ខួប​ការទូត​៧០​ឆ្នាំ​កម្ពុជា-អាមេរិក៖ សំឡេង​ក្អាកក្អាយ​លាយ​បញ្ហា​ប្រឈម

នយោបាយ
08 មករា 2020
អូន ឆេងប៉រ
ស៊ុន ណារិន
វីអូអេខ្មែរ

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​ស.រ.អា នៅ​ពិធីខួប​៧០ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​អាមេរិក និង​កម្ពុជា ដែល​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក​នៅ Futures Factory នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២០។ (អូន ឆេងប៉រ/VOA)
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​ស.រ.អា នៅ​ពិធីខួប​៧០ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​អាមេរិក និង​កម្ពុជា ដែល​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក​នៅ Futures Factory នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២០។ (អូន ឆេងប៉រ/VOA)

ភ្នំពេញ — សំឡេង​ភ្លេងបុរាណ​លាយ​សម័យ​ ​សំណើច​ក្អាកក្អាយ​ ​ស្នាមញញឹម​ ​សូរ​នៃ​ការ​គោះ​កែវ​ស្រា​ ​បាន​បន្លឺ​ឡើង​កងរំពង​ ​កាលពី​ល្ងាច​ថ្ងៃពុធ​ក្នុង​បរិវេណ​ ​Future​ ​Factory​ ​ក្នុង​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​ ​ខណៈ​ដែល​ពិធី​ផ្លូវការ​មួយ​ដើម្បី​ប្រារព្ធ​អបអរ​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​រវាង​សហរដ្ឋអាមេរិក​និង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​គេ​ធ្វើ​ឡើង។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​ស.រ.អា នៅ​ពិធីខួប​៧០ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​អាមេរិក និង​កម្ពុជា ដែល​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក​នៅ Futures Factory នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២០។ (អូន ឆេងប៉រ/VOA)
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​ស.រ.អា នៅ​ពិធីខួប​៧០ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​អាមេរិក និង​កម្ពុជា ដែល​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក​នៅ Futures Factory នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២០។ (អូន ឆេងប៉រ/VOA)

អធិបតី​ក្នុង​ពិធី​ចម្រុះ​ពណ៌​ខាងលើ​ ​ធ្វើឡើង​ដោយ​គ្មាន​នរណា​ក្រៅពី​លោក​ ​W​.​ ​Patrick​ ​Murphy​ ​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​និង​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​ប្រាក់​ ​សុ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ។​ ​ឥស្សរជន​ទាំងពីរ​សុទ្ធតែ​បាន​ពោល​សរសើរ​បង្ហាញ​ក្ដី​ញញឹម​ ​និង​ក្ដី​សង្ឃឹមថា​ ​ទំនាក់ទំនង​នឹង​ល្អ​ប្រសើរ​ឡើង។​

​«ការងារ​របស់​ស្ថានទូត​ទាំងមូល​ផ្ដោត​ទៅលើ​ការ​យកចិត្ត​ទុកដាក់​របស់​យើង​ ​ចំពោះ​ប្រជាជន​កម្ពុជា​ ​រួមមាន​បុគ្គល​ ​ស្ថាប័ន​ ​និង​អង្គការ​ដែល​មានការ​ប្ដេជ្ញា​ចិត្ត​ ​ដូច​យើង​ ​ដើម្បី​ព្រះរាជាណាចក្រ​មួយ​នេះ​មាន​វិបុលភាព​ប្រជាធិបតេយ្យ​ ​និង​អធិបតេយ្យ​ភាព»។​ នេះ​ជា​ការ​លើកឡើង​របស់​លោក​ ​W​.​ ​Patrick​ ​Murphy។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា នៅ​ពិធីខួប​៧០ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​អាមេរិក និង​កម្ពុជា ដែល​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក​នៅ Futures Factory នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២០។ (អូន ឆេងប៉រ/VOA)
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា នៅ​ពិធីខួប​៧០ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​អាមេរិក និង​កម្ពុជា ដែល​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក​នៅ Futures Factory នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២០។ (អូន ឆេងប៉រ/VOA)

ដោយឡែក​លោក​ ​ប្រាក់​ ​សុ​ខុន​ ​ប្រមុខ​ការទូត​កម្ពុជា​វិញ​ ​បាន​សម្ដែង​ក្ដី​អំណរ​សាទរ​ចំពោះ​ការ​ឈាន​ដល់​ខួប​គម្រប់​៧០​ឆ្នាំនេះ​ដូចគ្នា។​ ​លោក​បាន​បញ្ជាក់​ថា៖

«៧០​ឆ្នាំ​ជា​ទំនាក់ទំនង​ដ៏​យូរលង់​ ​នៅទីបំផុត​ទៅ​ ​អ្វី​ដែល​មាន​សារៈសំខាន់​បំផុត​នោះ​គឺថា​ ​យើង​បាន​ធ្វើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​មនសិការ​ ​ដើម្បី​ស្វែងយល់​ពី​គ្នា​ប្រសើរ​ជាង​មុន​ ​គោរព​គ្នា​ទៅវិញទៅមក​ ​ស្វែងរក​ចំណុចរួម»។​

អាមេរិក​រំលឹក​ខួប​៧០​នៃទំនាក់ទំនង​ការទូតអាមេរិក​ និង​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​ ០៨​ ខែ​មករា​ ឆ្នាំ​២០២០​។ (ស៊ុន​ ណារិន/VOA)
អាមេរិក​រំលឹក​ខួប​៧០​នៃទំនាក់ទំនង​ការទូតអាមេរិក​ និង​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​ ០៨​ ខែ​មករា​ ឆ្នាំ​២០២០​។ (ស៊ុន​ ណារិន/VOA)

​ខណៈ​ដែល​សំឡេង​នៃ​ការ​អបអរ​ខួប៧០ឆ្នាំ​នៃ​ទំនាក់ទំនង​កម្ពុជា​និង​សហរដ្ឋអាមេរិក​បាន​លាន់ឮ​កងរំពង​កាល​ពី​ល្ងាច​ថ្ងៃពុធ​ ​បញ្ហា​ប្រឈម​នានា​លើ​ចំណងទាក់ទង​ប្រទេស​ទាំងពីរ​នៅតែ​បន្ត​មាន​ជាធរមាន​នៅឡើយ។​

​ពិត​ណាស់​ ​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំងពីរ​គឺ​សហរដ្ឋអាមេរិក​និង​កម្ពុជា​ ​មាន​អាយុ​កាល​៧០ឆ្នាំ​មក​ហើយ​ គឺ​យូរ​ជាង​ទំនាក់ទំនង​ការ​ទូត​របស់​កម្ពុជា​ជាមួយ​ចិន​ ​ដែល​មាន​ត្រឹម​៦១ឆ្នាំ​ ​ជាមួយ​វៀតណាម​ដែល​មាន​ត្រឹម​៥៣​ឆ្នាំ។

សហរដ្ឋអាមេរិក​ចាប់ផ្ដើម​រាប់អាន​ទទួលស្គាល់​កម្ពុជា​ជា​ផ្លូវការ​ក្នុង​ខែ​មិថុនា​ ​ឆ្នាំ១៩៥០​ ​ចាប់តាំង​តែ​ពី​ពេល​កម្ពុជា​មិនទាន់​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​និយម​បារាំង​មក​ម្ល៉េះ។​

​តែ​៧០​ឆ្នាំ​កន្លងមក​នៃ​ការ​រាប់​អាន​គ្នា​នេះ​ ​មាន​លាយឡំ​ដោយ​ភាព​ផ្អែមល្ហែម​តិចតួច​ ​ហើយ​ភាព​ជូរចត់​ហាក់​នៅ​កម្រិតខ្ពស់អំពី​បញ្ហា​នយោបាយ​ក្នុង​ស្រុក​ ​និង​បញ្ហា​នយោបាយ​អន្តរជាតិ​ ​ដែល​ចេះតែ​រុញ​ប្រទេស​ទាំងពីរ​ឱ្យ​នៅ​ឆ្ងាយ​ពី​គ្នា​ ​ឬ​និយាយ​ឱ្យ​ស្រួល​ស្ដាប់​ ​ជិះ​ទូក​ផ្សេងគ្នា​ ​ពី​មួយ​ពេល​ទៅ​មួយ​ពេល។​

​ជាក់ស្ដែង​ ​ប្រធាន​រឿង​មួយ​ចំនួន​នៅ​បន្ត​ជា​ឧបសគ្គ​ចំណងទាក់ទង​ប្រទេស​ទាំងពីរ។

ក្នុង​ប្រតិបត្តិ​ការ​បណ្ដេញ​និង​តាម​កម្ចាត់​ទាហាន​កុម្មុយនីស្ដ​ ​ចាប់​រាប់​ពី​ឆ្នាំ​១៩៦៥​ទៅ​ ​កងទ័ព​អាកាស​សហរដ្ឋអាមេរិក​ ​បាន​ស្រោច​ទម្លាក់​គ្រាប់បែក​ប្រមាណ​៥​សែន​តោន​ក្នុង​ទឹក​ដី​កម្ពុជា​ ​ដែល​បាន​នាំ​ឱ្យ​បាត់បង់​ជីវិត​ជន​ស៊ីវិល​ ​និង​បន្សល់​គ្រាប់​មិនទាន់​ផ្ទុះ​មក​ដល់​សព្វថ្ងៃ។​ ​ប្រភព​ខ្លះ​បាន​លើកឡើង​ថា​បរិមាណ​គ្រាប់បែក​ទម្លាក់​ដោយ​សហរដ្ឋ​អាមេរិក​អាច​មាន​ដល់​ជិត​៣​លាន​តោន​ឯណោះ។​

​ក្នុង​ឆ្នាំ​២០១៧​ ​អំឡុង​ពេល​ទំនាក់ទំនង​កម្ពុជា​និង​អាមេរិក​ ​ហាក់​ស្រអាប់​ដោយសារតែ​ការ​តាម​ចាប់ចង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ពី​បទ​ចោទ​ថា​បាន​មេដឹកនាំ​រូប​នេះ​បាន​ទទួលបញ្ជា​ពី​សហរដ្ឋអាមេរិក​ ​ក្នុង​យុទ្ធនាការ​រយៈពេល​យូរ​ ​ដើម្បី​ទាញ​ទម្លាក់​អ្នក​គ្រប់គ្រង​ប្រទេស​នៃ​គណបក្សប្រជាជន​កម្ពុជា​ ​ចេញពី​អំណាច​ ​សំណុំរឿង​នៃ​ការ​ទម្លាក់​គ្រាប់បែក​សម័យ​សង្គ្រាម​ត្រូវ​បាន​គេ​រំឭក​ឡើង​វិញ។​

​កម្ពុជា​ក៏​នៅតែ​មិនទាន់​អស់ចិត្ត​ដែល​អាមេរិក​នៅ​បន្ត​ទារបំណុល​មរតក​របស់​របប​សាធារណរដ្ឋ​ខ្មែរ​ ​បន្តម​ក​ដល់​ឆ្នាំ២០២០នេះ​ ​មាន​ទំហំ​សរុប​ទាំង​ដើម​ទាំង​ការ​ ​ប្រមាណ​ជាង​៥០០​លាន​ដុល្លារ​។​ ​នេះ​គឺ​ជា​អ្វី​ដែល​ទីក្រុង​ភ្នំពេញ​បាន​ហៅថា«បំណុល​ឈាម»​និង​ស្នើ​ឱ្យ​មានការ​លើកលែង​ ​តែ​មិន​ទាន់​ទទួល​បានការ​ឆ្លើយតប​ជា​វិជ្ជមាន​ពី​អាមេរិក​នៅឡើយ។​

​បន្ថែម​ពី​នេះ​ ​ភាព​មិន​ចុះសម្រុង​គ្នា​លើ​សំណុំរឿង​បញ្ជូន​ត្រឡប់​មកកាន់​កម្ពុជា​វិញ​នូវ​បណ្ដាជន​រស់នៅ​លើទឹក​ដី​អាមេរិក​តែ​មាន​ដើមកំណើត​ជាខ្មែរ​ ក៏​បន្ត​រួតរឹត​ផង​ដែរ។​ ​ចាប់​តាំង​ពី​ឆ្នាំ​២០០២​ ​ពេល​ដែល​ប្រទេស​ទាំងពីរ​ចុះហត្ថលេខា​លើ​គម្រោង​ទទួល​បណ្ដាជន​កម្ពុជា​ដែល​ត្រូវ​បាន​បញ្ជូនពី​សហរដ្ឋអាមេរិក​មក​ ​មាន​មនុស្ស​យ៉ាង​ហោច​៩៩៨​នាក់​ត្រូវ​បាន​គេ​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ​ ​ដែល​មួយ​ចំនួន​នៃ​ពួកគេ​មិន​ចេះ​ភាសាខ្មែរ​ ​និង​ពុំ​មានសាច់​ញាតិ​នៅ​ទីនេះ​ឡើយ។​

​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ២០១៩​កន្លងទៅ​ ​មាន​បណ្ដាជន​ដើមកំណើត​ខ្មែរ​ប្រមាណ​១៧០០នាក់​ផ្សេងទៀត​កំពុង​ប្រឈម​នឹង​ការ​ចាប់​បញ្ជូន​ខ្លួន​មក​កម្ពុជា​វិញ​ ​ដោយហេតុថាពួកគេ​ភាគច្រើន​ ​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក។​ ​រដ្ឋាភិបាល​កម្ពុជា​ ​ក្រោយមក ​បាន​ហៅ​សកម្មភាព​នេះ​ថា​«អមនុស្សធម៌»​ ​តែ​នៅ​បន្ត​អនុវត្ត​កិច្ច​ព្រមព្រៀង​ជាមួយ​អាមេរិក​ ​នៅ​ពេល​ដែល​ទីក្រុង​វ៉ាស៊ីងតោន​ ​ប្រើ​ធម៌ក្ដៅ​ ​ដាក់ទណ្ឌកម្ម​មិន​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​កម្ពុជា​ ​កាលពី​ឆ្នាំ២០១៧។​

​អស់​បី​ឆ្នាំ​កន្លងមក​ហើយ​ដែល​កម្ពុជា​ប្រកាស​ផ្អាក​សម​យុទ្ធ​រួមគ្នា​មួយ​ឈ្មោះ​ថា«​ឆ្មាំ​អង្គរ​»​ដែល​ធ្វើ​ជា​មួយ​នឹង​សហរដ្ឋអាមេរិក​ ​ក្រោម​ហេតុផល​ប្រមូល​កម្លាំង​ការពារ​ស្ថិរភាព​នៅ​ឆ្នាំ​បោះឆ្នោត។​ ​ព្រមពេល​ជាមួយគ្នា​ ចាប់​ពី​ឆ្នាំ​២០១៦​មក​ ​កម្ពុជា​បានសម្រេច​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​រួមគ្នា​ឈ្មោះ​ថា«​នាគ​មាស​»​បាន​បី​លើក​ជាមួយ​នឹង​ប្រទេស​ចិន។​

​ភាព​ស្និទ្ធស្នាល​ខាង​យោធា​រវាង​កម្ពុជា​និង​ចិន​ ​បាន​ក្លាយ​ជា​ចំណុច​ស្នូល​នៃ​ការសង្ស័យ​របស់​សហរដ្ឋអាមេរិក​ ​និង​សម្ព័ន្ធ​មិត្ត​ដែល​ថា​កម្ពុជា​អាច​នឹង​ពិនិត្យ​លទ្ធភាព​ទទួល​វត្តមាន​យោធា​របស់​ចិន។​ ​កម្ពុជា​បាន​បដិសេធ​ការសង្ស័យ​ទាំងនេះ។​

​លើស​ពី​នោះ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ចោទ​ទីក្រុង​វ៉ាស៊ីងតោន​ថា​ ​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​ ​ហើយក៏​បាន​ចាប់ខ្លួន​លោក​ ​កឹម​ ​សុខា​ ​បញ្ជូន​ទៅ​ជំនុំជម្រះ​ទោស​ពី​បទ​ចូល​ដៃ​ចូល​ជើង​នឹង​អាមេរិក​ប្រុង​ទាញ​ផ្ដួល​របប​គ្រប់គ្រង​កម្ពុជា​បច្ចុប្បន្ន។​

​សហរដ្ឋអាមេរិក​បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា​ ​ថា​បាន​ធ្វើ​ឱ្យ​ដំណើរ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ ​ដើរ​ថយក្រោយ​ ​ខណៈ​ដែល​បក្សជំទាស់​ត្រូវ​បាន​រំលាយ​មុន​ការបោះឆ្នោត​ឆ្នាំ២០១៨​ ​សារព័ត៌មាន​ដែល​និយម​រិះគន់​រដ្ឋាភិបាល​ត្រូវ​បាន​បិទ​ ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​សំណុំរឿង​សិទ្ធិមនុស្ស​និង​ការ​ងារ​រសើប​ៗ ត្រូវ​បាន​គេ​រុកកួន។​

​ខណៈ​ដែល​រដ្ឋបាល​លោក​ប្រធានាធិបតី​ ​Donald​ ​J​.​ ​Trump​ ​កំពុង​ស្វះស្វែង​បោះដៃ​ចង់​ផ្សះផ្សា​ទំនាក់ទំនង​នឹង​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​តាមរយៈ​ការឆ្លើយឆ្លង​លិខិត​កាលពី​ខែ​វិច្ឆិកា​ ​ដោយ​លើកទឹកចិត្ត​ឱ្យ​ក្រុម​អ្នកការទូត​ជួប​គ្នា​ ដើម្បី​រក​ភាព​ល្អ​ប្រសើរឡើង​រវាង​គ្នា​និង​គ្នា ​កិច្ច​ខិតខំ​ប្រឹងប្រែង​នៅ​សភា​សហរដ្ឋអាមេរិក កំពុង​បន្ត​ឡើង​ ដើម្បី​ជំរុញ​ឱ្យ​ដាក់ទណ្ឌកម្ម​របប​ដឹកនាំ​កម្ពុជា​។

ទណ្ឌកម្ម​ជាក់ស្ដែង​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​ ​Global​ ​Magnitsky​ ​Act​ ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ ​បាន​ដាក់ទណ្ឌកម្ម​មន្ត្រី​ជំនិតៗ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​រួមមាន​លោក​ ​ទ្រី​ ​ភាព​ ​លោក​ ​គន់​ ​គីម​ ​និង​លោក​ ​ហ៊ីង​ ​ប៊ុនហៀង​ ​ជាដើម។

សេចក្ដីស្នើ​ច្បាប់​ ​Cambodia​ ​Democracy​ ​Act​ ​បាន​ទៅ​ដល់​ព្រឹទ្ធសភា​អាមេរិក​ហើយ​ បន្ទាប់ពី​សភា​តំណាងរាស្ត្រ​ ​បាន​អនុម័ត​នា​ពេល​កន្លងមក។​ ​បើសិនជា​ឆ្លងផុត​ព្រឹទ្ធសភា​ហើយ​ទៅ​ដល់​ដៃ​ប្រធានាធិបតី​ចុះហត្ថលេខា​ដាក់​ឱ្យ​ប្រើប្រាស់​ ​ច្បាប់​នេះ​នឹង​សំដៅ​ដាក់​ទណ្ឌកម្ម​ថ្នាក់ដឹកនាំ​គណបក្សប្រជាជន​កម្ពុជា​ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​នយោបាយ​បី​ឆ្នាំ​កន្លងមក។

សំណួរ​ចម្បង​នៅ​ឆ្នាំ​ទី​៧០​នៃ​ទំនាក់ទំនង​ការទូត​ផ្លូវការ​នេះ​ ​គឺ​ថា​តើ​ប្រទេស​ទាំងពីរ​អាច​ស្គាល់​ការ​ត្រូវរ៉ូវ​គ្នា​ ​រាប់អាន​បង្កើន​ឱ្យ​បាន​ការស្និទ្ធស្នាល​ជាង​នេះ​ដែរ​ឬទេ។​

យ៉ាងណាក្ដី​នៅ​ឯ​ពិធី​ខួប​រំឭក​ទំនាក់ទំនង​៧០​ឆ្នាំ​នេះ ​លោក​ ​ប្រាក់​ ​សុ​ខុន​ ​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ​បាន​លើកឡើង​ថា​៖​ ​

«ពិតប្រាកដ​ណាស់​ ​ដូច​ដែល​ក្នុង​ទំនាក់ទំនង​ប្រភេទ​ផ្សេង​ដែរ​ ​ដែល​ខ្ញុំ​ត្រូវ​គូស​បញ្ជាក់​ ​មិន​ថា​តែ​រវាង​មិត្តភ័ក្ដិ​ ​រវាង​ក្រុម​គ្រួសារ​សាច់ញាតិ​ ​និង​រវាង​គូស្នេហ៍​នោះ​ទេ​ ​វា​តែងតែ​មាន​លាយឡំ​គ្នា​នូវ​ការ​ឡើង​និង​ការ​ធ្លាក់​ចុះ។​ វា​មិន​អាច​ចៀស​បាន​នោះ​ទេ»។

សម្លឹង​ឆ្ពោះ​ទៅ​អនាគត​ ​លោក​ប្រមុខ​ការបរទេស​កម្ពុជា​ ​បាន​ផ្ដល់​ជា​យោបល់​ថា៖

«កម្ពុជា​សូម​គូស​បញ្ជាក់​សាជាថ្មី​នូវ​សេចក្ដី​តាំងចិត្ត​របស់​ខ្លួន​ក្នុង​ការ​ធ្វើការ​ប្រកៀក​ស្មា​នឹង​សហរដ្ឋអាមេរិក​ ​ផ្ដោត​លើ​គោលការណ៍​គោរព​និង​យោគយល់​គ្នា​ទៅវិញទៅមក​ ​ហើយ​យើង​ឈរជើង​ត្រៀមលក្ខណៈ​រួចជាស្រេច​ ​ក្នុង​ការ​ធ្វើ​ឱ្យ​រស់រវើក​ឡើងវិញ»។

លោក​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ ​W​.​ ​Patrick​ ​Murphy​ ​បាន​លើកឡើង​ថា​ ​ការ​ឆ្ពោះ​ទៅ​មុខ​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ប្រាកដ​ជា​យក​ជា​មូលដ្ឋាន​នូវ​អ្វី​ដែល​មានស្រាប់​ ​ដើម្បី​បោះជំហាន​ទៅ​រក​ការ​សហការ​គ្នា​លើ​ចំណុច​ផ្សេងៗ​ទៀត​ ​ដែល​ធ្លាប់​មានការ​ខុសប្លែក​គ្នា​ ​នា​ពេល​កន្លងមក។​ ​តែ​លោក​ថា​អាមេរិក​មិន​ចោល​ទេ​នូវ​ការ​ចង់​ឱ្យ​កម្ពុជា​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ។

សំឡេង​នៃ​ការ​អបអរ​ខាងលើ​នៅ​ឯ​ខណ្ឌ​ដូនពេញ​ ​ក្បែរ​ផ្សារ​កណ្ដាលមិន​អាច​រំលង​នោះ​ទេ​ពី​សោតា​របស់​លោក​ ​ត្រឹង​ ​ចាន់​ ​ដែល​ឈរ​នៅ​ក្បែរ​នោះ។​

​ជាងកាត់សក់​វ័យ៤២ឆ្នាំ​ ​នៅ​ជាប់​នឹង​របង​វត្តឧណ្ណាលោម​រូប​នេះ​ ​បាន​ថ្លែង​ប្រាប់​VOA ថា​ ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មិនសូវ​ជា​ល្អ​នោះ​ទេ​ ​ដោយសារ​អាមេរិក​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ទៅលើ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​ ​និង​សិទ្ធិមនុស្ស។

លោក​បាន​ថ្លែង​ថា៖​

«​តិចតួច​ដែរ។​ ​បើ​និយាយ​ចំ​រឿង​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស។​ ​ខ្ញុំ​យល់ថា​ចំណុច​ដែលគេ​និយាយ​ ​យើង​យក​មក​គិត​មក​ពិចារណា»។ លោក​ ​ត្រឹង​ ​ចាន់​ ​ក៏បាន​បង្ហាញ​ក្ដី​បំណង​ផង​ដែរ​ ​ចង់​ឃើញ​ទំនាក់ទំនង​ល្អ​ប្រសើរ​ ​នា​ពេល​ខាងមុខ​ ​រវាង​កម្ពុជា​ ​និង​សហរដ្ឋអាមេរិក៕​

What Next?

Recent Articles