សកម្មជន​បក្ស​ប្រឆាំង​ ជួប​ការ​លំបាក​ពេល​រដ្ឋាភិបាល​លុបចោល​លិខិតឆ្លងដែន

ដោយ សុជីវី
2020-01-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មភាព​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ២០១៩ ត្រៀម​ផែនការ​នៅ​ទីក្រុង​បាងកក ដើម្បី​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក។

សកម្មភាព​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ២០១៩ ត្រៀម​ផែនការ​នៅ​ទីក្រុង​បាងកក ដើម្បី​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក។

 រូប៖ ដោយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ


មន្ត្រី​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បង្ខំចិត្ត​រស់នៅ​ភៀសខ្លួន​ក្រៅ​ប្រទេស​ កំពុង​ជួប​ការ​លំបាក​ជា​ច្រើន​ ក្រោយពេល​រដ្ឋាភិបាល​លុបចោល​លិខិតឆ្លងដែន​របស់​ពួកគេ​។ ចំណែក​រដ្ឋាភិបាល​ថា​ មិន​ទទួលខុសត្រូវ​ករណី​នេះ​ទេ​ ដោយសារតែ​ពួកគេ​គេចខ្លួន​ពី​ការអនុវត្ត​ច្បាប់​ក្នុង​ប្រទេស​។

មន្ត្រី​ និង​សកម្មជន​បក្ស​ប្រឆាំង​រៀបរាប់​ថា ពួក​គាត់​មិន​អាច​ដើរហើរ​ដោយ​សេរី​ និង​មិន​អាច​រក​ការងារ​ធ្វើ​ ដើម្បី​ចិញ្ចឹម​ជីវិត​បានទេ​ ក្នុង​ពេល​កំពុង​រស់នៅ​ភៀសខ្លួន​ក្រៅ​ប្រទេស ដោយសារតែ​ រដ្ឋាភិបាល​បាន​លុបចោល​លិខិត​ឆ្លងដែន​របស់​ពួក​គេ​ទាំង​បំពាន​ច្បាប់ កាល​ពី​ចុង​ឆ្នាំ២០១៩។

សកម្មជន​បក្ស​ប្រឆាំង ដែល​ធ្លាប់​ជាប់​ពន្ធ​នា​គារ​ជាង ៣ឆ្នាំ​ក្នុង​រឿង​នយោបាយ និង​កំពុង​រស់​នៅ​ និរទេស​ខ្លួន​ក្នុង​ប្រទេស​ថៃ​ លោក នាង សុឃុន ប្រាប់​អាស៊ី​សេរី​ថា ពួក​លោក​ភាគ​ច្រើន ត្រូវ​បង្ខំ​ចិត្ត​សម្ងំ​រស់​នៅ​ក្នុង​បន្ទប់​ជួល ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ និង​ត្រូវ​បង្ខំចិត្ត​រឹតត្បិត​ការ​ចាយ​វាយ​បំផុត​ ព្រោះ​មិន​អាច​រក​ការងារ​ធ្វើ​បានទេ។ លោក​អះអាង​ថា រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ ក្រៅ​ពី​លុប​ ចោល​លិខិត​ឆ្លងដែន​ហើយ នៅ​ឆ្លៀត​បញ្ជូន​មនុស្ស​ឲ្យ​តាម​ធ្វើ​បាប​ពួក​លោក​ថែម​ទៀត​ ទោះ​បី​ជា​ពួក​លោក​ខំ​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្នុង​ស្រុក​ហើយ​ក្តី៖ «របប​ក្រុងភ្នំពេញ​ មិនដែល​បោះបង់​ផែនការ ឬ​យុទ្ធសាស្ត្រ​ សម្លុត គំរាម​កំហែង សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​មក​លើ​គណបក្ស​ប្រឆាំង​ម្ដង​ណា​ទេ ដូចជា​ថ្ងៃ​មុន គឺ​របប​ក្រុង​ភ្នំពេញ បាន​បញ្ជូន​មនុស្ស​មក​តាម​ធ្វើបាប​មន្ត្រី​បក្ស​ប្រឆាំង​គឺ​លោក​ សួន​ ចំរើន​ នៅ​កណ្ដាល​ទីក្រុង​ បាងកក​តែ​ម្ដង»

ទោះបី​ប្រឈម​បញ្ហា​លំបាក​បែបនេះ​ក្តី​ លោក​ នាង​ សុ​ឃុន​ នៅតែ​រក្សា​ជំហរ​ស្មោះស្ម័គ្រ​ជាមួយ​គណ​ បក្ស​សង្គ្រោះ​ជាតិ​ដដែល៖ «សូម​អំពាវនាវ​ដល់​សកម្មជន​និង​យុវជន​ទាំង​អស់ ដែល​រស់នៅ​ក្នុង​មាតុ​ ភូមិ​កម្ពុជា​ សូម​ធ្វើ​ចិត្ត​ឲ្យ​រឹងមាំ​កុំ​ចុះចាញ់​កុំ​ចុះចូល​ជាមួយ​ក្រុម​លោក​ ហ៊ុន​ សែន​ ។យើង​សង្ឃឹមថា​ នៅ​ពេល​ឆាប់ៗ ខាងមុខនេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​វិល​ទៅ​ប្រទេស​កម្ពុជា​វិញ​ ដើម្បី​ស្តា​នូវ​លទ្ធិ​ ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស»

សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ទៀត​ ដែល​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​ជាង ២ឆ្នាំ​ហើយ គឺ​លោក​ ម៉ៅ​ វិបុល​ ថ្លែង​ថា​ កាលពី​រដ្ឋាភិបាល​មិនទាន់​លុប​ចោល​លិខិត​ឆ្លងដែន​របស់​លោក​ គឺ​លោក​អាច​ដើរហើរ​ដោយ​សេរី​ និង​អាច​រក​ការងារ​ធ្វើ​បាន។ ប៉ុន្តែ​ពេលនេះ​លោក​គ្មាន​ការងារ​ធ្វើ​គ្មាន​ប្រាក់​ចំណូល​ និង​មិន​អាច​ដើរ​ទៅ​ណា​ឆ្ងាយ​ពី​បន្ទប់​ជួល​បាន​ទេ។ សព្វថ្ងៃ​នេះ​ លោក​ពឹង​ផ្អែក​លើ​ជំនួយ​របស់​សប្បុរសជន​នៅ​ក្រៅ​ប្រទេស​ និង​ពឹង​ផ្អែក​លើ​ម្ហូបអាហារ​ ដែល​បាន​ព្រះសង្ឃ​ខ្មែរ​គង់នៅ​ប្រទេស​ថៃ៖ «មិន​អាច​ធ្វើ​ការងារ​បាន​ទេ​ ដោយសារ​នៅ​ប្រទេស​គេ​ ត្រូវការ​មាន​ ឯកសារ​ ហើយ​បើ​យើង​អត់មាន​ឯកសារ​រ គេ​អត់​ឲ្យ​យើង​ធ្វើការ​ទេ​ ដូច្នេះ​មានការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​ និង​លំបាក​ការ​ដើរហើរ​។រស់នៅ​រាល់ថ្ងៃ​នេះ​ ពឹងផ្អែក​លើ​មិត្ត​ភក្តិ​ខ្លះ​ទៅ​ បងប្អូន​ពលករ​ខ្លះ​ទៅ​ បងប្អូន​នៅ​ក្រៅ​ប្រទេស​ជួយ​តិចតួច​អ៊ីចឹង​ទៅ​ ហើយ​ពេលខ្លះ​បាយ​នៅ​វត្ត​អ៊ីចឹង​ទៅ។ យើង​នៅតែ​តស៊ូ​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ជាពិសេស​លោក​ប្រធាន សម រង្ស៊ី និង​លោក​ប្រធាន កឹម សុខា ទាល់​តែ​ មាន​ដំណោះ​ស្រាយ​នយោបាយ និង​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ»

កាលពី​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩​ ក្រសួង​ការបរទេស​កម្ពុជា​ បានសម្រេច​មោឃភាព​លិខិត​ឆ្លង​ ដែន​របស់​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​ ២៧នាក់​។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ ២៧នាក់​ នោះ​ រួមមាន​៖ លោក​ ម៉ៅ​ វិបុល​ លោក​ ម៉ោញ​ សា​រ៉ាត់​ លោក​ នាង​ សុ​ឃុន​ លោកស្រី​ គុណ​ ម៉ា​ច កញ្ញា​ កឹម​ តុលា​ កញ្ញា​ សៅ​ ឧសភា​ កញ្ញា​ ងឹម​ គាថា​ លោក​ ជិន​ សុ​ខង៉េង​ លោក​ លី​ រតនៈ​រស្មី​ លោក​ ហៃ​ វណ្ណា​ លោក​ ឈុន​ វៀន​ លោក​ ឡេង​ សេង​ហុង​ និង​លោក​ អាត​ វិចិត្រ​ ព្រមទាំង​សកម្មជន​មួយ​ចំនួន​ទៀត​ ដែល​សកម្ម​ និង​មាន​ប្រជាប្រិយ​ភាព​។ សកម្មជន​ទាំង​ ២៧នាក់​នេះ​ កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ដើម្បី​គេច​ពី​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ពី​របប​ក្រុងភ្នំពេញ​ ដោយសារតែ​សកម្មភាព​តស៊ូ​នយោបាយ​ ដែល​ពួកគាត់​អះអាង​ថា​ ធ្វើ​ក្នុង​បុព្វហេតុ​ជាតិ​ និង​ប្រជាធិបតេយ្យ។

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ លោក​ កុយ​ គួង​ និង​ប្រធាន​ អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ី​ផាន​ បានទេ​ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន​ ម៉ា​លីន​ ប្រាប់​អាស៊ី​សេរី​តាម​បណ្ដាញ​តេឡេក្រាម​ (Telegram​) ថា​ រដ្ឋាភិបាល​មិន​ទទួលខុសត្រូវ​ចំពោះ​ទុក្ខ​លំបាក​របស់​អ្នក​ទាំងនោះ​ទេ​ ព្រោះ​ការ​លុប​ ចោល​លិខិតឆ្លងដែន​នេះ​ ជា​វិធានការ​រដ្ឋបាល​បន្ថែម​ពីលើ​វិធានការ​ច្បាប់​ នៅ​ពេល​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ​គេចខ្លួន​ពី​ការអនុវត្ត​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា៖ «មធ្យោបាយ​មានតែ​មួយ​ទេ​ គឺ​គាត់​ត្រឡប់មកវិញ​ហើយ​ចូល​សារភាព​ អាច​ទទួល​បាន​នូវ​ការ​អនុគ្រោះ​តាម​នីតិវិធី​ច្បាប់​ និង​តាម​ស្ថានភាព​ជាក់​ស្តែង​នៃ​កិច្ចសហការ​ និង​ ការ​សារភាព​របស់​គាត់​។ជាគោល​ការណ៍​ច្បាប់​គឺ​វិធានការ​រដ្ឋបាល​បន្ថែម​លើ​វិធានការ​ច្បាប់​ទៅលើ​ អ្នក​ដែល​បំពានច្បាប់​គឺ​មិនមែន​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នោះ​ទេ»

សកម្មជន​បក្ស​ប្រឆាំង​ លោក​ នាង​ សុ​ឃុន​ ឆ្លើយតប​ថា​ ពួក​លោក​មិន​អាច​ទៅ​ទទួលខុសត្រូវ​ ចំពោះ​មុខ​ច្បាប់​បានទេ​ ព្រោះ​ពួក​លោក​មិនបាន​ធ្វើអ្វី​ខុសច្បាប់​បន្តិច​ឡើយ​ ពោល​គឺ​ការ​បញ្ចេញមតិ​ និង​សកម្មភាព​របស់​ពួក​លោក​ស្របតាម​ច្បាប់​ជាតិ​ និង​អន្តរជាតិ៖ «ពួក​ខ្ញុំ​ធ្វើ​កិច្ចការ​សង្គម​ ដើម្បី​ការពារប្រទេស​ជាតិ​ ពន្យល់​ប្រជាពលរដ្ឋ​ ឲ្យ​យល់​អំពី​ប្រជាធិបតេយ្យ​និង​សិទ្ធិ​ដែល​ពួកគាត់​ត្រូវ​មាន​ ចេះ​ការពារ​ខ្លួន​ ការពារ​ដីធ្លី​ផ្ទះសម្បែង​ និង​ការ​ប្រទេសជាតិ​ទាំង​អស់​គ្នា​ កុំ​ឲ្យ​បរទេស​ឈ្លានពាន​ និង​អ្នកមាន​អំណាច​ធ្វើអ្វី​តាមតែ​អំពើ​ចិត្ត​ ប៉ុន្តែ​ផ្ទុយទៅវិញ​លោក​ ហ៊ុន​ សែន​ បាន​បញ្ជា​ទៅ​តុលាការ​ និង​អាជ្ញាធរ​ថា​ ពួក​យើង​ធ្វើខុស​អញ្ចេះ​ ធ្វើខុស​អញ្ចុះ​ តែ​តាមការពិត​គឺជា​ការចោទប្រកាន់​ទាំង​អយុត្តិធម៌​ ដើម្បី​បំបិទមាត់​បំបិទ​សិទ្ធិ​ឲ្យ​នៅ​ ស្ងប់ស្ងៀម​ដើម្បីឲ្យ​បក្ខពួក​លោក​ហ៊ុន​ សែន​ ធ្វើអ្វី​តាមតែ​អំពើ​ចិត្ត​និង​បំផ្លាញ​ជាតិ​តាមតែ​អំពើ​ចិត្ត»

ក្រៅពី​សកម្មជន​ទាំង​ ២៧នាក់​នោះ​ កាលពី​ថ្ងៃ​ទី៦​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩​ ក្រសួង​ការបរទេស​កម្ពុជា​ ក៏បាន​ធ្វើ​មោឃភាព​លិខិតឆ្លងដែន​មន្ត្រី​ជាន់ខ្ពស់​ គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ១២រូប​ដែរ​ ក្នុង​នោះ​មាន​ អ្នកស្រី​ មូរ​ សុខ​ហូរ​ លោក​ ហូរ​ វ៉ាន់​ លោក​ អេង​ ឆៃ​អ៊ា​ង លោក​ ឡុង​ រី​ លោក​ ម៉ម​ ផល្លា​ លោក​ សោ​ ចាន់​ដេ​ត លោក​ គង់​ សា​ភា​ លោក​ ហេង​ ដា​ណា​រ៉ូ​ លោក​ វណ្ណ​ ណា​ឫទ្ធិ​ លោក​ ញឹម​ គិ​មញ៉ុល​ លោក​ អ៊ី​សា​ អូ​ស្មាន​ និង​លោក​ ដាង​ ចំរើន។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លី​កាដូ​(LICADHO​) លោក​ អំ​ សំអាត​ ទទួល​ស្គាល់​ថា​ នៅ​ពេល​ទៅ​រស់​នៅ​ប្រទេស​ដទៃ​ដោយ​គ្មាន​លិខិត​ឆ្លងដែន​ គឺ​ស្មើនឹង​ការ​រស់​នៅ​បែប​ ខុស​ច្បាប់​ ដូច្នេះ​ពិតជា​ជួប​ការ​លំបាក​ច្រើន។ ករណី​ទាំង​អស់​នេះ​ គឺ​កើត​ចេញ​ពី​ជម្លោះ​នយោបាយ។ លោក​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ ឈប់​ធ្វើ​ទុក្ខ​បុក​ម្នេញ​សកម្មជន​បក្ស​ប្រឆាំង​ និង​ដោះ​ស្រាយ​ជម្លោះ​ នយោបាយ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ មាន​សិទ្ធិ​សេរីភាព​រស់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើង​វិញ៖ «មានការ​សង្វេគ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​រស់នៅ​ប្រទេស​ខ្លួន​ឯង​បាន​ដោយ​សុខ​ស្រួល ហើយ​ទៅ​លាក់​ខ្លួន​បំពួន​នៅ​ប្រទេស​គេ​ ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ដូច​ជា​ជីវភាព​រស់​នៅ​ និង​សន្តិសុខ​សុវត្ថិភាព។ កត្តា​ទាំង​អស់​នេះ​ហើយ​ដែល​កើត​ចេញ​អំពី​អំពី​អ្នក​ដឹក​នាំ​នយោបាយ​ ម្ល៉ោះ​ហើយ​ក្នុងនាម​ជា​អង្គការ​សង្គម​ស៊ីវិល យើង​ស្នើសុំ​ឲ្យ​អ្នក​នយោបាយ​ទាំង​អស់ គួរ​ណា​តែ​តម្កល់​ឧត្ដម​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ»

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​សង្កេតឃើញ​ថា​ សកម្មភាព​របស់​សកម្មជន​បក្ស​ប្រឆាំង​កន្លងមក​ គឺជា​ការ​ អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ ហើយ​សហគមន៍​ ជាតិ​ និង​អន្តរជាតិ​ តែងតែ​រិះគន់​ចំពោះ​វិធានការ​ចោទ​ប្រកាន់​ និង​ការ​ចាប់ខ្លួន​របស់​តុលាការ​ និង​អាជ្ញាធរ​កម្ពុជា​ថា​ ផ្អែក​តាម​ទិដ្ឋភាព​នយោបាយ​ច្រើនជាង​ទិដ្ឋភាព​ច្បាប់​។ លោក​ពិនិត្យ​ឃើញ​ថា​ ការ​លុប​ចោល​លិខិត​ឆ្លងដែន​របស់​សកម្មជន​បក្ស​ប្រឆាំង​នេះ​ ធ្វើ​ឡើយ​ដោយ​ឆាប់រហ័ស​ និង​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ ព្រម​ទាំង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

សកម្មជន​បក្ស​ប្រឆាំង​ចាត់ទុកថា​ ការ​លុប​ចោល​លិខិត​ឆ្លងដែន​របស់​ពួកគេ​នេះ​ គឺជា​កិច្ច​ប្រឹងប្រែង​ទាំង​បំពានច្បាប់​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ ដើម្បី​រំខាន​ និង​ធ្វើបាប​សកម្មជន​បក្ស​ប្រឆាំង​កុំ​ឲ្យ​ធ្វើ​ ចលនា​កៀរគរ​កម្លាំង​ពលករ​នៅ​ក្រៅ​ប្រទេស​ ត្រៀមខ្លួន​វិល​ចូល​កម្ពុជា​វិញ​ជាមួយ​លោក សម រង្ស៊ី ក្នុង​ពេល​ខាងមុខ​ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles