កម្មករ​រងគ្រោះ​ពី​ការ​បាក់​រលំ​អគារ ៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ មិន​ទាន់​ទទួល​បាន​សំណង​រដ្ឋប្បវេណី​នៅ​ឡើយ

ដោយ ថន ថារ៉ូ
2020-01-04
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​រុករក​ជន​រងគ្រោះ​ក្នុង​អគារ​រលំ​បាក់​ នា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៣ មិថុនា ​២០១៩។

សកម្មភាព​រុករក​ជន​រងគ្រោះ​ក្នុង​អគារ​រលំ​បាក់​ នា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៣ មិថុនា ​២០១៩។ Photo courtesy of Royal du Cambodge’s Facebook Page


ក្រុម​កម្មករ រងគ្រោះ​ពី​ការ​រំលំ​បាក់​អគារ​ខុនដូ (Condo) របស់​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ កាលពី​ខែ​មិថុនា ប្រាប់​ថា ពួកគេ​មិនទាន់​បាន​ទទួល​សំណង​រដ្ឋប្បវេណី ពី​ម្ចាស់​សំណង់​នៅឡើយ​ទេ​។ អ្នកឃ្លាំមើល​វិស័យ​សំណង់ ជំរុញ​ឱ្យ​តុលាការ​ខេត្ត​ព្រះសីហនុ ពន្លឿន​នីតិវិធី ផ្ដល់​សំណង​រដ្ឋប្បវេណី​ឱ្យ​ក្រុម​កម្មករ​រងគ្រោះ​ទាំងនោះ។

កម្មករ​លាយ​ស៊ីម៉ងត៍ លោក រស់ ស៊ីថា ឱ្យ​ដឹង​ថា លោក​ទទួល​បាន​ជំនួយ​សប្បុរសជន សរុប​ជាង​បី​ម៉ឺន (៣០.០០០) ដុល្លារ​អាមេរិក ហើយ​មិនទាន់​ទទួល​បាន​សំណង​រដ្ឋប្បវេណី​ទេ។ លោក រស់ ស៊ីថា ប្រាប់​ថា ជាង ៧​ខែ​មកនេះ របួស​លោក​រើ​ឡើង​ម្ដងៗ ហើយ​លោក​មិនទាន់​អាច​ធ្វើ​សំណង់​វិញ​បាន​ទេ​។ កម្មករ​សំណង់​រូប​នេះ​ថា លោក​លែង​ហ៊ាន​ធ្វើ​សំណង់​ទៀតហើយ ក្រោយ​ជួប​ឧបទ្ទវហេតុ​បាក់​រំលំ​អគារ​ម្ដង​នោះ​រួចមក​។ លោក​ចង់​រៀន​ដាំ​ដុះ ហើយ​ធ្វើការ​កសិកម្ម​វិញ៖ «ខ្ញុំ​ទទួល​បាន​ភ្លាមៗ​ហ្នឹង ចំនួន​៣​ម៉ឺន សម្ដេច​ឱ្យ​ភ្លាមៗ​។ ត​មក​ទៀត សប្បុរសជន គាត់​ឧបត្ថម្ភ​ហ្នឹង គាត់​ឱ្យ​ប្រហែល​ជាង​៥​ពាន់​ទាំងអស់​។ ខ្ញុំ​មិនទាន់​បាន​ធ្វើ​អ្វី​ផង​។ ខ្ញុំ​នៅផ្ទះ សម្រាក ព្រោះ​អ្វី​ទើបតែ​ជា​ដៃ​ដែរ។ ដៃ​វា​បាក់​ស្មា កាលនោះ​។ មិនទាន់​បាន​ធ្វើ​អ្វី​ផង​។ តែ​ខ្ញុំ​ចង់​រៀន​ខាង​ដាំ​ដុះ​។ តែ​ឥឡូវ​ខ្ញុំ​អត់​ទាន់​បាន​ទៅ​រៀន​ផង»។

កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០១៩ អគារ​ខុនដូ កម្ពស់​៧​ជាន់ កំពុង​សាងសង់​នៅ​ក្នុង​ក្រុងព្រះសីហនុ ដែល​មាន​ម្ចាស់ និង​អ្នកម៉ៅការ​សាងសង់​ជា​ជនជាតិ​ចិន បាន​បាក់​ដួល​រំលំ​សង្កត់​កម្មករ កម្មការិនី កំពុង​ដេក​នៅ​ការដ្ឋាន​សំណង់ ស្លាប់​ចំនួន ២៨​នាក់ និង​របួស​ចំនួន ២៦​នាក់។

កម្មករ​ផ្នែក​រៀប​ការ៉ូ ម្នាក់ទៀត ដែល​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ចុងក្រោយបង្អស់ ក្នុង​ពី​គំនរ​អគារ​៧​ជាន់​បាក់​រលំ​នោះ គឺ​លោក កាក់ គា ក៏​អះអាង​ថា មិន​ទាន់​បាន​ជាសះស្បើយ​ពីរ​បួស​ដែរ​។ លោកស្រី អ៊ុន ម៉ារី ប្រាប់​ថា លោក កាក់ គា ក៏​មិនទាន់​ទទួល​បាន​សំណង​ពី​ខាង​តុលាការ​ដែរ​។ លោកស្រី​ថា អាជ្ញាធរ​ធ្លាប់​បាន​កោះហៅ កូនប្រុស​លោកស្រី ទៅ​ប្រជុំ​និយាយ​រឿង​សំណង​តាម​ផ្លូវ​តុលាការ​ម្ដង​ដែរ យូរហើយ តែ​មកដល់ពេលនេះ ស្ងាត់ឈឹង​។ ស្ត្រី​អាយុ ៤១​ឆ្នាំ​រូប​នេះ​អះអាង​ថា លោក កាក់ គា ក៏​ទទួល​បាន​ជំនួយ​សប្បុរសជន​ជាង ៣​ម៉ឺន​ដុល្លារ​អាមេរិក​ដែរ តែ​បាន​ចំណាយ​ការ​មើល​ទាំ​ជំងឺ​បន្ថែម​ជាង ៧​ខែ​មកនេះ​អស់​មួយ​ចំនួន​។ លោកស្រី​បន្ត​ថា លោក កាក់ គា នៅតែ​រវើរវាយ ហើយ​កំពុង​បន្ត​ការ​ព្យាបាល​នៅ​គ្រូ​បុរាណ​ខ្មែរ​បន្ថែម៖ «បានតែ​ជំនួយ​ខាងគេ​ឱ្យ​ហ្នឹង បាន​ជាង​៣​ម៉ឺន​។ លុយ​ម្ចាស់​សំណង​ពី​អគារ​ហ្នឹង មិន​ទាន់​បាន​ទេ​នៅ​។ ខាង​មេធាវី គេ​ថា​នេះ​ឱ្យ ចាំ​រក​ខុសត្រូវ​ឱ្យ​។ បាន​ហៅ​ទៅ​ម្ដង​។ ហៅ​អ្នក​គ្រោះថ្នាក់​ទាំង​៤​ហ្នឹង ទៅ​ទាមទារ​នៅ ត្រពាំង​សិលា នៅ​ខាងជើង​ហ្នឹង​។ ដល់ពេល​ហើយ តាំងពី​ពេល​ហ្នឹង​មក មិន​លឺ​គេ​ហៅ ថា ម្ដេច ថា ម្ដេច​ផង»។

ក្រោយ​បាក់​រលំ​អគារ​សង្កត់​កម្មករ​ស្លាប់​ភ្លាមៗ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនជាតិ​ចិន ៤​នាក់ ដែល​ត្រូវ​បាន​អះអាង​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាក់​រលំ​អគារ​នេះ​។ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក សុក ហេង បាន​ចោទប្រកាន់ ម្ចាស់​ការដ្ឋាន​សំណង់​ឈ្មោះ ចេង គុន(Cheng Kun) អាយុ ៣៩​ឆ្នាំ និង​ម្ចាស់​ក្រុមហ៊ុន​ម៉ៅការ​សំណង់ ស៊ី កាំង ថុង កុង ហ្គូ ជី ហៃសោវ (Xi Gang Tang Gong Gou Ji Haisao) គឺ​លោក ដេង ហ្ស៊ីន ហ្គុល (Deng Xin Gul) វ័យ ៤៨​ឆ្នាំ ពី​បទ​មនុស្សឃាត​ដោយ​អចេតនា បង្ក​ឱ្យ​មាន​របួស​ដោយ​អចេតនា និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​បង្ក​របួស​ស្នាម​ដល់​អ្នកដទៃ។

ចំណែក​ជាង​សំណង់​ឈ្មោះ ហ្គៅ យុ (Gao Yu) និង​ស្ត្រី​មើល​ការងារ​ក្នុង​ការដ្ឋាន ឈ្មោះ ហ្ស៊ី យ៉ា ភីង (Xie Ya Ping) ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​មនុស្សឃាត​ដោយ​អ​ចេតនា សមគំនិត​ក្នុង​អំពើ​បង្ក​ឱ្យ​មាន​របួស​ដោយ​អចេតនា និង​សមគំនិត​ក្នុង​អំពើ​ធ្វើ​ឱ្យ​ខូច​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​បង្ក​របួស​ស្នាម​ដល់​អ្នកដទៃ តាម​មាត្រ​២៩ មាត្រា​២០៧ មាត្រា​២៣៦ និង​មាត្រា​៤១៤ នៃ​ក្រមព្រហ្មទណ្ឌ។

ក្នុង​រឿង​នេះ​ដែរ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចោទប្រកាន់​មនុស្ស ៣​នាក់​បន្ថែម​ទៀត ប៉ុន្តែ​មិន​បង្ហាញ​អត្តសញ្ញាណ​ដល់​សព្វថ្ងៃ ដោយ​គ្រាន់តែ​ប្រាប់​ថា មនុស្ស ៣​នាក់​នោះ គឺជា​ជនជាតិ​ខ្មែរ និង​ជនជាតិ​ចិន។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក យឹម ប៊ុណ្ណារ៉េត និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក ហ៊ុន សែន ប្រចាំ​តំបន់ និង​ប្រចាំ​ខេត្ត​ព្រះសីហនុ​បានទេ នៅ​ថ្ងៃ​ទី​៤ មករា ដោយសារ​ទូរស័ព្ទ​រោទ៍ សុទ្ធតែ​គ្មាន​អ្នកទទួល។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា លោក សុខ គីន សង្កេត​ឃើញ​ថា ជាទូទៅ​កម្មករ​រងគ្រោះ ទ្វេដង គឺ​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ម្ដង និង​ម្ដងទៀត តុលាការ​បង្អូស​នីតិវិធី រហូត​ធ្វើ​កម្មករ​នឿយណាយ លែង​ចង់បាន​យុត្តិធម៌​។ លោក សុខ គីន អះអាង​ថា ថវិកា ដែល​កម្មករ​ទទួល​បាន​ពី​សប្បុរសជន ក្នុង​ម្នាក់​ជាង ៣​ម៉ឺន​ដុល្លារ​នោះ មិនមែន​ជា​សំណង​តាម​ផ្លូវ​តុលាការ​ទេ​។ ដូច្នេះ​តុលាការ​ត្រូវ​ពន្លឿន​នីតិវិធី​ផ្ដល់​សំណង​រដ្ឋប្បវេណី ឱ្យ​កម្មករ​រងគ្រោះ​ឱ្យ​បាន​លឿន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles