ដោយ អាស៊ីសេរី
2019-12-03
RFA

សកម្មភាពជនដៃដល់ ដែលវាយចៅសង្កាត់កោះដាច់គណបក្សសង្គ្រោះជាតិ លោក ស៊ិន បូណា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។ Screen Shot from Um SamAn Facebook
សកម្មជនបក្សប្រឆាំងដែលរងការវាយដំ មិនទាន់ទទួលបានយុត្តិធម៌
សកម្មជនបក្សប្រឆាំង ១២នាក់ដែលត្រូវជនមិនស្គាល់មុខវាយធ្វើបាបកន្លងមកនោះ សមត្ថកិច្ច នៅមិនទាន់រកឃើញជនដៃដល់បានមួយករណីណានៅឡើយទេ។ មន្ត្រីជាន់ខ្ពស់នគរបាលជាតិនៅតែអះអាងថា សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកថា ការលើកឡើងដដែលៗ ថា កំពុងស៊ើបអង្កេតនេះ គឺជាលេសដោះសា និងបង្ហាញថា អាជ្ញាធរគ្មានឆន្ទៈពិតប្រាកដ។
សកម្មជនបក្សប្រឆាំងដែលរងការវាយដំ មិនសង្ឃឹមថា ទទួលបានយុត្តិធម៌នោះទេ ព្រោះមកទល់ពេលនេះ សមត្ថកិច្ចមិនដែលជូនដំណឹងអំពីភាពជឿនលឿននៃដំណើរការស៊ើបអង្កេតរកជនដៃដល់នោះទេ។
ចៅសង្កាត់ជាប់ឆ្នោតសង្កាត់កោះដាច់របស់គណបក្សសង្គ្រោះជាតិ លោក ស៊ិន បូណា ដែលត្រូវបានជនបិទមុខពីរនាក់មានកាំភ្លើងខ្លីសៀតជាប់នឹងចង្កេះធាក់ម៉ូតូលោកផ្ដួល ហើយយកបំពង់ទីបព្រួតវាយបណ្ដាលឲ្យបាក់ឆ្អឹងដៃខាងឆ្វែង ថ្លែងប្រាប់អាស៊ីសេរីថា ពេលនេះលោកក្លាយជាមនុស្សពិការដៃ ដោយសារពេទ្យមិនអាចតឆ្អឹងវិញបាន។ លោកបន្តថា អាជ្ញាធរមិនដែលបានជូនដំណឹង ឬបង្ហាញលទ្ធផលអ្វីនោះទេ ចាប់តាំងពីលោកបានដាក់បណ្ដឹងភ្ជាប់ជាមួយភស្តុតាងគ្រប់យ៉ាង ក្រោយ កើតហេតុភ្លាមៗ នោះ។ លោកសង្កេតឃើញថា អាជ្ញាធរគ្មានឆន្ទៈពិតប្រាកដក្នុងការស្វែងរកជនដៃ ដល់នោះទេ៖ «នៅពេលជនដៃដល់ធ្វើមកលើខ្ញុំ គឺអាជ្ញាធរ ដែលស្វែងរកយុត្តិធម៌តាំងពីថ្ងៃនោះដល់ថ្ងៃនេះ គឺអត់មានជូនដំណឹងមកខ្ញុំជាម្ចាស់ដើមបណ្ដឹងនោះទេ»។
អំពើវាយប្រហារលើលោក ស៊ិន បូណា នេះកើតឡើង កាលពីថ្ងៃទី២៥ ខែកញ្ញា តាមបណ្ដោយផ្លូវ ជាតិ៦A ម្តុំវត្តកៀនឃ្លាំង ស្ថិតក្នុងសង្កាត់ជ្រោយចង្វា។
ចៅសង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិរូបនេះ សំណូមពរ ជាថ្មីឲ្យសមត្ថកិច្ចមានឆន្ទៈពិតប្រាកដក្នុងការស្វែងរកនិងនាំខ្លួនជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ ព្រោះការបណ្ដោយឲ្យជនល្មើសរស់នៅមានសេរីភាពបែបនេះ ធ្វើឲ្យលោកនៅតែមានអារម្មណ៍ភ័យខ្លាចមិនហ៊ានធ្វើ ដំណើរឆ្ងាយពីផ្ទះនោះទេ៖ «ខ្ញុំគិតថា បើអាជ្ញាធរខិតខំស្វែងរកជនដៃដល់ គឺមិនពិបាកទេ ព្រោះមានភស្តុតាងខ្លះ និងមានភិនភាគស្គាល់រហូតដល់ស្លាកលេខម៉ូតូ ស្គាល់រូបរាងមនុស្ស ហើយនៅកន្លែងកើតហេតុនោះមានមនុស្សរាប់រយនាក់»។
លោក ស៊ិន បូណា គឺជាជនរងគ្រោះនៃអំពើលួចវាយប្រហារចុងក្រោយគេក្នុងចំណោមជនរងគ្រោះ ជាសកម្មជនបក្សប្រឆាំងចំនួន ១២នាក់ ប៉ុន្តែករណីហិង្សាទាំង ១២ករណីនេះ គ្មានសំណុំរឿងមួយណាដែលសមត្ថកិច្ចបានរកឃើញជនប្រព្រឹត្តនោះទេ។ អំពើហិង្សាលើសកម្មជនបក្សប្រឆាំងនេះ កើតឡើងផ្ទួនៗ គ្នា និងមានទម្រង់នៃការវាយប្រហារប្រហាក់ប្រហែលគ្នា។ ក្រុមជនដៃដល់តែងតែ បិទមុខជិះម៉ូតូមានគ្នាពីរនាក់មានកាំភ្លើងខ្លីជាប់ចង្កេះ ប្រើដែកបំពង់ទីបវាយសំដៅក្បាលជនរងគ្រោះនៅពេលជនរងគ្រោះកំពុងធ្វើដំណើរតាមដងផ្លូវ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន សុំមិនធ្វើអត្ថាធិប្បាយច្រើនឡើយ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា សមត្ថកិច្ចជំនាញកំពុងស៊ើបអង្កេតបន្តទៀតលើសំណុំរឿងហិង្សាលើសកម្មជនបក្សប្រឆាំងទាំងនេះ៖ «អត់ទាន់បញ្ជាក់អំពីលទ្ធផលអីបានទេ ដោយសារតែកំពុងតែស៊ើបអង្កេតនៅឡើយ»។
ជាទូទៅសំណុំរឿងដែលប្ដឹងផ្ដល់ដោយសកម្មជនបក្សប្រឆាំង ឬសកម្មជនសិទ្ធិមនុស្ស ហាក់មិន ដែលឃើញអាជ្ញាធររបបក្រុងភ្នំពេញចាត់វិធានការ ដើម្បីស្វែងរកយុត្តិធម៌នោះទេ។ អាជ្ញាធររបបក្រុងភ្នំពេញ តែងបណ្ដោយឲ្យសំណុំរឿងទាំងនោះអូសបន្លាយពេលវេលារាប់ឆ្នាំដោយគ្មានលទ្ធផលអ្វី ទាំងអស់ហើយតែងលើកឡើងដដែលៗ ថា កំពុងស៊ើបអង្កេត។
អ្នកនាំពាក្យសមាគម អាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការប្រើភាសាដដែលៗ ថា កំពុងស៊ើបអង្កេតនេះ គឺជាទម្លាប់របស់អាជ្ញាធរក្នុងការដោះសា ប៉ុន្តែគេមិនដែលឃើញអាជ្ញាធរ ធ្វើសកម្មភាពស៊ើបអង្កេតពិតប្រាកដនោះទេ។ លោកបន្តថា ការព្រងើយកន្តើយនាំជនល្មើសមកផ្ដន្ទាទោសនេះ នឹងនាំឲ្យមានការរិះគន់កាន់តែខ្លាំងធ្វើឲ្យប៉ះពាល់មុខមាត់ និងកិត្តិយសរបស់អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋាភិបាល៖ «ទង្វើរបស់សមត្ថកិច្ចបង្ហាញឲ្យឃើញពីស្តង់ដារនៃការអនុវត្ត ព្រោះយើងឃើញថា ករណីណាមួយ ដែលអាជ្ញាធរមានចេតនាចង់អនុវត្តច្បាប់ គឺច្បាស់ជាមានលទ្ធផល ប៉ុន្តែបើយើងពិនិត្យមើលករណីសកម្មជននយោបាយជំទាស់ស្ទើរតែគ្មានតែម្ដងក្នុងការផ្ដល់យុត្តិធម៌ដល់ពួកគេ ទោះបីជាផ្លូវច្បាប់ គ្មានប្រកាន់និន្នាការនយោបាយ ឬក្រុមណាក៏ដោយ»។
កាលពីថ្ងៃទី១៧ ខែតុលាកន្លងទៅ អង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ដែលជាបណ្តុំ អង្គការក្រៅរដ្ឋាភិបាលចំនួន២១ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយចាត់ទុកថា អំពើហិង្សាកើតឡើងញឹកញាប់នេះ ធ្វើឲ្យអង្គការសង្គមស៊ីវិលជឿថា សកម្មជនបក្សប្រឆាំងទាំងនេះ បានក្លាយជាគោលដៅនៃការវាយប្រហារ ដោយសារតែទស្សនៈនយោបាយរបស់ខ្លួន។ ម្យ៉ាងទៀត ការវាយប្រហារទាំងនេះកើតឡើងក្នុងពេលមានបទបញ្ជារបស់រដ្ឋាភិបាលឲ្យបង្ក្រាបសកម្មជនបក្សប្រឆាំងនៅទូទាំងប្រទេស។
អង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា លើកឡើងថា ករណីទាំងនេះ គឺជនរងគ្រោះ និងគ្រួសាររបស់ពួកគេ កំពុងរងគ្រោះពីរដង។ ពួកគេមិនត្រឹមតែទទួលរងអំពើហិង្សាដោយសារទស្សនៈនយោបាយប៉ុណ្ណោះទេ ប៉ុន្តែពួកគេ ថែមទាំងមិនទទួលបានការគាំទ្រពីស្ថាប័នយុត្តិធម៌ និងអាជ្ញាធរសមត្ថកិច្ចឡើយ ដូចជាមិនជួយគាំទ្រការថែទាំផ្នែកវេជ្ជសាស្ត្រនិងមិនបានស្វែងរកនិងនាំខ្លួន ជនល្មើសទៅផ្ដន្ទាទោសផងដែរ។ សេចក្ដីថ្លែងការណ៍ចាត់ទុកថា ស្ថានភាពនេះ កំពុងបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីការគំរាមកំហែង និងធ្វើឲ្យប្រជាជនកម្ពុជារស់នៅក្នុងភាពភ័យខ្លាចក្នុងការចូលរួមសកម្មភាពរឿងនយោបាយ។ ករណីទាំងនេះ ក៏បញ្ជាក់យ៉ាងច្បាស់ថា ស្ថាប័នយុត្តិធម៌ និងសមត្ថកិច្ច គ្មានភាពឯករាជ រើសអើងប្រជាពលរដ្ឋ ដែលមាននិន្នាការប្រឆាំង ហើយមិនគោរពគោលការណ៍យុត្តិធម៌ស្មើភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកវិភាគថា តុលាការហាក់បិទបាំងសំណុំរឿងលោក កឹម សុខា ទោះជាប្រកាសថា យកសំណុំរឿងមេបក្សប្រឆាំងទៅជំនុំជម្រះ
- បក្សកាន់អំណាចរំលឹកខួបរណសិរ្ស ២ធ្នូ ដែលមន្ត្រីបក្សប្រឆាំងចាត់ទុកថា ជាខួបវៀតណាមឈ្លានពានកម្ពុជា
- “ការរួបរួមគ្នារវាងហ៊្វុនស៊ិនប៉ិច និងខ្មែររួបរួមជាតិដោយសារមានភ្លើងខៀវពីលោក ហ៊ុន សែន”
- សាច់ញាតិរបស់អ្នកទោសនយោបាយ ដែលមិនទាន់ទទួលបានការដោះលែង ស្នើសុំតុលាការឱ្យពន្លឿនការដោះលែង
- មន្ត្រីជំនិត និងសាច់ញាតិលោក ហ៊ុន សែន ៨នាក់ មានឈ្មោះក្នុងបញ្ជីដែលត្រូវដកហូតសញ្ជាតិស៊ីប
- អ្នកស្រី មូរ សុខហួរ អ្នកនយោបាយស្ត្រីតស៊ូដើម្បីសិទ្ធិសេរីភាពស្ត្រី និងប្រជាធិបតេយ្យនៅកម្ពុជា
- អាជ្ញាធរកំពង់ឆ្នាំងថា ដី៤០ហិកតារ ជាដីជួលសម្រាប់ប្ដូរការរស់នៅរបស់វៀតណាម ខ្មែរ និងចាមពីទន្លេ
- សកម្មជនបក្សប្រឆាំងភៀសខ្លួននៅថៃ នៅតែបន្តជួបជុំគ្នាពង្រឹងសាមគ្គីត្រៀមទទួលលោក សម រង្ស៊ី វិលចូលស្រុកវិញ
- លោក គង់ រ៉ៃយ៉ា អះអាងថាគ្មានកំហុស ក្រោយពេលតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
- អ្នកវិភាគថា លោក ហ៊ុន សែន បន្ធូរបន្ថយធ្វើទុក្ខបុកម្នេញបក្សប្រឆាំង ជានយោបាយប្រជាភិថុតិ