អ្នក​សិក្សា​ប្រវត្តិសាស្ត្រ​ថា កម្ពុជា​មាន​គុណ​លើ​វៀតណាម​ច្រើន​ជាង​វៀតណាម​មានគុណ​លើ​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2020-01-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ឆ្វេង) លោក ង្វៀន ហ៊្វុជុង (Nguyen Phu Trong) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស កុម្មុយនិស្ត និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម និយម​វៀតណាម ជួប​សន្ទនា​ជាមួយ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន (ស្ដាំ)។

(ឆ្វេង) លោក ង្វៀន ហ៊្វុជុង (Nguyen Phu Trong) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស កុម្មុយនិស្ត និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម និយម​វៀតណាម ជួប​សន្ទនា​ជាមួយ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន (ស្ដាំ)។ Photo courtesy of Hun Sen Facebook


ក្រុម​អ្នក​សិក្សា​ពី​ប្រវត្តិសាស្ត្រ​លើកឡើង​ថា របប​លោក​ក្រុងភ្នំពេញ​ប្រារព្ធ​ខួប​ថ្ងៃ​ទី​៧ មករា ជា​រៀងរាល់​ឆ្នាំ និង​ការ​សង់​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម នៅ​ស្ទើរ​គ្រប​ខែត្រ​ក្រុង ដើម្បី​ដឹង​គុណ​ហួសហេតុ នៅ​គ្រា​ដែល​ជាតិខ្មែរ​កំពុងតែ​បែកបាក់​នេះ គឺ​ការ​ធ្វើឡើង​ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម មិនមែន​តំណាង​ឱ្យ​ជាតិខ្មែរ​ទេ។

អ្នកវិភាគ​ឱ្យ​ដឹង​ថា តាម​ពិត​ទៅ​វៀតណាម​ទៅវិញ​ទេ ដែល​គួរ​ដឹងគុណ​កម្ពុជា​នោះ ពី​ព្រោះ​ថា កម្ពុជា​ធ្លាប់​មាន​គុណ​ធំធេង​ចំពោះ​វៀតណាម ក្នុង​ការ​បញ្ចប់​សង្គ្រាម​ហែកហួរ​គ្នា​រវាង​វៀតណាម​ខាងត្បូង និង​វៀតណាម​ខាងជើង។

ក្រុម​អ្នក​សិក្សា​ពី​ប្រវត្តិសាស្ត្រ​លើកឡើង​ថា មូលហេតុ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ដឹងគុណ​វៀតណាម ហើយ​ចាត់​ទុក​ថ្ងៃ​៧ មករា ជា​ថ្ងៃ​រំដោះ​ជាតិ​ចេញពី​របប​ខ្មែរក្រហម ឬ​ជា​ថ្ងៃ​ផ្ដល់​កំណើត​ទី​ពីរ​ដល់​កម្ពុជា​នោះ ដោយសារ​ថ្ងៃ​៧​មករា​នេះ គឺជា​ថ្ងៃ​ផ្ដល់​កំណើត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈ្មោះ​ដើម​ជា​គណបក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​នោះ រស់រាន​ឡើងវិញ​នៅ​ឆ្នាំ​១៩៧៩។

ប៉ុន្តែ ក្រុម​អ្នក​នយោបាយ​ប្រឆាំង និង​ក្រុម​អ្នក​ឯករាជ្យ​វិញ ចាត់​ទុក​ថ្ងៃ​៧ មករា គឺជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា និង​ជា​ថ្ងៃ​ដែល​សម្លាប់​ពលរដ្ឋ​ខ្មែរ បន្ទាប់ពី​ខ្មែរក្រហម​ដួល​រលំ តាមរយៈ​ការ​បង្កើត​ផែនការ “ ក​៥” ជាដើម​។ ទោះជា​យ៉ាងណា កម្ពុជា​ក៏​ជា​អ្នកមានគុណ​លើសលប់​លើ​វៀតណាម​នៅ​ក្នុង​សង្គ្រាម​វៀតណាម ដែល​ទាមទារ​ឱ្យ​វៀតណាម​ក៏​ត្រូវ​ដឹងគុណ​កម្ពុជា​វិញ​ដែរ បើ​មិន​ពុំ​នោះ​ទេ កម្ពុជា​នឹង​ធ្លាក់​ចូល​ទៅ​ក្រោម​ឥទ្ធិពល​វៀតណាម​កាន់តែ​ខ្លាំង​នៅ​ពេល​អនាគត​។

​ថ្ងៃ​៧ មករា គឺជា​ថ្ងៃ​ធ្វើ​ឱ្យ​គ​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​រស់​ឡើងវិញ ក្រោយពី​ខ្មែរក្រហម​យក​គណបក្ស​នេះ​ទៅ​ប្ដូរ​ឈ្មោះ​ថ្មី គឺ បក្ស​កុម្មុយនិស្ត​កម្ពុជា​របស់​ក្រុម​ខ្មែរ​ក្រហម ដែល​កាន់អំណាច​ចាប់​តាំងពី​ឆ្នាំ​១៩៧៥ រហូត​ដល់​ថ្ងៃ​ដួល​រលំ នៅ​ឆ្នាំ​១៩៧៩ គឺ​នៅ​ក្រោយ​ពេល លោក ហ៊ុន សែន លោក ជា ស៊ីម និង​លោក ហេង សំរិន ជាដើម បាន​រួម​គ្នា​បង្កើត​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ក្រោម​ការ​គាំទ្រ​របស់​វៀតណាម រហូត​ដល់​ទទួល​បាន​ជ័យជំនះ នៅ​ថ្ងៃ​ទី​៧ មករា ដែល​មាន​ទាំង​កងទ័ព​វៀតណាម​ប្រមាណ​ជាង ១២​ម៉ឺន​នាក់ ជួយ​វាយ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៧៩។ លោក ហ៊ុន សែន និង​បក្ខពួក​ត្រូវ​បាន​វៀតណាម​លើក​បន្តុប​ឱ្យ​ដឹកនាំ​កម្ពុជា​តាំងពី​ពេល​នោះ​មក។

តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​ខេត្ត​សៀមរាប នៃ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន អះអាង​ថា ថ្ងៃ​៧ មករា ដែល​បក្ស​កាន់អំណាច តែង​ប្រារព្ធ​រាល់​ឆ្នាំ​នោះ ជា​ថ្ងៃ​វៀតណាម​ឈ្លានពាន​ប្រទេស​កម្ពុជា បង្កើត​សន្ធិសញ្ញា​ខុសច្បាប់ កាត់​យក​ទឹកដី​ខ្មែរ បញ្ជូន​ជនជាតិ​វៀតណាម​អន្តោ​ប្រវេ​សន្ត​ចូល​កម្ពុជា និង​បង្កើត​ផែនការ «​ក​៥» ជាដើម​។ លោក អ៊ុំ សំអាន ថា គណបក្ស​កាន់អំណាច​ចង់​ពង្វក់​ខ្មែរ​ជំនាន់​ក្រោយ ឱ្យ​ដឹងគុណ​វៀតណាម តាម​ពួក​ខ្លួន​ដែរ ទើប​បាន​ជា​ខំ​បន្លប់​បំភ័ន្ត ប្រែក្លាយ​ថ្ងៃ៧ មករា ជា​ថ្ងៃ​ដឹងគុណ​វៀតណាម ហើយ​ខំប្រឹង​កសាង​ស្តូប​ដឹងគុណ​វៀតណាម​គ្រប់​ខេត្ត​ក្រុង​៖ «យួន​ជា​អ្នក​ដុត​ផ្ទះ​ជាតិខ្មែរ​យើង សម័យ​ខ្មែរក្រហម ហើយ​ក្រោយមក​យួន​មក​ពន្លត់ភ្លើង​ហ្នឹង​វិញ ឱ្យ​ខ្មែរ​យើង​អរគុណ​ថ្ងៃ​៧​មករា​។ ដូច្នេះ ជំនាន់​ក្រោយ​គេ​ដឹង​ថា អ៊ីចឹង ថា យួន​ជា​អ្នក​ដុត​ផ្ទះ​ហើយ យួន​ធ្វើ​ពន្លត់ភ្លើង​ហ្នឹង ឱ្យ​ខ្មែរ​យើង​ដឹងគុណ​។ អាហ្នឹង យើង​ឃើញ​ថា ដុត​ផ្ទះ​ហ្នឹង​គឺ សម័យ ប៉ុល ពត ដល់​ពន្លត់ភ្លើង​ថ្ងៃ ៧ មករា​។ ជំនាន់​ឥឡូវ​គេ​ដឹង​អ៊ីចឹង​ណា​។ ដូច្នេះ គេ​មិន​ជឿ​ការ​សាប​ព្រួស ឬក៏​ការ​បន្សាប​មនោគមវិជ្ជា ៧ មករា ឬ​មនោ​គម​ការ​ដឹង​គុណ​មិន​ចេះចប់​របស់​គណបក្ស​ប្រជាជន​នោះ​ទេ»។

នៅ​ចុង​ឆ្នាំ​១៩៨៤ ដល់​ឆ្នាំ ១៩៨៩ នោះ គឺ “ ក​៥” ដែល​ជំនួស​ឱ្យ​ពាក្យ កេណ្ឌ​កម្លាំង​កាប់​ព្រៃ ការពារ កម្ពុជា។ ប្រជាជន​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់​ត្រូវ​បាន​បញ្ជូន​ដោយ​បង្ខំ ឱ្យ​ទៅ​កាប់​ព្រៃ​នៅ​ព្រំដែន​ថៃ ដើម្បី​រារាំង​មិន​ឱ្យ​អ្នកតស៊ូ​នៅ​តាម​ព្រំដែន​ជ្រៀត​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។ តាម​ប្រភព​ជាច្រើន​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់ បាន​ស្លាប់​ដោយសារ​ជាន់​មីន កើត​គ្រុនចាញ់ និង​អត់​អាហារ​។​

​គិត​ចាប់​តាំង​ពី​របប​ខ្មែរក្រហម​ដួល​រលំ​មក លោក ហ៊ុន សែន បាន​រឹតចំណង​មិត្តភាព​កម្ពុជា វៀតណាម​កាន់តែ​រឹងមាំ​ឡើង ទោះបីជា​ដៃ​ម្ខាង​ទៀត លោក ហ៊ុន សែន ចាប់​យក​ចិន​ជា​ខ្នងបង្អែក​សេដ្ឋកិច្ច​ដ៏​ចម្បង​របស់​កម្ពុជា​ក្ដី​។ លើស​ពី​នេះ​ទៀត របប​ឯក​បក្ស​នេះ បាន​សង់ស្ដូប​ដឹងគុណ​វៀតណាម​ដាក់​នៅ​តាម​បណ្ដា​ខែត្រ ក្រុង​ជា​និមិត្តរូប​ដឹងគុណ​វៀតណាម ដែល​ចំណាយ​ថវិកាជាតិ​ជាច្រើន ទោះបីជា​រង​ការរិះគន់​ពី​ពលរដ្ឋ​មួយ​ចំនួន​យ៉ាងណាក្ដី។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា ការ​សាងសង់​ស្ដូប​រំលឹក​គុណ​វៀតណាម​នេះ មិនមែន​ជា​និមិត្ត​រូប​ជាតិ​ទាំងមូល​ទេ គឺ​ជា​និមិត្ត​រូប​ចង​មិត្តភាព រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម​តែប៉ុណ្ណោះ នៅ​ស្រប​ពេល​ខ្មែរ​មិន​ទាន់​មាន​ឯកភាព​ជាតិ​នៅ​​ឡើយ​នេះ​៖ «ខ្ញុំ​មើល​ទៅ​ស្ដូប​នោះ វា​ជា​និមិត្តរូប​នៃ​ការ​ដឹង​គុណ ជា​និមិត្ត​រួប​នៃ​ការ​យក​ចិត្ត​គេ ជា​ជាង​និមិត្ត​រួប​នៃ​មិត្តភាព​ស្មើភាព​គ្នា​ពិតប្រាកដ»។

ឆ្លើយតប​ទៅ​នឹង​ការរិះគន់​ទាំងនេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត អះអាង​ថា ថ្ងៃ​៧ មករា នេះ ជា​ថ្ងៃ​ដែល​វៀតណាម​ជួយ​រំដោះ​កម្ពុជា ចេញពី​របប​ខ្មែរ​ក្រហម ដែល​រដ្ឋបាល​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវតែ​រំលឹក​ខួប​ដឹងគុណ​វៀតណាម​នៅ​រៀងរាល់ថ្ងៃ ៧ មករា នេះ៖ «សម្រាប់​អ្នក​ដែល​មាន​មតិ​ប្រឆាំង​នឹង​ថ្ងៃ​៧ មករា មួយ​ចំនួន​នោះ មិនបាន​ឆ្លងកាត់​ប្រល័យពូជសាសន៍ មួយ​ចំនួន​ទៀត វា​មាន​និន្នាការ​នយោបាយ តែប៉ុណ្ណោះ​ទេ​។ ជាពិសេស ប្រទេស​ដែល​ធ្លាប់​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច នយោបាយ​មក​លើ​ប្រទេស​វៀតណាម មក​លើ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ពេល​នេះ គឺ​អស់​បណ្ដា​ប្រទេស​ទាំងនោះ គឺ​ក៏បាន​ឯកភាព​មក​លើ​សច្ចធម៌​ប្រវត្តិសាស្ត្រ ៧ មករា នេះ​ដែរ»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ក្នុង​ឱកាស​ខួប​លើក​ទី​៤១ ថ្ងៃ​៧​មករា​ឆ្នាំ​២០២០​នេះ សារសំខាន់​មួយ​ក្នុងចំណោម​សារ​ដទៃ​ទៀត ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន នឹង​ថ្លែង​នោះ គឺ​សារ “​អរគុណ​សន្តិភាព​” ក្រោយ​ពី​មាន​ថ្ងៃ៧ មករា ឆ្នាំ​១៩៧៩​មក។

សារ​សន្តិភាព​នេះ ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​ធ្វើ​បដា​ចង នៅ​តាម​សាលារៀន មន្ទីរ​ក្រសួង​រដ្ឋ​នានា វត្ត​អារាម នៅ​លើ​ខ្លោងទ្វារ​ពន្ធនាគារ​ជាដើម នៅ​ទូទាំង​ប្រទេស ក្នុង​គោលបំណង​ដើម្បី​បង្ហាញ​ថា កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន មាន​សន្តិភាព​។

​ទោះបីជា​បែបនេះ​ក្ដី អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ធ្លាប់​បាន​បញ្ចេញ​របាយការណ៍​បង្ហាញ​ថា លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ដែល​ជាប់​ចំណាត់ថ្នាក់​ទី​៦ ក្នុងចំណោម​អ្នកដឹកនាំ​កាន់​ដំណែង​យូរ​ជាងគេ​ក្នុង​ពិភពលោក និង​ជា​មេដឹកនាំ​ហិង្សា ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​ភាព​ភិតភ័យ​។ អង្គការ​នេះ​បាន​ចាត់​ទុក​លោក ហ៊ុន សែន ថា ជា​មេដឹកនាំ​ប្រើប្រាស់​មធ្យោបាយ​សំខាន់ៗ​មួយ​ចំនួន រួមមាន​ការ​ប្រើ​អំពើ​ហិង្សា ការគាបសង្កត់ និង​អំពើពុករលួយ​។ របាយការណ៍​ដដែល​លើកឡើង​ទៀត​ថា លោក ហ៊ុន សែន ត្រូវ​ដាក់បញ្ចូល​ក្នុងចំណោម​អ្នកដឹកនាំ​ដែល​ឋិត​ក្នុង​តំណែង​តាមរយៈ​ការប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ចេតនា នយោបាយ​គ្រប់គ្រង​កងកម្លាំងប្រដាប់អាវុធ​គៃ​បន្លំ​ការបោះឆ្នោត ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ និង​មានការ​គាំទ្រ​ពី​បរទេស​គឺ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ដែល​ជ្រើសរើស​លោក​ឱ្យ​កាន់​តំណែង និង​អាច​បន្ត​តំណែង​រហូតដល់​បច្ចុប្បន្ន។

អ្នកវិភាគ​លើកឡើង​ថា ការ​ដឹងគុណ​វៀតណាម​នេះ មិន​តំណាង​ឱ្យ​ជាតិ​ទាំងមូល​ត្រូវ​ដឹងគុណ​វៀតណាម ហើយ​ត្រូវ​លើក​តម្កើង​ថ្ងៃ​៧ មករា ឡើយ ផ្ទុយទៅវិញ​កម្ពុជា​មាន​គុណ​លើ​វៀតណាម​នៅ​ក្នុង​សម័យ​សង្គ្រាម​វៀតណាម ។ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ កងទ័ព​វៀតណាម​ខាងជើង និង​កងទ័ព​កុម្មុយនិស្ត​ខាងត្បូង​បាន​ចូល និង​ប្រើប្រាស់​ទឹកដី​កម្ពុជា ដើម្បី​វាយប្រហារ​វៀតណាម​សេរី​ខាងត្បូង និង​វាយ​បណ្ដេញ​កងទ័ព​អាមេរិក ដែល​ដាក់​ទ័ព​នៅ​ទីនោះ ក្នុង​ជម្លោះ​បងប្អូន​ឯង គឺ​រវាង​វៀតណាម​ខាងត្បូង​និង វៀតណាម​ជើង​។ បន្ទាប់មក​កម្ពុជា​បាន​ផ្ដល់​ទឹកដី​ឱ្យ​វៀតណាម​ខាងជើង ដើម្បី​ជា​ជម្រក រហូតដល់​វាយ​ដណ្ដើម​បាន​វៀតណាម ខាងត្បូង​នៅ​ចុងខែ​មេសា ឆ្នាំ​១៩៧៥ ធ្វើ​ឱ្យ​វៀតណាម​ក្លាយ​ជា​ប្រទេស​តែមួយ​រហូតមកដល់​សព្វ​ថ្ងៃ។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​កងទ័ព​យៀកកុង​ឈរជើង​លើ​ទឹកដី​កម្ពុជា​ប្រយុទ្ធ​តតាំង និង​វៀតណាម​ខាងត្បូង ដូច្នេះ កម្ពុជា​មាន​គុណ​ធំធេង​លើ​វៀតណាម ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ វៀតណាម​គ្មាន​ដឹងគុណ​កម្ពុជា ឬ​សង់​ស្តូប​រំលឹក​គុណ​ណាមួយ​នៅ​លើ​ទឹកដី​វៀតណាម​ឡើយ៖ «វៀតណាម​មិនបាន​បង្ហាញ​ការ​ដឹង​គុណ​កម្ពុជា ដែល​បាន​ជួយ​បញ្ចប់​ជម្លោះ​វៀតណាម​ខាងត្បូង និង​វៀតណាម​ខាងជើង​នោះ​ទេ​។ រដ្ឋាភិបាល​និង​ពលរដ្ឋ​ខ្មែរ​គួរតែ​គិត​ពី​បញ្ហា​នេះ ហើយ​ត្រូវ​ពង្រឹង​ជំហរ​ខ្លួនឯង ដើម្បី​ឱ្យ​មិត្តភាព​នោះ​ស្មើភាព​គ្នា កុំ​យើង​ដឹងគុណ​តែ​គេ គេ​មិនដែល​ខ្វល់​ពី​យើង»។

សង្គ្រាម​រវាង​វៀតណាម​ខាងត្បូង និង​វៀតណាម​ខាងជើង​នេះ ដែល​គេ​ហៅថា “​សង្គ្រាម​វៀតណាម​” ដែល​ចាប់​ផ្ដើម​ឡើង​នៅ​ឆ្នាំ១៩៥៥ ដល់​ឆ្នាំ​១៩៧៥។ សង្គ្រាម​នេះ​បាន​បន្ត​ពី​សង្គ្រាម​ឥណ្ឌូចិន​លើកទី១ ហើយ​វៀតណាម​ខាងត្បូង​គាំទ្រ ដោយ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ប្រឆាំង​កុម្មុយនិស្ត។ រីឯ​វៀតណាម​ខាងជើង​វិញ គាំទ្រ​ដោយ​សម្ព័ន្ធមិត្ត​កុម្មុយនិស្ត​របស់​ខ្លួន ដែល​ប្រើប្រាស់​ទឹកដី​កម្ពុជា និង​ឡាវ​ដោយ​សេរី ដើម្បី​ប្រយុទ្ធ​គ្នា និង​វៀតណាម​ខាងត្បូង រហូត​ដល់​មាន​ការ​បង្រួបបង្រួម​គ្នា​ឡើ​វិញ។

ដោយ​ផ្អែកលើ​មូលដ្ឋាន​កម្ពុជា​ធ្លាប់​មានគុណ​លើ​វៀតណាម​ក្នុង​ការ​រំដោះ​វៀតណាម​ខាងត្បូង និង ឈាន​ទៅ​ដល់ មានការ​បង្រួបបង្រួម​ឱ្យ​ទៅជា​វៀតណាម​តែមួយ​ឡើងវិញ​នេះ លោក បណ្ឌិត មាស នី មាន​ប្រសាសន៍ថា កម្ពុជា​មិន​ត្រូវ​ដឹងគុណ​វៀតណាម​ហួសហេតុ ដោយសារតែ​កងទ័ព​វៀតណាម​ធ្លាប់​ជួយ​វាយកម្ទេច​ក្រុម​ខ្មែរ​ក្រហម​នោះ​ទេ ផ្ទុយទៅវិញ លោក បណ្ឌិត មាស នី បាន​ហៅ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ ដែល​កងទ័ព​វៀតណាម​ចូល​ទឹកដី​កម្ពុជា តាម​ទ្រឹស្ដី​វិទ្យាសាស្ត្រ​នយោបាយ​វិញ ថា ជា​ការ​ឈ្លាន​ពាន​ទឹកដី​កម្ពុជា​ទៅវិញ​ទេ។

ក្រុម​អ្នកវិភាគ​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា វៀតណាម​មិនបាន​ដឹងគុណ​ដល់​កម្ពុ​ជា ហើយ​មេដឹកនាំ​កម្ពុជា​ដឹងគុណ​វៀតណាម​ជ្រុល​ពេក​នេះ អាច​នឹង​ទាញ​ឱ្យ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​រដ្ឋាភិបាល​វៀតណាម​កាន់តែ​ជ្រៅ​ថែមទៀត គួបផ្សំ​លំហូរ​ជនជាតិ​វៀតណាម​អន្តោប្រវេសន៍​នៅតែ​បន្ត​ចូល​កម្ពុជា ការ​ផ្ដល់​ដី ៤០​ហិកតារ​ឱ្យ​ពលរដ្ឋ​វៀតណាម​រស់នៅ ការ​ខិតខំ​សាងសង់​ស្តូប​រំលឹក​គុណ និង​ជា​និមិត្ត​រូប​វៀតណាម នៅ​ពាសពេញ​ប្រទេស នៅ​ខណៈ​កម្ពុជា​មិន​ទាន់​មាន​ឯកភាព​ជាតិ​នៅឡើយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អ្នក​សិក្សា​ប្រវត្តិសាស្ត្រ​ថា កម្ពុជា​មាន​គុណ​លើ​វៀតណាម​ច្រើន​ជាង​វៀតណាម​មានគុណ​លើ​កម្ពុជា"

  1. Anonymous says:

    Veitcong spred the war to cambodia and communist king let veitcong to hide in cambodia because B52 drop on their head so veitnam must pay back for cambodia let them hide from B52 . 1979 Youn-hanoi invade cambodia without permission from U N so they must pay back ‘ and Veitcong dogs must responsibility of giving Tral Island to Youn hanoi ‘