេស​នោះទេ ក៏​ប៉ុន្តែករណី​នេះ​មានបញ្ហា​នៅ​ត្រង់​ថា តើ​មន្ត្រីកម្ពុជា​បាន​លុយ​រាប់​លាន​ដុល្លារមក​​ពីណា​ដើម្បី​​ទៅទិញ​សញ្ជាតិ​បរទេស។ ​លោក​​ថា រដ្ឋាភិបាលគួរ​តែ​បើក​ការស៊ើបអង្កេតរឿង​នេះ ព្រោះ​ករណី​​នេះអាច​មាន​​ជាប់​​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​​រលួយ​​ទ្រង់ទ្រាយ​ធំ៖ «»

ប្រទេស​ស៊ីប​ជា​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប ដែល​អនុវត្ត​ការ​លក់​សញ្ជាតិ​ដល់​ជនបរទេស ក្រោម​រូបភាព​ជា​​ការ​​បណ្ដាក់​ទុន​​វិនិយោគ​​នៅ​​ក្នុង​​ប្រទេស​​របស់​​ខ្លួន​។ ការ​​ផ្ដល់​​លិខិត​​ឆ្លងដែន​​ក្រោម​រូបភាព​នៃ​ការ​វិនិយោគ​ ឬ​ហៅថា «Golden Passports» អាច​អនុញ្ញាត​ឱ្យ​អ្នក​កាន់​លិខិតឆ្លងដែន​នេះ ទទួល​បាន​សញ្ជាតិ​អឺរ៉ុប។ ទោះ​ជា​យ៉ាង​ណា សហភាព​អឺរ៉ុប​ធ្លាប់​ព្រមាន​ប្រទេស​​ស៊ីប​ថា ក្រុម​ឧក្រិដ្ឋជន​អាច​ប្រើ​វិធី​ទទួល​បាន​លិខិតឆ្លងដែន​បែប​នេះ ធ្វើជា​ឈ្នាន់​ដើម្បី​ជ្រៀតចូល​ទៅ​ក្នុង​ទឹកដី​អឺរ៉ុប និង​បង្ក​ឱ្យ​មាន​ហានិភ័យ​នៃ​អំពើ​លាង​លុយ​កខ្វក់ អំពើពុករលួយ និង​ការ​គេច​ពន្ធ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment