ការ​កើន​ទ្រព្យ​របស់​ពួក​អភិជន​ខ្មែរ នៅ​ក្រៅ​ប្រទេស បង្ហាញ​ពី​ការ​មិន​ទុកចិត្ត​របប​សព្វថ្ងៃ

ដោយ មួង ណារ៉េត
2020-01-11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ពី​ឆ្វេង) លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន ម៉ាណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ាណែត។

(ពី​ឆ្វេង) លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន ម៉ាណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ាណែត។

Photo: RFA


ទ្រព្យសម្បត្តិ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត​នៅ​ពាសពេញ​ពិភពលោក របស់​មន្ត្រី​ជាន់ខ្ពស់ និង​ក្រុម​គ្រួសារ​អ្នកកាន់អំណាច នៃ​របប​លោក ហ៊ុន សែន ត្រូវ​បាន​លាតត្រដាង​ជា​សាធារណៈ តាមរយៈ​ការស្រាវជ្រាវ​របស់​ស្ថាប័ន​ព័ត៌មាន​អាស៊ីសេរី និង​ផ្នែក​ស៊ើបអង្កេត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត​។ អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​អំពើពុករលួយ​ឆ្លងដែន ថា​ការ​កើន​ទ្រព្យ​របស់​ពួក​អភិជន​ខ្មែរ នៅ​ក្រៅ​ប្រទេស បង្ហាញ​ពី​ការ​មិនទុកចិត្ត​របប​សព្វថ្ងៃ។

ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍ ចុង​ក្រោយ​នេះ ក្រុម​គ្រួសារ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទិញ​ផ្ទះសម្បែង និង​ទ្រព្យ​សម្បត្តិ​យ៉ាង​សម្បើម ប៉ុន្តែ​ទិញ​យ៉ាង​ស្ងាត់ៗ នៅ​ក្រៅ​ប្រទេស ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​។ អចលនទ្រព្យ​របស់​មនុស្ស​បក្ស​កាន់អំណាច​ទាំងនេះ មាននៅ​ពាសពេញ​ពិភពលោក ប៉ុន្តែ ទើបតែ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ពេល​ថ្មីៗ​នេះ​តែប៉ុណ្ណោះ​។ ចាប់​ពី​ពេល​នេះ វិទ្យុ​អាស៊ីសេរី នឹង​ផ្សព្វផ្សាយ​ព័ត៌មាន ជា​បន្តបន្ទាប់​អំពី​ចំនួន​អចលនទ្រព្យ និង​ទ្រព្យសម្បត្តិ​នៅ​ក្រៅ​ប្រទេស របស់​គ្រួសារ​អភិជន នៃ​ក្រុម​អ្នកកាន់អំណាច​ទាំងនេះ។

ការទិញ​ផ្ទះ​ទាំងនេះ អាច​ជា​មធ្យោបាយ​សម្រាប់​ថែរក្សា​ទ្រព្យ និង​វិធី​លាង​លុយ ដែល​បាន​ពី​អំពើ​ទុច្ចរិត​។ ទ្រព្យ​ទាំងនេះ ក៏​អាច​ជា​ទីស្នាក់​អាស្រ័យ ដែល​មាន​សុវត្ថិភាព សម្រាប់​ថ្ងៃ​អនាគត ប្រសិនបើ​របប​លោក ហ៊ុន សែន សព្វថ្ងៃ​ដួល​រំលំ​។​

ក្រោយ​រចនាសម្ព័ន្ធ​ខ្មែរក្រហម ដួលរលំ​ជា​ស្ថាពរ​ក្នុង​ឆ្នាំ ១៩៩៧ សេដ្ឋកិច្ច​កម្ពុជា បាន​កើន​ឡើង ៨ ដង​។ ជាមួយ​គ្នា​នេះ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​ពួកគេ ក៏​កើន​ទ្រព្យ ដូចជា​ផ្ទះសម្បែង​នៅ​ក្រៅ​ប្រទេស យ៉ាង​ច្រើន​សន្ធឹក​ណាស់​ដែរ។ ស្រប​ពេល​ដែល​មន្ត្រី​ជាន់ខ្ពស់ និង​ក្រុម​គ្រួសារ​មានទ្រព្យ​មហាសាល រហូត​សល់​លុយ​ទិញ​អចលនទ្រព្យ​នៅ​ក្រៅ​ប្រទេស តម្លៃ​រាប់​​លាន​ដុល្លារ ប្រជាពលរដ្ឋ​ខ្មែរ​ប្រហែល ៣៥% រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ។

ផ្ទុយ​ស្រឡះ​ពីអ្វី ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា គ្មាន​កូនចៅ សាច់សាលោហិត ឬ​មន្ត្រី​ណា​របស់​លោក ល្ងង់​យក​លុយ​ទៅ​ទុក​នៅ​បរទេស អាស៊ីសេរី កាល​ពី​ចុង​ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ បាន​រក​ឃើញ​ទ្រព្យសម្បត្តិ​ដ៏​សម្បើម​របស់​ក្មួយ​ស្រី​បង្កើត​របស់​លោក ហ៊ុន សែន គឺ​លោកស្រី ហ៊ុន ចន្ថា ដែល​ជា​កូនស្រី​របស់​លោក ហ៊ុន ណេង ដែល​ជា​បងប្រុស​របស់​លោក ហ៊ុន សែន។ លោកស្រី ហ៊ុន សែន ដែល​ជា​អតីត​ភរិយា​របស់​លោក ឌី វិជ្ជា ដែល​ជា​កូនប្រុស​របស់​អតីត​ស្នងការ​នគរបាល​ជាតិ​លោក ហុង ឡងឌី បាន​ទិញ​ផ្ទះ​តម្លៃ ៥​លាន​ដុល្លារ​នៅ​ទីក្រុង​ឡុងដ៍ នៃ​ប្រទេស​អង់គ្លេស​។ គ្រួសារ​ត្រកូល​ហ៊ុន នេះ​មាន​ប្រាក់​វាល់​លាន​ដុល្លារ បណ្ដាក់ទុន​ទិញ​លំនៅឋាន និង​កំពុង​សប្បាយ​នឹង​ជីវិត​ដ៏​ឆើតឆាយ​ហ៊ឺហា​នៅ​ក្រៅ​ប្រទេស​។ លំនៅឋាន​តម្លៃ ៥ លាន​ដុល្លារ​នោះ ជា​ទី​កន្លែង​ដែល​លោកស្រី ហ៊ុន ចន្ថា ប្រើប្រាស់​ជាទី​តាំង​សម្រាប់​ប្រែធាតុ​ដើម​របស់​លោកស្រី ចេញពី​រង្វង់​សែស្រឡាយ​អ្នក​លួច​ជាតិ រួច​ផ្សា​ភ្ជាប់​ខ្លួន​ទៅ​ក្នុង​សង្គម​អភិជន​នៃ​ប្រទេស​លោក​ខាង​លិច។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​ឆ្លើយតប​ទៅ​នឹង​អ្នក​រិះគន់​ថា លោក​គ្មាន​ទ្រព្យសម្បត្តិ​លាក់​ទុក​នៅ​ក្រៅ​ប្រទេស​ទេ ហើយ​ថាបើ​មន្ត្រី​ណា​យក​ទ្រព្យ​របស់​ខ្លួន ទៅ​លាក់​ទុក​នៅ​ក្រៅ​ប្រទេស​គឺជា​មនុស្ស​ភ្លើ​ <<ខ្ញុំ​មាន​សញ្ជាតិ​តែ​មួយ​ទេ។  មន្រ្តី​រដ្ឋាភិបាល​ប៉ុន្មាន​នាក់ទៅ មន្រ្តី​គណបក្ស​ប្រជាជន​មាន​ប៉ុន្មាន​នាក់ទៅ  ដែល​មាន​ទ្រព្យសម្បត្តិ​នៅ​ក្រៅប្រទេស? អើ! បើ​ភ្លើ​ណាស់​យកទៅ​ទុកនៅហ្នឹង​ទៅ!>>។ ទោះជា​យ៉ាងណា យោង​តាម​ឯកសារ​ដែល​អាស៊ីសេរី ទទួល​បាន គឺ​កូនៗ​របស់​លោក ហ៊ុន សែន ៤​នាក់ បាន​ទិញ​ផ្ទះ​រួមគ្នា​មួយ​ស្ថិតនៅ​ជាយក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពី​ឆ្នាំ ២០០០ បើ​ទោះ​ជា​ផ្ទះ​នោះ បាន​លក់​ទៅវិញ​ហើយ​ក៏​ដោយ​ចុះ។

កូនៗ ទាំង​បួន​នាក់​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ពេលនោះ​មាន​អាយុ ២៣​ឆ្នាំ អ្នកស្រី ហ៊ុន ម៉ាណា ពេលនោះ អាយុ ២០​ឆ្នាំ លោក ហ៊ុន ម៉ានិត ពេល​នោះ អាយុ ១៩​ឆ្នាំ និង​លោក ហ៊ុន ម៉ានី ដែល​ពេលនោះ​មាន​អាយុ​មិនទាន់​គ្រប់ ១៨​ឆ្នាំ​ស្រួលបួល​ផង ពួកគេ​បាន​ទិញ​ផ្ទះ​នោះ​រួមគ្នា ក្នុង​តម្លៃ ៥​សែន ៥​ម៉ឺន​ដុល្លារ​អាមេរិក (៥៥០.០០០)​។ ការទិញ​ផ្ទះ​នៅ​ពេល​នោះ ​គឺ​ធ្វើ​ឡើង​នៅ​ពេល​ដែល​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត កំពុង​សិក្សា​ថ្នាក់​អនុបណ្ឌិត​ឆ្នាំ​ទី​២ ផ្នែក​សេដ្ឋកិច្ច​នៃ​សកល​វិទ្យាល័យ​ទីក្រុង​ញូវយក។

(ពីឆ្វេងទៅស្ដាំ) លោក ហ៊ុន ម៉ាណែត អ្នកស្រី ហ៊ុន ម៉ាណា លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី។

(ពីឆ្វេងទៅស្ដាំ) លោក ហ៊ុន ម៉ាណែត អ្នកស្រី ហ៊ុន ម៉ាណា លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី។ Photo: RFA


ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី ABC ផ្សាយ​កាលពី​ខែ​តុលា ឆ្នាំ​២០១៨ ថា កូនប្រសា​លោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា ដែល​ជា​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្តីរបស់​​កូនស្រី​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោកស្រី ហ៊ុន ម៉ាណា មាន​ផ្ទះ​តម្លៃ​ប្រហែល ១.៥ លាន​ដុល្លារ​នៅ​ប្រទេស​អូស្ត្រាលី ហើយ​ក្រុមហ៊ុន​របស់​លោក ឌី វិជ្ជា ទើបតែ​លក់​ឃ្លាំង​មួយ​មានតម្លៃ​ជាង ៥​លាន​ដុល្លារ កាលពី​ខែ​ឧសភា ក្នុង​ឆ្នាំ​២០១៨​នោះ។

សារព័ត៌មាន​ដដែល បាន​រក​ឃើញ​ថា ក្មួយ​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ទិញ​ផ្ទះ​តម្លៃ​ប្រហែល ១.៣ លាន​ដុល្លារ នៅ​អូស្ត្រាលី​ដែរ​។ ប្រពន្ធ​របស់​លោក ហ៊ុន តូ មានទ្រព្យ​មួយ​កន្លែង​ទៀត​តម្លៃ ៦៥០.០០០ ដុល្លារ ដែល​ទើប​ផ្ទេរ​កម្មសិទ្ធិ ឱ្យ​បងប្អូន​បង្កើត​របស់​គាត់​គ្រប់គ្រង​វិញ​។​

​ចំណែក​ឯ​មន្ត្រី​របប​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​អគ្គនាយកដ្ឋាន​ពន្ធដារ គឺ​លោក គង់ វិបុល មាន​ភាគហ៊ុន ក្នុង​ដី​មួយ​កន្លែង ហើយ​លោក​បាន​លក់​កាលពី​ខែ​មីនា ឆ្នាំ​២០០៧ ក្នុង​ទឹកប្រាក់ ជាង ២១ លាន​ដុល្លារ (២១.៤ លាន​ដុល្លារ​)​។ សារព័ត៌មាន​អូស្ត្រាលី ABC រក​ឃើញ​ថា លោក គង់ វិបុល មានទ្រព្យ​ជាច្រើន​កន្លែង​ទៀត​នៅ​អូស្ត្រាលី រួម​ទាំង​ផ្ទះ​តម្លៃ ៦​សែន​ដុល្លារ​ផង។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ កាលពី​ខែ មិថុនា ឆ្នាំ ២០១៩ រក​ឃើញ​ថា លោក ផារ៉ា មង្គល ដែល​ជា​កូនប្រុស​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អតីត​អភិបាល​រាជធានី​ភ្នំពេញ​លោក ជា សុផារ៉ា មាន​លុយ​ប្រមាណ ៨​លាន ដុល្លារ​ទិញ​វិមាន​មួយ​នៅ​អូស្ត្រាលី​ដែរ​។

នៅ​ឆ្នាំ ២០០៩ អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​លោក អ៊ុន ឃាង និង សូ សុខប៊ុនធឿន សរសេរ​រៀបរាប់​អំពី​ជីវភាព​របស់​ក្រុម​អ្នកកាន់អំណាច ថា​អ្នក​ទាំងនោះ ចាត់​ទុក​ស្ថាប័នរដ្ឋ និង​ធនធានធម្មជាតិ ជា​មធ្យោបាយ​ផ្ដាច់មុខ​របស់​ខ្លួន ដើម្បី​ទិញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ និង​ដើម្បី​រក្សា​ខ្សែ​បណ្តាញ​ស្មោះស្ម័គ្រ​របស់​ខ្លួន និង​ដើម្បី​បង្កើន​ទ្រព្យសម្បត្តិ​របស់​ខ្លួន។

ឥឡូវនេះ ក្រោយ​ការ​រក​ឃើញ​ថា មន្ត្រី និង​អ្នកនយោបាយ​គ្រាក់ៗ មាន​លុយ​រាប់​លាន​ដុល្លារ ទិញ​ផ្ទះសម្បែង​នៅ​ក្រៅ​ប្រទេស​បែបនេះ គឺ​ត្រូវ​នឹង​ការ​អះអាង​របស់​លោក ឃាង និង​លោក សុខ​ប៊ុនធឿន មែន។

បើ​និយាយ​ពី​ប្រាក់ខែ​របស់​មន្ត្រី​រាជកា​រ​ខ្មែរ​វិញ គឺ​បានតែ​ប៉ុន្មាន​រយ​ដុល្លារ​ក្នុង​មួយ​ខែ​ប៉ុណ្ណោះ ដែល​ចាយ​មិន​គ្រប់​ប្រចាំខែ​ផង កុំថាឡើយ​ដល់​អាច​រស់នៅ​ក្នុង​ជីវភាព​ហ៊ី​ហារ​បែបនេះ​បាន​នោះ​។ ប៉ុន្តែ មន្ត្រី​ទាំងនោះ កើន​ទ្រព្យ​ពី​ការជួល​ផ្ទះ សំណូក​សូកប៉ាន់ និង​អំពើពុករលួយ​។ អចលនទ្រព្យ ដែល​វិទ្យុ​អាស៊ីសេរី និង​ស្ថាប័ន​ឯទៀត​រក​ឃើញ នឹង​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់ អំពី​ភាព​មាន​បាន ពី​ការ​បន្ត​ក្រាញ​អំណាច។

ប្រទេស​កម្ពុជា ជាប់​ចំណាត់ថ្នាក់ ក្នុងចំណោម​ប្រទេស​ដែល​មាន​អំពើពុករលួយ​ខ្លាំង​ជាងគេ​បំផុត​មួយ នៅ​លើ​ពិភពលោក ដោយ​ជាប់​លេខ​ជាមួយ​ប្រទេស ២០ នៅ​បាត​តារាង​។ កម្ពុជា​ជាប់​លេខ​រៀងលេខ ១៦១ ក្នុងចំណោម​ប្រទេស ១៨០ នៅ​ក្នុង​សន្ទស្សន៍​យល់ឃើញ​អំពី​អំពើពុករលួយ របស់​អង្គការ​តម្លាភាព​អន្តរជាតិ។

ទោះបីជា​អំពើពុករលួយ អាច​ធ្វើ​ឱ្យ​មន្ត្រី​កាន់អំណាច ចំណេញ​កប់​ក្តោង​យ៉ាង​ណា​ក្ដី ក៏​បញ្ហា​នេះ អាច​បញ្ជាក់​ឱ្យ​ឃើញ​ច្បាប់​អំពី​ភាព​បរាជ័យ របស់​ពួកគាត់​នោះ​ដែរ។

នៅ​ឆ្នាំ ២០១៦ គណបក្ស​ប្រជាជន​កម្ពុជា បាន​ ជួល​ក្រុមហ៊ុន​អ៊ីស្រាអែល ​មួយ ដោយ​ស្ងាត់ៗ ដើម្បី​ស្ទង់​មតិ​ប្រជាពលរដ្ឋ​ខ្មែរ​។ របាយការណ៍​ស្ទង់​មតិ​នេះ ត្រូវ​បាន​បែក​ធ្លាយ ទៅ​ខាង​សារព័ត៌មាន កាលពី​ឆ្នាំ​២០១៧​។ ពួកគេ​រក​ឃើញ​ថា បញ្ហា​អំពើពុករលួយ គឺជា​អ្វី​ដែល​រាស្ត្រ​ម្ចាស់​ឆ្នោត ខ្វាយខ្វល់​បំផុត​។ ពលរដ្ឋ​ខ្មែរ ដែល​ឆ្លើយ​សំណួរ​ស្ទង់​មតិ​នោះ ពេញចិត្ត​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​លុបបំបាត់​អំពើពុករលួយ​នេះ។

ប្រាំ​ខែ​ក្រោយ​ចេញផ្សាយលទ្ធផល​នៃ​ការស្ទង់មតិ​ដោយ​ស្ងាត់ៗ​នេះ របប​លោក ហ៊ុន សែន រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​ទាំងស្រុង​តែម្ដង។

ចំពោះ​មន្ត្រី​កាន់អំណាច នៅ​ក្នុង​ប្រទេស​ផ្ដាច់ការ ការទិញ​អចលនទ្រព្យ​នៅ​ក្រៅ​ប្រទេស គឺ​ដើម្បី “​រក​ទីកន្លែង​មាន​សុវត្ថិភាព ដើម្បី​ផ្លាស់​ទី​” ពេល​របប​សព្វថ្ងៃ​ដួល​រលំ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ចេសិន ស្សាម៉ែន (Jason Sharman) អ្នក​សិក្សា​ស្រាវជ្រាវ​មួយ​រូប នៅ​សកល​វិទ្យាល័យ Cambridge ដែល​ឯកទេស​ខាង​អំពើពុករលួយ​ឆ្លងដែន។

លោក អៀ សុផល នៃ​សកល​វិទ្យាល័យ Occidental នៅ California ឯណោះ​វិញ ជឿ​ថា នេះ​គឺ​រឿង​ពិត ដែល​កំពុង​កើតឡើង​នៅ​ប្រទេស​កម្ពុជា៖ «អ្នក​ទាំងនោះ មាន​ផ្ទះ​នៅ​ភ្នំពេញ និង​មាន​ប្រាក់​ចាយ​សល់​ដ៏​សន្ធឹកសន្ធាប់ ដើម្បី​យក​ទៅ​ដាក់​ផ្ញើ​នៅ​ធនាគារ​ស្វីស។ រួចហើយ ពួកគេ​ទិញ​វីឡា​ប្រណិត​ធំ​ស្កឹមស្កៃ»។

អ្នក​វិភាគ​គោលនយោបាយ​ការបរទេស និង​ជា​អ្នក​និពន្ធ​សៀវភៅ «ការ​ពឹង​ផ្អែក​លើ​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ វិធី​ដែល​ជំនួយ​បរទេស​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ទន់​ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy)  លោក​សាស្ត្រាចារ្យ​បណ្ឌិត​ អៀ​ សុផល។

អ្នក​វិភាគ​គោលនយោបាយ​ការបរទេស និង​ជា​អ្នក​និពន្ធ​សៀវភៅ «ការ​ពឹង​ផ្អែក​លើ​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ វិធី​ដែល​ជំនួយ​បរទេស​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ទន់​ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy)  លោក​សាស្ត្រាចារ្យ​បណ្ឌិត​ អៀ​ សុផល។ Facebook


ផ្ទះ​ធំ​ភាគច្រើន និង​ផ្ទះ​ដទៃ​ទៀត សុទ្ធតែ​ពួកគេ​ទិញ នៅ​ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ​រឹងមាំ ដូចជា​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​អូស្ត្រាលី​។ ការទិញ​ទ្រព្យសម្បត្តិ​ទុក​នៅ​បរទេស​នេះ បង្ហាញ​ឱ្យ​ឃើញ​នូវ​ទំនោរ​សកល​មួយ នៃ​ក្រុម​គ្រួសារ​មន្ត្រី​បក្ស​កាន់អំណាច។

លោក Oliver Bullough សរសេរ​នៅ​ក្នុង​សៀវភៅ ដែល​មាន​ចំណងជើង​ថា ដែនដី​ប្រាក់ ឬ Moneyland ដែល​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ ២០១៨ បាន​រៀបរាប់​អំពី​របៀប​ដែល​លុយ​ដែល​បាន​ពី​អំពើ​ទុច្ចរិត ដូចជា​បាន​ពី​អំពើពុករលួយ ត្រូវ​គេ​បន្លំ​ឱ្យ​លាយឡំ​គ្នា​ជាមួយ​លុយ​សុចរិត នៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​សកល​។ គេ​អាច​ធ្វើ​ដូច្នេះ​បាន តាម​មធ្យោបាយ​ច្រើន​យ៉ាង​។ មធ្យោបាយ​មួយ គឺ​ធ្វើ​តាមរយៈ​ការទិញ​អចលនទ្រព្យ​នៅ​ប្រទេស​លោក​ខាង​លិច។

លោក Oliver ប្រាប់​អាស៊ីសេរី​ថា «អ្នក​នឹង​ឃើញ​លំនាំ​បែបនេះ នៅ​ក្នុង​ប្រទេស​ដែល​មាន​រដ្ឋាភិបាល​លួច​ជាតិ ដោយ​មន្ត្រី​រដ្ឋាភិបាល​លួច​ជាតិ​ខ្លួន និង​យក​ទ្រព្យ​ដែល​លួច​បាន​នោះ ទៅ​ផ្ញើទុក​នៅ​ធនាគារ​ក្រៅ​ប្រទេស»។

អ្វី​ដែល​ជា​លក្ខណៈ​អំណោយផល​ល្អ សម្រាប់​មន្ត្រី​លួច​ជាតិ អាច​បន្ត​លួច​ជាតិ ដោយ​ទិញ​អចលនទ្រព្យ​នៅ​ទីក្រុង​ឡុងដ៍ ឬ​ញូវយ៉ក បាន​នោះ គឺ​ដោយសារតែ​ការ​រីក​លូតលាស់​ទ្វេរ​ដង ដែល​មិន​ធ្លាប់មា​ន នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​ទីក្រុង​ធំៗ នៃ​ប្រទេស​ប្រជាធិបតេយ្យ​។ ជា​អកុសល ការ​រីកលូតលាស់​ខ្លាំង​នៃ​វិស័យ​អចលនទ្រព្យ​នោះ មួយ​ភាគ​ធំ គឺ​មកពី​ពួក​មន្ត្រី​លួច​ជាតិ ប្រើ​ទីក្រុង​ទាំងនោះ ជា​កន្លែង​សម្រាប់​សន្សំទុក​ទ្រព្យ​មហាសាល​របស់​ខ្លួន​។ ជា​ឧទាហរណ៍ ទីប្រជុំជន​នៃ​ក្រុង Mayfair និង Manhattan បាន​ក្លាយ​ទៅជា​យាន្ត​សម្រាប់​អ្នកមាន​ទ្រព្យ​ដោយ​អំពើ​ទុច្ចរិត សម្រាប់​លាង​ទាំង​លុយវកខ្វក់ និង​បង្កើន​ទ្រព្យ​ទុច្ចរិត​របស់​ពួកគេ ឱ្យ​កើន​ទ្វេ​ដង​ថែម​ទៀត​ផង។

លោក អៀ សុផល នៃ​សកល​វិទ្យាល័យ ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ ព្រោះ​លោក​កើត​នៅ​កម្ពុជា ប្រាប់​អាស៊ីសេរី ថា ផ្ទះ​ទាំងឡាយ ដែល​អាស៊ីសេរី​រក​ឃើញ​នោះ គឺជា​ទ្រព្យ​ដែល​បាន​មក​ពី​អំពើ​ទុច្ចរិត និង​ត្រូវតែ​យក​ទៅ​ប្រគល់​សង​ម្ចាស់​ដើម​វិញ គឺ​ពលរដ្ឋ​ខ្មែរ​ទូទៅ “​អ្វី​ដែល​អ្នក​ទាំងនោះ រក​បាន គឺ​បាន​មក​ពី​ការ​វិនិយោគ​បន្ត របស់​ពួកគេ​មែនហើយ ប៉ុន្តែ​ទ្រព្យ​ទាំងនោះ ពី​ដំបូង​មិនមែន​ជា​ទ្រព្យ​របស់​ពួកគេ​នោះ​ឡើយ​។ យើង​សង្ឃឹមថា ថ្ងៃ​ណាមួយ​នឹង​មាន​យុត្តិធម៌​។ ពេលនោះ​ទ្រព្យ​របស់​អ្នក​ទាំងនេះ នឹង​ត្រូវ​យក​ទៅ​ប្រគល់​ជូន ដែល​សម​នឹង​ទទួល​បាន​ទ្រព្យ​នេះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ដើម្បី​ឱ្យ​ពួកគាត់​អាច​អាស្រ័យ​ផល ពី​ទ្រព្យ​ដែល​គេ​លួច​ពី​គាត់​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles