លោក គឹម សុខ ថា មិន​ប្ដូរ​ជំហរ បើ​ទោះ​បី​ជា​របប​ក្រុងភ្នំពេញ​បង្ខំ​លោក​ឱ្យ​បង់​សំណង​២០​ម៉ឺន​ដុល្លារ

ដោយ ហេង រស្មី
2020-01-03
RFA

លោក គឹម សុខ អ្នកវិភាគនយោបាយ។

លោក គឹម សុខ អ្នកវិភាគនយោបាយ។

 រូបថត​ពី​ហ្វេសប៊ុក​លោក គឹម សុខ


អ្នកវិភាគ​នយោបាយ លោក គឹម សុខ នៅតែ​ប្រកាន់​ជំហរ​ថា លោក​មិន​ខ្លាច​នឹង​ការរិះគន់​ចំពោះ​របប​ក្រុងភ្នំពេញ​ទេ បើ​ទោះ​បី​ជា​របប​នេះ បាន​បង្ខំ​លោក​ឱ្យ​បង់​ប្រាក់​ចំនួន ២០​ម៉ឺន​ដុល្លារ​ពាក់ព័ន្ធ​រឿង​ក្តី​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​កាលពី​ឆ្នាំ​២០១៧។ មេធាវី​ការពារ​ក្តី​ឱ្យ​លោក ហ៊ុន សែន មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​រឿង​ក្តី​នេះ​ទេ ដោយ​លោក​និយាយ​ថា រឿង​ក្តី​នីមួយៗ​មិន​អាច​និយាយ​ចេញ​ជា​សាធារណៈ​ទេ។

អ្នក​ហ៊ាន​និយាយ​រិះគន់​ឥត សំចៃ​ចំពោះ​របប​ក្រុងភ្នំពេញ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​លោក គឹម សុខ

​ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​២ មករា ថា ការណ៍​ដែល​លោក ហ៊ុន សែន ព្យាយាម​ទាមទារ​លុយ​សំណង​៨០០​រយ​លាន​រៀល គឺ​គ្រាន់តែ​ជា​ការ​រឹតត្បិត​សេរីភាព របស់​លោក​មិន​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​តែប៉ុណ្ណោះ​។​លោក​បញ្ជាក់​ថា រឿង​ក្ដីក្ដាំ​រវាង​លោក និង លោក ហ៊ុន សែន មិនមែន​ជា​រឿង​ធំ​នោះ​ទេ ដោយសារ​តុលាការ​បាន​កាត់ទោស​លោ​ក​ឱ្យ​ជាប់ទោស​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​១៨​ខែ ហើយ​លោក​ក៏បាន​អនុវត្ត​ទោស​រួចរាល់​ហើយ​ដែរ។លោក​បញ្ជាក់​ថា រឿង​ក្តី​របស់​លោក​គឺជា​រឿង​ចម្លែក ពីព្រោះ​កន្លងមក​តុលាការ​កាត់ទោស​អ្នក​ផ្សេង​ពី​បទ​ចោទ​ដូចគ្នា​នេះ​ដែរ ប៉ុន្តែ​តុលាការ​អត់​មាន​តម្រូវ​ឱ្យ​សងជំងឺចិត្ត​ក្នុង​ទំហំ​ទឹកប្រាក់​ច្រើន​សន្ធឹក​សន្ធាប់​បែបនេះ​ទេ​។ លោក​ចាត់ទុកថា ករណី​របស់​លោក ជាមួយ​នឹង​លោក ហ៊ុន សែន គឺជា​រឿង​នយោបាយ៖ «បើ​ទោះ​បី​ជា​ក្រុម​របស់​លោក ហ៊ុន សែន ខំ​ព្យាយាម​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​សកម្មភាព​របស់​ខ្ញុំ​មិន​បង្អាក់​ឬក៏​បញ្ឈប់​ដោយសារតែ​រឹតត្បិត​របស់​ក្រុម​លោក ហ៊ុន សែន នោះ​ទេ ហើយ​ខ្ញុំ​រឹតតែ​ធ្វើ​ឱ្យ​កាន់តែ​សកម្ម​ជាមុន​ទៅទៀត។ ដូចជា​ខ្ញុំ​ធ្លាប់​បាន​ប្រកាស​ដដែលៗ ហើយ​គោលដៅ​របស់ខ្ញុំ គឺ​ដើម្បី​កម្ពុជា​មួយ​ផ្លាស់ប្ដូរ​ទៅកាន់​លទ្ធិប្រជាធិបតេយ្យ​ដោយ​ចូល​ជាមួយ​ខ្មែរ​អ្នក​ប្រជាធិបតេយ្យ​នានា»។

ការប្រកាស​ជំហរ​របស់​លោក គឹម សុខ បាន​កើតមានឡើង​ក្រោយពេល​តុលាការ​ក្រុង​ភ្នំពេញ​បាន​បាន​សរសេរ​លិខិត​មួយ​ជូន​អគ្គទេសាភិបាល ធនាគារ​ជាតិ សំណើសុំ​ផ្ដល់​ឯកសារ​ស្ដីពី គណនី និង​ទំហំ​ទឹកប្រាក់​ក្នុង​គណនី​របស់​កូនបំណុល​លោក គឹម សុខ កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៩។

លិខិត​ដដែល​បាន​បញ្ជាក់​ថា កូនបំណុល​លោក គឹម សុខ មិន​ទាន់​បាន​អនុវត្ត​សំណង​ជំងឺ​ចិត្ត​ចំនួន​៨០០​លាន​រៀល គឺ​ប្រមាណ​២០​ម៉ឺន​ដុល្លារ ទៅ​ជូន​ម្ចាស់បំណុល​លោក ហ៊ុន សែន នៅឡើយ។

លោក គឹម សុខ បាន​បញ្ជាក់​ថា លោក​គ្មាន​ប្រាក់​ឯណា​ទៅ​បង់​សំណង​ទាំងនេះ​ទេ ហើយ​នៅ​ក្នុង​គណនី​ធនាគារ​របស់​លោក​មុន​ពេល​ចាកចេញ​ពី​ប្រទេស​កម្ពុជា​មាន​ចំនួន​តែ​ជាង​២០០​ដុល្លារ​ប៉ុណ្ណោះ។

មេធាវី​ការពារ​ក្តី​លោក ហ៊ុន សែន គឺ​លោក គឺ តិច បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ដំណើរការ​នីតិវិធី​របស់​លោក​បន្ត​ទេ​ទៀត​នៅ​ពេល​ដែល​លោក គឹម សុខ គ្មាន​ប្រាក់​សម្រាប់​បង់​សំណង៖ «ជាទូទៅ​វិធានការណ៍​មេធាវី​គេ​ប្រុង​ធ្វើ ក៏​គេ​មិន​អាច​ទៅ​ប្រាប់​ឱ្យដឹង​មុន​ដែរ ពីព្រោះ​ការងារ​របស់​មេធាវី​ជា​ការងារ​សម្ងាត់»។

លោក គឹម សុខ ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​មាន​សេរីភាព​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា​ឆ្នាំ​២០១៨ ក្រោយពី​ជាប់​ពន្ធនាគារ​អស់​រយៈពេល ១៨​ខែ ដោយសារតែ​លោក ហ៊ុន សែន ប្ដឹង​ចោទ​លោក គឹម សុខ ថា បាន​និយាយ​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​បាញ់សម្លាប់​បណ្ឌិត កែម ឡី​។ ទោះបីជា​សំណុំរឿង​ទី​១ នេះ ត្រូវ​បាន​បញ្ចប់​ក្ដី ប៉ុន្តែ​លោក គឹម សុខ នៅ​ជាប់​សំណុំរឿង​មួយទៀត​ដែល​គេ​នៅ​មិនទាន់​ច្បាស់​ថា តើ​តុលាការ​នឹង​បន្ត​ចាត់ការ​ឬទេ​។ សំណុំរឿង​នោះ​គឺ មេធាវី​លោក ហ៊ុន សែន បាន​ប្ដឹង​ចោទ​លោក គឹម សុខ ថា បាន​ចោទ​របប​លោក ហ៊ុន សែន ជា​អ្នកបង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស។

អ្នកច្បាប់​ថា តុលាការ​មិន​អាច​បំបែក​សំណុំ​បែបនេះ​ជា​ពីរ​ទេ ព្រោះ​វា​ជា​ករណី​តែមួយ ឬ​ស្រដៀង​គ្នា ហើយ​លោក​គឹម សុខ បាន​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​និង​បក្ស​កាន់អំណាច​នោះ គឺ​ស្រដៀង​គ្នា ធ្វើ​ឡើង​ក្នុង​ពេល​តែមួយ ហើយ​តុលាការ​បាន​កាត់ទោស​គាត់​រួច​ទៅ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment