អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដាក់​ចេញ​យុទ្ធនាការ​ត្រួត​ពិនិត្យ​មើល ​ការ​ផ្ដល់​សេវា​សាធារណៈ នៅ​ថ្នាក់​ក្រោម​ជាតិ នៅ​ឆ្នាំ២០២០

ដោយ អាស៊ីសេរី
2019-12-09
RFA

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦ (RFA)


អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដាក់​ចេញ​យុទ្ធនាការ​ត្រួត​ពិនិត្យ​មើល​ការ​ផ្ដល់​សេវា​សាធារណៈ​ល្អ នៅ​ថ្នាក់​ក្រោម​ជាតិ សម្រាប់​គោល​ដៅ​សំខាន់​ៗ មួយ​ចំនួន នៅ​ឆ្នាំ​២០២០ ដើម្បី​អបអរ​ទិវា​ជាតិ និង​អន្តរជាតិ ប្រឆាំង​អំពើ​ពុក​រលួយ ឆ្នាំ​២០១៩​នេះ។ អ្នក​ឃ្លាំមើល​ថា បើ​មាន​តែ​គោលការណ៍ ហើយ​​គ្មាន​យន្តការ​អនុវត្ត នឹង​មិន​អាច​ធ្វើ​ឲ្យ អំពើ​ពុក​រលួយ ក្នុង​វិស័យ​​សេវា​សាធារណៈ ថ្នាក់​ក្រោម​ជាតិ មាន​ភាព​ប្រសើរ​ឡើយ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក​ ឱម យ៉ិន​ទៀង លើ​ឡើង​​ក្នុង​​សារ​លិខិត​អបអរ​ទិវា​ជាតិ​និង​អន្តជាតិ ប្រឆាំង​អំពើ​ពុក​រលួយ ៩ ធ្នូ ​ឆ្នាំ​២០១៩ ថា ការ​លើក​កម្ពស់​គុណ​ភាព និង​ប្រសិទ្ធិ​ភាព នៃ​សេវា​សាធារណៈ ដើម្បី​បង្កើន​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ​។ ប្រធាន​បទ​សម្រាប់​អបអរ​សាទរ​ទិវា​ជាតិ និង​អន្តរជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ឆ្នាំ​នេះ គឺ ​រួម​គ្នា​លើក​ស្ទួយ​ការ​ផ្ដល់​សេវា​សាធារណៈ​ល្អ។ ដើម្បី​ឲ្យ​ប្រធាន​បទ​នេះ មាន​ប្រសិទ្ធិ​​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​ដាក់​ចេញ​យុទ្ធនាការ​ត្រួត​ពិនិត្យ​ការងារ​ផ្ដល់​សេវា​សាធារណៈ ពេញ​១​ ឆ្នាំ ២០២០ នៅ​អង្គភាព​ផ្ដល់​សេវា​ថ្នាក់​ក្រោម​ជាតិ​តាម​គោលដៅ និង​លើក​វិធានការ​បន្ថែម​ទៀត។ យុទ្ធនាការ​​ត្រួត​ពិនិត្យ​លើ​ការ​ផ្ដល់​សេវា​សាធារណៈ​ល្អ ចាប់​ផ្ដើម​អនុវត្ត​​នៅ​តាម​​​សង្កាត់​ទាំង​៧ នៃ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

អាស៊ី​សេរី បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ ប្រធាន​អង្គភាព លោក ឱម យ៉ិនទៀង និង​អនុ​ប្រធាន លោក ឆាយ សាវុធ ច្រើន​ដង នៅ​ថ្ងៃ​ទី​០៩ ធ្នូ តែ​ពួក​លោក មិន​ទទួល​​ទូរស័ព្ទ។​​​

ប្រធាន​អង្គការ​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ពុក​រលួយ អ្នក​ស្រី ម៉ម ស៊ីថា យល់​ឃើញ​ថា ការ​ដាក់​ចេញ​គោលការណ៍​ត្រួត​ពិនិត្យ​មើល ​ការ​ផ្ដល់​សេវា​នៅ​ថ្នាក់​ក្រោម​ជាតិ ជា​រឿង​ល្អ។ ប៉ុន្តែ​ បើ​គ្មាន​យន្ត​ការ​​ ក្នុង​ការ​អនុវត្ត​ទេ នោះ​គោលការណ៍​​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ឆ្នាំ​នេះ ក៏​មិន​ខុស​ពី​គោលការណ៍​ ដែល​ធ្លាប់​ដាក់​ចេញ ហើយ​មិន​ទទួល​បាន​ប្រសិទ្ធិ​ដែរ។ អ្នកស្រី ម៉ម ស៊ីថា សង្កេត​ឃើញ​ថា ការ​ប្រឆាំង​អំពើ​ពុក​រលួយ​គ្មាន​ភាព​ប្រសើរ​ឡើយ ពី​មួយ​ឆ្នាំ​ទៅ​មួយ​​ឆ្នាំ។ អ្នកស្រី សោកស្ដាយ​ ចំពោះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​បាន​ប្រារព្ធ​ទិវា​ប្រឆាំង​អំពើ​ពុក​រលួយ​រាល់​ឆ្នាំ តែ​អំពើ​ពុក​រលួយ​នៅ​គ្រប់​វិស័យ គ្រប់​ថ្នាក់ គ្រប់​ច្រកល្ហក​ នៅ​តែ​មិន​បាន​ថយ​ចុះ ពិសេស​អំពើ​ពុក​រលួយ​លើ​ការ​អភិវឌ្ឍន៍ ការ​កិបកេង​ជាតិ​ អំពើ​ពុក​រលួយ​ឆ្លងដែន ពុក​រលួយ​ផ្នែក​នយោបាយ ផ្នែក​យុត្តិធម៌ និង​រដ្ឋបាល​សាធារណៈ​ជាដើម។

អ្នក​ឃ្លាំមើល​អំពើ​ពុក​រលួយ​​រូប​នេះ ពន្យល់​ថា អំពើ​ពុក​រលួយ​មិន​ចាំ​បាច់​តែ​ការ​ស៊ី​សំណូក​ទេ ការ​រក​ស៊ី​​ទុច្ចរិត និង​ការ​ប្រើប្រាស់​អំណាច​រំលោភ​ច្បាប់ គំរាម​កំហែង​ពលរដ្ឋ​ ដើម្បី​ទទួល​បាន​​ប្រយោជន៍ ក៏​ចាត់​ទុក​ជា​អំពើ​ពុក​រលួយ​ដែរ។ អ្នកស្រី ម៉ម ស៊ីថា សង្កេត​ឃើញ​ថា ពលរដ្ឋ​នៅ​​តែ​មាន​ភាព​ទន់​ខ្សោយ រង​ការ​ភ័យ​ខ្លាច​ពី​ឥទ្ធិពល​អំពើ​ពុក​រលួយ​ ហើយ​ការ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​បាន​យល់​ពី​បញ្ហា​ពុក​រលួយ ក៏​គ្មាន​ភាព​ទូលំ​ទូលាយ​ដែរ។ ចំណែក​សកម្មភាព​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​វិញ អ្នកស្រី សង្កេត​ឃើញ​ថា មាន​សកម្មភាព​សស្រាក់សស្រាំ តែ​គ្មាន​និយាម ​​គ្មាន​ស្តង់ដារ​ច្បាស់​លាស់ ​​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​ស្មើ​ភាព​គ្នា​ និង​មិន​ហ៊ាន​អនុវត្ត​ច្បាប់​លើ​អ្នក​មាន​អំណាច​ធំៗ៖ «ពាក់ព័ន្ធ​អា​ផល​ប្រយោជន៍​ទាំង​អស់​ហ្នឹង​ឯង គឺជា​ពុក​រលួយ​ហើយ កុំ​ចាំ​តែ​ស៊ី​ និង​សូក បាន​ហៅ​ពុក​រលួយ។ ទង្វើ​អសីលធម៌ រំលោភ​បំពាន​ច្បាប់ រំលោភ​សិទ្ធិ​មនុស្ស​ រំលោភ​ច្បាប់ រំលោភ​សីលធម៌​សង្គម នោះ​ហើយ ពុក​រលួយ»

ពលរដ្ឋ​ម្នាក់ ដែល​អះអាង​ថា ​​រង​គ្រោះ​បាត់​បង់​ដីធ្លី ដោយ​សារ​ អំពើ​ពុក​រលួយ ​​នៅ​តំបន់​បឹង​កក់​​​ គឺ​ លោក​ស្រី ផាន់ ឈុនរ៉េត និយាយ​ថា គ្រួសារ​លោកស្រី និង​ពលរដ្ឋ​តំបន់​បឹង​កក់​ ច្រើន​ទៀត បាន​រង​គ្រោះ​ដល់​សព្វ​ថ្ងៃ​ ដោយសារ​អំពើ​ពុក​រលួយ​ ​​ជា​ប្រព័ន្ធ ពី​គម្រោង​អភិវឌ្ឍន៍​បឹង​កក់។ លោកស្រី ​អះអាង​ថា ថ្វី​ត្បិត​តែ​តំបន់​បឹង​កក់ បាន​អភិវឌ្ឍន៍​ស្ទើរ​រួចរាល់​ទាំង​ស្រុង តែ​ស្នាម​ដិតដាម​ និង​ទុក្ខ​សោក​វេទនា នៃ​អំពើ ​ពុក​រលួយ​ឃុបឃិត​គ្នា បង្ខំ​ឲ្យ​ពលរដ្ឋ​ទទួល​យក​សំណង​មិន​សមរម្យ មិន​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​បឹង​កក់​ បំភ្លេច​អំពើ​ពុក​រលួយ​នេះ បាន​ទេ។ លោកស្រី ថា អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​បឹង​កក់​ នឹង​បន្ត​ការ​​តវ៉ា​ទាមទារ​បន្ត​ទៀត ដើម្បី​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​កាល​នោះ ហើយ​ទាមទារ​យក​សំណង​​សមរម្យ៖ «ខ្ញុំ​យល់​ថា អ៊ីចឹង ហើយ​ប្រជាពលរដ្ឋ​​រងគ្រោះ​វេទនា​ចង់​ងាប់​ហើយ គាត់​អត់​ខ្វល់​ហ្នឹង។ ពួក​ខ្ញុំ​ធ្លាប់​មាន​ផ្ទះ ហើយ​ឥឡូវ​មក​ស្នាក់​នៅ​ជាមួយ​កូន​ហ្នឹង អ៊ីចឹង​បាន​ន័យ​ថា ខ្ញុំ​ទុក្ខ​សោក​វេទនា ព្រោះ​អំពើ​ពុក​រលួយ​នេះ​ឯង»

អង្គការ​តម្លាភាព​ពិភពលោក (Transparency International) បាន​ដាក់​ចំណាត់ថ្នាក់​កម្ពុជា ​នៅ​បាត​តារាង​ សម្រាប់​ឆ្នាំ​២០១៨ គឺ​ជាប់​លេខ​ទី​១៦១ ក្នុងចំណោម​ប្រទេស​ចំនួន​១៨០​ នៅ​លើ​ពិភពលោក ដែល​មាន​អំពើពុករលួយ​អាក្រក់​ខ្លាំង​។ អង្គការ​អន្តរជាតិ​មួយ​នេះ រក​ឃើញ​ អំពើពុករលួយ​នៅ​កម្ពុជា​ បណ្ដាល​ មក​ពី​ប្រព័ន្ធ​ច្បាប់​ មាន​ភាព​ទន់ខ្សោយ ខ្វះ​តម្លាភាព​ព័ត៌មាន​អំពី​ការ​ចំណូល​ចំណាយ​ថវិកាជាតិ ខ្វះ​តម្លាភាព​នៃ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ មានការ​រឹត​ត្បិត​សេរីភាព​សារព័ត៌មាន និង​ការ​ធ្វើទុក្ខបុកម្នេញ​ ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាដើម។

យោង​តាម​អង្គការ​អន្តរជាតិ​មួយ​នេះ ចំណាត់​ថ្នាក់​​​អំពើ​ពុក​រលួយ​ សម្រាប់​ឆ្នាំ​២០១៨ គឺ​ កម្ពុជា​ មាន​ពិន្ទុ​អន់​ជាង​បណ្ដា​ប្រទេស​ទាំងឡាយ​ ក្នុង​តំបន់​អាស៊ាន​សម្រាប់​រយៈ​ពេល​បី​ឆ្នាំ​ជាប់ៗ​គ្នា​មក​ហើយ គឺ​​មាន​អំពើ​ពុក​រលួយ​ខ្លាំង ​ជាង​ប្រទេស​​មីយ៉ាន់ម៉ា ​ភូមា ​ប្រទេស​ឡាវ និង វៀតណាម​ ទៅទៀត។ ប៉ុន្តែ​​របប​ក្រុង​ភ្នំពេញ ​បាន​ស្ដី​បន្ទោស​ថា ​របាយការណ៍​​ស្ដីពី​កម្ពុជា​មិន​​ល្អ គឺ​បង្កើត​ឡើង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​នយោបាយ​គណបក្ស​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដាក់​ចេញ​យុទ្ធនាការ​ត្រួត​ពិនិត្យ​មើល ​ការ​ផ្ដល់​សេវា​សាធារណៈ នៅ​ថ្នាក់​ក្រោម​ជាតិ នៅ​ឆ្នាំ២០២០"

  1. Anonymous says:

    every one are so surprising about KAMPOUCHEA ..ANI CORRUPTION UNIT caught two person in HUN SEN ‘s regime. congratulation OUM YIN TEING you are working really good the US only can fine some poor HUN SEN’s officers and they did not put HUN SEN in this cases yet because HUN SEN is so poor. I knew this country will not be that long some kind of revolution may happen any time. because the gab between the rich and the poor is so fare a part. the poor is getting poorer from the rich trying to stilling their a little property they have . the rich is trying to get richer and the leader is trying to own the whole country every thing is a mass no one can turn this nation to any kind of peace . at last this poor nation is over the land will chop up the people will be escape all over the world . this what I see if this HUN SEN leadership still in powers . one more term KAMPOUCHEA will end please remember my word.