មន្ត្រី​សង្គម​ស៊ីវិល​រំឭក​ការ​ឈឺចាប់​ដែល​ត្រូវ​អាជ្ញាធរ​វាយ​ដំ និង​​ចាប់​ដាក់​គុក​ដោយ​​អយុត្តិធម៌​រឿង​ហិង្សា​នៅ​ផ្លូវ វេង ស្រេង

ដោយ វ៉ែន សុមេធ
2020-01-02
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក វន់ ពៅ ពេល​ចូល​រួម​ធ្វើ​ពិធី​បង្សុកូល​គម្រប់​ខួប​១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​នៅ​ផ្លូវ​វ៉េងស្រេង លើក​បង្ហាញ​អាវ​ដែល​មាន​ស្នាម​ឈាម នៅ​ពេល​ដែល​សមត្ថកិច្ច​វាយ​រូប​លោក។

លោក វន់ ពៅ ពេល​ចូល​រួម​ធ្វើ​ពិធី​បង្សុកូល​គម្រប់​ខួប​១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​នៅ​ផ្លូវ​វ៉េងស្រេង លើក​បង្ហាញ​អាវ​ដែល​មាន​ស្នាម​ឈាម នៅ​ពេល​ដែល​សមត្ថកិច្ច​វាយ​រូប​លោក។ RFA


មន្ត្រី​សង្គម​​ស៊ីវិល​មួយ​ចំនួន​​រំឭក​ការ​ឈឺ​ចាប់ ដែល​ត្រូវ​កងកម្លាំង​​រដ្ឋាភិបាល​លោក ហ៊ុន សែន វាយ​ដំ និង​ចាប់​ពួក​គាត់​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌ នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​បង្ហូរ​ឈាម​នៅ​ផ្លូវ វេង ស្រេង និង​ក្បែរ​រោងចក្រ​ យ៉ាក់ ជីន កាល​ពី​ដើម​​ឆ្នាំ២០១៤ កន្លងទៅ។ មន្ត្រី​សង្គម​ស៊ីវិល​ទាំង​នោះ អំពាវនាវ​ឱ្យ​​អាជ្ញាធរ​បញ្ឈប់​ទង្វើ​វាយ​បង្ក្រាប​ដោយ​ហិង្សា​បែប​នេះ​ត​ទៅ​ទៀត។

សង្គម​ស៊ីវិល​ទាម​ទារ​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ ក្នុង​ខួប​៦ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់


អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​ត្រូវ​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​​ព្រួត​វាយ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​ក្នុង​​ព្រឹត្តិការណ៍​បង្ក្រាប​នៅ​​​ផ្លូវ វេង ស្រេង និង​ក្បែរ​រោងចក្រ យ៉ាក ជីន (Yak Jin) កាល​​ពី ៦ឆ្នាំមុន​​នោះ អះអាង​ថា ពួក​គាត់​​គ្មាន​​ថ្ងៃ​បំភ្លេច​បាន​នូវ​ហេតុការណ៍​​ដ៏​ឃោរឃៅ អមនុស្សធម៌ និង​​អយុត្តិធម៌​នោះ​បា​ន​ឡើយ។

ស្ថិត​ក្នុង​ចំណោម​​ជន​រង​គ្រោះ​ដទៃ​ទៀត ប្រធាន​​សមាគម​​សម្ព័ន្ធ​សហគមន៍​​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន ថ្លែង​ថា ឱ្យ​តែ​ដល់​ថ្ងៃទី០២ និង​ទី០៣ មករា លោក​​តែង​មាន​អារម្មណ៍​ឈឺចាប់ និង​នឹកឃើញ​ជា​និច្ច​​នូវ​សកម្មភាព​​ដែល​អាជ្ញាធរ​បាន​ប្រើ​ហិង្សា​វាយ​ដំ​​លោក​​ឱ្យ​​រង​របួស​​ក្បាល​​ធ្ងន់ធ្ងរ។ លោក​​បញ្ជាក់​ថា ប៉ុន្មាន​ឆ្នាំ​មក​នេះ ថ្វី​​ដ្បិត​តែ​មុខ​​របួស​របស់​លោក​​បាន​​ជាសះស្បើយ​មែន ក៏​ជានិច្ច​កាល​លោក​​នៅ​តែ​មាន​អារម្មណ៍​ឈឺ​ក្បាល​ដោយសារ​តែ​របួស​នោះ​ដដែល។ លោក​ថា ទង្វើ​​បង្ក្រាប​ដោយ​​ហិង្សា​របស់​​អាជ្ញាធរ​នោះ បាន​បន្សល់​ទុក​នូវ​ការ​ឈឺ​ចាប់​សម្រាប់​រូបលោក និង​​មនុស្ស​ជាតិ​​ដទៃ​ទៀត ដែល​ស្រឡាញ់​សិទ្ធ​​សេរីភាព និង​​សន្តិភាព។

ទោះ​ជា​យ៉ាង​ណា លោក​ ថេង សាវឿន បញ្ជាក់​ថា ហេតុការណ៍​ហិង្សា​​នៅ​គ្រា​នោះ​ក៏​​បាន​ក្លាយ​​ជា​កត្តា​ជំរុញ​ទឹក​​ចិត្ត​​ឱ្យ​លោក​​ប្រឹង​ប្រែង​បន្ថែម​ទៀត​ក្នុង​ការ​ងារ​ការពារ​សិទ្ធិ​មនុស្ស​ផង​ដែរ៖ «ទាំង​ប្រជាពលរដ្ឋ​ ទាំង​មនុស្ស​ជាតិ​ផ្សេងៗ​ គឺ​គាត់​មិន​ចង់​បាន​ដំណើរការ​នៃ​ការ​ដោះស្រាយ​​បែប​ហិង្សា​បែប​ព្រៃផ្សៃ​ណា​មួយ​ឡើយ។ គាត់​ចង់​ឱ្យ​មាន​​ការ​ដោះស្រាយ​បញ្ហា​ដោយ​ឈរ​លើ​គោលការណ៍​​សន្តិវិធី ដោយ​មាន​​ការ​ជជែក​គ្នា។ មួយ​ទៀត យើង​ចង់​ឱ្យ​មាន​យន្តការ​ច្បាប់​មួយ​ដែល​ផ្ដល់​ភាព​​យុត្តិធម៌​ពិត​ប្រាកដ​សម្រាប់​អ្នក​​ផ្សេងៗ​ ទាំង​អ្នក​​ទន់​ខ្សោយ ទាំង​គ្រប់​មនុស្ស​​ដែល​​រស់​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ មិន​​មែន​យុត្តិធម៌​មាន​​ស្តង់ដារ​ពីរ​សម្រាប់​អ្នក​​ដែល​ប្រព្រឹត្ត​នូវ​អំពើ​ហិង្សា​លើ​ជន​រង​គ្រោះ​បែរ​ជា​រួច​ខ្លួន ហើយ​ជន​រងគ្រោះ​បែរជា​ទទួល​នូវ​ភាព​​អយុត្តិធម៌​នៃ​ការ​ផ្ដន្ទាទោស​ តួយ៉ាង​ដូច​ជា​រូប​ខ្ញុំ​​ជា​ដើម»

កាល​ពី​ថ្ងៃទី២ និង​ទី៣ ខែ​មករា ឆ្នាំ២០១៤ សមត្ថកិច្ច​​ចម្រុះ​របស់​រដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​បោសសម្អាត​​បាតុកម្ម​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល​​១៦០ ដុល្លារ​របស់​​កម្មករ នៅ​ក្បែរ​រោងចក្រ យ៉ាក់ ជីន និង​លើ​កំណាត់​ផ្លូវ វេង ស្រេង។ កង​កម្លាំង​ប៉េអឹម ប៉ូលិស និង​​ជាពិសេស​ទាហាន​នៃ​កង​ឆត្រយោង៩១១ គ្រប់គ្រង​ដោយ​​លោក ចាប ភក្តី ដែល​ជា​មនុស្ស​ជំនិត​​របស់​លោក ហ៊ុន សែន បាន​ប្រើ​ប្រាស់​ខែល ដំបង បំពង់​ទីព និង​កាំភ្លើង បាញ់​ប្រហារ និង​​វាយ​ដំ​កម្មករ បណ្ដាល​ឱ្យ​មនុស្ស​៥ នាក់​ស្លាប់ និង​រង​របួស​ជិត ៤០នាក់។

កង​កម្លាំង​រដ្ឋាភិបាល​ ក៏​បាន​ចាប់​ខ្លួន​កម្មករ និង​មន្ត្រី​​អង្គការ​សង្គម​ស៊ីវិល​សរុប​២៣ នាក់ យក​​ទៅ​ដាក់​​គុក​ត្រពាំង​ផ្លុង​ ក្នុង​​ខេត្ត​​ត្បូង​ឃ្មុំ​ជាប់​ព្រំដែន​​វៀតណាម​ផង​ដែ។ ក្រោយ​មក តុលាការ​ក្រុង​ភ្នំពេញ​​បាន​កាត់​ទោស​ពួក​គេ​ឱ្យ​ជាប់​ពន្ធនាគារ​ចាប់​ពី​២ ឆ្នាំ​រហូតដល់​ជាង៤ ឆ្នាំ និង​​ពិន័យ​ជា​ប្រាក់​មួយ​ចំនួន​ទៀត ពី​បទ​ញុះញង់​​ឱ្យ​មាន​​អំពើ​ហិង្សា បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ធ្វើ​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​​ដោយ​​ចេតនា ក៏​ប៉ុន្តែ​ទោស​នេះ​ត្រូវ​បាន​អនុវត្ត​​ត្រឹម​​រយៈពេល​​៥ ខែ​ដែល​​ពួក​​គេ​បាន​​ជាប់ឃុំ ហើយ​ទោស​ដែល​​នៅ​​សល់​ត្រូវ​ព្យួរ។ ទោះ​ជា​យ៉ាង​ណា ក្រុម​​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​កម្មករ​បាន​ប្ដឹង​ទាស់​នឹង​សាលក្រម​ផ្ដន្ទាទោស​នេះ ហើយ​គិត​​ត្រឹម​​ដើម​​ឆ្នាំ២០២០ សំណុំ​រឿង​នេះ​​ស្ថិត​នៅ​ដៃ​សាលា​ឧទ្ធរណ៍​នៅ​ឡើយ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ដែល​ជា​ជន​រង​គ្រោះ​មួយ​រូប​ដែរ​នោះ ថ្លែង​ថា ការ​ផ្ដន្ទាទោស​រូប​លោក និង​អ្នក​​ផ្សេង​ទៀត​ទាក់ទង​នឹង​ហេតុការណ៍​ហិង្សា​នេះ គឺ​ជា​រឿង​ដ៏​អយុត្តិធម៌​ និង​កាន់​តែ​ធ្វើ​​ឱ្យ​ពួក​លោក​​ឈឺ​ចាប់ ​បន្ថែម​លើ​ស្នាម​របួស​ពេញ​​ខ្លួន​ដោយ​ស្នាដៃ​កង​កម្លាំង​រដ្ឋាភិបាល។ លោក​​បញ្ជាក់​ថា ៦ឆ្នាំ​មក​នេះ របួស​​លោក​រើ​ឡើង​វិញ​ជា​ញឹកញាប់ ហើយ​លោក​​ត្រូវ​ព្យាបាល​ជាប្រចាំ​​ ដោយ​ពេល​មាន​​ប្រាក់​លោក​ចេញ​ទៅ​​ព្យាបាល​នៅ​​​ប្រទេស​ថៃ ហើយ​នៅ​ពេល​គ្មាន​​ប្រាក់ ​លោក​​ព្យាបាល​​នៅ​ក្នុង​ស្រុក។ លោក​​នៅ​​តែ​ទទូច​ឱ្យ​​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​រឿង​នេះ ដើម្បី​ឈាន​ទៅ​វែក​មុខ​ចាប់​ជន​ដៃដល់ និង​​អ្នក​នៅ​ពី​ក្រោយ​ខ្នង​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ «ឱ្យ​តែ​ដល់​ថ្ងៃទី០២ ថ្ងៃទី០៣ ខ្ញុំ​នៅ​តែ​នឹកឃើញ​ហាក់​ដូច​ជា​ថ្មីៗ សម្រាប់​ជីវិត​របស់​ខ្ញុំ។ ពេល​ខ្លះ​ខ្ញុំ​​មិន​​ដឹង​ជា​ធ្វើ​អ្វី​កើត ខ្ញុំ​​អង្គុយ​បង្ហូរ​ទឹកភ្នែក​ម្នាក់​ឯង ដោយ​នឹក​ស្រណោះខ្លួន​មែន​ទែន​ដែល​យើង​គ្រាន់​តែ​ជា​អ្នក​ឃ្លាំមើល​​ការ​តវ៉ា​​​របស់​កម្មករ គ្រាន់​តែ​ជា​អ្នក​ឃាត់​​មិន​ឱ្យ​​គេ​ប្រើ​ហិង្សា​ទៅ​លើ​កម្មករ​ បែរ​ជា​គេ​​​វាយ​ទាត់​ធាក់​នឹង​ដែក​បំពង់​ទីប ស្ទើរ​តែ​ស្លាប់​​បាត់​​បង់​ជីវិត។ គេ​ដាក់​យើង​នៅ​ក្នុង​​ពន្ធនាគារ។ រហូត​មក​ដល់​ពេល​នេះ ក្បាល​ខ្ញុំ​មាន​ស្លាកស្នាម​​នឹង​ដែក​បំពង់​​ទីប​នៅឡើយ ហើយ​ក្រោយ​ពីខ្ញុំ​ចេញ​ពី​ពន្ធនាគារ​មក ខ្ញុំ​មាន​ជំងឺ​ជាប់​​ប្រាណ​ជា​រៀង​រហូត។ សុខភាព​​ខ្ញុំ​​​ទ្រុឌទ្រោម​​រហូត​​​មក​ដល់​សព្វថ្ងៃ​នេះ»

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​លោក ហ៊ុន សែន បដិសេធ​ថា រឿង​នេះ​គ្មាន​​អ្វី​ត្រូវ​ស៊ើប​អង្កេត​ឡើយ ព្រោះ​ជា​វិធាន​ការ​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល។

អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល និង​ជា​​អ្នក​​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ចោទកម្មករ និង​មន្ត្រី​សង្គម​​ស៊ីវិល​​ទាំង​នោះ​ថា ជា​អ្នក​​ធ្វើ​ចលនា​បះបោរ​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ដូច្នេះ​​​រដ្ឋាភិបាល​មាន​​សិទ្ធិ​បង្ក្រាប​ចលាចល​នេះ។ លោក​អះអាង​ថា ក្នុង​បរិបទ​បែប​នេះ ការ​​បាញ់​សម្លាប់​កម្មករ និង​​វាយ​​ដំ​មន្ត្រី​សង្គម​ស៊ីវិល​មិន​​ចាំបាច់​មាន​ការ​ទទួល​​ខុស​ត្រូវ​ទេ៖ «ករណី​នេះ គឺ​សមត្ថកិច្ច​ប្រើប្រាស់​​នូវ​កម្លាំង​ដើម្បី​បង្ក្រាប និង​ទប់​ស្កាត់​នូវ​បាតុកម្ម​បែប​ហិង្សា​ខុស​ច្បាប់​ក្នុង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ អ៊ីចឹង​នេះ​ជា​វិធានការ​ស្រប​ច្បាប់ ដែល​មិន​ទាម​ទារ​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ទេ។ ខាង​គណបក្ស​នយោបាយ​ដែល​រៀប​ចំ​បាតុកម្ម​ខុស​ច្បាប់​ហ្នឹង រួម​ទាំង​អ្នក​ចូល​រួម គឺ​ជា​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់»

ជន​រងគ្រោះ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​​ចាត់​ទុក​​ការ​លើក​ឡើង​របស់​មន្ត្រី​​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​នេះ ថា​ជា​រឿង​មិន​​អាច​ទទួល​យក​​បាន និង​គេចវេះ​ពី​ការ​ទទួល​​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់។

ប្រធាន​​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ថ្លែង​ថា លោក​​មិន​បាន​​ប្រព្រឹត្ត​អ្វី​ខុស​ច្បាប់​​នោះ​ឡើយ។ លោក​​រំឭក​ថា នៅ​គ្រា​នោះ ​លោក​​គ្រាន់​តែ​ចុះ​ទៅ​​តាម​ដាន​ការ​ធ្វើ​បាតុកម្ម​​របស់​ក្រុម​​កម្មករ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​ឃើញ​កម្លាំង​​​សមត្ថកិច្ច​ប្រើ​ហិង្សា​លើ​កម្មករ​ លោក​​ក៏​បាន​ស្រែក​សុំ​ឱ្យ​សមត្ថកិច្ច​បញ្ឈប់​ការ​បង្ក្រាប។ លោក​​បន្ត​ថា រំពេចនោះ​ស្រាប់​តែ​កងទាហានឆត្រយោង៩១១ បាន​ព្រួត​គ្នា​វាយ​​រូប​លោក​បែក​ក្បាល​ឈាម​​ហូរ​ជោគ​ខ្លួន ​​សន្លប់​ស្ដូកស្ដឹង​នៅ​លើ​ថ្នល់ ហើយ​ពួក​​គេ​ក៏​បាន​យក​លោក និង​​មនុស្ស​​មួយ​​ចំនួន​ទៀត​ទៅ​​ឃុំ​ឃាំង​នៅ​​បន្ទាយ​ពី​មួយ​​ទៅ​មួយ ហើយ​​ចុងក្រោយ​បាន​ដឹក​ពួក​លោក​​ទៅ​ឃុំ​ខ្លួន​នៅ​​ពន្ធនាគារ​ត្រពាំង​ផ្លុង។ លោក​អះអាង​ថា អំឡុង​​ពេល​ឃុំ​​ខ្លួន​នោះ ពួក​ទាហាន​នៅ​​តែ​បន្ត​វាយ​ទាត់​ធាក់​រូបលោក ហើយ​បាន​ឱ្យ​​បាយ​លាយ​គ្រួស​មក​​លោក​​ហូប ប៉ុន្តែ​លោក​​ហូប​បាយ​នោះ​មិន​​កើត​ឡើយ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក។ លោក​​ចាត់​ទុក​​​ទង្វើ​បែប​នេះ​ថា ជា​ការ​ជាន់​ឈ្លី​ និង​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​កម្រោល៖ «គេ​វាយ​យើង​ស្ទើរ​តែ​ស្លាប់​​បាត់​បង់​​ជីវិត​ទៅ​ហើយ​ គេ​ចាប់​យើង​ដាក់​ពន្ធនាគារ​ហើយ បែរ​ជា​ចោទ​ប្រកាន់​យ៉ាង​​ធ្ងន់ធ្ងរ​បែបនេះ គឺ​ជា​រឿង​មួយ​​ដែល​​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​គិត​ថា យុត្តិធម៌​សម្រាប់​ពួក​​ខ្ញុំ​ គឺ​ឆ្ងាយ​ដូច​ជើង​មេឃ​អ៊ីចឹង ឬ​ក៏​​ដូច​ជា​ការ​រាវ​ម្ជុល​ក្នុង​បាត​សមុទ្រ​ដូច្នេះ​ដែរ»

ចំណែក នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​លោក អំ សំអាត ថ្លែង​ថា រដ្ឋាភិបាល​មិន​អាច​​ចង្អុល​ដាក់​អ្នក​នេះ ឬ​អ្នក​នោះ ចំពោះ​ព្រឹត្តិការណ៍​នៅ​ផ្លូវ វេង ស្រេង និង​ក្បែរ​រោងចក្រ យ៉ាក់ ជីន ដើម្បី​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ​នោះ​ឡើយ។ លោក​​ថា រដ្ឋាភិបាល និង​ស្ថាប័ន​យុត្តិធម៌​មាន​កាតព្វកិច្ច​​តាម​​ផ្លូវ​ច្បាប់ ដើម្បី​វែក​​មុខ​ជន​​ដៃដល់ និង​អ្នក​​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ លោក​បញ្ជាក់​ថា ករណី​​ហិង្សា​នៅ​ផ្លូវ វេង ស្រេង នេះ គឺ​ជា​ការរំលោភ​​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ និង​សាហាវ​ឃោរឃៅ ព្រម​ទាំង​បង្កើត​ឱ្យ​មាន​រឿង​អយុត្តិធម៌​មួយ​កម្រិត​ទៀត​នៅ​ពេល​ជន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​​ ត្រូវ​បាន​​គេ​ចាប់​យក​​ទៅ​ឃុំខ្លួន រួច​​កាត់​​ទោស​តាម​អំពើ​ចិត្ត។ លោក​បន្ថែម​ថា រឿង​នេះ បាន​​ក្លាយ​ជា​គម្រូ​ដ៏​អាក្រក់​នៃ​​ការ​អនុវត្ត​ច្បាប់ និង​​ការ​បន្ត​វប្បធម៌​និទណ្ឌភាព ឬ​ទម្លាប់​ឱ្យ​ជន​ល្មើស​​រួច​ទោស​នៅ​កម្ពុជា៖ «វប្បធម៌​និទ្ទណ្ឌភាព​នេះ​នឹង​បន្ត​នូវ​វប្បធម៌​ហិង្សា​តទៅទៀត​​ ដោយសារ​វា​ជា​គម្រូ​អាក្រក់។ អ្នក​​ដែល​បាន​​ប្រព្រឹត្ត​ហើយ រួចខ្លួន​​ពី​សំណាញ់​ច្បាប់។ អ៊ីចឹង​រដ្ឋាភិបាល អាជ្ញាធរ​មាន​សមត្ថកិច្ច និង​តុលាការ​ត្រូវ​តែ​ស៊ើបអង្កេត ស្រាវជ្រាវ​រក​ការពិត រក​ជន​​ដៃដល់ រក​​អ្នក​ដែល​ពាក់ព័ន្ធ​បង្ក​ឱ្យ​មាន​ព្រឹត្តិការណ៍​​​អំពើ​ហិង្សា​ បង្ក​​ឱ្យ​មនុស្ស​ស្លាប់​ រង​របួស និង​ការ​ចាប់​ខ្លួន​ហ្នឹង យក​​ទៅ​អនុវត្ត​តាម​ផ្លូវ​ច្បាប់។ អា​ហ្នឹង​ជា​កាតព្វកិច្ច​ មិន​​អាច​យក​បញ្ហា​ទាំងអស់​​នេះ​ ឆ្លើយ​​ដាក់​អ្នក​​នេះ ឆ្លើយ​ដាក់​អ្នក​នោះ ដោយ​មិន​មាន​ការ​ស្រាវជ្រាវ​ទេ»

មន្ត្រី​សង្គម​​ស៊ីវិល​​ដែល​​រងគ្រោះ​ដោយ​ការ​បង្ក្រាប​ហិង្សា​នោះ បញ្ជាក់​ថា ពួក​​គេ​នៅ​តែ​មាន​​សង្ឃឹម​ថា យុត្តិធម៌​​នឹង​អាច​កើត​មាន​​នៅ​​ថ្ងៃណាមួយ នៅ​ពេល​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​នីតិរដ្ឋ​ពិត​ប្រាកដ។ បន្ថែម​​ពីលើ​នេះ ពួក​គេ​ទទូច​ឱ្យ​​រដ្ឋាភិបាល​បញ្ឈប់​ទង្វើ​បង្ក្រាប​ដោយ​ហិង្សា​បែប​នេះ​តទៅទៀត និង​ជ្រើស​រើស​យក​ការ​ដោះស្រាយ​​បញ្ហា​ផ្សេងៗ​ដោយ​សន្តិវិធី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "មន្ត្រី​សង្គម​ស៊ីវិល​រំឭក​ការ​ឈឺចាប់​ដែល​ត្រូវ​អាជ្ញាធរ​វាយ​ដំ និង​​ចាប់​ដាក់​គុក​ដោយ​​អយុត្តិធម៌​រឿង​ហិង្សា​នៅ​ផ្លូវ វេង ស្រេង"

  1. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់
    លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅប៉ុន្មានថ្ងៃនេះសមរង្ស៊ី ថាបើមានការព្យូ EBA លោកនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថាវិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី ពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ជាមួយសកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំង
    រដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕