គណៈកម្មការ​សភា​អឺរ៉ុប​ជួប​ពិភាក្សា​ពី​ឋានៈ​អនុគ្រោះ​ពន្ធ EBA

នយោបាយ

05 ធ្នូ 2019
ម៉ែន គឹមសេង
វីអូអេខ្មែរ

លោក​ ណុំ ពិសិដ្ឋ​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហភាព​អឺរ៉ុប​ ថ្លែង​នៅ​ឯ​​អង្គសវនាការ​នៃ​គណៈ​កម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​​សភា​សហភាព​អឺរ៉ុប។ (Web Screenshot)
លោក​ ណុំ ពិសិដ្ឋ​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហភាព​អឺរ៉ុប​ ថ្លែង​នៅ​ឯ​​អង្គសវនាការ​នៃ​គណៈ​កម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​​សភា​សហភាព​អឺរ៉ុប។ (Web Screenshot)

 វ៉ាស៊ីនតោន — 

អ្នកការទូត​កម្ពុជា បាន​ប្រាប់​ដល់​ អង្គសវនាការ​នៃ​គណៈ​កម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់សភា​សហភាព​អឺរ៉ុប ​ថា ​រដ្ឋាភិបាលកម្ពុជាមាន​ឆន្ទៈនយោបាយ​និងការប្តេជ្ញាចិត្ត​ដើម្បី​កែលម្អ​ស្ថានការណ៍នយោបាយ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

លោក​ ណុំ ពិសិដ្ឋ​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហភាព​អឺរ៉ុប​បាន​ថ្លែង​ដូចនេះក្រោយពី​គណៈ​កម្មការ​របស់​សហភាព​អឺរ៉ុបបាន​រកឃើញ​ថា​ ស្ថានភាព​សិទ្ធិនយោបាយ សិទ្ធិការ​ងារ​និង​សិទ្ធិសេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​បាន​រងការ​រំលោភបំពាន​ «យ៉ាងធ្ងន់ធ្ងរ‍»​ និង​ «ជាប្រព័ន្ធ‍» ហើយ​បាន​ស្នើ​ឱ្យ​កម្ពុជា​កែលម្អ​បើ​មិន​ដូច្នេះ​ទេ​សហភាព​អឺរ៉ុប​នឹង​ព្យួរ​ឋានៈអនុគ្រោះពន្ធ​ «គ្រប់​មុខទំនិញ​លើកលែង​សព្វាវុធ‍»​ (EBA) ​ដែល​កម្ពុជា​ទទួលបាន។

លោក​ឯកអគ្គរាជទូត​ណុំ ពិសិដ្ឋបាន​បន្ថែម​ថា៖

«តើ​រដ្ឋាភិបាល​មានឆន្ទៈ​ឬអត់​ក្នុង​ការធ្វើ​កិច្ចការទាំងអស់នេះ? ជាការពិត​យើង​ប្តេជ្ញា​ចិត្ត​នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​បាន​ល្អ​ប្រសើរ​ឡើង‍»។​

អ្នកការទូតរូបនេះបាន​ហៅ​របាយការណ៍​វាយ​តម្លៃ​របស់​សហភាព​អឺរ៉ុប​ថា​«ដើរយឺត‍»​ជាង​សភាពការណ៍​ដោយ​សារតែ​តុលាការ​បាន​ដោះលែង​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះជាតិរយៈពេល​២ថ្ងៃ​មុន​ពេល​ដែល​របាយការណ៍​នោះ​បាន​ទៅដល់​ដៃ​រដ្ឋាភិបាល​កម្ពុជាកាលពីថ្ងៃទី​១២ខែ​វិច្ឆិកា។

លោក កឹម សុខា​ ត្រូវបាន​ដោះលែង​ដោយ​មានលក្ខខណ្ឌ​មិន​ឱ្យ​ធ្វើ​នយោបាយ​និង​ចាកចេញ​ពី​ប្រទេស​កម្ពុជាហើយ​តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​កាលពីថ្ងៃ​ច័ន្ទ​បញ្ជូន​សំណុំរឿង​លោក ទៅ​ជំនុំជម្រះ​បើ​ទោះបីជា​មិន​ទាន់​ប្រកាស​ពី​កាលបរិច្ឆេទ​ពិតប្រាកដ​ក៏ដោយ។​

លោក ណុំ ពិសិដ្ឋ ​បានសម្តែងក្តីសង្ឃឹម​ថា​សំណុំរឿង​របស់​លោ​កកឹមសុខា​នឹងត្រូវ​តុលាការ​កំណត់​ថ្ងៃ​កាត់ក្តី​នៅ​ក្នុងពេលឆាប់ៗនេះ។

លោក​បានបន្ថែម​ថា៖

«ករណី​លោក កឹម សុខា គឺ​មាន​ការអំពាវនាវ​ឱ្យ​ដោះលែង​ទាំងស្រុង​ ប៉ុន្តែ​គាត់​ត្រូវ​ឆ្លងកាត់​ដំណើរការ​កាត់ក្តី​ ក្រោយ​ពី​នោះ​ការដោះលែង​ទាំងស្រុង​នឹង​អាច​ធ្វើបាន​ក្រោយពី​ទទួល​បាន​ការ​លើកលែង​ពី​ព្រះមហាក្សត្រ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​គាត់ពិតជាមានកំហុស​មែន‍»។​

ការត្រួតពិនិត្យលើ​ការរំលោភ​លក្ខខណ្ឌឋានៈអនុគ្រោះពន្ធ​ EBA ​បាន​ចាប់​ផ្តើមដំណើរការក្រោយ​ពី​មាន​ការធ្វើ​ទុក្ខបុកម្នេញគណបក្ស​ប្រឆាំង ​អង្គការ​សង្គមស៊ីវិល​និង​បណ្តាញ​សារព័ត៌មាន​ឯករាជ្យក្នុង​យៈពេល​៣ឆ្នាំ​ចុងក្រោយនេះ។

មានអ្នកតំណាងរាស្ត្រ​សហភាពអឺរ៉ុប​ខ្លះ​បាន​ស្នើឱ្យ​ព្យួរផ្នែកខ្លះ​ដោយ​ផ្តោត​លើទំនិញ​មួយ​ចំនួន​ជាជាង​ព្យួរ​ទាំងស្រុង​ក្នុងពេល​ដែល​អ្នកតំណាងរាស្ត្រ​ខ្លះ​ស្នើឱ្យ​អនុវត្ត​តាមការលក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ដោយ​គ្មាន​ការលើកលែង។

លោក ​ហែលមុត ស្កូល (​Helmut Scholz) ​អ្នកតំណាងរាស្រ្ត​សហភាពអឺរ៉ុប​ដែលមក​ពី​ប្រទេស​អាល្លឺម៉ង់​បាន​លើកឡើង​ថា៖

«សហភាព​អឺរ៉ុប​មិន​គួរ​ទទួល​យក​ការកែប្រែ​តិចតួចឡើយ​។ បញ្ហា​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​មែន​ទើបតែ​កើតមានឡើង​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំនេះ​ទេ ប៉ុន្តែគឺ​វា​មាន​លក្ខណៈ​ជាប្រព័ន្ធ‍»។

អ្នកស្រី​ អេឡែនណា កូនិក​ (Helena Konig) ​អគ្គនាយករង​នៃ ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​បាន​ប្រាប់​ដល់​អង្គសវនាការ​នោះថាបើ​ទោះបី​ជា​សហភាព​អឺរ៉ុបនៅ​មិន​ទាន់​សម្រេច​ចិត្ត​ជាចុងក្រោយ​លើ​ឋានៈអនុគ្រោះពន្ធ​ ក៏ប៉ុន្តែ​គណៈក​ម្មការកំពុង​តែវិភាគ​លើ​ផល​ប៉ះ​ពាល់សេដ្ឋកិច្ច​ សង្គមកិច្ច​និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ក្នុង​គ្រាដែល​ត្រូវ​ដក​ហូត​ឋានៈ​អនុគ្រោះ​ពន្ធបើ​ទោះជា​ត្រូវព្យួរ​តែមួយ​ចំនួន​ឬ​ត្រូវ​ព្យួរ​ទាំងស្រុងក៏ដោយ​។ អ្នកស្រី​បាន​បន្ថែមថា​គណៈ​កម្មការក៏​គិត​គូរ​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​ស្ត្រី​ធ្វើការនៅ​តាម​រោងចក្រ​ទាំងនោះផងដែរ។​

អ្នកស្រី​អេឡែនណា កូនិក​បាន​បន្ថែម​ថា៖

«ចំណុច​សំខាន់​គឺ​ថា​យើង​ចង់​ឃើញ​ប្រទេស​កម្ពុជា​គោរព​តាម​ការទទួល​ខុសត្រូវ​របស់​ខ្លួន​ដែល​មាន​នៅ​ក្នុង​កតិការសញ្ញា​អន្តរជាតិ។ យើង​ចង់​ឃើញ​ដំណើរការទៅមុខ។ ឱកាស​នៅ​មាននៅឡើយ។ ការដក​ឋានៈអនុគ្រោះពន្ធ​គឺ​ជា​វិធានការ​ចុងក្រោយ។ យើង​ចង់​ឱ្យ​ជៀសផុត​ពី​ជម្រើសនេះដោយសារ​តែ​ការអនុគ្រោះពន្ធ​គឺជា​យន្តការ​ជួយ​អភិវឌ្ឍ។ ការទទួល​ខុសត្រូវ​តាម​ច្បាប់នៃ​ឋានៈអនុគ្រោះពន្ធ​គឺ​ស្ថិត​នៅ​លើ​ដៃ​រដ្ឋាភិបាល​កម្ពុជា‍»។​

អ្នកស្រី​បាន​បន្ថែម​ថា​ផលប៉ះពាល់​គឺមិនមែនតែលើ​កម្មករ កម្មការិនី​ដោយផ្ទាល់ទេ​គឺ​នឹង​មាន​លើសមាជិក​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ៖

«យើង​និយាយ​អំពី​មនុស្ស​៤ទៅ៥នាក់​នៅ​ក្នុង​គ្រួសារមួយ​ដែល​រស់បាន​ដោយសារ​ប្រាក់ខែ​ស្ត្រីទាំង​នោះ។ នេះ​គឺជា​ការវាយតម្លៃ​ដ៏​រសើប​បំផុត​ដោយ​ពិចារណា​លើ​ផលប៉ះពាល់ខាង​សង្គមកិច្ច‍»។​

អ្នកស្រី​ Paola Pampoloni នាយិការរង​គ្រប់គ្រង​ ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈ​កម្មការកិច្ចការបរទេស​សហភាព​អឺរ៉ុប​បានអំពាវនាវ​ឱ្យរដ្ឋាភិបាល​កម្ពុជាផ្លាស់ប្តូរ​ច្បាប់​គណបក្ស​នយោបាយ ច្បាប់​គ្រប់​គ្រង​សមាគម​និង​អង្គការ​សង្គមស៊ីវិល និង​ច្បាប់​ស្តីពី​សហជីព​ដើម្បី​ធានា​ឱ្យ​មាន​ស្ថិរភាព​និង​ភាព​ចម្រុង​ចម្រើន​នៅ​កម្ពុជា។​

អ្នកស្រី​បន្ថែម​ថា៖

«យើង​មានជំនឿ​ជាក់​ថា​ការគោរពសិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​មានសារៈសំខាន់​ក្នុងការ​ធានា​ស្ថិរភាព​ទាំងនោះ‍»។​

​ប្រទេស​កម្ពុជា​នាំទំនិញចូល​ទីផ្សារ​សហភាពអឺរ៉ុប​ជិត​៦ពាន់លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ដែល​កើន​ឡើង​ចំនួន​ទ្វេដង​បើប្រៀបធៀប​នឹង​រយៈពេល​៥ឆ្នាំមុន។ ក្នុងចំនួន​នេះ​គឺ​ទំនិញ​៩៥​ភាគ​រយរួចពន្ធ​។ ទំនិញ​ដែល​នាំចូលភាគច្រើន​គឺ​ស្បែកជើង សម្លៀកបំពាក់ កង់ សម្ភារៈ​បម្រើ​ដល់​ការ​ធ្វើ​ដំណើរ​ ស្ករស ​និង​អង្ករ។

លោកឯកអគ្គរាជទូត​កម្ពុជា ណុំ ពិសិដ្ឋ​ បាន​បន្ថែម​ថា​អ្វីៗ​នឹង​ដំណើរការ​ជាជំហានៗ ដោយ​សារតែ​នីតិវិធី​ក្នុងការ​តាក់តែង​ច្បាប់​ត្រូវ​ការ​ពេល​វេលា​យូរ។

«យើង​នឹង​ធ្វើ​កិច្ចការទាំងនេះ​ជា​ជំហានៗ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លំហរ​នយោបាយ​និង​លំហរ​អង្គការ​សង្គម​ស៊ីវិល‍»។

ប្រទេស​កម្ពុជា​មានពេល​រហូតដល់ថ្ងៃទី​១២ខែ​ធ្នូ ដើម្បី​ដោះស្រាយ​និង​ឆ្លើយតប​តាមការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប។ យ៉ាងណាក៏ដោយ​ បើ​មានការព្យួរឋានៈអនុគ្រោះពន្ធ​មែន​គឺ​នឹង​ចាប់ផ្តើម​ចូល​ជាធរមាន​នៅ​ថ្ងៃទី​១២ខែ​សីហា ឆ្នាំ​២០២០៕

What Next?

Recent Articles

3 Responses to "គណៈកម្មការ​សភា​អឺរ៉ុប​ជួប​ពិភាក្សា​ពី​ឋានៈ​អនុគ្រោះ​ពន្ធ EBA"

  1. Anonymous says:

    To be more effective and efficient to guarantee Hun Sen government will never violate any international and national agreement is to dismantle Cambodia court system and let international courts run Cambodia justice system, otherwise Hun Sen will definitely continue to be the same Hun Sen decades ago, changing constitution, ordered arrest or release anybody anytime he wanted by using his court system.

  2. Anonymous says:

    YES ..I agree to what you mean but do we believe that HUN SEN will let it go?? I have no hop just reading his body language ,word , and action I knew this guy rather die if he lost powers. hope GOD may take care of this poor people and their own nation.

  3. Anonymous says:

    The same magician will result the same circuses..