អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ស្នើ​ឱ្យ​របប​ក្រុង​ភ្នំពេញ​កែប្រែ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

ដោយ អាស៊ីសេរី
2019-12-11
អាស៊ីសេរី

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)។

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)។ រូបថត៖ ហ្វេសប៊ុក លោក ណុប វី


អង្គការសិទ្ធិមនុស្សអន្តរជាតិ ស្នើរបបក្រុងភ្នំពេញកែប្រែសេចក្តីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មាន


អង្គការ​ផ្នែក​​សិទ្ធិមនុស្ស​​អន្តរជាតិ​​អំពាវនាវ​ដល់​របប​ក្រុង​ភ្នំពេញ​​ កែប្រែ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​​សិទ្ធិ​ទទួល​​បាន​ព័ត៌មាន​​ ដើម្បី​​ឱ្យ​​​ស្រប​ទៅ​នឹង​បទដ្ឋាន​​អន្តរជាតិ​ទាក់ទង​នឹង​សិទ្ធិ​ទទួល​​បាន​​ព័ត៌មាន។ ក្រសួង​ព័ត៌មាន​អះអាង​ថា សេចក្ដីព្រាង​ច្បាប់​នេះ​មាន​ការ​ចូល​រួម​ផ្ដល់​យោបល់​ពី​អង្គការ​សង្គម​ស៊ីវិល​ និង​​អង្គការ​អន្តរជាតិ​ធំៗ មួយ​ចំនួន​ហើយ ដូច្នេះ​នឹង​មិន​មែន​ការ​កែ​ប្រែ​ទៀត​នោះ​ឡើយ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ (Human Rights Watch) និង​អង្គការ​មាត្រា១៩ (Article 19) ពិនិត្យ​ឃើញ​ថា សេចក្ដី​ព្រាង​ច្បាប់​ស្តី​​ពី​​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​​ដែល​របប​ក្រុ​ង​ភ្នំពេញ​បាន​ប្រើ​ពេល​វេលា​ដ៏​យូរ​​ក្នុង​ការ​ជជែក​ពិភាក្សា​នោះ នៅ​​មាន​ចំណុច​ខ្វះខាត​ជាច្រើន ក្នុង​នោះ​រួមមាន និយម​ន័យ​ដ៏​តូច​ចង្អៀត​នៃ​ប្រភេទ​ព័ត៌មាន​ និង​ស្ថាប័ន​ព័ត៌មាន​ ដែល​ច្បាប់​នេះ​ត្រូវ​គ្រប​ដណ្ដប់ ព្រម​ទាំង​មិន​មាន​ការ​បង្កើត​យន្ត​ការ​ត្រួតពិនិត្យ​​ឱ្យ​មាន​ប្រសិទ្ធភាព​​ជាដើម។ អង្គការ​ទាំងពីរ​​ថ្លែង​ទៀត​ថា ចន្លោះ​ប្រហោង​ទាំងនេះ​ប្រាស​ចាក​​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ​​ស្ដីពី​សិទ្ធិ​ទទួល​​ព័ត៌មាន ហើយ​និង​​កាតព្វកិច្ច​របស់​កម្ពុជា​ក្នុង​ច្បាប់​​សិទ្ធិមនុស្ស​អន្តរជាតិ ព្រម​​ទាំង​អាច​ធ្វើ​ឱ្យ​​ខូច​ដល់​អំណាច​នៃ​ច្បាប់​ផង​ដែរ។

ប្រធាន​​ផ្នែក​​កម្មវិធី​​តំបន់​អាស៊ី​នៃ​អង្គការ​មាត្រា១៩ លោក ម៉ាធ្យូ ប៊ូហ្គឺរ (Matthew Bugher) ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​ជាមួយ​អង្គការ​ Human Rights Watch នៅ​​ថ្ងៃទី១១ ធ្នូ​ថា ការ​ប្តេជ្ញាចិត្ត​​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ច្បាប់​ស្តពី​​សិទ្ធិ​ទទួល​បាន​ព័ត៌មាន គឺ​ជា​ជំហាន​ក្នុង​​ទិសដៅ​ដ៏​ត្រឹម​​ត្រូវ។ លោ​ក​​ថា ច្បាប់​ដែល​​រឹងមាំ​នឹង​ជួយ​បើក​​ផ្លូវ​សម្រាប់​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​​រលួយ លើក​កម្ពស់​ការ​ទទួល​​ខុស​ត្រូវ និង​ជំរុញ​​ឱ្យ​មាន​ការ​ចូល​រួម​ពី​សាធារណ​​ជន​​ក្នុង​​ដំណើរ​ការ​សម្រេច​ចិត្ត​​ជា​ផ្លូវ​ការ​ណាមួយ។ ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​​បាន​ដាក់​បញ្ចូល​អនុសាសន៍​ល្អៗ ជា​ច្រើន​ទៅ​ក្នុង​សេចក្ដីព្រាង​ច្បាប់​​នេះ​នៅ​ឡើយ​ទេ ទោះជា​បាន​ប្រើ​​ពេល​ដ៏​យូរ​ក្នុ​ង​ដំណើរ​ការ​ប្រឹក្សា​យោបល់​បែប​ណា​ក្តី។ ​​

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ អះអាង​ថា សេចក្ដីព្រាង​ច្បាប់​នេះ​មាន​ការ​ចូល​រួម​មតិយោបល់​ពី​​គ្រប់​សមាសភាព ដូច​ជា ក្រសួង​ព័ត៌មាន ​​អង្គការ​យូណេស្កូ (UNESCO) អង្គការ​សង្គម​ស៊ីវិល​ ​ និង​អ្នក​ជំនាញ​សារព័ត៌មាន។ លោក​​បញ្ជាក់​ថា សេចក្ដីព្រាង​ច្បាប់​នេះ​បាន​ឆ្លងផុត​ដំណាក់​កាល​ពិភាក្សា​អន្តរក្រសួង​រួចហើយ នៅ​តែ​ការ​ពិភាក្សា​បន្ថែម​ជាមួយ​ក្រសួង​យុត្តិធម៌​ប៉ុណ្ណោះ មុន​នឹង​បញ្ជូន​ទៅ​គណៈរដ្ឋ​មន្ត្រី​ដើម្បី​​ប្រជុំ​អនុម័ត។ លោក​ថា ក្រសួង​​នឹង​មិន​កែ​ប្រែ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទៀត​​នោះ​ទេ៖ «»

ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មាន​ គឺជា​ច្បាប់​ដ៏​សំខាន់​មួយ​ដែល​អង្គការ​សង្គម​ស៊ីវិល ស្ថាប័ន​​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​ ​ទន្ទឹង​រង់​ចាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ ច្បាប់​នេះ​មាន​សារៈសំខាន់​ដោយ​សារ​តែ​វា​​ធានា​ឱ្យ​សាធារណជន​គ្រប់​រូប​នូវ​សិទ្ធិ និង​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ ដែល​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ផ្ដល់​ឱ្យ។ ច្បាប់​នេះ​ចែង​ពី​ភារកិច្ច​ដែល​ស្ថាប័ន​សាធារណៈ​នានា​ត្រូវ​ផ្ដល់​ និង​ធ្វើការ​ផ្សព្វ​ផ្សាយ​​​ព័ត៌មាន​​ជា​សាធារណៈ​ ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស។

ទោះជាយ៉ាងណា នាយក​​រង​ទទួល​បន្ទុក​​កិច្ច​ការ​​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​​អន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែង​ថា អង្គការ​យូណេស្កូ (UNESCO) រដ្ឋាភិបាល​បរទេស និង​​ម្ចាស់​ជំនួយ​ទាំងអស់ ត្រូវ​តែ​ទាម​ទារ​ឱ្យ​របប​លោក ហ៊ុន សែន កែ​លម្អ​សេចក្ដី​​ព្រាង​ច្បាប់​នេះ​​ឡើង​វិញ ពីព្រោះ​ច្បាប់​នេះ​នៅ​មាន​ចំណុច​ខ្វះ​​ខាត​ជាច្រើន។

អង្គការ​ Human Rights Watch លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា របប​ក្រុ​ង​ភ្នំពេញ​បាន​​គាប​សង្កត់​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​​បញ្ចេញ​មតិ នៅមុន​ការ​បោះឆ្នោត​ឆ្នាំ២០១៨  ។ អាជ្ញាធរ​បាន​ចាប់​ខ្លួន ចោទប្រកាន់ និង​យាយី​​​ក្រុម​សកម្មជន អ្នក​​សារព័ត៌មាន និង​អ្នក​​ការពារ​សិទ្ធិមនុស្ស ក្នុង​ការ​ប៉ុនប៉ង​បំបិទ​ចោល​សំឡេង​រិះគន់ និង​សំឡេង​ឯករាជ្យ​នៅ​កម្ពុជា។ ចំណាត់​ការ​ផ្នែក​​រដ្ឋបាល​​ និង​​ផ្លូវ​ច្បាប់​តាម​ទំនើង​ចិត្ត​​ទាំងអស់​នេះ បាន​នាំ​ទៅ​រក​​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បិទ​អង្គការ​សង្គម​ស៊ីវិល និង​​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​អស់​ជាច្រើន។ ជាង​នេះ​ទៅទៀត របប​ក្រុង​ភ្នំពេញ​បាន​​កែ​ប្រែ​ច្បាប់​​មួយ​​ចំនួន និង​បង្កើត​ច្បាប់​បែប​គាប​សង្កត់​ជាច្រើន ដែល​រឹតត្បិត​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​​មតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles