ដោយ សុជីវី
2019-12-27
អាស៊ីសេរី

កូនផ្សោតមានអាយុទើបតែ ១១ថ្ងៃ ត្រូវបានគេប្រទះឃើញងាប់អណ្ដែតលើទឹកចម្ងាយ ៧គីឡូម៉ែត្រ ពីអន្លង់ផ្សោតកាំពី ភាគខាងជើងទីរួមខេត្តក្រចេះ ដោយសារជាប់មងអ្នកនេសាទ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។

រូប៖ សហគមន៍អភិរក្សសត្វផ្សោត
មន្ត្រីអង្គការសង្គមស៊ីវិល និង សហគមន៍អភិរក្សផ្សោតព្រែកកាំពី ខេត្តក្រចេះ អំពាវនាវដល់អាជ្ញាធរឱ្យពង្រឹងការអនុវត្តច្បាប់នេសាទឱ្យគ្រប់ជ្រុងជ្រោយ និងម៉ឺងម៉ាត់ ជាពិសេសត្រូវលុបបំបាត់អំពើពុករលួយ ដើម្បីសង្គ្រោះសត្វផ្សោត និងមច្ឆាជាតិក្នុងអាងទន្លេមេគង្គ។ ការអំពាវនាវនេះ ធ្វើឡើងជាថ្មី គឺបន្ទាប់ពីកូនផ្សោតមួយក្បាលទៀត ងាប់ដោយសារជាប់មងអ្នកនេសាទ។
សហគមន៍អភិរក្សផ្សោតព្រែកកាំពី រស់នៅឃុំសំបុក ស្រុកចិត្របុរី និងមន្ត្រីសង្គមស៊ីវិលមានកង្វល់ជាថ្មីទៀត ពីជោគវាសនាសត្វផ្សោតក្នុងទន្លេមេគង្គខេត្តក្រចេះ និងត្រីកម្រក្នុងតំបន់ កំពុងប្រឈមការបាត់បង់អស់ជាបន្តបន្ទាប់ដោយសារ ការនេសាទខុសច្បាប់ អំពើពុករលួយ និងខ្វះកិច្ចសហការបង្ក្រាបបទល្មើសនេសាទជាដើម។
កាលពីថ្ងៃទី២២ ខែធ្នូកន្លងទៅ កូនផ្សោតមានអាយុទើបតែ ១១ថ្ងៃ ត្រូវបានប្រទះឃើញងាប់អណ្ដែតលើទឹកចម្ងាយ ៧គីឡូម៉ែត្រ ពីអន្លង់ផ្សោតកាំពី ភាគខាងជើងទីរួមខេត្តក្រចេះ។ មន្ត្រីជំនាញអះអាងថា មូលហេតុងាប់កូនផ្សោតនេះ ដោយសារជាប់មងអ្នកនេសាទ។
អង្កការមូលនិធិសាកលសម្រាប់អភិរក្សធនធានធម្មជាតិ ហៅកាត់ថា WWF បានបង្ហោះសារក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា ការបណ្ដែតមង ក្នុងតំបន់ផ្សោតរស់នៅ និងឆ្លងកាត់ គឺជាការគំរាមកំហែងធ្ងន់ធ្ងរ ដល់ជីវិតសត្វផ្សោតក្នុងអាងទន្លេមេគង្គ។ អង្គការនេះ ស្នើឱ្យឆ្មាំទន្លេ អាជ្ញាធរពាក់ព័ន្ធខេត្តក្រចេះ និងស្ទឹងត្រែង សហការគ្នាតាមដាន និងបង្ក្រាបសកម្មភាពនេសាទខុសច្បាប់គ្រប់ប្រភេទ ជាពិសេស ត្រូវបង្ក្រាបការពង្រាយមង ក្នុងតំបន់ការពារសត្វផ្សោតក្នុងអាងទន្លេមេគង្គ។
សហគមន៍អភិរក្សផ្សោតព្រែកកាំពីរ ថ្លែងសុំលាក់ឈ្មោះ ឱ្យដឹងនៅថ្ងៃទី២៧ ធ្នូថា សកម្មភាពឆក់ត្រី និងការពង្រាយមងខុសច្បាប់ ក្នុងអន្លង់អភិរក្ស និងតំបន់ ដែលផ្សោតឆ្លងកាត់ នៅតែកើតមានច្រើន ក្នុងអាងទន្លេមេគង្គខេត្តក្រចេះ ហើយបង្កគ្រោះថ្នាក់ខ្លាំងដល់សត្វផ្សោត និងត្រីមេពូជ។ លោកថា មន្ត្រីពាក់ព័ន្ធមិនបានសហការល្អទប់ស្កាត់បទល្មើសនេសាទនោះទេ ហើយអំពើពុករលួយ រឿងបទល្មើសនេសាទនៅតែកើតមានឡើងដដែលៗ គ្មានការលុបបំបាត់។ លោកថា ក្នុងឆ្នាំ២០១៩ នេះ សត្វផ្សោតយ៉ាងហោចណាស់ ៣ក្បាលងាប់ ដោយសារសកម្មភាពនេសាទខុសច្បាប់៖ «ឥឡូវនេះនៅតែឆក់ហ្នឹង នៅតែឆក់ ត្រីរកបានហ្នឹងមិនមែនត្រីអីទេ? គឺត្រីឆក់ ដែលរកបាន ដាក់លក់កន្លែងកាំពី។ នៅតែធូររលុង ចេះតែរបេះរបោចកូនផ្សោតកើត ហើយងាប់ ថ្ងៃមុនងាប់មួយទៀតជាង ១០គីឡូក្រាម»។
អាស៊ីសេរីបានព្យាយាមទាក់ទងអនុប្រធានរដ្ឋបាលជលផលខេត្តក្រចេះ និងជាប្រធានឆ្មាំទន្លេ លោក ម៉ុក ពន្លក ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរសព្ទហៅចូលគ្មានអ្នកទទួល នៅថ្ងៃទី២៧ ធ្នូ។
ចំណែកមេឃុំសំបុក លោក ទុយ សុវណ្ណា ក៏មិនលើកទូរសព្ទដែរនៅថ្ងៃដដែលនេះ។
តែយ៉ាងណា លោក ម៉ុក ពន្លក ធ្លាប់ប្រាប់អាស៊ីសេរីថា ឆ្មាំអភិរក្ស ប្រជាការពារភូមិ និងសមត្ថកិច្ចបានសហការគ្នាយ៉ាងល្អ ចុះល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីពង្រឹងការអនុវត្តច្បាប់នេសាទ។ លោកបញ្ជាក់ថា មន្ត្រីជំនាញនឹងមិនយោគយល់ជាដាច់ខាត ចំពោះជនណា ដែលប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់៖ «នៅមានអ្នកមិនយល់ពីសារសំខាន់ ទាក់ទិនតម្លៃសារប្រយោជន៍របស់ផ្សោតហ្នឹង គាត់នៅតែលួចលាក់ធ្វើនេសាទ ដាក់មងតាមអន្លង់។ បើទោះបីជាបច្ចុប្បន្នយើងចុះទៅដាក់យុថ្កា បោះកាវ ដើម្បីរាវរកមង ក្រែងលោគាត់បង្កប់យ៉ាងណា បើយើងប្រហែសបន្តិច ក៏យើងនឹងជួបការលួចលាក់ហ្នឹងបន្តទៀតដែរ។ ដូច្នេះមិនអាចអនុគ្រោះ និងមិនអាចយោគយល់បានទេ»។
កាលពីដើមខែវិច្ឆិកាកន្លងទៅ សត្វផ្សោតញីមួយក្បាលបានស្លាប់នៅអន្លង់ព្រះសង្ឃ ក្នុងទន្លេមេគង្គខេត្តក្រចេះ ដោយសារជាប់មងអ្នកនេសាទ ហើយកាលពីចុងខែមិថុនា ឆ្នាំ២០១៨ សត្វផ្សោតឈ្មោលមួយក្បាលទៀត ទម្ងន់ប្រមាណ ៩២គីឡូក្រាម ក៏បានងាប់នៅតំបន់អន្លង់កាំពីក្នុងខេត្តក្រចេះ ដោយសារជាប់មងអ្នកនេសាទដូចគ្នានេះដែរ។
នាយប្រតិបត្តិអង្គការបណ្ដាញការពារទន្លេបី លោក លាង ប៊ុនលាភ សង្កេតឃើញថា ផ្សោតងាប់ដោយសារជាប់មងអ្នកនេសាទ ជារឿងនៅមានដដែលៗ កើតមានជាច្រើនករណីមក ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកថា អន្លង់អភិរក្សផ្សោត គឺជាតំបន់អភិរក្សស្នូល មិនអនុញ្ញាតឱ្យធ្វើនេសាទគ្រប់ប្រភេទ ហើយបើមានបុគ្គលណាធ្វើនេសាទនៅតំបន់នោះ គឺជាទង្វើល្មើសច្បាប់។ លោកផ្ដល់ទស្សនថា សហគមន៍នេសាទ ឆ្មាំអភិរក្ស និងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងកិច្ចសហការគ្នា ទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ និងត្រូវអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីអត្ថប្រយោជន៍សត្វផ្សោត និងត្រីមេពូជ៖ «សហគមន៍គាត់ខំការពារហូរហែទៅ តែបែរជាកន្លែងខ្លះមួយចំនួនអាជ្ញាធរស៊ុមគ្រលុំជាមួយជនខិលខូច។ បើកឱកាសឱ្យជនខិលដូចទៅប្រព្រឹត្តបទល្មើស ធ្វើឱ្យកិច្ចសហប្រតិបត្តិការមិនបានធ្វើដំណើរទៅល្អ ដែលជាហេតុធ្វើឱ្យជនល្មើសមានឱកាសបំផ្លិចបំផ្លាញហ្នឹង កាន់តែកើនឡើង»។
មកទល់ពេលនេះ ទន្លេមេគង្គខេត្តក្រចេះ មានសត្វផ្សោតរស់នៅ ចន្លោះពី ៥៥ ទៅ ៦០ក្បាល។ សត្វផ្សោតទាំងអស់នោះ កំពុងតែរស់នៅក្នុងអន្លង់អភិរក្ស ៥ទីតាំងផ្សេងគ្នា រួមមាន អន្លង់ខ្សាច់ម្កាក់ អន្លង់កោះដំបង អន្លង់កោះផ្ដៅ អន្លង់កន្ទុយកោះរងាវ និងអន្លង់ផ្សោតកាំពីក្នុងអាងទន្លេមេគង្គ៕

(កូនផ្សោតមានអាយុទើបតែ ១១ថ្ងៃ ត្រូវបានគេប្រទះឃើញងាប់អណ្ដែតលើទឹកចម្ងាយ ៧គីឡូម៉ែត្រ ពីអន្លង់ផ្សោតកាំពី ភាគខាងជើងទីរួមខេត្តក្រចេះ ដោយសារជាប់មងអ្នកនេសាទ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។ រូប៖ អង្គការ WWF)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរខេត្តកោះកុង មិនបង្ហាញតម្លាភាព ក្នុងការកាយដីចេញពីឆ្នេរសមុទ្រ នៅក្រុងខេមរភូមិន្ទ
- សមត្ថកិច្ចខេត្តកំពង់ស្ពឺ ចាប់ និងបិទសិប្បកម្មកែច្នៃឈើខុសច្បាប់ ៥ទីតាំង នៅជាប់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
- សហគមន៍ថា ព្រៃព្រះរកាគឺជាទីផ្សារកាប់ឈើ របស់អ្នករកស៊ីឈើខុសច្បាប់
- ពិធីបំបួសដើមឈើរបស់ព្រះសង្ឃ និងយុវជនចលនាមាតាធម្មជាតិបានបញ្ចប់ទោះអាជ្ញាធរខេត្តព្រះសីហនុ រារាំង
- សង្គមស៊ីវិល និងពលរដ្ឋថា ស្ទើររាល់យប់ មានគោយន្តដឹកឈើយ៉ាងតិច ៣០គ្រឿង ចេញពីដែនជម្រកសត្វព្រៃជួរភ្នំក្រវាញកណ្ដាល
- យុវជនអង្គការមាតាធម្មជាតិនឹងស្លៀកពាក់សំលៀកបំពាក់ពណ៌ស ធ្វើយុទ្ធនាការបំបួសដើមឈើនៅខេត្តព្រះសីហនុ
- យុវជនអង្គការមាតាធម្មជាតិ និងព្រះសង្ឃ គ្រោងបំបួសដើមឈើសល់ពីសម័យសម្ដេច សីហនុ នៅខេត្តព្រះសីហនុ
- សកម្មជនព្រៃឡង់ និងសកម្មជនបរិស្ថាន ប្រតិកម្មការលើកឡើងតំណាងក្រុមហ៊ុន ស៊ីង បាយអូថេក ថា មិនកាប់បំផ្លាញព្រៃឡង់
- ក្រុមយុវជនចុះល្បាតព្រៃព្រះរកានៅថ្ងៃទី៣ ធ្នូ ក្រោយជិះកង់ដល់គោលដៅ
- សហគមន៍ព្រៃឡង់ថា ក្រុមហ៊ុន ស៊ីង បាយអូថេក ចាប់ផ្ដើមធ្វើអាជីវកម្មឈើកក្រើកឡើងវិញ