សហគមន៍​អភិរក្ស​ផ្សោត​ព្រែកកាំ​ពី​សាទរ​អាជ្ញាធរ​អនុវត្ត​ច្បាប់​លើ​ជនសង្ស័យ​នេសាទ​ខុសច្បាប់ ២​នាក់

ដោយ អាស៊ីសេរី
2019-12-01
អាស៊ីសេរី

ភូមិ​នេសាទ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​រកាកណ្ដាល ក្រុង​ក្រចេះ ខេត្ត​ក្រចេះ។ រូបថត​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥

ភូមិ​នេសាទ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​រកាកណ្ដាល ក្រុង​ក្រចេះ ខេត្ត​ក្រចេះ។ រូបថត​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥ (Photo: RFA)


សហគមន៍​អភិរក្ស​ផ្សោត​ព្រែក​កាំពី ខេត្ត​ក្រចេះ បាន​ហៅ​ចំណាត់ការ អនុវត្តន៍​ច្បាប់​នេសាទ របស់​មន្ត្រី​ជំនាញ ទៅលើ​ជនសង្ស័យ ២​នាក់ កាល​ពី​ពេល​ថ្មីៗ នេះ​ថា ជា​សញ្ញា​វិជ្ជមាន​មួយ ដែល​ជួយ​ការពារ​ជីវិត​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ​ធំៗ ដែល​កំពុង​រស់នៅ​ក្នុង​អន្លង់​អភិរក្ស​ចំនួន​៥ នៃ​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ​។ ពួកគេ​អះអាង​ថា នៅ​មាន​ជនសង្ស័យ​មួយ​ចំនួន​ទៀត ជា​មុខសញ្ញា​សកម្ម​លួច​ឆក់​ត្រី​នៅ​ពេល​យប់ ប៉ះពាល់​សត្វ​ផ្សោត និង​ត្រី​កម្រ​ក្នុង​តំបន់។

សហគមន៍​អភិរក្ស​ផ្សោត​ព្រែក​កាំពី ខេត្ត​ក្រចេះ ចង់​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ និង​ខ្លាំង​ជាង​នេះ​ទៀត ដោយ​ការ​លុបបំបាត់​អំពើពុករលួយ ដើម្បី​សង្គ្រោះ​សត្វ​ផ្សោត និង​មច្ឆា​ជាតិ​ក្នុង​អាង​ទន្លេ​មេគង្គ។

សហគមន៍​អភិរក្ស​ផ្សោត​ព្រែកកាំពី រស់នៅ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ឱ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​១ ខែ​ធ្នូ ថា អាជ្ញាធរ​បាន​ចាប់ខ្លួន ជនសង្ស័យ ២​នាក់ ករណី​លួច​ឆក់​ត្រី នៅ​អន្លង់​អភិរក្ស​ផ្សោត​ព្រែក​កាំពី និង​បាន​បញ្ជូន​ជនសង្ស័យ​ទាំងនោះ ទៅ​តុលាការ​អនុវត្ត​ច្បាប់ កាល​ពី​ដើម​សប្ដាហ៍​មុន​។

​កាល​ពី​ឆ្នាំ​២០១៧ តុលាការ​បាន​កោះហៅ​ជនសង្ស័យ​ថា​១៨​នាក់ ដែល​អាជ្ញាធរ​មូលដ្ឋាន​បញ្ជូន​ឈ្មោះ​ពួកគេ​ទៅ​សាលាដំបូង​ខេត្ត​ក្រចេះ ក្នុង​សំណុំរឿង ឆក់​ត្រី​ខុសច្បាប់ នៅ​អន្លង់​អភិរក្ស​ផ្សោត​។ មក​ទល់​ពេល​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស ២​នាក់ រួច​បញ្ជូន​ខ្លួន​ទៅ​តុលាការ​។ មន្ត្រី​ជំនាញ​ឱ្យដឹងថា ជនសង្ស័យ​នៅ​មូលដ្ឋាន​ជិត ២០​នាក់​នោះ មួយ​ចំនួន​ធំ បាន​សន្យា​ចំពោះ​មុខ​សមត្ថកិច្ច​ថា នឹង​បោះបង់​មុខ​របប​នេសាទ​ខុសច្បាប់ និង​មួយ​ចំនួន​តូច​បាន​រត់​គេច​ខ្លួន។

សហគមន៍​អភិរក្ស​ផ្សោត​ព្រែកកាំពី ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​អាស៊ីសេរី​ថា ក្រុម​ពលរដ្ឋ​បង្ហាញ​អារម្មណ៍​រីករាយ នៅ​គ្រា​ដែល​ឃើញ​អាជ្ញាធរ​អនុវត្ត​ច្បាប់ លើ​ជនសង្ស័យ ២​នាក់ នៅ​មូលដ្ឋាន រួច​បញ្ជូន​ខ្លួន​ពួកគេ​ទៅ​តុលាការ​។ លោក​ថា សត្វ​ផ្សោត​ងាប់​កន្លងទៅ ដោយសារ​សកម្មភាព​ឆក់​ត្រី នៅ​កន្លែង​ផ្សោត​រស់នៅ និង​ឆ្លងកាត់ ជាពិសេស​ពលរដ្ឋ​ខ្លះ​បាន​លួច​ពង្រាយ​មង ក្នុង​អន្លង់​អភិរក្ស​ទៀត​ផង​។ លោក​ចាត់​ទុក ចំណាត់ការ​របស់​អាជ្ញាធរ​បែបនេះ ជា​ចំណុច​ល្អ ដើម្បី​លង​បន្លាច និង​ជា​ការ​ព្រមាន​ជនខិលខូច​មួយ​ចំនួន​ទៀត ឱ្យ​ឈប់​នេសាទ​ខុសច្បាប់​៖«ដោយសារ​ឆក់​តែម្ដង សារ​មុន​ដោយសារតែ​ជាប់​មង​ទេ ប៉ុន្តែ​វា​ផ្អើល​ពី​ឆក់​ហ្នឹង​ទៅ ស្ទុះ​ទៅ​ជាប់​មង។ បើ​គេ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ខ្លាំង​ជាង​ហ្នឹង​ទៀត កាន់តែ​ល្អ​មែនទែន​។ ខ្ញុំ​ថា កុំ​ប្រព្រឹត្ត​អំពើពុករលួយ ឱ្យ​បាន​ច្រើន ខំ​អនុវត្ត ខំ​ការពារ​ផ្សោត បំបាត់​អំពើពុករលួយ​ឱ្យ​អស់ អា​ហ្នឹង​ល្អ​ការពារ​បាន​មាំទាំ​ហ្មង»។

ឆ្លើយតប​រឿង​នេះ អនុប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​ក្រចេះ និង​ជា​ប្រធាន​ឆ្មាំ​ទន្លេ លោក ម៉ុក ពន្លក មាន​ប្រសាសន៍​ថា ជនសង្ស័យ ២​នាក់ ដែល​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ តុលាការ មិន​ដឹង​ថា តុលាការ​បាន​ឃុំខ្លួន​ពួកគេ ឬ​យ៉ាង​ណា​ទេ​? លោក​ថា ឆ្មាំ​អភិរក្ស ប្រជា​ការពារ​ភូមិ និង​សមត្ថកិច្ច​បាន​សហការ​គ្នា​យ៉ាង​ល្អ ចុះ​ល្បាត​ទាំងយប់​/​ថ្ងៃ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​នេសាទ​។ ទន្ទឹមនឹងនេះ មន្ត្រី​ជំនាញ នឹងមិន​យោគយល់​ជាដាច់ខាត ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់​។ លោក​បញ្ជាក់ ជនសង្ស័យ​ជិត ២០​នាក់ ដែល​អាជ្ញាធរ​បញ្ជូន​ឈ្មោះ​ទៅ​តុលាការ មក​ទល់​ពេល​នេះ មាន​មនុស្ស​ប្រមាណ ៣​នាក់​ទេ នៅតែ​បន្ត​លួច​ឆក់​ត្រី ហើយ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​រឿង​នេះ​៖ «នៅ​មាន​អ្នក​មិន​យល់​ពី​សារសំខាន់ ទាក់ទិន​តម្លៃ​សារប្រយោជន៍​របស់​ផ្សោត​ហ្នឹង គាត់​នៅតែ​លួចលាក់​ធ្វើ​នេសាទ ដាក់មង តាម​អន្លង់​។ បើ​ទោះ​បី​ជា​បច្ចុប្បន្ន​យើង​ចុះទៅ​ដាក់​យុថ្កា បោះ​កាវ ដើម្បី​រាវរក​មង ក្រែងលោ​គាត់​បង្កប់ យ៉ាងណា​បើ​យើង​ប្រហែស​បន្តិច ក៏​យើង​នឹង​ជួប​ការ​លួចលាក់​ហ្នឹង​បន្ត​ទៀត​ដែរ​។ ដូច្នេះ​មិន​អាច​អនុគ្រោះ និង​មិន​អាច​យោគយល់​បានទេ ប្រសិន​ឃើញ​ពួកគាត់​ប្រព្រឹត្ត​ក្នុង​អន្លង់»។

កាលពី​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ សត្វ​ផ្សោត​ញី​មួយ​ក្បាល​បាន​ស្លាប់​នៅ​អន្លង់​ព្រះសង្ឃ ក្នុង​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ ដោយសារ ជាប់​មង​អ្នកនេសាទ ហើយ កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៨ កន្លងទៅ សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល ទម្ងន់​ប្រមាណ ៩២​គីឡូក្រាម ក៏បាន​ងាប់​នៅ​តំបន់​អន្លង់​កាំពី​ក្នុង​ខេត្ត​ក្រចេះ ដោយសារ​ជាប់​មង​អ្នកនេសាទ​ដូចគ្នា​នេះ​ដែរ។

នាយ​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ សង្កេត​ឃើញ​ថា ឧបករណ៍​ឆក់​ត្រី ទាំង​ក្រៅ និង​ត្រជាក់ មាន​ឥទ្ធិពល​ចាប់​ត្រី​ក្នុង​ទឹកបាន​ដោយ​ងាយ បង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវិត​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ​ក្នុង​ទន្លេ​មេគង្គ។ ហេតុនេះ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ត្រូវ​សហការ​គ្នា អនុវត្ត​ច្បាប់​ដូច​ភ្លៀងរលឹម​។ លោក​បារម្ភ​ថា នៅ​រដូវប្រាំង​ឆ្នាំនេះ ត្រី និង​ផ្សោត​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​អន្លង់​អភិរក្ស ទន្លេ​មេគង្គ ក៏ប៉ុន្តែ​បើ​អន្លង់​អភិរក្ស ត្រូវ​បាន​រំខាន​ដោយ​សកម្មភាព​នេសាទ​ខុសច្បាប់ នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ត្រី​មេ​ពូជ និង​ផ្សោត៖ «ផ្អែកលើ​ច្បាប់​ជលផល ដែល​យើង​ចាប់​បាន​ជនល្មើស ជាពិសេស​នៅ​កាំពី ដែល​យើង​ចាប់​បាន​ពីរ​នាក់​ហ្នឹង​ណា​។ នេះឯង​ជា​ចេតនា​ល្អ​បំផុត អំពី​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​សហគមន៍​នេសាទ ក្នុង​តំបន់​ហ្នឹង ហើយ​អំពើ​នេះ​គួរ​ជា​គំរូ​ដល់​គ្រប់​ទីកន្លែង​ដែរ ដែល​បទល្មើស​នេសាទ ដែល​ប្រព្រឹត្ត​ឡើង​ជាច្រើន​នៅ​តាម​ដង​ទន្លេ​បី ការ​ឆក់ ការ​បើ​ឧបករណ៍​ខុសច្បាប់​ផ្សេង​ទៀតៗ មាន​ច្រើន ក៏ប៉ុន្តែ​អ្នក​ប្រព្រឹត្ត​បទល្មើស​ហ្នឹង​តែងតែ​រួចខ្លួន»។

មក​ទល់​ពេល​នេះ ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ មាន​សត្វ​ផ្សោត​រស់នៅ ចន្លោះ​ពី ៥៥ ទៅ ៦០​ក្បាល​។ សត្វ​ផ្សោត​ទាំងអស់​នោះ កំពុងតែ​រស់នៅ​ក្នុង​អន្លង់​អភិរក្ស ៥​ទីតាំង​ផ្សេងគ្នា រួមមាន អន្លង់​ខ្សាច់​ម្កាក់ អន្លង់​កោះ​ដំបង អន្លង់​កោះផ្ដៅ អន្លង់​កន្ទុយ​កោះ​រងាវ និង​អន្លង់​ផ្សោត​កាំ​ពី ក្នុង​អាង​ទន្លេ​មេគង្គ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment