មតិ​ពលរដ្ឋ​ចំពោះ​សោកនាដកម្ម​បាក់​អគារ​នៅ​កែប​សម្លាប់​មនុស្ស ៣៦​នាក់

ដោយ ហេង រស្មី
2020-01-05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​ក្រុម​អ្នក​សង្គ្រោះ កំពុង​បន្ត​រុក​រក​ជន​រង​គ្រោះ​​​កប់​ក្នុង​គំនរ​​បំណែក​អគារ​ ដែល​បាក់​រលំ​នៅ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ២០២០។

អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​ក្រុម​អ្នក​សង្គ្រោះ កំពុង​បន្ត​រុក​រក​ជន​រង​គ្រោះ​​​កប់​ក្នុង​គំនរ​​បំណែក​អគារ​ ដែល​បាក់​រលំ​នៅ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ២០២០។ RFA


សាលាដំបូង​ខេត្ដ​កំពត សម្រេច​មិន​ឃុំ​ខ្លួន​ម្ចាស់​អគារ​បាក់​រលំ​នៅ​ខេត្ដ​កែប


ប្រជាពលរដ្ឋ បញ្ចេញមតិ​ឈឺចាប់​និង​សោកស្ដាយ​ចំពោះ​កម្មករ​សំណង់​ដែល​បាន​ស្លាប់ និង​របួស​ចំនួន ៥៩​នាក់ ដោយសារ​រលំ​បាក់​អគារ​កម្ពស់ ៦​ជាន់​នៅ​ក្នុង​ខេត្ត​កែប​។ ពួកគេ​នៅ​តែ​ទាមទារ​ឱ្យ​ស្ថាប័ន​ជំនាញ​និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កែប ទទួលខុសត្រូវ​ចំពោះ​សោកនាដកម្ម​នេះ ដើម្បី​ទប់ស្កាត់ កុំ​ឱ្យ​ករណី​ដដែល​កើត​ឡើងជា​បន្តបន្ទាប់​ទៀត។

ប្រជាពលរដ្ឋ និង​ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ស៊ីវិល​ហ្វេសប៊ុក បង្ហាញ​អារម្មណ៍​តក់ស្លុត​ដោយ មិន​នឹកស្មាន​ដល់​ថា ហេតុការណ៍​បាក់​រំលំ​អគារ​កម្ពស់​៦​ជាន់​នៅ​ខេត្ត​កែប បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ កើន​ដល់ ៣៦​នាក់ ក្នុង​នោះ​មាន​ស្រី​១៤​នាក់ និង​ក្មេង​តូចៗ​ចំនួន​៦​នាក់ ចំណែក​អ្នក​រងរបួស​មាន​ចំនួន ២៣​នាក់។

យុវជន គង់ រ៉ៃយ៉ា ពេល​ទើប​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ពី​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។

យុវជន គង់ រ៉ៃយ៉ា ពេល​ទើប​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ពី​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA


យុវជន គង់ រៃ​យ៉ា ដែល​ត្រូវ​របប​ក្រុងភ្នំពេញ​ចាប់​ដាក់​ពន្ធនាគារ​២​ដង​ទាំង​អយុតិ្តធម៌ សម្តែង​ការ​សោកស្តាយ​ចំពោះ​ជនរងគ្រោះ និង​បង្ហាញ​អារម្មណ៍​ខឹង​សម្បារ​ចំពោះ​ម្ចាស់​សំណង់ និង​អាជ្ញាធរ​រដ្ឋ ដែល​ធ្វេស​ប្រហែល​មិនបាន​បំពេញ​កាតព្វកិច្ច​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ និង​ហាមឃាត់​សំណង់ អគារ​ដែល​សាងសង់​ខុស​បច្ចេកទេស​បែបនេះ​។ លោក គង់ រ៉ៃយ៉ា បន្ត​ថា ការ​ដែល​សំណង់​អគារ ខុស​បច្ចេកទេស នៅតែ​អាច​សាងសង់​បាន គឺ​ដោយសារតែ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​។ យុវជន​កែម ឡី និយម​រូប​នេះ ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា និង​អភិបាលខេត្ត​កែប លោក កែន ស​ត្ថា ព្រមទាំង​មន្ត្រី​ក្នុង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ គួរតែ មាន​ភាព​ក្លាហាន​ចុះចេញ​ពី​តំណែង​និង​ទទួលខុសត្រូវ។ ម្យ៉ាងវិញទៀត ប្រសិនបើ​លោកនាយក​រដ្ឋ មន្ត្រី ហ៊ុន សែន នៅ​បន្ត​ឱប​ក្រសោប​មន្ត្រី​ទាំងនេះ កាន់តែ​បង្ហាញ​ថា លោក​ជា​មេដឹកនាំ​អសមត្ថភាព និង​គ្មាន​ការ​ទទួលខុសត្រូវ​គ្រប់​រឿង។ «»

ពលករ​ម្នាក់ទៀត​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោកស្រី ឃាន កុសល ក៏​បង្ហាញ​ការ ឈឺចាប់​សោកស្ដាយ​ដែរ​ចំពោះ​សោកនាដកម្ម​បាក់​រំលំ​អគារ​ជា​លើក​ទី​៣​នេះ ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​ក្រីក្រ​ស្លាប់​យ៉ាង​វេទនា​បំផុត។ លោកស្រី​ថា ករណី​បែប​នេះ នឹង​មិន​កើតមាន​ញឹក​ញាប់​ទេ ប្រសិន​បើ​អាជ្ញាធរ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ។ «»

លោកស្រី ឃាន កុសល យល់ថា លោក ហ៊ុន សែន មិន​អាច​យក​ករណី​បាក់​អគារ​នៅ​ប្រទេសគេ​​មក​ធ្វើ​លេះ​ដើម្បី​គេច​ពី​ការទទួលខុសត្រូវ​បាន​ទេ។ «»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត គឺ លោក ឈុន វាន សង្កេត​ឃើញ​ថា មូលហេតុ​នៃ​ការ​បាក់​រលំ​អគារ និង​អគារ ខុស​បច្ចេកទេស​កំពុង​សាងសង់​ឡើង​យ៉ាង​អនាធិបតេយ្យ​នេះ គឺ​ដោយសារតែ​អាជ្ញាធរ​មិន​បាន​ត្រួត​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ដោយសារ​ទទួល​បាន​ការ​ស៊ូកប៉ាន់។ ដូច​អ្នកដទៃ​ដែរ លោក ទាមទារ ឱ្យ​មន្ត្រី​រដ្ឋាភិបាល ត្រូវតែ​ទទួលខុសត្រូវ មិន​អាច​គេចវេះ​បាន​ទេ ព្រោះ​ការ​បាក់​រលំ​អគារ​នេះ បណ្ដាល​ឱ្យ​ប៉ះពាល់​អាយុជីវិត​កម្មករ​ជា​ច្រើន​នាក់ និង​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស ផង​ដែរ។

សកម្មភាព​រុករក​ជន​រងគ្រោះ​ក្នុង​អគារ​រលំ​បាក់​ នា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៣ មិថុនា​ ២០១៩។

សកម្មភាព​រុករក​ជន​រងគ្រោះ​ក្នុង​អគារ​រលំ​បាក់​ នា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៣ មិថុនា ​២០១៩។ Photo courtesy of Royal du Cambodge’s Facebook Page


ក្នុង​រយៈពេល​៧​ខែ​នេះ មាន​សំណង់​អគារ​ខ្ពស់ៗ​កំពុង​សាងសង់​ចំនួន​៣ បាន​បាក់​រលំ​រាប​ដល់​ដី​ក្នុង​នោះ​កាលពី​ពាក់​កណ្តាល​ខែ​មិថុនា ឆ្នាំ​២០១៩ មាន​អគារ​កម្ពស់ ៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ បាក់​រលំ​បណ្ដាល​ឱ្យ​កម្មករ​សំណង់​២៨ នាក់​ស្លាប់ និង​របួស​២៦​នាក់។ បន្ទាប់​មក នៅ​ដើមខែ​ធ្នូ នេះ បាន​បាក់​រលំ​សាលាឆាន់​កំពុង​សាងសង់​នៅ​វត្ត​គោកចក ក្នុង​ខេត្ត​សៀមរាប បណ្ដាល​ឱ្យ​កម្មករ ៣​នាក់​ស្លាប់ និង​១៣​នាក់​រង​របួស។ ករណី​ចុង​ក្រោយនេះ​គឺ​បាក់​រលំ​អគារ​កម្ពស់ ៦​ជាន់ កំពុង​សាងសង់​នៅ​ក្នុង ខេត្ត​កែប បណ្ដាល​ឱ្យ​កម្មករ​សំណង់​ស្លាប់ ៣៦​នាក់ និង​របួស ២៣​នាក់។

ករណី​បាក់​រលំ​សំណង់​ដែល​សាងសង់​ខុស​បច្ចេកទេស​ទាំងនេះ គ្មាន​មន្ត្រី​រដ្ឋាភិបាល​ណា​ម្នាក់ ត្រូវ​បាន​នាំ​មក​ផ្ដន្ទាទោស ឬ​ដាក់​ឱ្យ​ទទួល​ខុសត្រូវ​ឡើយ។

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ (BWTUC) លោក យ៉ាន់ ធី ដែល​ចុះ ទៅ​ដល់​ទីតាំង​កើតហេតុ ថ្លែង​ថា ករណី​បាក់​រលំ​អគារ​នេះ គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កែប​មាន ចំណែក​ទទួលខុសត្រូវ ព្រោះ​ថា អាជ្ញាធរ​ធ្វេសប្រហែស​បណ្ដោយ​ឱ្យ​សាងសង់​អគារ​នោះ ទាំង​បាន​ដឹង​ថា អគារ​នោះ​សាងសង់​ខុស​បច្ចេកទេស និង​សាងសង់​ដល់​ទៅ ៧​ជាន់ ខណៈ​សុំ​ច្បាប់​អនុញ្ញាត​តែ ៥​ជាន់​ប៉ុណ្ណោះ។ លោក​សង្ស័យ​ថា អាជ្ញាធរ​ទទួល​បាន​ផលប្រយោជន៍​ទើប​បណ្តោយ​ឱ្យ​អគារ​បែបនេះ​បន្ត​សាងសង់។

លោក យ៉ាន់ ធី សម្ដែង​ការ​សោកស្តាយ​បំផុត​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ការពារ​មន្ត្រី របស់​ខ្លួន ប៉ុន្តែ​បែរ​ជា​ព្រមាន​ចាត់វិធានការ​លើ​អ្នក​រិះគន់​ទៅវិញ។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា មិន អាច​លើក​យករ​ណី​បាក់​រលំ​អគារ​នៅ​ស្រុក​គេ មក​ប្រៀបធៀប​នៅ​ស្រុក​ខ្មែរ​បានទេ ព្រោះ​អ្វី​ដែល កំពុង​កើត​មាននៅ​ស្រុក​ខ្មែរ​នេះ គឺ​ដោយសារ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មិន​ទទួលខុសត្រូវ​ការងារ​របស់​ខ្លួន ឱ្យ​បាន​ត្រឹមត្រូវ។ ម្យ៉ាងទៀត ប្រសិនបើ​មានការ​បាក់​រលំ​អគារ​នៅ​ស្រុក​គេ​មែន ក៏​រដ្ឋាភិបាល​ប្រទេស​ទាំងនោះ អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង​ចំពោះ​អ្នក​ពាក់ព័ន្ធ ធ្វើ​ឱ្យ​គ្រួសារ​ជនរងគ្រោះ​បាន​ស្ងប់ចិត្ត ខ្លះ​ដែរ។ «»

ចំណែក​អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ បញ្ចេញមតិ​ដែរ​ថា អ្នកទទួលខុសត្រូវ​សាងសង់ និង​ម្ចាស់​សំណង់​មិន​ត្រូវ​ឱ្យ​រួចផុត​ពី​បទ​ព្រហ្ម ទណ្ឌ ដោយ​គ្រាន់តែ​ចេញ​សំណង​ដល់​ជនរងគ្រោះ​នោះ​ឡើយ។ ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប នេះ មន្ត្រី​អនុវត្ត​ច្បាប់ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ដូច​​​ផ្ទាល់​ដែរ​ដើម្បី​ធានា​ឱ្យ​ជនរងគ្រោះ​ទទួល​បាន​ភាព​យុត្តិធម៌។ លោក​ថា បើ​ករណី​នេះ ត្រូវ​បាន​អត់ឱន​នោះ បង្ហាញ​ថា ការ​អនុវត្ត​ច្បាប់​មិន​មាន​ប្រសិទ្ធភាព​ទៅ​ថ្ងៃ​អនាគត។

ក្រៅ​ពី​នេះ លោក ឃុន ថារ៉ូ ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​រៀបចំ​ដែនដី ត្រូវ​ពង្រឹង​ការ​អនុវត្ត​បទដ្ឋាន​សុវត្ថិភាព​នៅ​តាម​ការដ្ឋាន​សំណង់​នីមួយៗ​។ លោក​ពិនិត្យ​ឃើញ​ថា ការ​យក​ទីតាំង​ការដ្ឋាន​សំណង់​ដែល​កំពុង​សាងសង់ ធ្វើជា​កន្លែង​ស្នាក់នៅ​ផង និង​សាងសង់​ផង គឺជា​ហានិភ័យ​ខ្ពស់​បំផុត​ដល់​អាយុជីវិត​មនុស្ស។ មន្ត្រី​សិទ្ធិ​ការងារ​រូប​នេះ ក៏​ទាមទារ​ឱ្យ​រដ្ឋាភិបាល​មាន​វិធានការ​ចាំបាច់​ក្នុង​ការ​ជំរុញ​ឱ្យ​ក្រុមហ៊ុន សាងសង់​នានា អនុវត្ត​ឱ្យ​បាន​ពេញលេញ​ក្នុង​ការ​ចុះបញ្ជី​ជាមួយ​អាជ្ញាធរ​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) មុន​ការ​ចេញ​អាជ្ញាប័ណ្ណ​សាងសង់​ដើម្បី​ធានា​ថា កម្មករ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​សេវា និង​សំណង​សមរម្យ នៅ​ពេល​ដែល​មាន​គ្រោះថ្នាក់​ការងារ​កើត​ឡើង។

មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង សិទ្ធិមនុស្ស​រក​ឃើញ​ថា នា​ពេល​កន្លងមក កម្មករ​ដែល​បម្រើ ការងារ​នៅ​ក្នុង​វិស័យ​សំណង់​មាន​ចំនួន​តិចតួច​ណាស់ ដែល​មាន​ធានារ៉ាប់រង​នៅ​ពេល​ដែល​មាន ករណី​គ្រោះថ្នាក់​ការងារ​កើត​ឡើង។ មាន​កម្មករ​ប្រមាណ​តែ ៩ ភាគរយ​ប៉ុណ្ណោះ​ដែល​ទទួល​បាន ធានារ៉ាប់រង ផ្ដល់​ឱ្យ​ដោយ​និយោជិក និង​ប្រមាណ ៥​ភាគរយ​ត្រូវ​បាន​ចុះបញ្ជី​ជាមួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles