អ្នកវិភាគ​ថា គណបក្ស​ថ្មី នឹង​ទទួល​បាន​ការ​ជេរ​ស្ដី និង​សើចចំអក​ពី​ពលរដ្ឋ ជាង​សាទរ

ដោយ មួង ណារ៉េត
2020-01-04
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្រ្តីគណបក្សខ្មែរ​ស្រលាញ់ជាតិ ក្នុង​សន្និសីទកាសែត​ ថ្ងៃទី ០៣ ខែ​ មករា ឆ្នាំ ២០២០

មន្រ្តីគណបក្សខ្មែរ​ស្រលាញ់ជាតិ ក្នុង​សន្និសីទកាសែត​ ថ្ងៃទី ០៣ ខែ​ មករា ឆ្នាំ ២០២០

 Screenshot from Facebook


អ្នកវិភាគ​មើល​ឃើញ​ថា គណបក្ស​ថ្មី​របស់​ក្រុម​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ដែល​ជា​អតីតមន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ ហើយ​គណបក្ស​នោះ​នឹង​មាន​វាសនា ដូច​គណបក្ស​គ្មាន​កៅអី​ក្នុង​រដ្ឋសភា​ដទៃ​ទៀត​ដែរ។

ការ​លើកឡើង​នេះ ក្រោយពេល​ក្រុម​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ខ្លះ បាន​ដាក់​ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​ថ្មី​មួយ ឈ្មោះ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២ មករា។

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត យល់ថា អតីតមន្ត្រី និង​អតីត​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ គ្មាន​ឱកាស​បាន​ស៊ី​កេរ្តិ៍ គណបក្សប្រឆាំង​ឡើយ ដោយសារ​ពលរដ្ឋ គ្មាន​និន្នាការ​គាំទ្រ​គណបក្ស​ថ្មី ក្រៅពី​សង្គ្រោះ​ជាតិ​។ លោក បុង ដែត ថា មិន​ត្រឹមតែ​គ្មាន​ការ​គាំទ្រ​ទេ តែ​គណបក្ស​ថ្មី​នេះ នឹង​រង​ការរិះគន់​ពី​ពលរដ្ឋ​យ៉ាង​ចាស់ដៃ បន្ថែម​ទៀត​ផង។

អ្នកវិភាគ​រូប​នេះ អះអាង​ថា ក្នុង​បរិបទ​បច្ចុប្បន្ន ពលរដ្ឋ​មិនទាន់​អស់​ជំនឿ​លើ លោក សម រង្ស៊ី និង លោក កឹម សុខា ទេ ហើយ​ពួកគេ មិន​ត្រូវការ​គណបក្ស​នយោបាយ​ថ្មី ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ​។ ដូច្នេះ ការ​បង្កើត​គណបក្ស​ថ្មី​នេះ នឹង​ក្លាយ​ជា​ការ​សើចចំអក​ពី​ពលរដ្ឋ និង​បង្ហាញ​ឱ្យ​ឃើញ​ថា អ្នកនយោបាយ​ទាំងនោះ កំពុង​ឆ្លៀតឱកាស​ច្បាម​ដណ្ដើម​កេរ្តិ៍​បក្ស​ប្រឆាំង ឬ​បង្ហាញ​ពី​ចេតនា​បម្រើ​នយោបាយ គណបក្ស​កាន់អំណាច​«​គណបក្ស​ថ្មី ដែល​បង្កើត​ឡើង​នេះ មិន​ខុស​ពី​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា (​រួមដៃ​គ្នា ទទួលស្គាល់​ការ​រំលាយ​បក្ស​ប្រឆាំង)។

តំណាងរាស្ត្រ​ជាប់ឆ្នោត ២​នាក់ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន សរុប​មាន​គ្នា ៨​នាក់ បាន​ប្រកាស ជា​ស្ថាបនិក​គណបក្ស​ថ្មី​មួយ ឈ្មោះ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ឬ ជា​ភាសា​អង់គ្លេស​ថា (the Cambodian Nation Love Party ឬ CNLP) ដោយ​បាន​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​គណបក្ស​ថ្មី​នេះ នៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី២ ខែ​មករា​។ ក្រុម​ស្ថាបនិក​គណបក្ស​នយោបាយ​ថ្មី​នេះ ដោយ​អះអាង​ក្នុង​សន្និសីទកាសែត កាល​ពី​រសៀល​ថ្ងៃទី២ ខែ​មករា ថា ការ​បង្កើត​គណបក្ស​ថ្មី ព្រោះ​ចង់​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​ឡើង​វិញ។

ប្រធាន​ក្រុម​ស្ថាបនិក​គណបក្ស​នយោបាយ​ថ្មី​នេះ គឺជា​តំណាងរាស្ត្រ​ជាប់ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ជីវ កត្តា លើកឡើង​ក្នុង​សន្និសីទកាសែត​នោះ ថា​គណបក្ស​ថ្មី​នេះ មានបំណង​បន្ត​គោលដៅ​គណបក្ស​សង្គ្រោះ​ជាតិ បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ ផ្សះផ្សា​ជាតិ និង​តស៊ូ​មតិ​តាម​គោលការណ៍​ប្រជាធិបតេយ្យ។

បើ​ការ​ដាក់​ស្នើសុំ​ចុះបញ្ជី​គណបក្ស​នេះ ត្រូវ​បាន​យល់ព្រម​ពី​ក្រសួងមហាផ្ទៃ ឱ្យ​បើក​គណបក្ស​មែន គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​នេះ នឹង​ក្លាយ​ជា​គណបក្ស​នយោបាយ​ទី​៣ ដែល​បង្កើត​ឡើង ដោយ​ក្រុម​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​គណបក្សប្រឆាំង​ដែល​មាន​កម្លាំង​គាំទ្រ​ប្រហាក់ប្រហែល​គណបក្ស​កាន់អំណាច​មួយ​នេះ ត្រូវ​បាន​របប​ក្រុងភ្នំពេញ​រម្លាយ​ចោល កាលពី​ឆ្នាំ​២០១៧។

គណបក្ស​នយោបាយ​ដំបូង ដែល​បង្កើត​ដោយ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​នេះ​ដែរ គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ របស់​កូនប្រុស​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះជាតិ​គឺ​លោក គង់ គាំ ដែល​បង្កើត​នៅ​ឆ្នាំ២០១៨​។ ប៉ុន្តែ មិន​ទទួល​បាន​អាសនៈ​សភា​មួយ​អាសនៈ​នោះ​ឡើយ ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​កាលពី​ខែ កក្កដា ឆ្នាំ ២០១៨​នោះ​។ បន្ទាប់​មក​ទៀត គឺ​គណបក្ស​ខ្មែរ​អភិរក្សនិយម របស់​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល​ខេត្ត​ស្វាយរៀង លោក រៀល ខេមរិន្ទ្រ ដែល​លោក​បង្កើត​នៅ​ឆ្នាំ​២០១៩ ក្រោយ​លោក​ដាក់​លិខិត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ គណបក្ស​នយោបាយ​ទាំង ២​នេះ សុទ្ធតែ​តែ​ប្រកាស​អះអាង​ប្រាប់​សាធារណជន​ថា ជា​ព្រលឹង​របស់​គណបក្ស​សង្គ្រោះជាតិ។

សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស មិន​ពេញចិត្ត​ចំពោះ​ការ​បង្កើត​គណបក្ស​ថ្មីៗ​ឡើយ ដោយ​ហៅ​អ្នកបង្កើត​បក្ស​ថ្មី​ទាំងនេះ​ថា ជា​ក្រុម​ស៊ីពែ ឬ​ជន​មិន​ស្មោះត្រង់​ជាមួយ​ពលរដ្ឋ ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​។ ពួកគេ​បង្ហោះ​សារ​ឌឺដង​ក្នុង​ហ្វេសប៊ុក (facebook) ថា ការ​បង្កើត​គណបក្ស​ថ្មីៗ​ទាំងនេះ គឺ​គ្រាន់តែ​ដើម្បី​ទទួល​បាន​លាភសក្ការៈ​ផ្ទាល់ខ្លួន ឬ​ចង់បាន​តំណែង​ជាទី​ប្រឹក្សា​លោក ហ៊ុន សែន ឬ​ធ្វើតាម​នយោបាយ​បំភាន់​មតិ​សាធារណជន និង​បំបែកបំបាក់​សំឡេង​ប្រឆាំង​តែប៉ុណ្ណោះ។

ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ លោក លី រតនៈរស្មី អះអាង​ថា ក្រុម​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទាំងនោះ ខំប្រឹង​បង្កើត​គណបក្ស​ថ្មី ដើម្បី​ផ្គាប់ចិត្ត និង​ធ្វើតាម​បញ្ជា​គណបក្ស​កាន់អំណាច​។ លោក​ថា ពលករ និង​សកម្មជន​បក្ស​ប្រឆាំង គ្មាន​គាំទ្រ​គណបក្ស​ណាមួយ ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ព្រោះ​ពួកគេ​សុទ្ធតែ​ដឹង​ថា មានតែ​លោក កឹម សុខា និង លោក សម រង្ស៊ី រួមគ្នា​តែប៉ុណ្ណោះ ទើប​អាច​យកឈ្នះ លោក ហ៊ុន សែន បាន៖ «មិន​ថា អស់លោក​ណា​ទេ ដែល​ទៅ​បើក​គណបក្ស​ថ្មី ឬក៏​ទៅ​ធ្វើ​អ្វី​ថ្មី ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង គាំទ្រ អាហ្នឹង​អត់​ទេ​។ បើ​ចំពោះ​នៅ​ក្នុង​ប្រទេស​ថៃ យើង​ប្រកាន់​ភ្ជាប់ លោក​ប្រធាន​ទាំង​២ លោក​ប្រធាន កឹម សុខា លោក​ប្រធាន សម រង្ស៊ី ជា​និម្មិត​រូប​របស់​គណបក្ស​សង្គ្រោះជាតិ»។

ជុំវិញ​សំណើសុំ​បង្កើត​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ របស់​ក្រុម​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ខាងលើ​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន បាន​នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី៣ ខែ មករា ដោយសារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នកទទួល។

ទោះ​យ៉ាងណា របប​ក្រុងភ្នំពេញ បាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ថា​គណបក្ស​ថ្មី ត្រូវ​រង់ចាំ​១៥​ថ្ងៃ ដើម្បី​យក​លិខិតអនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ ទៅ​ប្រមូល​ស្នាម​មេដៃ​អ្នកគាំទ្រ ឱ្យ​បាន​ចំនួន​ប្រាំ​រយ (៥០០) ស្នាម​មេដៃ ដាក់​ជូន​ក្រសួងមហាផ្ទៃ​វិញ​។ ដូច្នេះ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​នេះ នឹង​ត្រូវ​រង់ចាំ​ការ​ឆ្លើយ​តប​ជា​ផ្លូវ​ពី​ក្រសួង​មហាផ្ទៃ​រយៈពេល ២​សប្ដាហ៍​ទៀត។

ចំណែក​ឯ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ឯណោះ​ទៅវិញ ធ្លាប់​បាន​ថ្លែង​ថា​គណបក្ស​នយោបាយ​ដែល​បង្កើត​ថ្មី ហើយ​អះអាង​ថា ជា​ស្មារតី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​គ្រាន់តែ​ជា​អំពិលអំពែក ដែល​ភ្លឹបភ្លែត​តែមួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​របប​លោក ហ៊ុន សែន រម្លាយ​រួចមក មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ​ចំនួន ១១៨ នាក់​ត្រូវ​បាន​របប​នេះ ហាមប្រាម​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល ៥ ឆ្នាំ​។ ប៉ុន្តែ ក្រោយ​រង​សម្ពាធ​អន្តរជាតិ ដែល​ទាមទារ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បើក​ដំណើរការ​ឡើងវិញ និង​ផ្តល់​នីតិសម្បទារ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ទាំងអស់​នោះ​ឡើង​វិញ របប​លោក ហ៊ុន សែន បាន​សម្រួល ដើម្បី​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​រង​បម្រាម​សិទ្ធិ​នយោបាយ​ទាំងនោះ អាច​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ប៉ុន្តែ​ត្រូវ​បើក​គណបក្ស​ថ្មី​ទើប​ព្រម។

រហូត​មក​ដល់​ពេលនេះ មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ដល់ ១០% ទេ​ដែល​ព្រម​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នេះ​។ ក្នុង​ចំណោម​អ្នក ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ មិន​ដល់ ១០ នាក់​នេះ បាន​នាំគ្នា​ទៅ​បង្កើត​គណបក្ស​នយោបាយ​រហូតដល់​ទៅ​បី​ផ្សេងៗ​គ្នា រួចទៅ​ហើយ បើ​ទោះ​បី​ជា​អ្នក​ទាំងនោះ អះអាង​ថា នៅ​បន្ត​រក្សា​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ​តែមួយ​ក៏ដោយ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ មន្ត្រី​គណបក្សប្រឆាំង​ស្ទើរតែ​ទាំងអស់​ដែល​រង​បម្រាម​នយោបាយ ក៏​នៅតែ​មិន​ព្រម​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ឬ​ទៅ​បង្កើត ឬ​ចូលរួម​ជាមួយ​គណបក្ស​ដែល​បង្កើត​ថ្មី​ណាមួយ​នោះ​ឡើយ ដោយ​ស៊ូទ្រាំ​ចាំ​គណបក្ស​សង្គ្រោះ​ជាតិ បើក​ដំណើរការ​ឡើងវិញ ឬ​បន្ត​ការ​ស្ងៀមស្ងាត់​តទៅទៀត។

ចំណែក​ឯ ចៅសង្កាត់​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​អូរចារ កញ្ញា ស៊ិន ចន្ទពៅរ៉ូហ្ស៊េត ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​ពី​មន្ត្រី​គណបក្ស​កាន់អំណាច បាន​សរសេរ​ជា​កំណាព្យ លើ​គណនី​ហ្វេសប៊ុក​របស់​កញ្ញា ថា​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី កញ្ញា​សូម​​បញ្ជាក់​សេចក្ដី ទោះ​កញ្ញា​ជា​ស្រី ជា​យុវតី កញ្ញា​ក៏​មិន​រត់​ទៅ​ណា​ទៅ​ណី ទៅ​រក​បក្ស​ណា​ថ្មី ក្រៅពី​សង្គ្រោះ​ជាតិ​ឡើយ​។ កញ្ញា​បញ្ជាក់​ទៀត​ថា កាលណា​គ្មាន​សង្គ្រោះ​ជាតិ កញ្ញា​សុខចិត្ត​រស់នៅ​ត្បិតត្បៀត ជា​ពលរដ្ឋ​សាមញ្ញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អ្នកវិភាគ​ថា គណបក្ស​ថ្មី នឹង​ទទួល​បាន​ការ​ជេរ​ស្ដី និង​សើចចំអក​ពី​ពលរដ្ឋ ជាង​សាទរ"

  1. Anonymous says:

    កុំប្រឹងបំបែកខ្លួន ប្រយ័ត្នដូចបក្សមុនៗ

Leave a Reply

Submit Comment