សហជីព​ឯករាជ្យ​ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន អនុវត្ត​តាម​សំណើ​របស់​សហភាព​អឺរ៉ុប ដើម្បី​រក្សា EBA

ដោយ អាស៊ីសេរី
2020-01-03
អាស៊ីសេរី

តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) និង​សហការី (ស្ដាំ) ជួប​​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នា​ទីក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen facebook page

តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) និង​សហការី (ស្ដាំ) ជួប​​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នា​ទីក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen facebook pagePhoto: RFA


លោក ​រ៉ុង ឈុន ដាក់​លិខិត​ជូន​លោក​ ហ៊ុន​ សែន​ រឿង ​EBA


សហភាព​សហជីព​កម្ពុជា របស់​លោក រ៉ុង ឈុន ដាក់​លិខិត​ដែល​មាន​ស្នាម​មេដៃ​កម្មករ​-​កម្ម ការិនី​ជាង ១​ពាន់ ជូន​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ស្នើសុំ​ឱ្យ​លោក​អនុវត្ត​តាម​សំណើ របស់​សហភាព​អឺរ៉ុប ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​» ឬ​ហៅ​កាត់​ថា EBA ។ ការ​ស្នើសុំ​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី ”​យុទ្ធនាការ​ដើម្បី​រក្សា EBA” នៅ​ទីស្នាក់ការ​សមាគម ស្ថិតក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​មករា។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន សម្ដែង​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​បញ្ហា​ប្រឈម​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA របស់​សហភាព​អឺរ៉ុប ស្រប​ពេល​ឱសានវាទ​ដក EBA នឹង​ចូល​មកដល់​នៅ​ខែ​ក្រោយនេះ​។ លោក រ៉ុង ឈុន លើកឡើង​ថា បើ​រដ្ឋាភិបាល​បណ្ដោយ​ឱ្យ​បាត់បង់ EBA​នោះ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​GSP របស់​អាមេរិក ក៏​នឹង​បាត់បង់​ដែរ ហើយ​ទណ្ឌកម្ម​ផ្សេងៗ​ទៀត ក៏​នឹង​ធ្លាក់​លើ​រដ្ឋាភិបាល​កម្ពុជា​ជា​បន្តបន្ទាប់​។ លោក​ថា​ករណី​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​នៅ​លើ​ឆាក អន្តរជាតិ ព្រមទាំង​ធ្វើ​ឱ្យ​កើតមាន​វិបត្តិ​សង្គម និង​វិបត្តិ​សេដ្ឋកិច្ច ក្នុង​នោះ​មាន​ដូចជា ផ្ដល់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​-​កម្មការិនី និង​ក្រុម​គ្រួសារ​របស់​ពួកគេ។

តំណាង​កម្មករ​ជួប​ប្រជុំ​ជាមួយ​លោក រ៉ុង ឈុន ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រក្សា​ការ​អនុគ្រោះ​ពន្ធ​EBA របស់​សហភាព​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ។

តំណាង​កម្មករ​ជួប​ប្រជុំ​ជាមួយ​លោក រ៉ុង ឈុន ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រក្សា​ការ​អនុគ្រោះ​ពន្ធ​EBA របស់​សហភាព​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ។ Photo courtesy of Rong Chhun Facebook


ប្រធាន​សហភាព​សហជីព​កម្ពុជា​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ដោយសារតែ​ការ​ព្រួយបារម្ភ​នេះ លោក​បាន​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ពី​កម្មករ​-​កម្មការិនី​ជាង ១​ពាន់​នាក់ (១.៣៧៩) តាំងពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៩ ដើម្បី​ដាក់​ជូន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២០។ ការ​ដាក់​លិខិត​អម​ដោយ​ស្នាម​មេ​ដៃ​នេះ ក្នុង​បំណង​ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន បើកចំហ​ប្រព័ន្ធ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ឱ្យ​មាន​លក្ខណៈ​ទូលំទូលាយ​ឡើងវិញ ដូច​ពី​ពេលមុន​ថ្ងៃ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ ឆ្នាំ​២០១៧ ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ធានា​ការ​គោរព​សិទ្ធិ​សេរីភាព សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ការងារ និង​សិទ្ធិ​សេរីភាព​សហជីព៖ «ការ​ទទួល​យក​នូវ​សំណើ​របស់​សហភាព​អឺរ៉ុប​មិនមែន​ជា​រឿង​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ល្អ​ប្រសើរ​ឡើង​វិញ បើក​សិទ្ធិ​សេរីភាព​ឱ្យ​អ្នកនយោបាយ​មាន​សិទ្ធិ​ធ្វើ​នយោបាយ ដោះលែង​លោក កឹម សុខា លើកលែង​ការចោទប្រកាន់​ដល់​លោក សម រង្ស៊ី ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បើក​ដំណើរការ ផ្សព្វផ្សាយ​ឡើងវិញ ធ្វើ​វិសោធនកម្ម​ច្បាប់​សហជីព ច្បាប់​NGO ច្បាប់​គណបក្ស​នយោបាយ និង​ច្បាប់បោះឆ្នោត​ឡើងវិញ គឺ​ពេលនោះ ស្ថានភាព នឹង​វិលត្រឡប់​ទៅ​ល្អ​ប្រសើរ ហើយ​គេ​នឹង​ផ្ដល់​EBA បន្ត​ទៀត»។

ក្នុង​លិខិត​ដាក់​ជូន​ដាក់​រដ្ឋាភិបាល​នោះ​បង្ហាញ​ថា កម្មករ​ទាំងអស់ ចង់​រក្សា​ការងារ​ធ្វើ​សម្រាប់​ជីវភាព​រស់នៅ មិន​ចង់​ឱ្យ​មាន​ការ​បាត់បង់​ណាមួយ ដោយសារតែ​រដ្ឋាភិបាល​បដិសេធ​សំណើ ដ៏​ត្រឹមត្រូវ​របស់​សហភាព​អឺរ៉ុប ដែល​ស្រប​នឹង​ឆន្ទៈ​ប្រជារាស្ត្រ​ខ្មែរ​នោះ​ទេ ។ កម្មករ​ទាំងនោះ​បន្ត​ថា បើ​ពួកគេ​បាត់បង់​ការងារ​ធ្វើ​ដោយសារតែ​ការ​ដក​ហូត EBA គឺ​ពួក​កាត់​នឹង​ចាត់​ទុក​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ថា ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការ​នាំ​ទុក្ខ​លំបាក​ដល់​ពួកគេ​ជា​កម្មករ និង​ក្រុម​គ្រួសារ​របស់​ពួកគាត់។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន នោះ​ទេ ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នកទទួល​។ ប៉ុន្តែ​លោក សុខ ឥសាន ធ្លាប់​ចោទ​អ្នក​ដែល​ព្រួយបារម្ភ​ពី​រឿង​បាត់បង់​EBA ថា កំពុង​បំភិតបំភ័យ​ពលរដ្ឋ និង​ចង់​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា។

ទោះ​យ៉ាង​ណា​ក្តី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ប្រកាស​ជា​ញឹកញយ​ថា លោក​មិន​ខ្វល់ ចំពោះ​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBAនោះ​ទេ​។ លោក ហ៊ុន សែន បញ្ជាក់​ថា ចំពោះ​សំណើ​របស់​សហភាព​អឺរ៉ុប គឺ​រដ្ឋាភិបាល​លោក​ធ្វើ​បានតែ​ចំណុច​ណា ដែល​ធ្វើ​បាន​ប៉ុណ្ណោះ ហើយ​លោក​ថែមទាំង​ព្រមាន​ទៅ​សហភាព អឺរ៉ុប​វិញ​ថា ប្រសិនបើ​ហ៊ាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ពី​កម្ពុជា​មែន​នោះ គឺ​មិនមែន​ប៉ះពាល់​តែ​កម្ពុជា​ទេ សហភាព​អឺរ៉ុប ក៏​មាន​ផល​ប៉ះពាល់​ដែរ។

កម្មករ-កម្មការិនី​មួយ​ចំនួន​ទៀត គាំទ្រ​សហភាព​សហជីព​កម្ពុជា​របស់​លោក រ៉ុង ឈុន ដែល​បាន​ដាក់​សំណើ​ជូន​រដ្ឋាភិបាល​ពិនិត្យ​ដោះស្រាយ ទោះបីជា​ពួកគេ មិន​ទាន់​បាន​ចូលរួម​ផ្តិត​មេដៃ​ក្តី។

កម្មការិនី​ម្នាក់​ធ្វើការ​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង​ក្នុង​ក្រុងភ្នំពេញ កញ្ញា ឃុន ស្រី​ពៅ និយាយ​ថា រដ្ឋាភិបាល គួរតែ​ខិតខំ​ដោះស្រាយ​តាម​សំណើ​របស់​កម្មករ​និង​សហជីព ដើម្បី​រក្សា EBA​។ កញ្ញា​បន្ត​ថា កម្មករ​ទាំងអស់ សុទ្ធតែ​ព្រួយបារម្ភ​បាត់បង់ EBA ធ្វើ​ឱ្យ​ពួកគាត់​បាត់បង់​ការងារ ធ្វើ​ក្នុង​ពេល​ខាង​មុខ៖ «ខ្ញុំ​គិត​ថា បើ​គេ​ព្យួរ​EBA​ពិតមែន គឺ​កម្មករ​ភាគច្រើន​ប្រឈមមុខ​បាត់បង់​ការងារ​ធ្វើ ដោយសារតែ​ថៅកែ​រោងចក្រ​អត់​មាន​អ្នកបញ្ជា​ទិញ ឬ​បញ្ជា​ទិញ​តិច​ពេក ដែល​ធ្វើ​ឱ្យ​ថៅកែ​រោងចក្រ​រត់​មិន​រួច ដូច្នេះ​គាត់​ត្រូវតែ​បង្ខំចិត្ត​បិទ​រោងចក្រ ឬ​ប្ដូរ​ទីតាំង​ទៅ​ប្រទេស​ដៃ​ទៃ​ទៀត»។

មាន​បទ​ពិសោធន៍​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ប្រមាណ ១០​ឆ្នាំ ស្រី​ពៅ បន្ត​ថា ស្ថានភាព​ការងារ​នៅ តាម​រោងចក្រ​ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយនេះ គឺ​មាន​ការ​ផ្លាស់ប្តូរ​ច្រើន នៅ​ពេល​សហភាព​អឺរ៉ុប ចាប់ផ្ដើម​គំរាម​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដោយសារតែ​រឿង​រដ្ឋាភិបាល​កម្ពុជា បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ កម្មការិនី​រូប​នេះ កត់សម្គាល់​ឃើញ​ថា កាលពីមុន គឺ​នៅ​តាម​រោងចក្រ​មាន​ការ​បញ្ជាទិញ​ច្រើន ធ្វើ​ឱ្យ​កម្មករ​សម្បូរ​ការងារ​ធ្វើ អាច​ធ្វើ​ការ​ថែម​ម៉ោង រក​ប្រាក់​កម្រៃ​បាន​ច្រើន​ថែម​ពីលើ​ប្រាក់ខែ​គោល ហើយ​មាន​រោងចក្រ​ខ្លះ ដោយសារតែ​សម្បូរ​ការងារ​ពេក បង្ខំ​ឱ្យ​កម្មករ​ថែម​ម៉ោង និង​ជ្រើសរើស​កម្មករ​ចូល​ធ្វើការ​ស្ទើរ​រាល់​ខែ​។ ដោយឡែក​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ តាម​រោងចក្រ​នីមួយៗ ខ្វះ​អ្នកបញ្ជា​ទិញ ធ្វើ​ឱ្យ​កម្មករ​ខ្សត់​ការងារ​ធ្វើ មិន​អាច​ថែម​ម៉ោង​បាន រហូតដល់​រោងចក្រ​ខ្លះ​បិទទ្វារ និង​រោងចក្រ​ខ្លះ​ទៀត​បញ្ឈរ​ជើង​កម្មករ​ចោល ឬ​ឈាន​ដល់​បញ្ឈប់​កម្មករ​តែម្ដង៖ «ខ្ញុំ​ឃើញ​ស្ថានភាព​ការងារ​កន្លែង​ខ្ញុំ​នៅ​ពេល​នេះ មាន​សកម្មភាព​ថយ​ចុះ​ច្រើន ស្បើយ​ការងារ អត់​មាន​អ្នកបញ្ជា​ទិញ ។​កម្មករ​ខាង​ខ្ញុំ​ចេញពី​ធ្វើការ​តែ​ម៉ោង​៤ ហើយ​ថែម​ម៉ោង​៦​គឺ​ភាគតិច​ណាស់​។​ជាទូទៅ​ប្រាក់ខែ​របស់​ពួក​ខ្ញុំ​ជា​កម្មករ​នេះ​អាស្រ័យ​លើ​កម្រៃ​ថែម​ម៉ោង​នេះ​ហើយ ទើប​អាច​ចំណាយ​លើ​ការ​ហូបចុក​បាន​ប្រសើរ​ខ្លះ ប៉ុន្តែ​នៅ​ពេល​អត់​បាន​ថែម​ម៉ោង អត់​សូវ​មាន​ប្រាក់​បន្ថែម​ពីលើ​ប្រាក់ខែ​គោល ធ្វើ​ឱ្យ​ពួក​ខ្ញុំ​ខ្វះខាត​ចំណាយ​អត់​គ្រប់ និង​បង្ខំចិត្ត​ចាយវាយ​ត្បិតត្បៀត»។

សហភាព​អឺរ៉ុប បាន​ព្រមាន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​» ឬ​ហៅ​កាត់​ថា EBA ពី​កម្ពុជា ប្រសិនបើ​រដ្ឋាភិបាល លោក ហ៊ុន សែន នៅតែ​មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នោះ​ទេ​។ ការសម្រេច​ជា​ចុងក្រោយ​របស់​សហភាព​អឺរ៉ុប​ថា​ត្រូវ​ព្យួរ EBA ឬ​យ៉ាងណា​នោះ នឹង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ធ្លាប់​អះអាង​ថា ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ ៧៥​ម៉ឺន​នាក់ រួម​នឹង​គ្រួសារ​របស់​ពួកគេ​ប្រមាណ ៣​លាន​នាក់​ទៀត ដែល​កំពុង​រស់នៅ​ពឹង​ផ្អែកលើ​ឧស្សាហកម្ម​កាត់ដេរ​។ ចំណែក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​ព្រមាន​ដែរ​ថា បើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ធ្ងន់ធ្ងរ​ដល់​ប្រជាកសិករ​ខ្មែរ​ជាង​កន្លះ​លាន​គ្រួសារ ព្រមទាំង​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ស្រូវ​អង្ករ​នឹង​ត្រូវ​បំផ្លាញ​ខ្ទេច​ខ្ចី។

ជាមួយ​គ្នា​នេះ ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ របស់​ពិភពលោក បាន​ព្រមាន​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ត្រូវ​ធ្លាក់​ចុះ​ពី ៧​ភាគរយ ក្នុង​ឆ្នាំ​២០១៩ មក​នៅ​ត្រឹម ៦,៥% ក្នុង​ឆ្នាំ​២០២០ ដោយសារ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​បញ្ហា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។ ក្នុង​ន័យនេះ កម្ពុជា​នឹង​ត្រូវ​ខាតបង់​យ៉ាងហោចណាស់​ជិត ៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ឬ​ស្នើ​ជិត ២​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន​។ នេះ​មិនទាន់​រាប់​ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋអាមេរិក​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សហជីព​ឯករាជ្យ​ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន អនុវត្ត​តាម​សំណើ​របស់​សហភាព​អឺរ៉ុប ដើម្បី​រក្សា EBA"

  1. Anonymous says:

    This country have no law ‘ everything must ask Veitcong mafia dictator haha’ so funny ‘ even corruption department(ACU) need to ask veitcong mafia dictator too” What a stupid country’