មន្រ្តីបក្សប្រឆាំង ថាចំណាត់ការពន្លឿនច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីរបបលោក ហ៊ុន សែន គឺជាការលើកទឹកចិត្តអ្នកប្រជាធិបតេយ្យ

មួង ណារ៉េត
2020-01-04
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិកព្រឹទ្ធសភាលោក អិត ម៉ាកឃី (Ed Markey)និងលោក ឃ័ររី ហ្កាតន័រ (Cory Gardner)

សមាជិកព្រឹទ្ធសភាលោក អិត ម៉ាកឃី (Ed Markey)និងលោក ឃ័ររី ហ្កាតន័រ (Cory Gardner)

 Their respective Facebook


អនុប្រធាន​គណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ​ ថាចំណាត់ការពន្លឿន​ច្បាប់ដាក់ទណ្ឌកម្មលើ​​មន្រ្តីរបបលោក ហ៊ុន សែន គឺជាការលើកទឹកចិត្ត​បន្ថែម​ ដល់អ្នកប្រជាធិបតេយ្យ។ អ្នកស្រី មូរ សុខហួរ ថ្លែងថា មន្រ្តី និង​សកម្មជន​គណបក្សសង្រ្គោះជាតិ បាន​ខិតខំ​ប្រឹងប្រែងយ៉ាង​ខ្លាំង តាមគ្រប់​មធ្យោបាយ​ ជាពិសេស​មធ្យោបាយ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​ ក្នុង​រយៈពេលជាងពីរឆ្នាំចុងក្រោយនេះ ដើម្បី​ទាមទារ​ឲ្យរបបក្រុង ភ្នំពេញ​ស្តារសិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ឡើងវិញ <<នេះយើង​អបអរសាទរ! នេះជាការងារ​ដែលយើង​បាន​ធ្វើ​ ដើម្បី​ឲ្យ​មានការ​ដាក់​ទណ្ឌកម្មលើ​មន្រ្តីជាន់ខ្ពស់​នៃលោក ហ៊ុន សែន ពាក់ព័ន្ធនឹង​ការ​សម្លាប់​ប្រជាធិបតេយ្យ អំពើ​ពុករលួ​យ និង​រំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ នេះជាការ​លើកទឹកចិត្ត ឲ្យ​យើង​បន្ត ធ្វើ​ឲ្យ​មានប្រជាធិបតេយ្យ ដើម្បីសំឡេង​រួម​មួយ និង​ការពារ​ប្រយោជន៍ជាតិ>>។

ប្រតិកម្ម​របស់​មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងនេះ ធ្វើឡើង​ក្រោយ​សមាជិកព្រឹទ្ធសភាអាមេរិក ពីររូប កាលពីថ្ងៃទី ០៣ ខែ មករា បាន​ស្នើច្បាប់បន្ថែមមួយ​ទៀត​​ ដើម្បី​​ដាក់ទណ្ឌកម្មមន្រ្តីរបបលោក ហ៊ុន សែន។

សមាជិកព្រឹទ្ធសភាទាំងពីររូប​នោះ គឺលោក អិត ម៉ាឃី (Ed Markey) ដែលជាប្រធានអនុគណៈកម្មាធិការ​ទំនាក់ទំនង​ការ​បរទេស ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ព្រឹទ្ធសភា​ និង​លោក ឃ័ររី ហ្កាតន័រ (Cory Gardner) បាន​ដាក់សេចក្តីស្នើច្បាប់ ឈ្មោះថា ច្បាប់​ស្តីពីប្រជាធិបតេយ្យ​កម្ពុជា The Cambodia Democracy Act ឬ S.3081 ដើម្បីជាសេចក្តីស្នើច្បាប់​ អមទៅនឹង​សេចក្តីស្នើច្បាប់​ H.R.526 ដែលរដ្ឋសភាបាន​អនុម័តរួចហើយ កាលពីកក្កដា ឆ្នាំ ២០១៩។

សមាជិកព្រឹទ្ធសភាទាំងពីរ បញ្ជាក់នៅក្នុង​សេចក្តីថ្លែងការណ៍របស់​ខ្លួន ថា​សេចក្តី​ស្នើច្បាប់​ថ្មី ដែលជាច្បាប់អមនេះ គឺដើម្បីឆ្លើយតប​ទៅនឹង​ស្ថានភាពរំលោភសិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ នៅកម្ពុជា។

សមាជិកព្រឹទ្ធសភាលោក ហ្កាតន័រ ថាសហរដ្ឋអាមេរិក មិន​អាច​ឈរ​ឱបដៃមើល នៅពេលដែលរបបផ្តាច់ការ កំពុង​បំផ្លាញ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅកម្ពុជា និង​ការ​បើកដៃ​ឲ្យ​ឥទ្ធិពលចិន បំផ្លាញ​កម្ពុជានោះទេ។ លោកថា ច្បាប់​នេះ នឹង​ការពារអ្នកប្រជាធិបតេយ្យ និង​ដាក់ទណ្ឌកម្មលើ​អ្នកបំផ្លាញ​ប្រជាធិបតេយ្យ។

ទណ្ឌកម្ម​ដែលមាននៅក្នុងច្បាប់​នោះ រួមមានបង្កកទ្រព្យសម្បត្តិ របស់​មន្រ្តីជាន់ខ្ពស់​របបលោក ហ៊ុន សែន និង​មន្រ្តីយោធា​ ដែលចូលដៃក្នុងការបំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និងបិទដ្ឋាការ ដោយ​មិន​ឲ្យ​អ្នកទាំងនោះ ធ្វើ​ដំណើរចូលទឹកដីអាមេរិក។

មន្ត្រី​ព្រឹទ្ធសភា​អាមេរិក ថា ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​របប​លោក ហ៊ុន សែន ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ឬ​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩ ឬ H.R.526 នឹង​ត្រូវ​យក​មក​ពិភាក្សា​ដេញដោល ពេល​ព្រឹទ្ធសភា​ចូល​កង​វិញ នៅ​ដើម​ឆ្នាំ២០២០។

អាស៊ីសេរី មិន​ទាន់អាចសុំការឆ្លើយតប​ ពី​មន្រ្តីនាំពាក្យ​របបក្រុងភ្នំពេញ​ ជុំវិញ​រឿងនេះ​បាន​នៅឡើយទេ។ ប៉ុន្តែលោក ផៃ ស៊ីផាន តែង​តែ​អះអាងជាប្រចាំថា រដ្ឋាភិបាល​កម្ពុជា មិន​ចាប់អារម្មណ៍នឹង​សេចក្តី​ស្នើច្បាប់ ដែលស្នើ​ឡើង​ដោយ​តំណាង​អាមេរិកនោះទេ ព្រោះកម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ។

ចំណែកឯ​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​របស់​ព្រឹទ្ធសភា អ្នកស្រី ស៊ូសាន រ៉ាស (Suzanne Wrasse) ឱ្យ​អាស៊ីសេរី ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ ថា​គ្មាន​ហេតុផល​ណាមួយ ដែល​អាច​រារាំង​ព្រឹទ្ធសភា ក្នុង​ការ​អនុម័ត​ច្បាប់​នេះ​នោះ​ទេ​។ អ្នកស្រី​បញ្ជាក់​ថា ព្រឹទ្ធសភា​បាន​ដឹងឮ អំពី​ច្បាប់​នេះ​រួចហើយ ហើយ​ព្រឹទ្ធសភា​នឹង​ពិចារណា​ច្បាប់​នេះ នៅ​ឆ្នាំ​ថ្មី ឆ្នាំ ២០២០ ពេល​ដែល​ព្រឹទ្ធសភា​ចូល​កង​វិញ។

តាម​កាលវិភាគ​ឆ្នាំ​២០២០ ព្រឹទ្ធសភា​អាមេរិក នឹង​ចូល​កង​វិញ​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ ឆ្នាំ ២០២០៕

>>> សូមអានសេចក្តីរាយការណ៍ ដែលពាក់ព័ន្ធនឹង​នីតិវិធីធ្វើច្បាប់​ H.R.526 ដោយ​ចុចលើ Link នេះ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment