យុវជន​មាន​សតិ​មិន​គ្រប់​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ករណី​គប់​ដុំ​ថ្ម​ចូល​ក្នុង​ផ្ទះ​លោក ហ៊ុន សែន

ដោយ ទីន ហ្សាការីយ៉ា
2020-01-09
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី “ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ” នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen’s Facebook Page


សមត្ថកិច្ច​ខណ្ឌ​ដូនពេញ បាន​ចាប់ខ្លួន​យុវជន​មាន​សតិ​មិន​គ្រប់​ម្នាក់ កាលពី​ម៉ោងជាង ២​ទាប​ភ្លឺ ថ្ងៃ​ទី​៨ មករា ដោយសារ​យុវជន​រូប​នោះ បាន​យក​ដុំ​ថ្ម​ជាច្រើន​ដុំ គប់​ចូល​ក្នុង​ភូមិគ្រឹះ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ម្ដាយ​របស់​យុវជន ទទូច​ឱ្យ​ដោះលែង​កូនប្រុស​របស់​គាត់​វិញ ដោយសារ​គាត់​មាន​បញ្ហា​វិបល្លាស​ស្មារតី​ធ្ងន់ធ្ងរ ជាង ២​ខែ​មក​ហើយ និង​តែងតែ​លេប​ថ្នាំ​ជាប្រចាំ។

យុវជន ដែល​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​គប់​ដុំ​ថ្ម​តូច​ធំ​ជាច្រើន​ដុំ ចូល​ក្នុង​ភូមិគ្រឹះ​របស់​លោក ហ៊ុន សែន ឈ្មោះ រុំ ពិសិដ្ឋ អាយុ ៣១​ឆ្នាំ ជា​អ្នកស្រុក​កោះធំ ខេត្ត​កណ្ដាល​។ ម្ដាយ​របស់​យុវជន រុំ ពិសិដ្ឋ លោកស្រី ហ៊ាន ទៀង អះអាង​ថា កូនប្រុស​មាន​បញ្ហា​សតិ​មិនល្អ ជាង ២​ឆ្នាំ​ហើយ គឺ​តាំង​ពី​កំឡុង​ឆ្នាំ​២០១៧​។ ក្រោយមក លោក រុំ ពិសិដ្ឋ បាន​លេប​ថ្នាំ​ព្យាបាល​ផ្លូវ​ចិត្តបាន​ធូរស្រាល​វិញ ហើយ​ទើបតែ​ជំងឺ​រើ​ឡើង​ធ្ងន់ធ្ងរ​ម្ដងទៀត នៅ ២​ខែ​មុន​នេះ។

លោកស្រី​បន្ត​ថា នៅ​យប់​កើត​ហេតុ កូនប្រុស​បាន​លួច​ជិះ​ម៉ូតូ​ឡើង​មក​ភ្នំពេញ តែម្នាក់​ឯង នៅ​ម៉ោង​ប្រមាណ ១០​យប់ ហើយ​ធ្វើ​សកម្មភាព​គប់​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី​តែម្នាក់​ឯង​។ លោកស្រី​បន្ត​ថា ប៉ូលិស​ខណ្ឌ​ដូនពេញ បាន​ទូរស័ព្ទ​ហៅ​លោកស្រី​មក​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ មករា​។ ប៉ូលិស​បាន​សួរនាំ​ដោយ​សង្ស័យ​ថា កូនប្រុស​ជា​សកម្មជន​បក្ស​ប្រឆាំង ឬ​ត្រូវ​បាន​គេ​ជួល​ឱ្យ​ធ្វើ​សកម្មភាព​គប់​ផ្ទះ​លោក ហ៊ុន សែន​។ លោកស្រី​អះអាង​ថា កូនប្រុស​របស់​លោក​ស្រី មិនមែន​ជា​សកម្មជន​បក្ស​ប្រឆាំង ឬ​មាន​គេ​ជួល​ទេ គឺ​ដោយសារ​គាត់​មាន​ជំងឺ​សតិ​មិន​គ្រប់។

លោកស្រី​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​បាន​ឱ្យ​លោកស្រី​ជួប​កូនប្រុស​បាន​បន្តិច ក្រោយ​ការ​សួរនាំ និង​ត្រៀម​បញ្ជូន​ខ្លួន​ទៅ​តុលាការ​។ លោកស្រី ហ៊ាន ទៀង ស្នើសុំ​ឱ្យ​សមត្ថកិច្ច​ដោះលែង លោក រុំ ពិសិដ្ឋ វិញ ដើម្បី​មានឱកាស​យក​កូនប្រុស​ទៅ​មើលថែ នៅ​ស្រុកកំណើត​វិញ៖ «ជួយ​សំណូមពរ​ដល់​សម្ដេច ជួយ​ដោះលែង​កូន​ខ្ញុំ​ទៅ ព្រោះ​កូន​ខ្ញុំ​វា​មាន​ជំងឺ​អ៊ីចឹង​មែន​។ សុំ​ឱ្យ​លើកលែងទោស​ទៅ មានតែ​ប៉ិន​ហ្នឹង សំណូមពរ ហើយ​ទៅ​មុខទៀត​ហ្នឹង ក៏​គ្មាន​លទ្ធភាព (សងដែរ។ ដឹង​តែ​ពី​ដើរ​តាម​កូន ហើយ​បើ​ទៅដល់​ត្រឹមហ្នឹង (​ផ្ទះ លោក ហ៊ុន សែន​ក៏​មិន​ដឹង​ធ្វើ​ម្ដេច អ្វី​ម្ដេច​ដែរ»។

លោកស្រី ហ៊ាន ទៀង អះអាង​ថា ក្រៅពី​មាន​លិខិត​អះអាង​ពី​គ្រូពេទ្យ​រោគ​ចិត្ត អាជ្ញាធរ​មូលដ្ឋាន គឺ​មាន​មេភូមិ​ក្បាល​កោះទៀវ និង​មេឃុំ​សំពៅ​ពូន នៃ​ស្រុក​កោះធំ សុទ្ធតែ​អាច​បញ្ជាក់​ថា យុវជន​រូប​នេះ មាន​ជំងឺ​សរសៃ​ប្រសាទ​ពិតមែន​។ គិត​ត្រឹម​ម៉ោង ១​រសៀល ថ្ងៃ​ទី​៩ មករា លោកស្រី ហ៊ាន ទៀង ប្រាប់​ថា នគរបាល​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ មិន​ទាន់​បញ្ជូន​កូនប្រុស​របស់​លោក​ស្រី​ទៅ​តុលាការ​ទេ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ព័ត៌មាន​បន្ថែម​ពី​អធិការ​ខណ្ឌ​ដូនពេញ លោក ទៀង ច័ន្ទសារ នៅ​ថ្ងៃ​ទី​៩ មករា ដោយសារ​អ្នក​លើក​ទូរស័ព្ទ​ប្រាប់​ថា លោក​អធិការ​ខណ្ឌ​រវល់​ធ្វើ​ធ្មេញ​។ ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន មិន​ទទួល​ទូរស័ព្ទ។

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា យល់ថា សមត្ថកិច្ច​គួរ​ដោះលែង​យុវជន​នោះ​វិញ ក្រោយ​សាកសួរ​រួច មិន​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ទេ ដោយសារ​ច្បាប់​ចែង​មិន​ឱ្យ​ដាក់​ទោស​ទណ្ឌ​ព្រហ្មទណ្ឌ​លើ​ជន​មាន​វិបល្លាស​ស្មារតី​ឡើយ​។ លោក​ថា ជា​រឿង​អយុត្តិធម៌ បើសិនជា​ដាក់​ទោស​យុវជន រុំ ពិសិដ្ឋ ព្រោះ​មន្ត្រី​នគរបាល និង​កូន​អ្នកធំ កូន​អ្នក​មាន​កន្លងមក បាន​ប្រព្រឹត្តិ​បទល្មើស​លួច​ទូរស័ព្ទ​ទំនើប និង​បើកឡាន​បុក​មនុស្ស​ស្លាប់ ហើយ​គ្មាន​លិខិតបញ្ជាក់​ពី​គ្រូពេទ្យ​ថា មាន​ជំងឺ​វិបល្លាស​ស្មារតី​ផង នៅតែ​ទទួល​បាន​ការ​ដោះលែង ក្រោយ​ការ​ផ្ដល់​ហេតុផល​ថា អ្នក​ទាំងនោះ​មាន​ជំងឺ​ស្លុត ឬ​មាន​សតិ​មិនល្អ៖ «បើសិនជា​យើង​ពិនិត្យ​ទំហំ​រឿង​នេះ ពិបាក​ហ្នឹង​ប្រៀបធៀប​ណាស់ ព្រោះ​អ្នក​ដែល​គាត់​ត្រូវ​បាន​ចាប់ខ្លួន​នេះ ត្រូវ​បាន​ម្ដាយ​អះអាង​ថា ប្រើប្រាស់​ថ្នាំ​ជាប្រចាំ​ទៅ​ហើយ​។ ឯ​អ្នក​ផ្សេងទៀត បើ​យើង​ពិនិត្យ​ប្រវត្តិ​ហាក់បីដូចជា​អត់​មានការ​សំអាង​បែបនេះ​ទេ​។ អ៊ីចឹង បើ​យើង​ពិនិត្យ​ឃើញ​បែប​នេះ គាត់​មាន​វិបល្លាស​ស្មារតី​បែប​ហ្នឹងហើយ យើង​នៅតែ​បន្ត​ធ្វើ​ការ​ចាត់​វិធានការ វា​ផ្ដល់​នូវ​ភាព​អយុត្តិធម៌ ទៅលើ​ក្រុម​គ្រួសារ​របស់​ពួកគាត់»។

មាត្រា​៣១ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ក្នុង​ន័យ​ថា ជន​វិកលចរិត មិន​ទទួលខុសត្រូវ​ចំពោះ​បទល្មើស​ព្រហ្មទណ្ឌ​ទេ ដោយ​គ្រាន់តែ​តម្រូវ​ឱ្យ​ឪពុកម្ដាយ ឬ​អាណាព្យាបាល បង់​សំណង​រដ្ឋប្បវេណី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "យុវជន​មាន​សតិ​មិន​គ្រប់​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ករណី​គប់​ដុំ​ថ្ម​ចូល​ក្នុង​ផ្ទះ​លោក ហ៊ុន សែន"

  1. Anonymous says:

    The order of so socheat haha’