បក្ស​កាន់​អំណាច​រំលឹក​ខួប​រណសិរ្ស ២ធ្នូ ដែល​មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ថា ជា​ខួប​វៀតណាម​ឈ្លាន​ពាន​កម្ពុជា

ដោយ វ៉ែន សុមេធ
2019-12-02
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហេង សំរិន ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា រំលឹក​ខួប​រណសិរ្ស ២ធ្នូ ខួប​លើក​ទី៤១ នៅ​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ២០១៩។

លោក ហេង សំរិន ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា រំលឹក​ខួប​រណសិរ្ស ២ធ្នូ ខួប​លើក​ទី៤១ នៅ​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ២០១៩។

 រូប៖ ហ្វេសប៊ុក​លោក ហេង សំរិន


គណបក្ស​កាន់​អំណាច ​ប្រារព្ធ​ខួប​​៤១​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​​រណសិរ្ស​​២​ធ្នូ នៅ​​សាល​សន្និសីទ​ចតុ​មុខ​រាជធានី​ភ្នំពេញ។ មន្ត្រី​គណ​បក្ស​ប្រឆាំង​ចាត់​ទុក​ថ្ងៃ​២​ធ្នូ ថា ជា​ថ្ងៃ​វៀតណាម ឈ្លានពាន​កម្ពុជា។ ចំណែក​យុវជន​សង្កេត​ឃើញ​ថា ថ្ងៃ​ទី២ ធ្នូ មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​យុវជន​ទេ។

ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ បាន​នាំ​គ្នា​ប្រារព្ធ​ខួប​ទី​៤១​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​​រណសិរ្ស​២​ធ្នូ ដែល​គណបក្ស​កាន់​អំណាច​ហៅ​ព្រឹត្តិការណ៍​នេះ​ថា ជា​បុព្វហេតុ​នៃ​ការ​រស់រាន​មាន​ជីវិត​ឡើងវិញ​របស់​ជាតិ​ មាតុភូមិ និង​ប្រជាជន​កម្ពុជា។ ប្រធាន​កិត្តិយស​គណបក្ស​កាន់​អំណាច និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា លោក ហេង​ សំរិន ជា​អ្នក​ដឹកនាំ​រំលឹក​ខួប​រណសិរ្ស​២​ធ្នូ ហើយ​លោក​បាន​ចាត់​ទុក​ថា រណសិរ្ស ២ធ្នូ បាន​រំដោះ និង​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​គ្នា​ និង​បាន​ស្ដារ កសាង​ អភិវឌ្ឍន៍​សង្គម​ជាតិ នៅ​គ្រប់​ទិសទី ធ្វើ​ឱ្យ​មាតុភូមិ​កម្ពុជា​មាន​ការ​កែប្រែ​មុខ​មាត់​ថ្មី ជា​បន្ត​បន្ទាប់។ លោក​លើក​ឡើង​តាម​រយៈ​ហ្វេសប៊ុក​ (facebook) ថា​ បច្ចុប្បន្ន គេ​អាច​មើល​ឃើញ​ផ្ទាល់​ភ្នែក​នូវ​សមិទ្ធផល​លើ​គ្រប់​វិស័យ​ដ៏​ច្រើន​ស្អេកស្កះ​នៅ​គ្រប់​ទិសទី ដែល​កើត​ចេញ​ពី​ការ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា។

រីឯ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន​ មិន​បាន​ចូល​រួម​ក្នុង​ពិធី​រំលឹក​ខួប​២​ធ្នូ នៅ​ឆ្នាំ​នេះ​ទេ តែ​លោក ​បាន​បង្ហោះ​សារ​អបអរ​សាទរ​​ខួប​ទី​៤១​ឆ្នាំ នៃ​ថ្ងៃ​រណសិរ្ស ២ ធ្នូ នេះ​ដែរ។ លោក ហ៊ុន សែន លើក​ឡើង​ថា ២​ធ្នូ ជា​ថ្ងៃ​ដែល​ខ្មែរ​ អ្នក​ស្នេហា​ជាតិ​មួយ​ក្រុម បាន​ប្រមូល​ផ្តុំ​គ្នា នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដើម្បី​ដាក់​ចេញ​នូវ​ផែនការ​រំដោះ​ជាតិ ចេញ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ។

បើ​ទោះ​ជា បក្ស​កាន់​អំណាច បាន​ចាត់​ទុក ថ្ងៃ​ទី២ ធ្នូ ជា​ថ្ងៃ​ចាប់​ផ្ដើម​ដ៏​អស្ចារ្យ ក្នុង​ការ​ផ្ដួល​រំលំ​​ខ្មែរ​ក្រហម តែ​សម្រាប់​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ អះអាង​ថា ២​ធ្នូ ​ជា​ថ្ងៃ​វៀតណាម​ចាប់​ផ្ដើម​ឈ្លានពាន​ ចូល​ទឹកដី​កម្ពុជា។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​សៀមរាប និង​ជា​អ្នក​ស្រាវជ្រាវបញ្ហា​​ព្រំដែន​កម្ពុជា ជាមួយ​វៀតណាម លោក អ៊ុំ សំអាន អះអាង​ថា ថ្ងៃ​ទី២ ធ្នូ គឺ​ដូច​ថ្ងៃ​ទី៧ មករា​ដែរ ជា​ថ្ងៃ​វៀតណាម​លើក​ទ័ព​ចូល​​ឈ្លានពាន​ប្រទេស​កម្ពុជា​។ លោក ថា ដោយសារ​តែ​ ២​ធ្នូ និង ៧​មករា​នេះ​ហើយ​ ទើប​​វៀតណាម ​មាន​លេស​ត្រួតត្រា​កម្ពុជា បាន ១០ឆ្នាំ ដល់​ឆ្នាំ​១៩៨៩។ សម្រាប់​​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​រូប​នេះ ថ្ងៃ​ទី២ ធ្នូ​ គ្មាន​ចំណុច​វិជ្ជមាន​ សម្រាប់​កម្ពុជា​ទេ តែ​​វៀតណាម​ចំណេញ​ពី​ថ្ងៃ​ទី​០២ ធ្នូ ដោយ​បង្ខំ​ឲ្យ លោក ​ហ៊ុន សែន ធ្វើ​សន្ធិសញ្ញា ឆ្នាំ១៩៨២ និង ១៩៨៣ កាត់​ដី​ឲ្យ​វៀតណាម។ បន្ថែម​ពី​នេះ លោក អ៊ុំ សំអាន ថា តាម​រយៈ​ថ្ងៃ​ទី២ ធ្នូ វៀតណាម​បាន​សម្រេច​ផែនការ​បញ្ជូន​ជនជាតិ​របស់​ខ្លួន ឲ្យ​មក​​រស់​នៅ​កម្ពុជា ច្រើន​សន្ធឹក​ ដល់​សព្វ​ថ្ងៃ។ លោក​អះអាង​ ថា ការ​​ឲ្យ​តម្លៃ​​ថ្ងៃ​ទី២ ធ្នូ គឺ​ស្មើ​នឹង​ឲ្យ​តម្លៃ​សន្ធិសញ្ញា​កាត់​ដី និង​សកម្មភាព​បញ្ជូន​ជនជាតិ​វៀតណាម ចូល​មក​រស់​នៅ​កម្ពុជា​ដូច​សព្វ​ថ្ងៃ៖ «»

ចំណែក​សមាជិក​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក បុង ដែត សង្កេត​ឃើញ​ថា ថ្ងៃ ២ធ្នូ មិន​មាន​ឥទ្ធិពល ឬ​ទទួល​បាន​ការ​ឲ្យ​តម្លៃ​ពី​យុវជន​ជំនាន់​ក្រោយ​ឡើយ។ លោក​ថា យុវជន​មិន​ចាប់​អារម្មណ៍ ចំពោះ​ថ្ងៃ​ទី២ ធ្នូ​ទេ តែ​យុវជន​ជា​ចាប់​អារម្មណ៍ នឹង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ ដូចជា​ ការ​ប្រឈម​នឹង​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA វិបត្តិ​នយោបាយ លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​ សេរីភាព​បញ្ចេញ​មតិ​ ជា​ដើម។

លោក បុង ដែត បន្ត​ថា គណបក្ស​កាន់​អំណាច តែង​ព្យាយាម​កេង​ចំណេញ​នយោបាយ​ ពី​ថ្ងៃ​ទី២ ធ្នូ​នេះ ប៉ុន្តែ​ការ​ធ្វើ​បែបនេះ មិន​ចំ​ចំណុច ដែល​​​យុវជន​​សម័យ​ក្រោយ ចង់​បាន​ឡើយ។ លោក ​ថា ការ​យក​ថ្ងៃ​ទី២ ធ្នូ​ មក​ឃោសនា​មិន​ត្រឹម​តែ​​គ្មាន​ឥទ្ធិពល​លើ​យុវជន​ទេ ថែមទាំង​ធ្វើ​ឲ្យ​បាត់បង់​សំឡេង​គាំទ្រ​ទៅ​ទៀត៖ «»

បើ​ទោះ​ជា​ រណសិរ្ស ២ធ្នូ រង​ការ​រិះគន់ ពី​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​រាល់​ឆ្នាំ ថា​ ជា​ថ្ងៃ​វៀតណាម ចាប់​ផ្ដើម​ឈ្លានពាន​កម្ពុជា ឬ​ជា​ថ្ងៃ​​វៀតណាម​ ចាប់​ផ្ដើម​លើក​បន្តុប​ខ្មែរ​ក្រហម​មួយ​ក្រុម​ថ្មី ដើម្បី​ផ្ដួល​រំលំ​ក្រុម​ខ្មែរ​ក្រហម​ចាស់ ដែល​លែង​ស្ដាប់​បង្គាប់​វៀតណាម​ក៏​ដោយ ក៏​គណបក្ស​ប្រជាជន​កម្ពុជា មិន​ដែល​ខកខាន​​ក្នុង​ការ​រំលឹក​ខួប​ ២ធ្នូ ម្ដង​ណា​ឡើយ ដោយ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ថ្ងៃ​ទី៧ មករា ហើយ​បញ្ចូល​ថ្ងៃ ៧ មករា ជា​ថ្ងៃ​ឈប់​សម្រាក​របស់​ជាតិ។

រណសិរ្ស ២ធ្នូ ឬ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា មាន​ឈ្មោះ​ដើម​ថា ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ នៅ​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ នៅ​​ភូមិ​ជើង​ឃ្លេ ឃុំ ២ធ្នូ ស្រុក​ស្នួល។ គណបក្ស​កាន់​អំណាច បាន​កសាង​ស្តូប​អនុស្សាវរីយ៍​មួយ នៅ​ទី​នោះ ដើម្បី​រំលឹក​ពី​ថ្ងៃ​០២​ ធ្នូ។ រៀង​រាល់​ឆ្នាំ បក្ស​កាន់​អំណាច តែង​នាំ​គ្នា​ទៅ​ប្រារព្ធ​​ខួប​២​ធ្នូ នៅ​​ទី​តាំង​នោះ ហើយ​កាល​ពី​ខួប​លើក​ទី ៤០ឆ្នាំ ក្នុង​ឆ្នាំ២០១៨ គណបក្ស​កាន់​អំណាច​ បាន​អញ្ជើញ​តំណាង​រដ្ឋាភិបាល​វៀតណាម ចូលរួម​ប្រារព្ធ​កម្មវិធី​ជាមួយ​គ្នា។ រណសិរ្ស ២ធ្នូ​នេះ ទទួល​បាន​ការ​ជ្រោមជ្រែង​ និង​ឧបត្ថម្ភ​ទាំងស្រុង​ផ្នែក​កងទ័ព សព្វាវុធ និង​​យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម ពី​ប្រទេស​វៀតណាម៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment