ឪពុកម្ដាយ​យុវជន ខឹម សុផាត ដែល​បាត់​ខ្លួន​នៅ​ផ្លូវ​វេងស្រេង​ថា គ្មាន​សង្ឃឹម​ទទួល​បាន​យុត្តិធម៌

ដោយ ហេង រស្មី
2020-01-03
RFA

ប៉ូលិស​ប្រោះ​ទឹក​លើ​បាតុករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​បង្ក្រាប​ការ​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។

ប៉ូលិស​ប្រោះ​ទឹក​លើ​បាតុករ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​បង្ក្រាប​ការ​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ RFA/Sek Bandith


សង្គម​ស៊ីវិល​ទាម​ទារ​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ ក្នុង​ខួប​៦ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់


ឪពុកម្ដាយ​របស់​យុវជន​ដែល​បាត់​ខ្លួន​ក្នុង​ពេល​កងកម្លាំង​រដ្ឋាភិបាល​បង្ក្រាប​ដ៏​ហិង្សា​នៅ​ផ្លូវ​វេងស្រេង គ្មាន​សង្ឃឹម​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ព្រោះ​ពួកគាត់​មើល​ឃើញ​ថា ស្ថាប័ន​យុត្តិធម៌ និង​សមត្ថកិច្ច​ព្រងើយកន្តើយ​ក្នុងការ​គាំទ្រ និង​ការស្វែងរក​យុត្តិធម៌​សម្រាប់​ពួកគាត់​តាំងពី ដើម​មក​។ មន្ត្រី​សង្គម​ស៊ីវិល នៅតែ​បន្ត​ជំរុញ​រដ្ឋាភិបាល​បំពេញ​កាតព្វកិច្ច​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការ​ស្រាវជ្រាវ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ។

គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២០ គឺ​យុវជន ខឹម សុផាត បាន​បាត់​ខ្លួន​និង​បាត់​ដំណឹង​សូន្យឈឹង រយៈពេល​៦​ឆ្នាំ​ហើយ ដោយសារតែ​កងកម្លាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បើក​ការ​បាញ់​បង្ក្រាប​ដ៏​ហិង្សា​ទៅលើ​ក្រុម​កម្មករ​ដែល​រួមគ្នា​តវ៉ា​អហិង្សា​សុំ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​លើ​កំណត់​ផ្លូវ​វេងស្រេង ក្នុង​រាជធានី​ភ្នំពេញ។

លោកស្រី អ៊ិន លក្ខិណា និង លោក ខឹម សឿន ដែល​ជា​ម្ដាយ​ឪពុក​របស់​យុវជន ខឹម សុផាត ថ្លែង ប្រាប់​អាស៊ីសេរី​ថា ឱ្យ​ដល់​ថ្ងៃបុណ្យ​ខួប​នៃ​ការ​បាត់​ខ្លួន​កូនប្រុស​និង​ថ្ងៃបុណ្យ​ទាន​ធំៗ​ម្តង គឺ​អារម្មណ៍ ចេះតែ​ស្រមើស្រមៃ​នឹករលឹក​ដល់​កូនប្រុស​ជាទី​ស្រលាញ់ ស្ទើរ​ក្លាយ​ជា​មនុស្ស​ឆ្កួត។ ដោយសារ​នឹក កូន​ផង និង​គ្មាន​សង្ឃឹមលើ​អាជ្ញាធរ​ផង ពេលខ្លះ​ពួកគាត់ ក៏​នាំគ្នា​ទៅ​រក​គ្រួ​ទាយ ក្រែង​បាន​ដំណឹង កូន​ខ្លះ​ៗ៖ «ខ្ញុំ​ចេះតែ​តាមមើល​រហូត​ដែរ ឱ្យ​តែ​លឺ​គេ​ថា នៅ​ទីនេះ​ទីនោះ​មុខ​ដូច អីចឹង ។​ខ្ញុំ​ទៅ​រក​ទាំង​គ្រួ​ទាយ​មើល​ទៀត តែ​គេ​ថា បាត់​ឈឹង​តែម្ដង។ ពាក្យ​ចចាម​អារាម​គេ​ថា យក​ទៅ​ឱ្យ​ក្រពើ​ស៊ី​។ ម៉ែ​វា នៅតែ​យំ​រហូត ដោយសារ​នឹក​កូន ជាពិសេស​ពេល​មាន​បុណ្យ​ទាន​ឃើញ កូន​គេ​ជួបជុំ​គ្រួសារ​អ៊ីចឹង។ ដល់​ខែ​ដល់​ថ្ងៃ​ដេក​តែ​នឹក​កូន​រហូត»។

កាលពី​៦​ឆ្នាំមុន នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ កម្មករ​កម្មការិនី​រាប់​ម៉ឺន​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​នៅ​ផ្លូវ​វេងស្រេង ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ ក្នុង​មួយ​ខែ ដែល​បាន​ធ្វើ​ឱ្យ​កងកម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន បើក​ការ​បង្ក្រាប​ដោយ​បាញ់​គ្រាប់កាំភ្លើង​ពិត ទៅលើ​កម្មករ បណ្ដាល​ឱ្យ​កម្មករ​៤​នាក់​ស្លាប់ យុវជន ខឹម សុផាត បាត់​ខ្លួន​ដល់​សព្វថ្ងៃ និង​របួស​ជាង ៤០​នាក់​។ កម្មករ​ទាំង ៤​នាក់ ដែល​ស្លាប់​នោះ មានឈ្មោះ លោក គឹម ផាលាភ លោក សាម រ៉ាវី លោក យាន រិទ្ធី និង​លោក ផេង កុសល។ ចំណែក​យុវជន ខឹម សុផាត ត្រូវ​បាន​គេ​ឃើញ​លើក​ចុង​ក្រោយ ដែល​កំពុង​ត្រូវ​បាន​លើក​ចេញ​ដោយ​កងកម្លាំងប្រដាប់អាវុធ​ដោយមាន​ត្រូវ​គ្រាប់កាំភ្លើង​ចំ​ពោះ។ ទោះបីជា​អាជ្ញាធរ​ធ្លាប់​បាន​អះអាង​ថា បាន​ស៊ើបអង្កេត​ទៅលើ​ការ​បាត់​ខ្លួន​នេះ និង​បើ​ទោះ​ជា​មានការ​ស្នើ សុំ​ដោយ​ទទូច​ដើម្បី​ឱ្យ​មាន​ការស៊ើបអង្កេត​ត្រឹមត្រូវ​មួយ ក៏​សុផាត​នៅតែ​បាត់​ខ្លួន​អស់​រយៈពេល ៦​ឆ្នាំ​មក​ហើយ។

មាន​វ័យ​៤៧​ឆ្នាំ និង​ជា​អ្នក​រត់ម៉ូតូឌុប​នៅ​ទី​រួម​ខេត្ត​ស្វាយរៀង លោក ខឹម សឿន ថ្លែង​ថា ក្រោយ​កូន​របស់​លោក​បាត់​ខ្លួន​មក គឺ​ក្រសួងមហាផ្ទៃ​ធ្លាប់​បាន​ហៅ​លោក​ទៅ​សួរនាំ​ម្តង​គត់ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក អាជ្ញាធរ​គ្រប់​កម្រិត មិនដែល​បាន​យកចិត្តទុកដាក់​សួរនាំ ឬ​ជូនដំណឹង​អំពី​លទ្ធផល​ស្រាវជ្រាវ​ដល់​លោក​នោះ​ទេ​។ ឪពុក​របស់​ជនរងគ្រោះ​រូប​នេះ បន្ត​ថា អាជ្ញាធរ​គ្មាន​ឆន្ទៈ​ស្វែងរក​យុត្តិធម៌​សម្រាប់​គ្រួសារ​លោក​នោះ​ទេ ព្រោះ​អាជ្ញាធរ មានការ​ពាក់ព័ន្ធ​ក្នុង​អំពើ​បាញ់​បង្ក្រាប​ទាំង​កម្រោល​នោះ៖ «ខាង​អាជ្ញាធរ គេ​មិន​អើពើ​ផង ដូច​ថា ទឹក​គេ ត្រី​គេ គេ​ម៉េច​នឹង ហ៊ាន​រក​ឱ្យ​យើង​។​ខ្ញុំ​មួយ​ជីវិត​នេះ នៅតែ​ទន្ទឹង​រង់ចាំ​យុត្តិធម៌ និង​រង់ចាំ​មើលផ្លូវ បើ​ថា ស្លាប់​ឱ្យ​ឃើញ​សាកសព មិនមែន​ស្លាប់​រក​មិន​ឃើញ​ឆ្អឹង​មិន​ឃើញ​អី​សោះ​បាត់​ស្ងាត់ឈឹង​អ៊ីចឹង​ទេ។ សូម​អង្គការ ជួយ​រក​យុត្តិធម៌​ផង»។

ឪពុក​របស់​ជនរងគ្រោះ បន្ត​ថា លោក​គ្មាន​សង្ឃឹមថា កូន​របស់​លោក​នៅ​មាន​ជីវិត​ឡើយ ព្រោះ​សាក្សី​បាន​ប្រាប់​លោក​ថា កូន​របស់​លោក​ត្រូវ​សមត្ថកិច្ច​បាញ់​ចំ​ដើមទ្រូង ហើយ​បាន​ដេក​ស្លាប់​នៅ​នឹង​កន្លែង​បាត់​ទៅ​ហើយ​។ លោក ថា អាជ្ញាធរ​ត្រូវតែ​ទទួលខុស ត្រូវ​ចំពោះ​ការបាត់បង់​កូន​របស់​លោក៖ «ខ្ញុំ​គ្មាន​សង្ឃឹមថា ជីវិត​កូន​ខ្ញុំ​នៅ​រស់​ទេ គឺ​ស្លាប់​ហើយ ព្រោះ​មិត្តភ័ក្ដិ​វា បាន​ឃើញ​ច្បាស់លាស់​ថា គេ (សមត្ថកិច្ចបាញ់​ចំ​ដើមទ្រូង​ហើយ​មិត្តភ័ក្ដិ​វា​ថា គេ​បាន​ដឹក​យក​វា ចេញពី​កន្លែង​នោះ​ហើយ»។

ទន្ទឹម​គ្នា​នេះ ម្ដាយ​របស់​យុវជន ខឹម សុផាត គឺ​លោកស្រី អ៊ិន លក្ខិណា រៀបរាប់​ថា ប្រសិនបើ​កូន លោកស្រី​នៅ​រស់ គឺ​ពេលនេះ​កូនលោក​ស្រី មាន​អាយុ ២២​ឆ្នាំ ហើយ​អាច​ជួយ​សេដ្ឋកិច្ច​គ្រួសារ​បាន​ច្រើន​។ លោកស្រី អ៊ិន លក្ខិណា ប្រាប់​ថា កាលពី​កូនលោក​ស្រី​នៅ​រស់ តែងតែ​ផ្ញើ​ប្រាក់​ទៅ​លោកស្រី​ក្នុង​មួយ​ខែៗ​ជិត ២០០​ដុល្លារ ដើម្បី​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​។ លោកស្រី​ថា ចាប់ពី​បាត់បង់​កូនប្រុស​មក ជីវភាព​គ្រួសារ​បាន​ធ្លាក់​ដុនដាប ហើយ​លោកស្រី​ត្រូវ​រស់នៅ​ឱប​ទុក្ខ​ក្រៀមក្រំ​រាល់ថ្ងៃ​។ ម្ដាយ​ជនរងគ្រោះ និយាយ​ទាំង​ក្ដុកក្ដួល​ថា លោកស្រី ស្ទើរ​មិន​ជឿ​ថា កងកម្លាំង​រដ្ឋាភិបាល លោក ហ៊ុន សែន ធ្វើការ​បង្ក្រាប​លើ​ពលរដ្ឋ​ខ្លួន​ដូច្នេះ​ទេ។ ដូច​ប្ដី​របស់​លោកស្រី​ដែរ គឺ​លោកស្រី គ្មាន សង្ឃឹមថា កូនប្រុស​នៅ​មាន​ជីវិត​ទេ ព្រោះ​មាន​សាក្សី​ជាច្រើន​ប្រាប់​ថា ពួកគេ​ឃើញ​សមត្ថកិច្ច​បាញ់ ចំ​ដើមទ្រូង ខឹម សុផាត ហើយ​សមត្ថកិច្ច បាន​លើក​សាកសព​ដាក់​ឡាន។ អ្នកខ្លះ​បាន​និយាយ​ប្រាប់​គាត់​ថា សមត្ថកិច្ច បាន​យក​សាកសព​នោះ​ឱ្យ​សត្វ​ក្រពើ​ស៊ី​ដើម្បី​បំបាត់​ភស្តុតាង៖ «សូម​ឱ្យ​អង្គការ​គ្រប់​ទាំង​អស់ទាំង​ក្នុង​ប្រទេស​និង​នៅ​ក្រៅ​ប្រទេស សូម​រក​យុត្តិធម៌​ឱ្យ​កូន​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ជា​អ្នក​ទី​ទល់​ក្រ គ្មាន​ទីពឹង​អ្នកណា​ក្រៅពី​លោក​អង្គការ​ទេ។ បាត់​យូរ​ឆ្នាំ​ហើយ​រក​កូន​ខ្ញុំ​មិន​ឃើញ​ទៀត»។

កន្លង​មក គ្មាន​ទាហាន ឬ​កងកម្លាំងប្រដាប់អាវុធ​ណា​ម្នាក់ ត្រូវ​បាន​យក​មក​ផ្ដន្ទាទោស​ចំពោះ​ការ​ស្លាប់​របស់​កម្មករ​ទាំង​នោះ​ទេ។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ជាច្រើនលើក ប៉ុន្តែ​ពុំ​មាន​អ្នកទទួល​ទូរស័ព្ទ។

ចំណែក​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​អាស៊ីសេរី​តាម​បណ្ដាញ​សង្គម​តេឡេក្រាម​ថា រដ្ឋាភិបាល​គ្មាន​កាតព្វកិច្ច​ទទួលខុសត្រូវ​ករណី​ហិង្សា​នេះ​ទេ ដោយ​លោក​ចោទ​ថា ចលនា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ​ពេលនោះ មាន​អ្នកនយោបាយ​ជំទាស់​ជា​អ្នក​ញុះញង់​ពី​ក្រោយ៖ «រដ្ឋាភិបាល​មិនបាន​ចាត់ទុកថា ករណី​នេះ​ជា​ការ​បាត់​ខ្លួន​ហើយ ត្រូវ​ទទួលខុសត្រូវ​នោះ​ទេ។ វិធានការ​នេះ​គឺជា​វិធានការណ៍​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាប​ចលនា បាតុកម្ម​ខុសច្បាប់​មាន​ចេតនា​ផ្តួល​រំលំ​រដ្ឋាភិបាល។ បើ​ក្រុម​នេះ​មាន​ការ​បាត់​ខ្លួន​ពិតប្រាកដ​មែន​គឺ អ្នក​ដែល​ទទួលខុសត្រូវ​នោះ​គួរតែ​ជា​អ្នក​រៀបចំ​នៅ​ការ​ប៉ះ​បោរ ឬ​ប្រមែប្រមូល​កម្លាំង​ទាំងអស់​នេះ មក​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល»។

ការ​ផ្ទះ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ហើយ​ឈាន​ដល់​ការ​បង្ក្រាប​ដ៏​ហិង្សា​នេះ កើត​ឡើង​ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​ពហិកា​មិន​ចូល​ប្រជុំ​សភា និង​ធ្វើការ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាស់ និង​តាម​ដង​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុងភ្នំពេញ​ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្រូងចម្រាស​នៃ​លទ្ធផល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។ ការណ៍​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន និយាយ​ភ្ជាប់​ករណី​ទាំងពីរ គឺ​ករណី​តវ៉ា​រឿង​សន្លឹកឆ្នោត​របស់​បក្ស​ប្រឆាំង និង​ករណី​តវ៉ា​រឿង​ដំឡើង​ប្រាក់​ឈ្នួល របស់​កម្មករ​នេះ ទៅជា​រឿង​តែមួយ​ហើយ​ទម្លាក់​ការ​ទទួលខុសត្រូវ​ឱ្យ​គណបក្ស​ជំទាស់​វិញ។

កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថ្លែង ចោទ​ថា អ្វី​ដែល​កើតឡើង​ពេលនោះ គឺជា​ផែនការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​តាមរយៈ​រូបភាព «​បដិវត្ត​ពណ៌​» ។ លោក​ថ្លែង​ថា លោក​សោកស្ដាយ​ណាស់ ដែល​លោក​បាន​ដឹង​ផែនការ​នេះ​យឺត​ពេល បើ​ពុំ​នោះ​ទេ លោក នឹង​បញ្ជា​ឱ្យ​ក្រុម​របស់​លោក​សម្លាប់​ក្រុម​អ្នកប្រឆាំង​ទាំងអស់​នោះ​ចោល​តែម្ដង៖ «បើ​ខ្ញុំ​ដឹង​រឿង​នេះ តាំងពី​ពេលនោះ ប្រហែលជា​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤​គឺ​ពួក​នេះ​ងាប់​អស់ហើយ។ គេ​កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ២០១៣ ជា​ថ្ងៃ​ផ្ដាច់​ព្រាត់ រំលំ​យើង។ បើ​ខ្ញុំ​ឃើញ​តាំងពី​ពេលនោះ អ្នក​ទាំងនេះ​ងាប់​តាំង​ពេលនោះ ហើយ​ពេលនេះ​ជា​ពេល បុណ្យ​ខ្មោច​ពួក​នោះ​ទៀត»។

បើទោះបីជា​លោក ហ៊ុន សែន សោកស្ដាយ​មិនបាន​សម្លាប់​ក្រុម​អ្នកប្រឆាំង​ក្តី ក៏​កងកម្លាំង​ស្ថិត​ក្រោម​បង្គាប់​របស់​លោក បាន​បើក​ប្រតិបត្តិ​ការ​វាយដំ ចាប់ខ្លួន និង​បាញ់​ប្រហារ​កម្មករ​បណ្តាល ឱ្យ​ស្លាប់ ៤​នាក់ បាត់​ខ្លួន​ម្នាក់ របួស​រាប់​សិន​នាក់​ដែរ​ទាំង​នៅ​ផ្លូវ​វេងស្រេង និង​នៅ​រោងចក្រ​កាត់ដេរ សំលៀក បំពាក់​យ៉ាក​ជិន (Yakjin Garment Factory) ព្រមទាំង​ករណី​ស្លាប់​របស់ លោក ម៉ៅ សុខច័ន្ទ នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ ដោយសារ​កងកម្លាំង​សមត្ថកិច្ច បាញ់​ត្រូវ​ចំក្បាល នៅ​ពេល​បាញ់​គ្រាប់​ពិត ដើម្បី​បំបែក​ក្រុម​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រលប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា ការ​ចោទប្រកាន់​របស់​ក្រុម​លោក ហ៊ុន សែន មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ គេចវេះ​ពី​ការទទួលខុសត្រូវ​។ អ្នកស្រី​បញ្ជាក់​ថា ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​របស់​ក្រុម​កម្មករ កើតឡើង​តាំងពី​យូរ​គ្មាន​ការ​ញុះញង់​ពី​គណបក្សប្រឆាំង​នោះ​ទេ​។ អ្នកស្រី​សោកស្ដាយ​ដែល​រដ្ឋាភិបាល លោក ហ៊ុន សែន មិន​បាន​ការពារ​កម្មករ​ស្លូតត្រង់​ដែល​គ្រាន់តែ​តវ៉ា​ដោយ​សន្តិវិធី ដើម្បី ទាមទារ​ប្រាក់​ឈ្នួល​សម្រាប់​រស់​សមរម្យ​ក្នុង​សង្គម ប៉ុន្តែ​បែរជា​ប្រើ​អាវុធ​ទំនើបៗ​បាញ់​ពួកគេ​ទៅវិញ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ សន្យា​ថា នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កាន់​អំណាច នឹង​បើក​ការ​ស៊ើបអង្កេត​ករណី​នេះ​ឡើងវិញ ដើម្បី​រក​អ្នក​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​តាមច្បាប់ និង​ផ្ដល់​យុត្តិធម៌​ជូន​ជនរងគ្រោះ៖ «ការ​ទាមទារ​នៃ​កម្មករ​-​កម្មការិនី​យើង​ឱ្យ​បាន​ប្រាក់​ឈ្នួល​រស់នៅ សមរម្យ គឺជា​ការ​ទាមទារ​រាប់​ឆ្នាំ​មក​ហើយ​។​នៅ​ពេល​មានការ​បាញ់សម្លាប់​និង​មានការ​រងគ្រោះ ដោយ​កម្លាំង​ប្រដាប់​អាវុធ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន គ្មាន​ដែល​មាន​ការទទួលខុសត្រូវ គ្មាន​ដែល​មាន​ការស៊ើបអង្កេត​ឯករាជ្យ​ទេ ដូចជា​ករណី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​ដ៏​ល្បី​លោក ជា វិជ្ជា និង ករណី​បាញ់សម្លាប់​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ដល់​ស្លាប់ ដល់​ពិការ​នៅ​ស្ទឹង​មានជ័យ​ជាដើម ។ ការចោទប្រកាន់​លើ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​រដ្ឋាភិបាល លោក ហ៊ុន សែន ចង់​បន្ត​បំបិទ​ការពិត ដែល​ការពិត​ជាក់ស្ដែង​នេះ គឺ​អ្នក​ដែល​កាន់​អាវុធ​ដ៏​ទំនើបៗ គឺ ទទួល​បានការ បញ្ជា​ផ្ទាល់​ពី​អ្នកដឹកនាំ​ប្រទេស»។

ករណី​ហិង្សា​ដែល​កើតឡើង​នៅ​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤​នេះ ធ្វើ​ឱ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​ធ្ងន់ធ្ងរ​នៃ​ការរំលោភ​សិទ្ធិមនុស្ស។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO)​លោក អំ សំអាត មាន​ប្រសាសន៍​ថា យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​សាច់ញាតិ​ជនរងគ្រោះ​ដោយ​ករណី​ហិង្សា​នេះ នៅ​ឆ្ងាយ​ដូច​ជើងមេឃ​។ លោក​បន្ត​ថា ការដែល​រដ្ឋាភិបាល​មិន​អាច​នាំ​ខ្លួន​ជន​បង្ក​ហិង្សា​លើ​ពលរដ្ឋ មក​ផ្ដន្ទាទោស​នេះ គឺ​ធ្វើ​ឱ្យ​សង្គម​កម្ពុជា​ញាំញី​ដោយ​អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។ លោក​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​មិន​អាច​ចេះតែ​ចោទប្រកាន់​និង​ទម្លាក់​ការ​ទទួល​ខុស ត្រូវ​លើ​អ្នកនេះ​ឬ​អ្នកនោះ​បានទេ ប៉ុន្តែ​រដ្ឋាភិបាល​គួរតែ​ស៊ើបរក​មើល​ថា តើ​ពេលនោះ​អ្នកណា​មាន អាវុធ ហើយ​អ្នកណា​ដែល​បាញ់​លើ​ពលរដ្ឋ៖ «ការ​បង្ក្រាប​ឱ្យ​មាន​អំពើ​ហិង្សា​ធំធេង​ហើយ​មិន​អាច​រក​អ្នក​ប្រព្រឹត្ត និង​អ្នកទទួលខុសត្រូវ​ចំពោះ​ការ​បង្ក​ហិង្សា បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​អ្នក​រង​របួស​នេះ​គឺជា​វប្បធម៌​និទ្ទណ្ឌភាព​មួយ​ដ៏​ធ្ងន់ធ្ងរ។ បើ​វប្បធម៌​នេះ​នៅ​បន្ត​ទៀត ហើយ​អ្នក​បង្ក​និង​អ្នក​ពាក់ព័ន្ធ​មិន​អាច​យក​ទៅ ផ្ដន្ទាទោស​បានទេ ដូច្នេះ​វប្បធម៌​អំពើ​ហិង្សា​នេះ​នឹង​បន្ត​កើតឡើង​ទៀត ហើយ​វា​គឺជា​អំពើ​អយុត្តិធម៌ ធ្ងន់ធ្ងរ​សម្រាប់​ជន​រងគ្រោះ»។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ មើល​ឃើញ​ថា ការ​រក​មិន​ឃើញ​អ្នក​ប្រព្រឹត្ត និង​អ្នក​ពាក់ព័ន្ធ​មក ផ្ដន្ទាទោស​នេះ មិនមែន​ដោយសារ​សមត្ថកិច្ច​កម្ពុ​ជា អសមត្ថភាព​ទេ ប៉ុន្តែ​ដោយសារ ពួកគេ​គ្មាន​ឆន្ទៈ និង​កត្តា​ដែល​ធំ​បំផុត​គឺ​កត្តា​នយោបាយ​ដែល​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការស៊ើបអង្កេត​។ លោក អំ សំអាត នៅតែ​ទទូច​ស្នើសុំ​ឱ្យ​អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​ត្រឹមត្រូវ​មួយ ដើម្បី​យ៉ាងហោចណាស់​ផ្ដល់​ដំណឹង និង​ភស្តុតាង​សមស្រប​ដល់​ក្រុម​គ្រួសារ​របស់​យុវជន​បាត់​ខ្លួន ខឹម សុផាត ដើម្បី​ឱ្យ​ពួកគាត់​អស់ចិត្ត​ដែរ៖ «អ្នក​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​ស្រាវជ្រាវ​និង​ការស៊ើបអង្កេត និង​ការស្វែងរក​យុត្តិធម៌​ដែល​បាន​បាត់បង់​ជីវិត បាត់​ខ្លួន​និង​រង​របួស​ក្នុង​ព្រឹត្តិការណ៍​អំពើ​ហិង្សា​នោះ គឺ រដ្ឋាភិបាល សមត្ថកិច្ច​ពាក់ព័ន្ធ និង​រួម​ទាំង​តុលាការ​ផង​ដែរ ដែល​ត្រូវ​រក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ ទាំងអស់​នេះ។ មិនមែន​គ្រាន់តែ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក​នោះ​ទេ គឺ​ត្រូវ​រក​ឱ្យ​ឃើញ​ទៅ​តើ​អ្នកណា ជា​អ្នក​ដែល​ប្រើប្រាស់​អំពើ​ហិង្សា អ្នកណា​ជា​អ្នក​ពាក់ព័ន្ធ​នោះ គឺ​ត្រូវតែ​យក​មក​អនុវត្ត​ទោស​ទៅតាម ផ្លូវច្បាប់ ដើម្បី​ស្វែងរក​ការពិត​និង​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​លុបបំបាត់​វប្បធម៌​និទ្ទណ្ឌភាព ឬ​វប្បធម៌​អំពើ​ហិង្សា​ទាំងអស់​នេះ»។

កាលពី​ខែ​តុលា ឆ្នាំ​២០១៤ មេធាវី​នៃ​ក្រុមហ៊ុន​មេធាវី​គ្លូប៊ល ឌីលិជេនស៍ (Global Diligence) ដែល​មាន​ទីតាំងនៅ​ប្រទេស​អង់គ្លេស លោក រីឆាដ រ៉ូជើរ (Richard Rogers) បាន​ដាក់​ពាក្យបណ្ដឹង​មួយ​ច្បាប់​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​ករណី​សមត្ថកិច្ច​ប្រើ​ហិង្សា​លើ​អ្នក​តវ៉ា​នៅ​ផ្លូវ​វេងស្រេង និង​ក្បែរ​រោងចក្រ​យ៉ាកជីន។ ក្នុង​ពាក្យបណ្ដឹង​នោះ ចោទប្រកាន់​មន្ត្រី​មានអំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ដែល​បាន​ប្រព្រឹត្ត​ក្នុង​រយៈពេល​ជាង ១២​ឆ្នាំ​ចុង​ក្រោយនេះ។

ជា​រៀងរាល់​ឆ្នាំ​ឱ្យ​តែ​ដល់​ថ្ងៃ​ទី​៣ ខែ​មករា ក្រុម​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ក្រុម​គ្រួសារ​សាច់ញាតិ ជនរងគ្រោះ តែងតែ​ជួបជុំគ្នា​ប្រារព្ធ​ខួប​នៃ​ការ​បាញ់​សម្លាប់​កម្មករ​នៅ​ទីតាំង​កើតហេតុ​លើ​ដង​ផ្លូវ​វេងស្រេង និង​ស្រែក​សុំ​យុត្តិធម៌​។ ទោះ​យ៉ាង​ណាក្តី​ការ​ជួបជុំ​ប្រារព្ធ​ពិធី​បែប​សាសនា​របស់​ពួកគេ មិន ដែល​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​នោះ​ទេ តែងតែ​ទទួលរង​ការ​បង្ក្រាប​និង​ការ​បំបែក​ពី​សំណាង​កម្លាំង អាជ្ញាធរ​សមត្ថកិច្ច ព្រោះ​កងកម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​ទាំងនោះ មិន​ចង់​ឱ្យ​រំលឹក​រឿង​បែបនេះ​នោះ​ទេ។

ឪពុកម្ដាយ​របស់​យុវជន ខឹម សុផាត យល់​ឃើញ​ថា អាជ្ញាធរ មិន​ត្រូវ​ព្រងើយកន្តើយ ករណី​អយុត្តិធម៌​នេះ។ ពួកគេ​ថា ប្រសិនបើ​កូន​គាត់​ស្លាប់ យ៉ាងហោចណាស់ ក៏​ពួកគាត់​បាន​ទទួល​សព​កូន យក​មក​ធ្វើបុណ្យ​ដែរ មិន​ត្រូវ​ស្ងាត់​បាត់​ឈឹង គ្មាន​ដំណឹង​សោះ​បែបនេះ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ឪពុកម្ដាយ​យុវជន ខឹម សុផាត ដែល​បាត់​ខ្លួន​នៅ​ផ្លូវ​វេងស្រេង​ថា គ្មាន​សង្ឃឹម​ទទួល​បាន​យុត្តិធម៌"

  1. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់
    លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅប៉ុន្មានថ្ងៃនេះសមរង្ស៊ី ថាបើមានការព្យូ EBA លោកនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថាវិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី ពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ជាមួយសកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំង
    រដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

Leave a Reply

Submit Comment