អ្នក​ជំនាញ​ថា សន្តិសុខ​ជាតិ​របស់​កម្ពុជា​នឹង​ត្រូវ​អន្តរាយ បើ​បន្ត​ពឹងផ្អែក​ចិន ក្នុង​ឆ្នាំ​២០២០​នេះ

ដោយ មាន ឫទ្ធិ
2020-01-08
RFA

ស្ដាប់​​ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) (ឆ្វេង) ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​វិមានសន្តិភាព ​ប្រទេស​កម្ពុជា កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦។

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) (ឆ្វេង) ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​វិមានសន្តិភាព ​ប្រទេស​កម្ពុជា កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦។ Photo: RFA


ក្រុម​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ វាយតម្លៃ​ថា ឆ្នាំ​២០១៩​កន្លងទៅ ជា​ឆ្នាំ​ដែល​ចិន បាន​បង្ហាញ​ចេតនា​កាន់តែ​ច្បាស់ ធ្វើជា​ចៅហ្វាយនាយ​របស់​កម្ពុជា​។ ពួកគេ​ព្រមាន​ថា ប្រសិនបើ​កម្ពុជា​នៅតែ​បន្ត​ពឹង​ផ្អែកលើ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០២០​នេះ នោះ​ហេតុការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់ ឬ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ​របស់​កម្ពុជា ហើយ​កម្ពុជា​នឹង​ក្លាយ​ជា «​អាយ៉ង​» របស់​ចិន។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ វាយតម្លៃ​ថា ក្នុង​ឆ្នាំ​២០១៩ កន្លង​ទៅ ចិន​បាន​បង្ហាញ​ចេតនា​កាន់តែ​ច្បាស់ ជុំវិញ​ផែនការ​ធ្វើជា​ចៅហ្វាយនាយ​របស់​កម្ពុជា​។ សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក​នៅ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រញ៉ា (California)សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល ថា ផែនការ​ធ្វើជា​ចៅហ្វាយនាយ​កម្ពុជា​នេះ ស្ដែង​ឱ្យ​ឃើញ​តាមរយៈ ការ​ដាក់​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក និង​ការសាងសង់​ព្រលាន​យន្តហោះ​ខ្នាត​យក្ស​នៅ​ខេត្ត​កោះកុង ដែល​អាច​អនុញ្ញាត​ឱ្យ​យន្តហោះ​កងទ័ពអាកាស​របស់​ចិន ចុះចត​បាន​។ លោក​ហៅ​ទង្វើ​ទាំងនេះ​ថា ជា​ការ​ដាក់​អាណានិគម​សម័យ​ទំនើប​របស់​ចិន​មក​លើ​កម្ពុជា​។ បណ្ឌិត អៀ សុផល អះអាង​ថា ដើម្បី​បញ្ចៀស​ពី​ការ​ចោទប្រកាន់​ថា ខ្លួន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​កម្ពុជា របប​ក្រុងភ្នំពេញ​ចេញ​លិខិតឆ្លងដែន​កម្ពុជា​ឱ្យ​មន្ត្រី​យោធា​ចិន​កាន់ ហើយ​តែងតាំង​ពួកគេ ចូល​ទៅ​ក្នុង​ជួរ​មន្ត្រី​យោធា​របស់​កម្ពុជា​។ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​រូប​នេះ ព្រមាន​ថា របប​ក្រុងភ្នំពេញ​កំពុងតែ​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល ដោយសារតែ​ការ​បង្កើត​ទំនាក់ទំនង​កាន់តែ​ស្អិតល្មួត​ជាមួយ​ប្រទេស​ចិន​នេះ​។ បណ្ឌិត អៀ សុផល ក៏​មើល​ឃើញ​ដែរ​ថា ក្នុង​ឆ្នាំ​២០២០​នេះ របប​ក្រុងភ្នំពេញ​នឹង​បន្ត​ឱប​ក្រសោប​ក្រុង​ប៉េកាំង ដែល​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា «​អាយ៉ង​» របស់​ចិន។

អ្នក​វិភាគ​គោលនយោបាយ​ការបរទេស និង​ជា​អ្នក​និពន្ធ​សៀវភៅ «ការ​ពឹង​ផ្អែក​លើ​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ វិធី​ដែល​ជំនួយ​បរទេស​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ទន់​ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy)  លោក​សាស្ត្រាចារ្យ​បណ្ឌិត​ អៀ​ សុផល។

អ្នក​វិភាគ​គោលនយោបាយ​ការបរទេស និង​ជា​អ្នក​និពន្ធ​សៀវភៅ «ការ​ពឹង​ផ្អែក​លើ​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ វិធី​ដែល​ជំនួយ​បរទេស​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ទន់​ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy)  លោក​សាស្ត្រាចារ្យ​បណ្ឌិត​ អៀ​ សុផល។ Facebook


ការ​បន្ត​ឱប​ក្រសោប​ក្រុង​ប៉េកាំង ពី​សំណាក់​របប​ក្រុងភ្នំពេញ​នេះ ក៏​ត្រូវ​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់ស្រប​ដែរ។ លោក​វាយ​តម្លៃ​ថា នៅ​ឆ្នាំ​២០២០​នេះ ទំនាក់ទំនង​រវាង​កម្ពុជា-ចិន​ នឹង​នៅតែ​ល្អ​ដូច​ឆ្នាំ​២០១៩​ដែរ។ ក៏ប៉ុន្តែ លោក​ថា ទំនាក់ទំនង​នេះ​អាច​នឹង​ប្រែប្រួល អាស្រ័យ​ទៅ​លើ​កត្តា​សហភាព​អឺរ៉ុប​សម្រេច​ថា តើ​ត្រូវ​ដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» ឬ EBA និង​កត្តា​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក៖ «ចរន្ត​ទំនាក់ទំនង​ទ្វេភាគី​នេះឯង ខ្ញុំ​គិត​ថា វា​នឹង​ប្រែប្រួល​នៅ​ពេល​ដែល​មាន​វិធានការណ៍​ពី​សហគមន៍​អឺរ៉ុប ហើយ​នឹង​សហរដ្ឋអាមេរិក​ពាក់ព័ន្ធ​នឹងEBA ហើយ​នឹង​ពាក់ព័ន្ធ​នឹង​កិច្ច​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​អាមេរិក អាច​ជំរុញ​ឱ្យ​មានការ​ប្រែប្រួល​រវាង​ទំនាក់ទំនង​កម្ពុជា​-​ចិន អាច​ឱ្យ​កាន់តែ​ស្អិតល្មួត​ជាង​មុន ហើយ​នឹង​អាច​កាន់តែ​ធ្វើ​ឱ្យ​កម្ពុជា​-​ចិន​ត្រូវការ​គ្នា បាន​ន័យ​ថា កម្ពុជា​ត្រូវការ​ចិន​ច្រើន​ជាង​។ ក៏ប៉ុន្តែ ទំនាក់ទំនង​ពាណិជ្ជកម្ម អាច​ថយ​ចុះ​ប្រសិនបើ​មាន​សម្ពាធ​ពាណិជ្ជកម្ម​ពី​អឺរ៉ុប ឬ​ក៏​ពី​អាមេរិក»។

លោក ឯម សុវណ្ណារ៉ា ព្រមាន​ថា ការប្រែប្រួល​ទំនាក់ទំនង​កាន់តែ​ស្អិតល្មួត​រវាង​កម្ពុជា និង​ចិន​នេះ ក៏​នឹង​មិន​អាច​ឱ្យ​ប្រទេសជិតខាង​កម្ពុជា​មើល​រម្លង ឬ​មិន​ព្រួយបារម្ភ​បាន​នោះ​ដែរ ជាពិសេស​ប្រទេស​វៀតណាម​តែម្ដង ដែល​ជា​សត្រូវ​របស់​ចិន​ស្រាប់។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​ប្រឈម​នានា​ដែល​កម្ពុជា​ជួបប្រទះ​លើ​ឆាក​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ និង​ចក្ខុវិស័យ​នៃ​គោលនយោបាយ​ការបរទេស​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២០២០។

ក្នុង​ឱកាស​ទិវា​រំឮក​ខួប​៧​មករា លើក​ទី​៤១ លោក ហ៊ុន សែន នៅតែ​គូស​បញ្ជាក់​ជំហរ​ដដែល​ថា របប​របស់​លោក​ការពារ​ដាច់ខាត​នូវ​ឯករាជ្យ អធិបតេយ្យ​ជាតិ​។ លោក​ថ្លែង​ការពារ​ថា មិន​មាន​ការបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ ឬ​រំលោភ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​នោះ​ទេ ដូច្នេះ​ហើយ​ពុំ​មាន​មូលហេតុ​ត្រឹមត្រូវ​ក្នុង​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះ​ទេ​។ យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ហាក់​បង្ហាញ​តម្រុយ​ចង់​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​ប្រទេស​លោក​ខាង​លិច ដែល​លោក​ថា ធ្លាប់​មាន​ទស្សនៈ​មិនល្អ​ចំពោះ​កម្ពុជា៖ «ខ្ញុំ​ក៏​សង្ឃឹម​ផង​ដែរ​ថា ទំនាក់ទំនង​រវាង​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ខ្លះ ដែល​ធ្លាប់​មាន​ទស្សនៈ​មិន​គ្រប់​ជ្រុងជ្រោយ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ នឹង​ត្រូវ​បាន​ថែរក្សា​ពូន​ជ្រំ​លើកស្ទួយ​ឱ្យ​ល្អ​ប្រសើរ​ឡើង ដែល​នឹង​មិន​ក្លាយ​ជា​ចំណាប់ខ្មាំង​នៃ​ទំព័រ​ដ៏​ខ្មៅ​ងងឹត​ខ្លះ​នៃ​ប្រវត្តិសាស្ត្រ​ឡើយ»។

ជុំវិញ​ការ​ចង់​កែ​លម្អ​ទំនាក់​ទំនងជា​មួយ​ក្រុម​ប្រទេស​លោក​ខាង​លិច​ឡើងវិញ​នេះ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​មួយ​រូប​ទៀត និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Naresuan ប្រទេស​ថៃ បណ្ឌិត ប៉ូល ឆែមប៊័រ (Paul Chambers) ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា ប្រសិនបើ​លោក ហ៊ុន សែន អាច​រក្សា​តុល្យភាព​បាន​ល្អ​ប្រសើរ​ក្នុង​ទំនាក់ទំនង​រវាង​ចិន និង​សហរដ្ឋអាមេរិក នោះ​ផលប្រយោជន៍​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ នឹង​ត្រូវ​បាន​រក្សា​បាន​ល្អ​។ ក៏ប៉ុន្តែ លោក​ព្រមាន​ថា ប្រសិនបើ​កម្ពុជា​នៅតែ​បន្ត​ពឹង​ផ្អែកលើ​ចិន នោះ​ការណ៍​នេះ នឹង​ប៉ះពាល់​ដល់​កម្ពុជា ដោយសារតែ​វា​បាន​ធ្វើ​ឱ្យ​ទន់ខ្សោយ​ដល់​សន្តិសុខ​ជាតិ​របស់​កម្ពុជា​។ លោក​ផ្ដល់​អនុសាសន៍​ថា មានរឿង​រ៉ាវ​ចំនួន​ពីរ​ដែល​កម្ពុជា​គួរ​ធ្វើ​ក្នុង​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ​ក្នុង​ឆ្នាំ​២០២០​នេះ​។ រឿងរ៉ាវ​ទី​មួយ គឺ​ការ​រក្សា​តុល្យភាព​ឱ្យ​បាន​ប្រសើរ​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប ដើម្បី​ទទួល​បាន​នូវ​សម្បទាន​កាន់តែ​ប្រសើរ​ពី​ក្រុម​ប្រទេស​ទាំងនេះ​។ រឿងរ៉ាវ​ទី​ពីរ លោក​ថា កម្ពុជា​ត្រូវ​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប រួម​ទាំង​សហរដ្ឋអាមេរិក​ផង ស្ងប់ចិត្ត តាមរយៈ​ការ​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស ដើម្បី​ជា​មធ្យោបាយ​កែ​លម្អ​ទំនាក់ទំនង​ជាមួយ​សហ​ភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ហើយ​មិន​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​តែ​ទៅលើ​ប្រទេស​ចិន​ច្រើនពេក​នោះ​ទេ។

រូប​ទង់ជាតិ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន។

រូប​ទង់ជាតិ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន។ Photo: RFA


បណ្ឌិត អៀ សុផល វិញ ផ្ដល់​អនុសាសន៍​ថា របប​ក្រុងភ្នំពេញ​គួរ​រក្សា​តុល្យភាព​ជាមួយ​ចិន ហើយ​ការពារ​ឯករាជ្យ និង​អធិបតេយ្យ​របស់​ខ្លួន​ឱ្យ​បាន​ពិតប្រាកដ​។ លោក​ថា ប្រជាជន និង​សេដ្ឋកិច្ច​កម្ពុជា ពឹង​ផ្អែកលើ​ក្រុម​ប្រទេស​លោក​ខាង​លិច តែ​របប​ក្រុងភ្នំពេញ​បែរ​ជា​មាន​ទំនោរ​ខ្លាំង​ទៅលើ​ក្រុង​ប៉េកាំង​ខ្លាំង​ទៅវិញ​។ លោក​ថា របប​ក្រុងភ្នំពេញ​ចាំបាច់​ត្រូវ​ដាក់​កម្រិត​ចំពោះ​បញ្ហា​នេះ ព្រោះ​​របប​នេះ​បាន​ដើរ​ហួស​ឆ្ងាយ​ដោយ​ផ្អៀង​ទៅ​រក​ចិន​កាន់តែ​ខ្លាំង​ហើយ​នោះ។

សហព័ន្ធ​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិកាំង ដែល​ជា​បណ្តុំ​ភ្នាក់ងារ​ចារកិច្ច​ចំនួន ១៧​ស្ថាប័ន ក្នុង​នោះ​រួមមាន​ទាំង​ភ្នាក់ងារ សេ​.​អ៊ី​.​អា (CIA)ផង កាលពី​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​កន្លងទៅ ធ្លាប់​បាន​ដាក់​លោក ហ៊ុន សែន ចូល​ក្នុង​បញ្ជី​នៃ​ឈ្មោះ​ក្រុម​មេដឹកនាំ «​បង្ក​ការ​គំរាមកំហែង​ប្រចាំ​តំបន់​» អាស៊ីអាគ្នេយ៍ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​អាមេរិក និង​អត្ថប្រយោជន៍​អាមេរិក នៅ​លើ​ពិភពលោក​។ ស្ថាប័ន​នេះ​ធ្លាប់​គូស​បញ្ជាក់​ត្រង់ៗ​ថា លោក ហ៊ុន សែន បាន​ធ្វើ​ឱ្យ​របប​របស់​លោក​នៅ​ឯ​កោ ដាច់​ឆ្ងាយ​ពី​ដៃគូ​បស្ចិមប្រទេស​ដទៃ​ទៀត ហើយ​ការណ៍​នេះ កំពុង​ធ្វើ​ឱ្យ​របប​លោក​ត្រូវ​ពឹងផ្អែក​ទៅលើ​ការ​គាំទ្រ​ទាំង​ផ្នែក​នយោបាយ និង​ហិរញ្ញវត្ថុ​ពី​សំណាក់​ក្រុង​ប៉េកាំង ដែល​នឹង​បណ្ដាល​ឱ្យ​របប​លោក ហ៊ុន សែន កាន់​តែ​មាន​ចំណង​ស្អិតល្មួត​ជាមួយ​ចិន កាន់តែ​ខ្លាំង​ឡើងៗ​។ លើស​ពី​នេះ​ទៀត សហព័ន្ធ​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិកាំង​ដដែល​វាយតម្លៃ​ថា ការ​រអិល​ធ្លាក់​របស់​កម្ពុជា​ចូល​ទៅ​ក្នុង​របប​គ្រប់គ្រង​បែប​ផ្ដាច់ការ​និយម នឹង​បើកផ្លូវ​ឱ្យ​របប​នេះ​អាច​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​យោធា​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន។ ការវាយតម្លៃ​នេះ កើតមាន​ឡើងជា​បន្តបន្ទាប់​ទន្ទឹម​នឹង​មានការ​ទម្លាយ ព័ត៌មាន​ដោយ​កាសែត​ល្បីឈ្មោះ​របស់​អាមេរិកាំង ឈ្មោះ The Wall Street Journal តាមរយៈ​ប្រភព​ពី​មន្ត្រី​ជាន់ខ្ពស់​យោធា​អាមេរិក​ថា កម្ពុជា​បាន​លួច​ចុះ​កិច្ចព្រមព្រៀង​យោធា​សម្ងាត់​ជាមួយ​ចិន ដោយ​អនុញ្ញាត​ឱ្យ​ចិន​ប្រើប្រាស់​មូលដ្ឋានទ័ព​រាម រយៈពេល ៣០​ឆ្នាំ ហើយ​កុងត្រា​នេះ​អាច​បន្ត​ទៀត​ដោយ​ស្វ័យប្រវត្តិ ជា​រៀងរាល់ ១០​ឆ្នាំ​ម្តង បន្ទាប់​ពី​នោះ​។ លើស​ពី​នេះ​ទៀត កិច្ចព្រមព្រៀង​នេះ​ក៏​បើកផ្លូវ​ឱ្យ​ចិន​អាច​ដាក់​កងទ័ព ព្រមទាំង​រក្សាទុក​អាវុធ និង​នាវាចម្បាំង​របស់​ខ្លួន នៅ​លើ​ទីតាំង​នោះ​បាន​ទៀត​ផង។ ក៏ប៉ុន្តែ ព័ត៌មាន​នេះ ត្រូវ​របប​ក្រុងភ្នំពេញ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា ជា​ព័ត៌មាន «​ក្លែងក្លាយ​» ដោយ​អះអាង​ថា​កម្ពុជា​គោរព​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋានទ័ព​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment