សេចក្ដី​សម្រេច​ចុងក្រោយ​ជុំវិញ​ករណី​លោក មាស មុត នឹង​ចេញ​នៅ​ដើម​ឆ្នាំ​២០២០

ដោយ មួង ណារ៉េត
2019-11-30
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​ដែល​ចូល​រួម មុន​បញ្ចាំង​ភាពយន្ត​រឿង​ស្នេហា​ឆ្លង​កាត់​ក្នុង​របប​ខ្មែរក្រហម​របស់​ប្ដី​ប្រពន្ធ​មួយ​គូ នៅ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​​១០ ខែ​សីហា ឆ្នាំ​២០១៧។

មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​ដែល​ចូល​រួម មុន​បញ្ចាំង​ភាពយន្ត​រឿង​ស្នេហា​ឆ្លង​កាត់​ក្នុង​របប​ខ្មែរក្រហម​របស់​ប្ដី​ប្រពន្ធ​មួយ​គូ នៅ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​​១០ ខែ​សីហា ឆ្នាំ​២០១៧។

 RFA


អ្នកនាំពាក្យ​សាលា​ក្តី​ខ្មែរក្រហម​លោក នេត្រ ភក្ត្រា ប្រាប់​អាស៊ីសេរី ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា​ថា អង្គ​បុរេ​ជំនុំជម្រះ នឹង​ថយ​ទៅ​ពិចារណា​ដើម្បី​ចេញ​សាលដីកា​សម្រេច​មួយ​ថា តើ​ត្រូវ​ទម្លាក់​ចោល​បទ​ប្រកាន់​លើ​លោក មាស មុត ឬ​ត្រូវ​បញ្ជូន​សំណុំរឿង​លោក មាស មុត ទៅ​ជំនុំជម្រះ ចំពោះ​ឧក្រិដ្ឋកម្ម ដូច​ការ​ចោទ​ប្រកាន់ ដែរ​ឬ​យ៉ាងណា៖ «អង្គ​បុរេ​ជំនុំជម្រះ ដក​ខ្លួន​ទៅ​ពិនិត្យ​ទៅលើ​ឯកសារ​ពាក់ព័ន្ធ ក៏ដូចជា​ទឡ្ហីករណ៍ មុននឹង​ឈាន​ទៅ​ដល់​ការ​ចេញ​សាលដីកា​ពាក់ព័ន្ធ​នឹង​បណ្តឹង​ឧទ្ធរណ៍ នៅ​ក្នុង​ត្រីមាស​ទី​មួយ ក្នុង​ឆ្នាំ​២០២០ ខាងមុខ»។

អង្គ​បុរេជំនុំជម្រះ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ទើបតែ​បាន​បិទ​បញ្ចប់​សវនាការ​រយៈពេល​បី​ថ្ងៃ នៅ​ក្នុង​សំណុំរឿង ០០៣ ប្រឆាំង​នឹង​លោក មាស មុត។ សវនាការ​បី​ថ្ងៃ​នោះ ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី២៧ ដល់ ២៩ ខែ​វិច្ឆិកា។

នៅ​ក្នុង​សវនាការ​នោះ មាន​វត្តមាន​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ សហ​ព្រះរាជ​អាជ្ញា​រង​ជាតិ និង​សហ​មេធាវី​ការពារ​ក្ដីជា​អន្តរជាតិ ដែល​បាន​បង្ហាញ​ទឡ្ហីករណ៍​របស់​ខ្លួន​នៅ​ក្នុង​សំណុំ​រឿង​នេះ​។ ប៉ុន្តែ លោក មាស មុត ដែល​ជា​ជន​ត្រូវ​ចោទ ពុំ​មាន​វត្តមាន​នោះ​ឡើយ ដោយសារតែ បញ្ហា​សុខភាព ព្រោះ​វ័យ​ចំណាស់ សុខភាព​ខ្សោយ គ្មាន​កាយសម្បទា​គ្រាប់​គ្រាន់​នឹង​ចូលរួម​សវនាការ​បាន។ទោះជា​យ៉ាង​នេះ​ក្តី គាត់​មាន​សហ​មេធាវី​តំណាង​គាត់​នៅ​ក្នុង​សវនាការ​នេះ។

សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ និង​អន្តរជាតិ កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ខ្វែង​យោបល់​គ្នា រឿង​កាត់ទោស ឬ​មិន​កាត់ទោស អតីត​កម្មាភិបាល​ខ្មែរក្រហម​លោក មាស មុត។ ការ​ខ្វែង​យោបល់គ្នា​នេះ តម្រូវ​ឱ្យ​ខាង​ចៅក្រម​ខាង​ភាគី​ជាតិ ចេញ​ដីកា​ដំណោះស្រាយ​មួយ ចំណែក​ឯ​ចៅក្រម​ខាង​ភាគី​អន្តរជាតិ ចេញ​ដីកា​ដំណោះស្រាយ​មួយ​ដាច់ដោយឡែក ដោយមាន​សម្អាង​ហេតុ​រៀង​ៗ​ខ្លួន។មូលហេតុ​នៃ​ការ​ខ្វែង​យោបល់​គ្នា​នេះ ខាង​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ សម្អាង ​ថាលោក មាស មុត មិន​ស្ថិត​ក្នុង​យុត្តាធិការ​បុគ្គល​របស់​សាលា​ក្តី​ខ្មែរក្រហម​នេះ​ទេ។ មាន​ន័យថា​លោក មាស មុត មិនមែន​ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​ជាន់ខ្ពស់ ឬ ជា​ជន​ម្នាក់​ដែល​ទទួលខុសត្រូវ​បំផុត ចំពោះ​បទឧក្រិដ្ឋ​ដែល​កើតឡើង​នៅ​ក្នុង​សម័យ​ខ្មែរក្រហម​នោះ​ឡើយ។

ប៉ុន្តែ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ យល់​ផ្សេង​ពី​នេះ ដោយ​លើក​ហេតុផល​ថា​លោក មាស មុត ពិតជា​ស្ថិត​ក្នុង​យុត្តាធិការ​បុគ្គល​របស់​សាលា​ក្តី​នេះ ដោយសារ​មាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ថា លោក មាស មុត ស្ថិត​ក្នុង​ចំណោម​ជន​ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត ក្នុង​របប​ខ្មែរក្រហម​។ សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បន្ត​ថា ភស្តុតាង​ទាំងនេះ គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​លើ​លោក មាស មុត និង បញ្ជូន​ទៅ​កាត់ទោស ចំពោះ​បទ​ចោទ​នៃ​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​វៀតណាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​អំពើ​មនុស្សឃាត​គិតទុក​ជាមុន យោង​តាម​ច្បាប់​កម្ពុជា។

សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ សម្រេច​យក​ដីកា​លើកលែង​ការចោទប្រកាន់ ចំពោះ​លោក មាស មុត។ ប៉ុន្តែ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ សម្រេច​យក​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​។ ការ​សម្រេច​បញ្ជូន​រឿង​លោក មាស មុត ទៅ​ជំនុំជម្រះ​នេះ រង​ការជំទាស់​ពី​សហ​ព្រះរាជអាជ្ញា​ជាតិ និង សហ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក មាស មុត ដែល​បាន​ប្ដឹង​ឧទ្ធរណ៍ នៅ​ចំពោះ​មុខ​អង្គ​បុរេជំនុំជម្រះ​នេះ កាលពី​ខែ​មេសា ឆ្នាំ​២០១៩។

លោក មាស មុត ឆ្នាំនេះ​អាយុ ៨១ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​ឈូក ខេត្ត​កំពត។ បច្ចុប្បន្ន​មាន​ទីលំនៅ នៅ​ខេត្ត​បាត់ដំបង។ លោក​មាន​មេធាវី​ការពារ​ក្ដី​ពីរ​រូប គឺ​មេធាវី​ជាតិ​លោក អាង ឧត្តម និង​មេធាវី​អន្តរជាតិ និង​ជា​ជនជាតិ​អាមេរិក​លោក ម៉ៃឃើល ខាណាវ៉ាស់ (Michael Karnavas)​។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ធ្លាប់​ជា​កម្មាភិបាល​ជាន់ខ្ពស់​ក្នុង​របប​ខ្មែរក្រហម ដោយ​មាន​តួនាទី​ជា​សមាជិក​គណៈ​មជ្ឈិម​បក្ស ជា​លេខាធិការ​រង ជា​លេខា​កងពល​១៦៤ (​រាប់បញ្ចូល​ទាំង​កងទ័ពជើងទឹក​) និង​ជា​លេខា​ស្វយ័ត​នៅ​កំពង់សោម​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សេចក្ដី​សម្រេច​ចុងក្រោយ​ជុំវិញ​ករណី​លោក មាស មុត នឹង​ចេញ​នៅ​ដើម​ឆ្នាំ​២០២០"

  1. Anonymous says:

    This puppet court of beast regime is the joke’ . No justice for cambodian people’ what a wast of money’ this court just washing the hands of killers from history’ ‘ The real killers will be gone without record in khmer history ‘ only down hell can keep the killers down hell thousand years ‘

Leave a Reply

Submit Comment