សកម្មជន​បក្ស​ប្រឆាំង​នៅ​ថៃ​ប្ដេជ្ញា​រួម​កម្លាំង​គ្នា​បន្ត​សកម្មភាព​នយោបាយ​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ដោយ ខែ សុណង
2019-12-06
អាស៊ីសេរី

លោក សម រង្ស៊ី ពេល​ទៅ​វាលយន្តហោះ​ប្រទេស​ឥណ្ឌូណេស៊ី ព្រឹក​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

លោក សម រង្ស៊ី ពេល​ទៅ​វាលយន្តហោះ​ប្រទេស​ឥណ្ឌូណេស៊ី ព្រឹក​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩។ RFA/Chun Chanboth


សកម្មជន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​អះអាង​ថា ពួកគេ​នឹង​បន្ត​ធ្វើ​សកម្មភាព​នយោបាយ​ឱ្យ​កាន់តែ​ខ្លាំង ដើម្បី​ដាក់​សម្ពាធ​ឱ្យ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ពួកគាត់​នៅតែ​ជឿជាក់​ថា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី នឹង​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ។

សកម្មជន​គណបក្សប្រឆាំង​ដែល​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​លើកឡើង​ថា ស្ថានការណ៍​នយោបាយ​បែប​នេះ មានតែ​កម្លាំង​សាមគ្គី​របស់​ប្រជាពលរដ្ឋ​ទេ ដែល​អាច​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​វិញ។

ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ស្ពឺ អ្នកស្រី គុណ ម៉ាច ថ្លែង​នៅ​ថ្ងៃ​ទី​៦ ធ្នូ ថា ពួកគាត់​មិន​អាច​ឈរ​អោបដៃ​មើល​របប​លោក ហ៊ុន សែន បំផ្លាញ​ប្រជាធិបតេយ្យ និង​វាយ​ធ្វើបាប​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដើម្បី​បន្ត​អំណាច​របស់​ខ្លួន​បាន​ឡើយ។ អ្នកស្រី​បន្ត​ថា ពួកគាត់​កំពុងតែ​ដើរ​កៀរគរ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ឱ្យ​ត្រៀមខ្លួន​វិល​ចូល​កម្ពុជា​វិញ​ជា​ថ្មី​ទៀត ដើម្បី​ចូលរួម​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង ទៅ​ទាមទារ​អំណាច​ពី​លោក ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ​វិញ។ អ្នកស្រី ថា ចាប់ពី​ថ្ងៃនេះ​ទៅ​ពួកគាត់​នៅ​ក្រៅ​ប្រទេស​នឹង​ធ្វើ​សកម្មភាព​នយោបាយ​ឱ្យ​បាន​ទ្វេដង ដោយសារ​របប​ដឹកនាំ​សព្វថ្ងៃ​ធ្វើ​ឱ្យ​ពួកគាត់​ឈឺចាប់​ម្ដង​ហើយ​ម្ដងទៀត ដូចជា​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង​ជាច្រើន​នាក់​ដាក់​ពន្ធនាគារ និង​មិន​ព្រម​ដោះលែង​ពួកគេ​ឱ្យ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​វិញ​។​អ្នកស្រី​យល់ថា ការ​ធ្វើ​បែបនេះ​ជា​ល្បិចកល​របស់​លោក ហ៊ុន សែន ដើម្បី​គំរាមកំហែង​ដល់​សកម្មជន​ដទៃ​កុំ​ឱ្យ​ហ៊ាន​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​របប​លោក។

រីឯ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​បន្ទាយមានជ័យ ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​លោក ឃ្លាំង ប៊ុនឡាយ ថ្លែង​ថា ទោះជា​របប​ក្រុងភ្នំពេញ​បាន​ដកហូត​លិខិតឆ្លងដែន​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​ក្ដី ក៏​លោក និង​សកម្មជន​គណបក្សប្រឆាំង​ដទៃ​ទៀត​នៅតែ​សាមគ្គី​គ្នា​រឹងមាំ ដើម្បី​ត្រៀមខ្លួន​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ​ដដែល។ លោក​បន្ត​ថា ពួក​លោក​មិន​ចាញ់ល្បិច​បោក​បញ្ឆោត​របស់​លោក ហ៊ុន សែន ដែល​បាន​ដោះលែង​អ្នក​ទោស​នយោបាយ​កន្លង​មក​ដោយសារ​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​នោះ​ឡើយ។

កាល​ពី​ពេល​ថ្មីៗ នេះ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ថ្លែងថា នៅ​កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ដូច​សកម្មជន​គណបក្ស​ប្រឆាំង​និយាយ​នោះ​ទេ​។ លោក​ថា អ្នក​ដែល​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ដោយសារ​ពួកគេ​ប្រព្រឹត្ត​ខុសច្បាប់ ព្រោះ​បានរួម​គំនិត​ជាមួយ​លោក សម រង្ស៊ី គ្រោង​ផ្ដួល​រំលំ​របប​លោក។

អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា របប​របស់​លោក មិន​ព្រួយបារម្ភ ចំពោះ​ចលនា​របស់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ លោក​ចោទ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ​ថា ជា​ក្រុម​អត់​មាន​ការងារ​ធ្វើ​ត្រឹមត្រូវ ហើយ​ការ​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ គឺ​ក្នុង​បំណង​ចង់បាន​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​៣។ «»

ទោះ​យ៉ាង​ណា​ក្តី សកម្មជន​ដែល​រត់​ភៀសខ្លួន​នៅ​ប្រទេស​ថៃ សុទ្ធតែ​អះអាង​ថា មូលហេតុ​ដែល​ពួកគាត់​បង្ខំ ចិត្ត​ភៀសខ្លួន​រស់នៅ​ក្រៅ​ប្រទេស ដោយសារតែ​របប​ក្រុងភ្នំពេញ​ប្លន់​តួនាទី​មុខ តំណែង​របស់​គាត់ និង​ធ្វើទុក្ខបុកម្នេញ​គ្រប់យ៉ាង មិន​ឱ្យ​ពួកគាត់​អនុវត្ត​សិទ្ធិ​នយោបាយ និង​សិទ្ធិ​បញ្ចេញមតិ​បានទេ​។ ពួកគាត់​បន្ត​ថា ការ​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស គឺ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​រក្សា​កម្លាំង​សម្រាប់​ចូលរួម​អម​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​ចូលរួម​គាំទ្រ​គណបក្ស​នយោបាយ ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់ ដែល​បាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក​កត់សំគាល់​ថា ថ្វីត្បិតតែ​ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​មួយ​ចំនួន​ដល់​លោក កឹម សុខា និង​ដោះលែង​សកម្មជន​គណបក្ស​ប្រឆាំង​ជាច្រើន​នាក់​ក្ដី ក៏​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មិនទាន់​ធូរស្រាល​នៅឡើយ ពីព្រោះ​ពួកគេ​មិន​ទាន់​មាន​សិទ្ធិ​ពេញលេញ​ធ្វើ​នយោបាយ​នៅ​ឡើយ។ «»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា សង្គម​ប្រជាធិបតេយ្យ​ដែល​ល្អ ត្រូវ​មាន​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ប្រហាក់ប្រហែល​គ្នា ដើម្បី​តាមដាន​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ឱ្យ​បំពេញ​ការងារ​មាន​ប្រសិទ្ធភាព និង​បាន​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​។ ផ្ទុយទៅវិញ​លោក​បញ្ជាក់​ថា ប្រទេស​ដែល​គ្រប់​ដោយ​របប​ឯក​បក្ស​នឹង​ធ្វើ​ឱ្យ​ប្រទេស​នោះ​អភិវឌ្ឍ​មាន​ចំណុច​ចន្លោះប្រហោង​ច្រើនជាង​សង្គម​ប្រជាធិបតេយ្យ។

សកម្មជន​គណបក្ស​ប្រឆាំង នៅតែ​ជឿជាក់​ថា លោក សម រង្ស៊ី និង​អាច​រក​ច្រក​ចូល​ទៅ​កម្ពុជា​បាន​នៅ​ចុង​ឆ្នាំ​២០១៩ នេះ ព្រោះ​ពេលនេះ លោក សម រង្ស៊ី កំពុង​តែ​ធ្វើ​ការ​ទូត​ជាមួយ​សហគមន៍​អន្តរជាតិ​ជា​ថ្មី​ទៀត ដើម្បី​ដាក់​សម្ពាធ​របប​ក្រុងភ្នំពេញ​ឱ្យ​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles