លោក ហ៊ុន សែន៖ ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ល្អ​ស្រាប់​មិន​បាច់​ស្ដារ

នយោបាយ
07 មករា 2020
ស៊ុន ណារិន
វីអូអេខ្មែរ

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែង​​សុន្ទរកថា​ក្នុង​ពិធី​អបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃ​​​​ទិវា​ជ័យជម្នះ​៧មករា​លើ​របប​ខ្មែរក្រហម​ នៅ​មជ្ឈមណ្ឌលកោះពេជ្រ​ក្នុង​​រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២០។ (Facebook/Samdech Hun Sen Official Page)
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែង​​សុន្ទរកថា​ក្នុង​ពិធី​អបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃ​​​​ទិវា​ជ័យជម្នះ​៧មករា​លើ​របប​ខ្មែរក្រហម​ នៅ​មជ្ឈមណ្ឌលកោះពេជ្រ​ក្នុង​​រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២០។ (Facebook/Samdech Hun Sen Official Page)

លោក ហ៊ុន សែន ដែល​បាន​កាន់​អំណាច​៣៥​ឆ្នាំ​មក​ហើយ បាន​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កាល​ពី​កន្លង​ទៅ ក្នុង​នោះ​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ​ ដោយ​តុលាការ​កំពូល តាម​ពាក្យ​បណ្តឹង​របស់​រដ្ឋាភិបាល​និង​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង។

ភ្នំពេញ — លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ថ្លែង​ថា​ ប្រទេស​កម្ពុជា​នៅ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស មិន​មាន​អ្វី​ត្រូវ​ស្ដារ​ឡើយ ​ជា​ការ​ឆ្លើយ​តប​មួយ​ទៅ​កាន់​ការ​ទាមទាររបស់​បណ្ដា​រដ្ឋាភិបាល​លោក​ខាង​លិច ​ដែល​ចង់​ឲ្យ​កម្ពុជា​ស្តារ​ស្ថានភាពទាំង​នោះ​ឡើង​វិញ។

ក្នុង​ខួប​៤១ឆ្នាំ​នៃ​ការ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម ៧ មករា ដែល​ធ្វើ​ឡើង​នៅ​កោះ​ពេជ្រ លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា រដ្ឋាភិបាលរបស់​លោក​ការពារ​ដាច់​ខាត​នូវ​ឯករាជ្យ អធិបតេយ្យភាព​ជាតិ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​និង​ស្ថានភាព​ណា​ក្តី ហើយ​«ការ​ប៉ុន​ប៉ង​ណា​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ឃ្លាត​ចេញ​ពី​មាគ៌ា​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ ដោយ​ដាក់​បង្ខំ​ឲ្យ​កម្ពុជា​មិន​អាច​អនុវត្ត​ សូម្បី​តែ​ច្បាប់​ជាតិ​របស់​ខ្លួន​នោះ​គឺ​ពុំ​អាច​ទទួល​យក​បាន​ឡើយ»។

លោក ហ៊ុន សែន ដែល​បាន​កាន់​អំណាច​៣៥​ឆ្នាំ​មក​ហើយ បាន​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កាល​ពី​កន្លង​ទៅ ក្នុង​នោះ​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ​ ដោយ​តុលាការ​កំពូល តាម​ពាក្យ​បណ្តឹង​របស់​រដ្ឋាភិបាល​និង​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង។

នៅ​ចំពោះ​មុខ​សមាជិក​គណបក្ស និង​អ្នកគាំទ្រ​ដ៏​ច្រើន​កុះករ​ លោក ​ហ៊ុន សែន បាន​ថ្លែង​ថា៖ «ការ​ពិត​ជាក់​ស្តែង​បាន​បង្ហាញ​ថា លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​កម្ពុជា​កំពុង​ត្រូវ​បាន​គោរព ថែរក្សា និង​លើក​កម្ពស់​ឥត​ឈប់​នៅ​ក្នុង​ផល​ប្រយោជន៍​របស់​ជាតិ​និង​ប្រជាជន​កម្ពុជា។ ដូច្នេះ​ពុំ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ណា​មួយ​ដែល​មជ្ឈដ្ឋាន​ខាង​ក្រៅ​ខ្លះ បាន​លើក​ឡើង​ដដែលៗ​អំពី​ការ​ស្តារ​ឡើង​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះ​ទេ»។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា៖ «ខ្ញុំ​សង្ឃឹម​ថា មជ្ឈដ្ឋាន​ទាំង​នោះ​នឹង​ពិចារណា​ឲ្យ​បាន​ត្រឹម​ត្រូវ​ចំពោះ​ការ​វិវត្ត​ប្រកប​ដោយ​ភាព​វិជ្ជមាន​នៅ​កម្ពុជា ហើយ​គោរព​ចំពោះ​សិទ្ធិ​នៃ​ការ​ជ្រើស​រើស​របស់​ប្រជាជន​កម្ពុជា»។

សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ដំណើរការ​នីតិវិធី​ដក​ឋានៈ​អនុគ្រោះ​ពន្ធ«គ្រប់មុខ​ទំនិញ​លើក​លែង​សព្វាវុធ​» ឬ​ហៅ​កាត់​ថា​ EBA ​បើ​សិន​ជា​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ មិន​ស្តារ​ស្ថានការណ៍​ឱ្យ​មក​ដូច​ដើម​វិញ​ទេ។ ការ​សម្រេច​ជា​ចុង​ក្រោយ​ថា​ ត្រូវ​ព្យួរ​ EBA ឬ​យ៉ាងណា​នឹង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០២០ ដែល​នឹង​ប៉ះពាល់​ដល់​វិស័យ​កាត់​ដេរ​សម្លៀកបំពាក់​នៅ​កម្ពុជា។

សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ថា ​រដ្ឋាភិបាល​កម្ពុជា​រំលោភ​សិទ្ធិ​នយោបាយ​«ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ» ក្នុង​នោះ​មាន​ការ​ចាប់​លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ឃុំឃាំង ​ការ​រំលាយ​អតីត​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ​និង​ការ​ហាមឃាត់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ចំនួន​១១៨​នាក់​ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។

សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ក៏​បាន​រិះគន់​កម្ពុជា​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​មួយ ដោយ​ពុំ​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ដែល​ជា​ដៃ​គូ​ប្រជែង​ដ៏​មាន​សក្តានុពល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ទោះ​បែប​នេះ​ក្ដី ​នៅ​ក្រោយ​ពី​មាន​ការ​បង្ក្រាប​នយោបាយ​និង​ខណៈ​ដែល​សហភាព​អឺរ៉ុប​ទាម​ទារ​ឱ្យ​មាន​ការ​ពិចារណា​លើ​ការស្ដារ​លំហ​ប្រជាធិបតេយ្យ ​រដ្ឋាភិបាល​កម្ពុជា​បាន​បើក​ឱ្យ​អ្នក​នយោបាយ​ជាប់​បម្រាម​អាច​ដាក់​ពាក្យ​សុំ​សិទ្ធិធ្វើ​នយោបាយ​ឡើង​វិញ ​រីឯ​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​លើក​លែង​ទោស​ ឬ​ដាក់​ឱ្យ​នៅ​ក្រៅ​ឃុំ ​ដូច​លោក ​កឹម ​សុខា ​ជា​ដើម។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ការ​ពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ទៅ​លើ​គណបក្ស​ប្រឆាំង​និង​បញ្ហា​សិទ្ធិមនុស្ស ​ដែល​សហភាព​អឺរ៉ុប​បាន​ទាមទារ​ឲ្យ​មាន​ការ​ស្តារ​ឡើង​វិញ។ លោក​បញ្ជាក់​ថា ការទាម​ទារឲ្យមានការទម្លាក់​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក កឹម សុខា «គឺ​ជា​ការ​រំលោភ​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា​ដែល​ជា​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស»។

លោក​បណ្ឌិត​ មាស នី​ អ្នកវិភាគ​នយោបាយ​ យល់​ថា ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ ហាក់​ដូច​ជា​មិន​អាច​កើត​ឡើង​នោះ​ទេ ដោយសារ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​កើន​ឡើង​ការ​គាំទ្រ​គួរ​ឲ្យ​ព្រួយ​បារម្ភ​សម្រាប់គណបក្ស​ប្រជាជន​កម្ពុជា។ លោក​មើល​ឃើញ​ថា​ ការ​ស្តារ​ស្ថានការណ៍​នយោបាយ​ឡើង​វិញ​គឺ ​«ស្មើ​នឹង​ការ​លេប​ថ្នាំ​សម្លាប់​ខ្លួន​ឯង»​ សម្រាប់​គណបក្ស​កាន់​អំណាច។

អ្នក​វិភាគ​នយោបាយ​រូប​នេះ​បាន​ថ្លែង​ថា៖«វា​ជា​ការ​ពិបាក​ណាស់​ដែល​ឲ្យ​គណបក្ស​កាន់​អំណាច​ (ធ្វើ​ឲ្យ​ស្ថាន​ភាព) ​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ គឺ​ដោយសារ​តែ​ការ​ព្រួយ​បារម្ភ​លើ​ស្ថិរភាព​អំណាច​របស់​ខ្លួន»។

លោក មាស នី ​បន្ត​ថា ប្រទេស​ចិន​ក៏​មិន​អាច​ជួយ​កម្ពុជា​ក្នុង​ករណី​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ក្នុង​រយៈ​ពេល​វែង​នោះ​ទេ បើ​ទោះ​បី​ជា​ប្រទេស​ចិន​ធ្លាប់​បាន​សន្យា​ធានា​ថា​ជួយ​កម្ពុជា​រឿង EBA នេះ នា​ពេល​កន្លង​មក​ក៏​ដោយ៕

What Next?

Recent Articles

Leave a Reply

Submit Comment