សាច់ញាតិ​របស់​អ្នក​ទោស​នយោបាយ ដែល​មិន​ទាន់​ទទួល​បាន​ការ​ដោះលែង ស្នើសុំ​តុលាការ​ឱ្យ​ពន្លឿន​ការ​ដោះលែង

ដោយ ថន ថារ៉ូ
2019-11-30
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី គា ស៊ីសុគន្ធី ភរិយា​របស់​លោក ម៉ៃ ហុង​ស្រៀង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ព្រះសីហនុ រង់ចាំ​ជួប​ស្វាមី​អ្នកស្រី​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣១ ខែ​​កក្កដា ឆ្នាំ២០១៩។

អ្នកស្រី គា ស៊ីសុគន្ធី ភរិយា​របស់​លោក ម៉ៃ ហុង​ស្រៀង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ព្រះសីហនុ រង់ចាំ​ជួប​ស្វាមី​អ្នកស្រី​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣១ ខែ​​កក្កដា ឆ្នាំ២០១៩។

 រូប៖ ហ្វេសប៊ុក


សាច់​ញាតិ​របស់​ក្រុម​អ្នក​ទោស​នយោបាយ ដែល​​កំពុង​បន្ត​​ជាប់​​ឃុំ​ នៅ​ក្នុង​ពន្ធនាគារ ស្នើសុំ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី ដោះលែង​​ស្វាមី​ឲ្យ​បាន​លឿន ដើម្បី​ពួកគេ​បាន​ជួបជុំ​គ្រួសារ​ឡើងវិញ។ អ្នក​​ឃ្លាំមើល​សិទ្ធិ​មនុស្ស ក៏​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង និង​ទម្លាក់​ចោល​បទ​ចោទ​លើ​អ្នក​ទោស​ពាក់ព័ន្ធ​រឿង​នយោបាយ ទើប​ធ្វើ​ឲ្យ​ស្ថានភាព​ល្អ​ប្រសើរ។

ភរិយា ​របស់​អ្នក​ទោស​នយោបាយ ដែល​​អាជ្ញាធរ​ មិន​ទាន់​​ដោះលែង លើក​ឡើង​ពី​ភាព​សង្វេគ​របស់​គ្រួសារ​ និង​កូនៗ ពួក​គាត់ ក្នុង​ការ​បន្ត​បែកបាក់​គ្រួសារ។ ក្រុម​ភរិយា​របស់​អ្នក​​ទោស​នយោបាយ​ទាំង​នោះ ទទូច​សុំ​តុលាការ​ ឱ្យ​លៃ​លក​ដោះ​លែង​ប្ដី​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់ៗ។

ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ព្រះសីហនុ លោក ម៉ៃ ហុងស្រៀង គឺ​អ្នក​ស្រី គា ស៊ី​សុគន្ធី រៀបរាប់​ថា អ្នក​ស្រី និង​កូន​តូចៗ ស្រក់​ទឹក​ភ្នែក​នឹក​ប្ដី រាល់​ពេល​ឃើញ​អ្នក​​ជាប់​ឃុំ ត្រូវ​បាន​គេ​ដោះ​លែង​ជា​បន្ត​បន្ទាប់ បែរ​ជា​អភ័ព្វ​តែ​ស្វាមី​​របស់​អ្នក​ស្រី ត្រូវ​បន្ត​ជាប់​ឃុំ គ្មាន​​ដំណឹង​នៃ​ការ​ដោះលែង​សោះ។ ស្ត្រី​ជា​គ្រូ​បង្រៀន​​នៅ​ខេត្ត​ព្រះសីហនុ​រូប​នេះ បាន​ឡើង​មក​ភ្នំពេញ ជិត​មួយ​សប្ដាហ៍ កាល​ពី​ក្រោយ​ថ្ងៃ​ទី១៤ វិច្ឆិកា ដើម្បី​រង់ចាំ​ដំណឹង​នៃ​ការ​ដោះ​លែង​ លោក ម៉ៃ ហុងស្រៀង ជា​ប្ដី ប៉ុន្តែ​មិន​​បាន​ដូច​ក្ដី​រំពឹង​ទេ គឺ​កន្លះ​ខែ​ទៅ​ហើយ តុលាការ​មិន​ទាន់​ដោះលែង​ស្វាមី​អ្នក​ស្រី​ទេ។ អ្នកស្រី​បន្ត​ថា ស្វាមី​​អ្នកស្រី បាន​​ដាក់​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ និង​ធ្វើ​តាម​ការ​ណែនាំ​ទាំង​អស់​រួច​ហើយ នៅ​តែ​មិន​ទាន់​មាន​ការ​ដោះ​លែង​ទៀត។ អ្នកស្រី​ សុំ​អង្វរ​តុលាការ​ឱ្យ​ពន្លឿន​នីតិវិធី ដោះ​លែង​លោក ម៉ៃ ហុងស្រៀង ឲ្យ​លឿន ដើម្បី​​បាន​រស់​នៅ​ជួបជុំ​គ្រួសារ​វិញ៖ «ខ្ញុំ​ឃើញ​គេ​ដោះលែង​បណ្ដើរៗ យូរៗ​ មួយ យូរៗ​ មួយ អ៊ីចឹង​ណា។ ខ្ញុំ​សង្ឃឹម​ថា ប្ដី​ខ្ញុំ​នឹង​គេ​ដោះលែង​ដូច​គ្នា អ៊ីចឹង​ដែរ។ ទន្ទឹង​ដូច​តែ​គ្នា ទាំង​ខ្ញុំ ទាំង​គាត់ គឺ​ទន្ទឹង​ចាំ​ថ្ងៃ ដែល​គេ​ដោះលែង​ឲ្យ​មាន​សេរីភាព​ហ្នឹង​ណា។ មក​ដល់​ពេល​នេះ​ហើយ ស្រាប់​តែ​អត់​ទាន់។ សង្ឃឹម​កាល​ថ្ងៃ​ទី​១៥ ដែល​លោក​នាគ​ព័ន្ធ គាត់​ចេញ​នោះ។ ដល់​ហើយ បែរ​ជា​អត់​វិញ​ទៅ ខ្ញុំ​បែរ​ជា​ខក​ដែល ខំ​ឡើង​ទៅ​ចាំ។ អ៊ីចឹង ខ្ញុំ​សង្ឃឹម​ថា គេ​នឹង​ដោះលែង​គាត់​ឆាប់ៗ​នៅ​ពេល​ខាង​មុខ​នេះ»

លោក ម៉ៃ ហុងស្រៀង ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ពី​បទ​ជេរ​ប្រមាថ​របប​ក្រុង​ភ្នំពេញ និង​ញុះញង់ តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)។ បច្ចុប្បន្ន​សំណុំ​រឿង​របស់​លោក ម៉ៃ ហុងស្រៀង កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ប្ដឹង​ឧទ្ធរណ៍ ដោយសារ​​លោក មិន​ពេញ​ចិត្ត នឹង​ការ​សម្រេច​ក្ដី​របស់​តុលាការ​ជាន់​ទាប។

(លោក ម៉ៃ ហុងស្រៀង សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ព្រះសីហនុ)


តំណាង​ក្រុម​មេធាវី ការពារ​ក្ដី​ឲ្យ​​អ្នក​ទោស​នយោបាយ​នៃ​គណ​បក្ស​ប្រឆាំង លោក​មេធាវី​ សំ សុគង់ ធ្លាប់​ឲ្យ​ដឹង​ថា សកម្មជន និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ជាង ២០នាក់​ទៀត នៅ​តាម​ពន្ធនាគារ​ទូទាំង​ប្រទេស​មិន​ទាន់​បាន​នៅ​​ក្រៅ​​ឃុំ​​បណ្ដោះអាសន្ន​​​ទេ។ អ្នក​ទាំង​នោះ ខ្លះ​រង​បទ​ចោទ​ញុះញង់ ខ្លះ​រង​បទ​ជេរប្រមាថ និង​ខ្លះ​ទៀត​ រង​បទ​ចោទ​រួមគំនិត​ក្បត់។ លោក​ថា ក្នុង​ចំណោម​អ្នក​​ជាប់​ឃុំ​ជាង ២០នាក់​នោះ មាន​កូន​ក្ដី​របស់​លោក​តែ​ជាង ១០នាក់​ទេ ហើយ​ពួក​គេ​មិន​ទាន់​ទទួល​បាន​ការ​ដោះលែង ដោយសារ​​អ្នក​ខ្លះ ​កំពុង​ប្ដឹង​ឡើង​ឧទ្ធរណ៍ និង​អ្នកខ្លះ សំណុំរឿង​ចេញ​ផុត​ពី​ដៃ​ចៅក្រម​ស៊ើបសួរ។

អតីត​អ្នក​ទោស​មនសិការ ដែល​ទើប​ត្រូវ​បាន​ដោះលែង ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន លោក គង់ រ៉ៃយ៉ា ឲ្យ​ដឹង​ថា អ្នក​ទោស​នយោបាយ និង​មនសិការ នៅ​សល់​ចំនួន​ ១២​នាក់​ទៀត កំពុង​ជាប់​នៅ​មណ្ឌល​កែប្រែ​ “ម១” នៃ​ពន្ធនាគារ​ព្រៃ​ស។ លោក​ថា អ្នក​ទោស​នយោបាយ​ទាំង ១២នាក់​នោះ ខ្លះ​ជា​សកម្មជន​បក្ស​ប្រឆាំង ខ្លះ​​មិន​មែន​ជា​សកម្មជន​បក្ស​ប្រឆាំង​ទេ តែ​ជាប់​ពន្ធនាគារ​ ដោយសារ​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម។

លោក គង់ រ៉ៃយ៉ា បន្ត​ថា អ្នក​ទោស​នយោបាយ​ទាំង ១២នាក់ ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ទាំង​ការ​រស់​នៅ និង​ផ្លូវ​ច្បាប់ ព្រោះ​ថា អ្នក​ខ្លះ មក​ដល់​​ចុង​ខែ​វិច្ឆិកា​ទៅ​ហើយ មិន​ទាន់​មាន​មេធាវី​ការពារ​ក្ដី​ឲ្យ​ទេ ដោយសារ​​មេធាវី​ខាង​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ មិន​ចង់​ពាក់ព័ន្ធ​រឿង​​ក្ដី​​នយោបាយ ឯ​ខាង​​គណបក្ស​ប្រឆាំង មិន​បញ្ចេញ​មេធាវី​ជួយ​ការពារ​ក្ដី​ទេ ដោយ​គិត​ថា មិន​មែន​ជា​សមាជិក​បក្ស។​ លោក​ថា ពួក​គេ​ទាំង​ ១២​នាក់​នោះ បាន​ដាក់​លិខិត​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​អស់​ហើយ និង​សុទ្ធ​តែ​សង្ឃឹម​ថា ពួក​គាត់​នឹង​ទទួល​បាន​ការ​ដោះលែង​ឆាប់ៗ ដូច​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត៖ «ក្ដី​សង្ឃឹម​របស់​ពួកគាត់​ហ្នឹង វា​ហាក់​រាង​នៅ​ឆ្ងាយ​បន្តិច ដោយសារ​តែ​បាន​កាត់​ទោស​នៅ​សាលា​ដំបូង​ ឬ​ក៏​សាលា​ឧទ្ធរណ៍​រួច​ហើយ ភាគច្រើន​នោះ​ណា។ ប៉ុន្តែ​នៅ​មាន​មួយ​ចំនួន ក៏​គាត់​មិន​ទាន់​បាន​ទទួល​កម្រិត​ទោស​នៅ​ឡើយ​​ដែរ ហើយ​មួយ​ចំនួន​ គឺ​គាត់​អត់​មាន​មេធាវី ការពារ​ក្ដី​ ខាង​អង្គការ​សង្គម​ស៊ីវិល គេ​ថា បទ​ល្មើស​ពាក់ព័ន្ធ​​រឿង​នយោបាយ​ច្រើន​ពេក អ៊ីចឹង​ទៅ គាត់​អត់​ហ៊ាន។ ខាង​គណបក្ស​នយោបាយ​គេ​ថា គាត់​មិន​មែន​ជា​សកម្មជន​គណបក្ស​នយោបាយ គេ​អត់​ហ៊ាន​បញ្ចេញ​មេធាវី​ឲ្យ»។

ចំណែក​ស្ថានភាព​ក្នុង​មណ្ឌល​អប់រំ កែប្រែ ​ម១ នៃ​ពន្ធនាគារ​ព្រៃ​ស មាន​លក្ខណៈ​ចង្អៀត​ណែន អំពើ​ហិង្សា​រវាង​អ្នក​ជាប់​ឃុំ ការ​ដាក់​ឃុំ​លាយ​ឡំ​គ្នា​រវាង​អ្នក​ជក់​បារី និង​អ្នក​មិន​ជក់ ការ​ខ្វះ​ខាត​ទី​ធ្លា​ហាត់ប្រាណ​ ដូច​នៅ​តាម​ពន្ធនាគារ​ផ្សេង​ទៀត​ដែរ។ លោក គង់ រ៉ៃយ៉ា ថា បន្ទប់​ឃុំឃាំង ទំហំ​​ ៤ម៉ែត្រ​ ៤ជ្រុង និង​​មាន​បង្គន់​មួយ​ក្នុង​នោះ​ផង ត្រូវ​ផ្ទុក​​អ្នក​ជាប់​ឃុំ ចំនួន​២១ ទៅ ​២៧​នាក់ ក្នុង​មួយ​បន្ទប់។ លោក​ថា ករណី​ហិង្សា​ឧស្សាហ៍​កើត​មាន​ណាស់ ព្រោះ​តែ​ភាព​ចង្អៀត និង​ការ​ប្រជ្រៀត​គ្នា​នេះ។

រីឯ​ទីធ្លា​ក្នុង​ពន្ធនាគារ​ព្រៃ​ស វិញ លោក គង់ រ៉ៃ​យ៉ា ថា សឹង​តែ​គ្មាន​កន្លែង​សម្រាប់​ហាត់​ប្រាណ ព្រោះ​ទីធ្លា​ទាំង​នោះ ត្រូវ​យក​ទៅ​​សាងសង់​ជា​អគារ ឃុំឃាំង​អស់​ហើយ។ លោក​បន្ត​ទៀត​ថា ​ក្រោយ​ការ​ស្នើសុំ មន្ត្រី​ពន្ធនាគារ​បាន​យល់​ព្រម​ឲ្យ​ដាក់​អ្នក​ទោស​នយោបាយ ចំនួន ១៨នាក់ ក្នុង​បន្ទប់​​ឃុំ​តែ​មួយ។ ឆ្មាំ​ពន្ធនាគារ​ បាន​រឹតត្បិត​មិន​ឲ្យ​​​​អ្នក​ទោស​នយោបាយ ទទួល​​បាន​ព័ត៌មាន ដូចជា ហាមឃាត់​ការ​មើល​ទូរទស្សន៍ ស្ដាប់​វិទ្យុ ឬ​អាន​កាសែត ខុស​ពី​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត។ លោក​អះអាង​ថា ការ​ជាប់​ឃុំ​លើក​ទី១ កាល​ឆ្នាំ២០១៦ លោក​អាច​មើល​ទូរទស្សន៍ ស្ដាប់​វិទ្យុ និង​អាន​កាសែត​បាន៖ «”ម១” ខ្ញុំ​គិត​ថា ជា​ពេល​ដែល​ត្រូវ​ប្រកាស​អាសន្ន ចំពោះ​ការ​ចង្អៀត​ណែន​តាន់តាប់ នៃ​ជន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។ មក​ដល់​ពេល​នេះ គឺ​មាន​ជន​ជាប់​ឃុំ​ប្រមាណ​ជា ៩ពាន់​នាក់​ហើយ ក្នុង​ពន្ធនាគារ​ព្រៃ​ស ហើយ​ពន្ធនាគារ​ព្រៃ​ស ស្ទើរ​តែ​គ្មាន​ដី​ទំនេរ​សោះ​ឡើយ សម្រាប់​ជន​ជាប់​ឃុំ​ហាត់​ប្រាណ ដោយសារ​តែ​ពន្ធនាគារ​បាន​យក​ដី​ទំនេរៗ ពី​មុន​ហ្នឹង មក​សង់​ជា​អគារ​សម្រាប់​ឃុំ​អស់​ហើយ រក​ដី​ទំនេរ​គ្មាន​ឡើយ សម្រាប់​ហាត់​ប្រាណ»

ភរិយា​របស់​អ្នក​ទោស​មនសិការ​ម្នាក់​ទៀត គឺ​ជា​ជន​ពិការ​ជើង​ លោក ភុន យុទ្ធ ប្ដី​លោកស្រី មុំ រដ្ឋា (ឬ មុំ វិត) ឲ្យ​ដឹង​ថា ស្វាមី​លោកស្រី ក៏​មិន​ទាន់​ត្រូវ​បាន​ដោះលែង​ដែរ។ លោកស្រី​ថា លោក ភុន យុទ្ធ បាន​ដាក់​លិខិត​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​យូរ​ហើយ តែ​មន្ត្រី​ឆ្មាំ​ពន្ធនាគារ​ប្រាប់​ថា រង់ចាំ​​ឯកសារ និង​ការ​សម្រេច​ពី​មេ​នៅ​ភ្នំពេញ​សិន។ បច្ចុប្បន្ន លោក ភុន យុទ្ធ កំពុង​​កើត​​ជំងឺ​ច្រើន​មុខ ក្នុង​ពន្ធនាគារ​ខេត្ត​សៀមរាប។ លោកស្រី មុំ រដ្ឋា ឲ្យ​ដឹង​ថា លោក​ ភុន យុទ្ធ តែង​សរសេរ​ក្រដាស​ឲ្យ​លោកស្រី ទិញ​ថ្នាំ​យក​ទៅ​ឲ្យ​ជា​និច្ច​ ដូច​ជា​ថ្នាំ​ក្ដៅ​ខ្លួន រលាក​ក្រពះ និង​ថ្នាំ​បំបាត់​កន្ទួល​រមាស់៖ «ពិបាក​ដែរ​ហ្នឹង​ណា ដើរ​ប៉័ង​ប៉ៀច (ប៉ាក់ប៉ើក​) អ៊ីចឹង​ណា​បង។ ចិញ្ចឹម​កូន កូន​នៅ​តូច អាយុ​៥​ឆ្នាំ​ជាង។ ខ្ញុំ​​នៅ​ផ្ទះ​ជួល​ទៀត វេទនា​ដែរ​ណា​បង។​ ជួន​ណា ខ្ញុំ​ទៅ​លក់​ដូរ លក់​ខ្សែ​ដៃ​របស់​ជនជាតិ​ របស់​ប្ដី​ខ្ញុំ​លក់។ ប៉ះ​ថ្ងៃ​ណា ដាច់ ថ្ងៃ​ណា​មិន​ដាច់​អត់​អ៊ីចឹង​ទៅ​ណា​បង។ ខ្ញុំ​ទិញ​គ្រឿងគ្រៅ​អ្វី​ឲ្យ​គាត់​ហូប​នៅ​ក្នុង​ ហើយ​ប្ដី​ខ្ញុំ​គាត់​សុំ​លុយ​ខ្ញុំ​ ជួន​ណា​៥​ម៉ឺន ១០​ម៉ឺន អ៊ីចឹង​ទៅ គាត់​បង់​នៅ​ក្នុង​ហ្នឹង។ នៅ​ក្នុង​ពន្ធនាគារ​ហ្នឹង គាត់​បង់​អ្វីៗ ខ្ញុំ​អត់​សូវ​ដឹង​។ គាត់​ថា សុំ​ខ្ញុំ​៥​ម៉ឺន ដប់​ម៉ឺន​ អ៊ីចឹង ទុក​ជាប់​ខ្លួន​អ៊ីចឹង បង់​អ្វី បង់​អ្វី ខ្ញុំ​អត់​សូវ​ដឹង​ដែរ»។

ស្ត្រី​ពិការ​ជើង​ម្ខាង​រូប​នេះ ទទូច​សុំ​តុលាការ​ឱ្យ​ពន្លឿន​ដោះលែង ស្វាមី​ឲ្យ​​បាន​ឆាប់ ព្រោះ​ជីវភាព​ប្ដី​ប្រពន្ធ​ពិការ​ជើង​មួយ​គ្រួសារ​នេះ កំពុង​ប្រឈម​ជីវភាព​ធ្ងន់ធ្ងរ។ លោកស្រី​បន្ត​ថា ចាប់​តាំង​ពី​ប្ដី ត្រូវ​រង​ការ​ចាប់​ខ្លួន​មក លោកស្រី ត្រូវ​រ៉ាប់​រង​ជីវភាព​​ថ្លៃ​ជួល​ផ្ទះ​ ​ចិញ្ចឹម​កូន​តូច​អាយុ​ ៥​ឆ្នាំ រក​លុយ​ឲ្យ​កូន​តូច​បាន​រៀន​ភាសា​អង់គ្លេស ​និង​ត្រូវ​រក​លុយ​ផ្គត់ផ្គង់​ប្ដី​ ចាយ​វាយ​ក្នុង​ពន្ធនាគារ​ទៀត។ លោកស្រី ថា លោក ​ភុន យុទ្ធ តែង​ទូរស័ព្ទ​​ពី​ពន្ធនាគារ មក​សុំ​លុយ​បន្តិចបន្តួច​​​សម្រាប់​ចាយ​វាយ។ សម្រាប់​ការ​ផ្គត់ផ្គង់​លោក ភុន យុទ្ធ ចាយ​វាយ​ក្នុង​ពន្ធនាគារ គឺ​ចន្លោះ​ ៥ម៉ឺន ទៅ ​១០​ម៉ឺន​រៀល ក្នុង ១សប្ដាហ៍ ឬ​កន្លះ​ខែ។ ស្ត្រី​ពិការ​ជើង​ម្ខាង​រូប​នេះ​បន្ត​ថា ពេល​ខ្លះ​ ត្រូវ​​ទុក​កូន​តូច​ចោល​ឲ្យ​នៅ​តែ​ម្នាក់​ឯង ហើយ​ចេញ​ទៅ​លក់​វត្ថុ​អនុស្សាវរីយ៍ បន្ត​ពី​លោក ភុន យុទ្ធ យក​លុយ​មក​ផ្គត់ផ្គង់​ការ​ចំណាយ​ទាំង​នេះ។

លោក ភុន យុទ្ធ អាយុ​ ៣៦ឆ្នាំ ជា​​ជន​ពិការ​ជើង ​(ស្វិត​ជើង) ​ទាំង​សង​ខាង មាន​មុខ​របរ​ជា​អ្នក​លក់​វត្ថុ​អនុស្សាវរីយ៍​បែប​ឆក់​កណ្ដៀត​នៅ​ខេត្ត​សៀមរាប។ សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន ជន​ពិការ​ជើង​រូប​នេះ នៅ​ផ្ទះ​ជួល​​មួយ​កន្លែង ក្រោយ​វត្ត​កេសារ៉ារ៉ាម កាល​ពី​​​ព្រលឹម​ថ្ងៃ​ទី​១៨ ខែ​កក្កដា ​ដោយ​ជាប់​ចោទ​​​ពី​បទ​ញុះញង់​ ឲ្យ​មាន​ការ​រើសអើង និង​ជេរ​ប្រមាថ​ជា​សាធារណៈ។ ការ​ចាប់​ខ្លួន​នោះ ធ្វើ​ឡើង​ក្រោយ​ពេល​លោក ភុន យុទ្ធ ប្រើ​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ “ខ្ញុំ​ចង់​បាន​នាយករដ្ឋមន្ត្រី​ថ្មី ” បង្ហោះ​សារ​​រិះគន់​របប​ដឹកនាំ​សព្វ​ថ្ងៃ និង​ទាមទារ​ឲ្យ​លោក​ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។ ក្រោយ​ការ​ចាប់​ខ្លួន​នោះ គណនេយ្យ​​ហ្វេសប៊ុក ​​របស់​ លោក ភុន យុទ្ធ លែង​អាច​រក​ឃើញ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទៀត​ហើយ។


ប្រពន្ធ​របស់​លោក ភុន យុទ្ធ គឺ​លោកស្រី មុំ រដ្ឋា សុំ​អង្វរ​​ឲ្យ​តុលាការ​ពន្លឿន ​​ការ​​ដោះលែង​ស្វាមី ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​​ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ពិការ​ជើង​ទាំង​ពីរ​នាក់​​ប្ដី​ប្រពន្ធ​នេះ បាន​​រស់​នៅ​ជួបជុំ​គ្នា​ ផ្ដល់​ភាព​កក់ក្ដៅ​ ឲ្យ​​កូន​ស្រី​តូច​​ម្នាក់​ផង។

​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា យល់​​ថា ស្ថាប័ន​ពាក់​ព័ន្ធ​​ គួរ​​​​​រក​គន្លឹះ​ដោះលែង​ និង​ទម្លាក់​ចោល​បទ​ចោទ​ លើ​​​អ្នក​ជាប់​ឃុំ​​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ​ទាំង​អស់​ ទើប​ជា​រឿង​ប្រសើរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

>

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សាច់ញាតិ​របស់​អ្នក​ទោស​នយោបាយ ដែល​មិន​ទាន់​ទទួល​បាន​ការ​ដោះលែង ស្នើសុំ​តុលាការ​ឱ្យ​ពន្លឿន​ការ​ដោះលែង"

  1. so socheath says:

    What We Do

    IRI solves problems. We strengthen citizen voices and help make their leaders more accountable and responsive. We help women and youth to be heard. We keep citizens and their government connected, and develop awareness of voter priorities.
    Our pioneering approach—informed by our research analysis and our volunteer activists, many of whom lived through democratic transitions aided by IRI—helps us identify solutions to local issues. Needs and concerns vary within different environments. IRI understands that there are many forms of democracy and that countries will adopt and adapt democratic methods and forms to fit their unique historical experiences and culture.

    IRI staff are capable of quickly adapting programs to meet the demands of changing situations. Their expertise lies in customizing solutions to individuals’ unique needs, training citizens and politicians in the democratic process, and facilitating open communication. The transition to a free democracy can last for years as players take gradual steps toward change. IRI remains in the field through job completion, then taps into the country’s experience through research to help others in their democratic transitions.
    សូមសិក្សា ស្វែងយល់ពីរឿងពិតរបស់ IRI ដែលនាំបដិវត្តន៍
    នៃការផ្លាស់ប្តូរ(បដិវត្តន៍ពណ៏) ដែលនាំដល់មហន្តរាយជាតិ
    (International Republican Institute )

    What We Do

    អ្វីដែលយើងធ្វើ (IRI)

    IRI ដោះស្រាយបញ្ហា។ យើងពង្រឹងសំលេងប្រជាពលរដ្ឋនិងជួយធ្វើឱ្យមេដឹកនាំរបស់ពួកគេមានគណនេយ្យភាពនិងឆ្លើយតប។ យើងជួយស្ត្រីនិងយុវជនឱ្យស្តាប់។ យើងរក្សាប្រជាជននិងរដ្ឋាភិបាលរបស់ពួកគេឱ្យនៅជាប់និងអភិវឌ្ឍការយល់ដឹងអំពីអាទិភាពរបស់អ្នក
    បោះឆ្នោត។
    វិធីសាស្រ្តត្រួសត្រាយផ្លូវរបស់យើងដែលត្រូវបានផ្តល់ជូនដោយការវិភាគស្រាវជ្រាវ
    និងសកម្មជនស្ម័គ្រចិត្តរបស់យើង (មនុស្សដែល IRI បណ្តុះបណ្តាលឲ្យធ្វើសកម្មភាព តាមរយះបដិវត្តន៍ នៃការផ្លាស់ប្តូរ)ដែលពួកគេភាគច្រើនរស់នៅតាមរយៈការផ្លាស់ប្តូរ
    ប្រជាធិបតេយ្យដែលគាំទ្រដោយ IRI ជួយយើងក្នុងការកំណត់ដំណោះស្រាយចំពោះបញ្ហាក្នុងតំបន់។ តម្រូវការនិងកង្វល់ផ្សេងៗគ្នាខុសគ្នានៅក្នុងបរិយកាសផ្សេងៗគ្នា។
    IRI យល់ថាមានទម្រង់ប្រជាធិបតេយ្យជាច្រើន ហើយប្រទេសនានានឹងទទួលយក
    និងសម្របតាមវិធីសាស្ត្រនិងទម្រង់ប្រជាធិបតេយ្យដើម្បីឱ្យសមនឹងបទពិសោធន៍
    និងវប្បធម៌ប្រវត្តិសាស្ត្ររបស់ពួកគេ។
    បុគ្គលិក IRI មានសមត្ថភាពក្នុងការសម្របសម្រួលកម្មវិធីយ៉ាងឆាប់រហ័សដើម្បីឆ្លើយតបនឹងតម្រូវការនៃការផ្លាស់ប្តូរស្ថានភាព។ ជំនាញរបស់ពួកគេស្ថិតនៅក្នុងការតំរែតំរង់ដំណោះស្រាយសម្រាប់តំរូវការរបស់បុគ្គលម្នាក់ៗបណ្តុះបណ្តាលពលរដ្ឋនិងអ្នកនយោបាយក្នុងដំណើរការប្រជាធិបតេយ្យនិងសំរបសំរួលការប្រាស្រ័យទាក់ទងដោយបើកចំហ។
    ការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យសេរីអាចមានរយៈពេលជាច្រើនឆ្នាំនៅពេលដែលអ្នកបោះជំហានបន្តិចម្តង ៗ ឆ្ពោះទៅរកការផ្លាស់ប្តូរ។ IRI នៅតែស្ថិតក្នុងវិស័យនេះតាមរយៈ
    ការបញ្ចប់ការងារ(ការផ្លាស់ប្តូររបបដឹកនាំតាមរយះបដិវត្តន៍ពណ៏)បន្ទាប់មកទទួលយកបទពិសោធន៍របស់ប្រទេស(ដែលផ្លាស់ប្តូររបបដឹកនាំ)តាមរយៈការស្រាវជ្រាវដើម្បីជួយអ្នកដទៃ (ជួយប្រទេសដ៏ទៃផ្សេង)ក្នុងការផ្លាស់ប្តូរប្រជាធិបតេយ្យ ៕

Leave a Reply

Submit Comment