ដោយ អ៊ឹង ប៊ុនថន
09/12/2019
RFI

បណ្ឌិត៣រូបប្រកាសបង្កើតក្លឹបបណ្ឌិតលើកដំបូងដើម្បីរកឲ្យឃើញបណ្ឌិតពិតនិងបណ្ឌិតក្លែងក្លាយ (@Internet)
បណ្ឌិត៣រូបប្រកាសបង្កើតក្លឹបបណ្ឌិតនៅកម្ពុជាជាលើកដំបូងដើម្បីរកឲ្យឃើញថា នៅកម្ពុជាដែលមានប្រជាជនជាង១៦លាននាក់នេះមានបណ្ឌិតពិតប៉ុន្មាននាក់ និងអ្នកដែលតាំងខ្លួនជាបណ្ឌិត តែមិនបានរៀនសូត្រតាមលក្ខខណ្ឌរបស់ប្រព័ន្ធអប់រំនោះប៉ុន្មាននាក់។ ការប្រកាសបង្កើតក្លឹបបណ្ឌិតដោយបណ្ឌិត គីម ហ៊ាង និងបណ្ឌិតមួយចំនួនទៀតនេះ គឺបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីកង្វល់ចំពោះចំនួន បណ្ឌិតច្រើនហួសនៅកម្ពុជា តែគ្មានជំនាញ និងសមត្ថភាពគ្រប់គ្រាន់។
ក្លឹបបណ្ឌិតកម្ពុជា (Ph.D Club of Cambodia) នឹងបង្កើតឡើងនៅថ្ងៃទី០៦ មករា ២០២០ ដែលផ្តួចផ្តើមគំនិតដោយបណ្ឌិត គីម ហ៊ាង និងបណ្ឌិតពីររូបទៀតគឺបណ្ឌិត ភូ សម្បត្តិ និងបណ្ឌិត ទ្រី ចាន់ធុច។
បើតាមបណ្ឌិត គីម ហ៊ាង ការបង្កើតក្លឹបបណ្ឌិតនេះគឺចង់រកឲ្យឃើញថា ប្រទេសកម្ពុជា មានបណ្ឌិតពិតប្រាកដប៉ុន្មាននាក់ ដែលមានសញ្ញាបត្របរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត មាននិក្ខេបបទបញ្ចប់ការសិក្សា និងចេញពីសាកលវិទ្យាល័យ ដែលទទួលស្គាល់ដោយរដ្ឋ នៃប្រទេសដែលផ្តល់ឲ្យ។ ក្រៅពីនោះក៏ចង់ រកឲ្យឃើញដែរថា តើប្រទេសកម្ពុជាមានឥស្សរជន ថ្នាក់ដឹកនាំ អ្នកជំនួញណាខ្លះ ដែលបានទទូលសញ្ញាបត្របណ្ឌិតកិត្តិយស (Honorable Ph.D) ហើយមានបណ្ឌិតណាខ្លះដែលបានមកពីការរៀនតាមអនឡាញ Distance Learning។ ជាពិសេសទៀតនោះ ក្លឹបបណ្ឌិតនេះក៏ចង់រកឲ្យឃើញថា តើប្រទេសកម្ពុជាមានមនុស្សប៉ុន្មាននាក់ ដែលតាំងខ្លួនជាបណ្ឌិត តែខ្លួនឯងមិនមែនជាបណ្ឌិតពិត មិនមែនជាបណ្ឌិតកិត្តិយសពិត និងមិនមែនជាបណ្ឌិត បានមកពីការរៀនតាម Distance Learning ពិតប្រាកដ។
បណ្ឌិត គីម ហ៊ាង បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ការធ្វើបែបនេះដើម្បីការពារសេចក្តីថ្លៃថ្នូរ និងតម្លៃពិត របស់បណ្ឌិតពិត ដែលបានចំណាយពេលរាប់សិបឆ្នាំ ដើម្បីរៀនសូត្រ និងសិក្សាស្រាវជ្រាវ តាម Online = Long Distance Learning ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានបញ្ជាក់ថាលោកនឹងមិនចូលរួមជាមួយក្រុមនេះទេដោយសារមានការងារច្រើនដែលត្រូវធ្វើ។ ប៉ុន្តែលោកយល់ថាការបង្កើតក្លឹបបណ្ឌិតនេះគឺគ្រាន់តែជាការទាញការចាប់អារម្មណ៍មួយតែប៉ុណ្ណោះ ហើយថាវានៅតែពិបាកស្វែងរកឲ្យឃើញថាតើនណាជាបណ្ឌិតពិត និងនណាជាបណ្ឌិតក្លែងក្លាយ។
សូមរំឭកថា ក្នុងពិធីសម្ពោធ “អគារឥន្ទ្រទេវី” របស់រាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហាញពីការបារម្ភចំពោះការផ្តល់ងារជាបណ្ឌិតច្រើន តែអ្នកខ្លះមិនមានចំណេះដឹង និងសមត្ថភាពពិតប្រាកដ។
យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចារ បានបញ្ជាក់ថា ក្រសួងអប់រំកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅពីគុណអប់រំជាទូទៅ និងនិយាយដោយឡែកក៏មានការកែទម្រង់ខាងការអប់រំថ្នាក់បណ្ឌិតនេះផងដែរ៕