ដោយ ខែ សុណង
2020-01-11
RFA
អតីតប្រធានអង្គការការពារសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នាការិយាល័យរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៧។ RFA
សាលាដំបូងរាជធានីភ្នំពេញកោះហៅអតីតប្រធានអង្គការសង្គមស៊ីវិលដែលធ្លាប់សកម្មជនក្នុងរឿងជួយពលរដ្ឋរងគ្រោះដីធ្លី ឱ្យចូលខ្លួនទៅបំភ្លឺជាសាក្សី ក្នុងសំណុំរឿងលោក កឹម សុខា ដែលតុលាការចោទប្រកាន់ពីបទសន្ទិដ្ឋភាព ឬត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេស ដែលគ្រោងនឹងបើកសវនាការជំនុំជម្រះក្តី នៅថ្ងៃទី១៥ មករា សប្ដាហ៍ក្រោយ។ សង្គមស៊ីវិលយល់ថា ការណ៍ដែលតុលាការចេះតែកោះហៅសាក្សីមកចូលរួមក្នុងសវនាការលោក កឹម សុខា ដូច្នេះគឺជារឿងមិនសមទំនងមួយ។
អតីតប្រធានអង្គការសង្គមស៊ីវិលដែលធ្វើការតស៊ូមតិក្នុងរឿងសិទ្ធិលំនៅឋាន ដែលបានបាត់ឈ្មោះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គឺលោក សៀ ភារម្យ អះអាងថា លោកនឹងមិនចូលខ្លួនក្នុងនាមជាសាក្សីឱ្យលោក កឹម សុខា តាមការកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញទេ ដោយលោកយល់ថា គឺជាសវនាការបំពេញកិច្ចដែលធ្វើឱ្យតែសម្រាប់ល្អមើលតែប៉ុណ្ណោះ។
លោក សៀ ភារម្យ ជាអតីតនាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន (Housing Rights Task Force) ដែលបច្ចុប្បន្នភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិក មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍ចំពោះការកោះហៅលោកក្នុងនាមជាសាក្សីលោក កឹម សុខា នោះទេ។ លោកថា លោកគ្មានទំនាក់ទំនងអ្វីជាមួយលោក កឹម សុខា នឹងអាចយល់ដឹងទាក់ទងនឹងបទចោទប្រកាន់របស់តុលាការដែលថា លោក កឹម សុខា មានភាពត្រូវរ៉ូវជាមួយរដ្ឋបរទេសនោះឡើយ។ លោកយល់ថា សវនាការនេះ គឺជាសវនាការលេងសើចមួយ។ លោកមានជំនឿថា លោក កឹម សុខា មិនបានពាក់ព័ន្ធជាមួយរដ្ឋបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលនោះទេ តាមពិតប្រជាពលរដ្ឋគឺជាតុលាការមហាជនដែលអាចកាត់ទោសតាមរយៈសន្លឹកឆ្នោតថា តើនរណាដែលជាអ្នកទោសក្បត់ជាតិឱ្យពិតប្រាកដនោះ៖ «វាជាដីកាលែងសើចដែលគ្រាន់តែជាបាយឡុកបាយឡកំប្លែងលេង ដើម្បីឱ្យអន្តរជាតិថា តុលាការហ្នឹងធ្វើតាមច្បាប់នីតិរដ្ឋ តែតាមការពិត គឺស្រុកខ្មែរដឹកនាំរាល់ថ្ងៃគឺ ដឹកនាំតាមរយៈនីតិមាត់ទេហ្នឹងជាច្បាប់ហើយ មាត់ចង់ចាប់នរណាដាក់គុក ចង់បាញ់លោក កែម ឡី ចោលចង់ចាប់លោក កឹម សុខា ដាក់គុកហ្នឹងគឺថា ស្រេចតែនឹងមាត់គេថា គេចោទទេ ដូច្នេះគឺវាអត់ចាំបាច់អីដែលខ្ញុំត្រូវទៅបំភ្លឺទេ ហើយខ្ញុំក៏អត់មានបានដឹងលឺអីពាក់ព័ន្ធរឿងលោក កឹម សុខា ដែរ ព្រោះខ្ញុំអតីតជាប្រធានអង្គការសង្គមស៊ីវិលមួយដែលចូលរួមចំណែក ក្នុងការជួយទៅដល់ជនក្រីក្រដែលរងគ្រោះពីការរំលោភដីធ្លី សិទ្ធិលំនៅឋានរបស់គាត់តាមរយៈអ្នកមានអំណាចអ្នកមានលុយដែលតែងតែរឹបអូសយកផ្ទះសម្បែងរបស់ពួកគាត់ដោយអយុត្តិធម៌»។
នៅក្នុងដីកា ព្រះរាជអាជ្ញារងអមតុលាការក្រុងភ្នំពេញ លោក វង្ស ប៊ុនវិសុទ្ធ បានតម្រូវឱ្យលោក សៀ ភារម្យ ចូលខ្លួនឆ្លើយបំភ្លឺក្នុងសវនាការសួរដេញដោលសំណុំរឿងលោក កឹម សុខា ក្នុងដំណើររឿងសន្ទិដ្ឋិភាព ឬការត្រូវរ៉ូវជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដែលប្រព្រឹត្តនៅកម្ពុជា និងទីកន្លែងផ្សេងទៀតកាលពីអំឡុងឆ្នាំ១៩៩៣ រហូតដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
លោក សៀ ភារម្យ មិនមែនជាមនុស្សទីមួយទេ ដែលត្រូវតុលាការក្រុងភ្នំពេញកោះហៅទៅឆ្លើយបំភ្លឺក្នុងនាមជាសាក្សីរឿងក្ដីរបស់លោក កឹម សុខា។ កន្លងមក ក្នុងពេលស៊ើបអង្កេតក្ដី ចៅក្រមបានកោះហៅអ្នកធ្លាប់ធ្វើការងារជាមួយលោក កឹម សុខា មកសាកសួរជាបន្តបន្ទាប់ ដូចជា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មន្ត្រីសង្គមស៊ីវិល យុវជនដែលឈឺឆ្អាលការងារសង្គមចំនួន ២នាក់ និងកាន់តែកៀកពេលសវនាការជំនុំជម្រះក្ដីនេះ តុលាការក៏បានចេញដីកាជាបន្តបន្ទាប់កោះហៅសកម្មជន និងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិឱ្យចូលខ្លួនក្នុងនាមសាក្សីដូចគ្នាដែរ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានមតិថា តុលាការគួរពិចារណាថា តើភាគីណាដែលពាក់ព័ន្ធជាជាងការកោះហៅសាក្សីដែលគ្មានតម្រុយនិងមានសកម្មភាពទាក់ទងលោក កឹម សុខា ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ពេលវេលាដំណើរការសវនាការ៖ «ពីព្រោះសវនាការយើងអ៊ីចឹងរកភាពយុត្តិធម៌សម្រាប់គូភាគីទាំងអស់ គួរណាពិនិត្យមើលទៅលើសាក្សីណាដែលពាក់ព័ន្ធពិតប្រាកដនៅក្នុងដំណើររឿងក្ដីហ្នឹង ហើយបើសិនជាកោះហៅសាក្សីមិនពាក់ព័ន្ធហ្នឹងទី១ វាធ្វើឱ្យមានការភ័យខ្លាចចំពោះសាក្សីដែលមិនពាក់ព័ន្ធជាពិសេសខាងអង្គការសង្គមស៊ីវិលមួយចំនួនដែលគាត់គិតថា មិនមានពាក់ព័ន្ធអីសោះ អ៊ីចឹងនាំឱ្យមានចម្ងល់និងការភ័យខ្លាច។ ប៉ុន្តែគ្រាន់តែជាសាក្សីវាគ្មានអ្វីត្រូវខ្លាចទេ តែការកោះហៅបើសិនជាអត់មានការពាក់ព័ន្ធវាបង្កើតជាចម្ងល់ទៅវិញ ហើយអាចនឹងមានការភិតភ័យខ្លះដែរ»។
សហមេធាវីលោក កឹម សុខា លោក ចាន់ ចេង ធ្លាប់ប្រាប់អាស៊ីសេរីថា ក្រុមមេធាវីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយការពារក្តីឱ្យលោក កឹម សុខា ក្នុងពេលបើកសវនាការ។ លោកថា ក្រុមមេធាវី និងលោក កឹម សុខា ផ្ទាល់ នៅតែសំណូមពរ ទៅតុលាការឱ្យទម្លាក់ចោលការចោទប្រកាន់នេះ។
ទាំងសហគមន៍ជាតិ និងអន្តរជាតិ បានចាត់ទុកវិធានការច្បាប់របស់របបក្រុងភ្នំពេញលើលោក កឹម សុខា ថា ជារឿងនយោបាយ និងទាមទារឱ្យតុលាការក្រុងភ្នំពេញទម្លាក់ចោលបទចោទប្រកាន់ និងផ្ដល់សិទ្ធិសេរីភាពពេញលេញដល់មេបក្សប្រឆាំងរូបនេះ បានចូលរួមប្រឡូកក្នុងកិច្ចការនយោបាយ ឬចូលរួមប្រកួតប្រជែងការបោះឆ្នោតដោយស្មើភាពគ្នានៅអាណត្តិក្រោយ។
ប្រជាពលរដ្ឋ ពលករចំណាកស្រុក និងសហគមន៍ខ្មែរក្រៅប្រទេសតែងជួបជុំធ្វើបាតុកម្មទាមទារឱ្យរបបក្រុងភ្នំពេញ ដោះលែង លោក កឹម សុខា ប្រធានគណបក្សប្រឆាំង ដើម្បីគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការតម្រូវឱ្យអ្នកចង់ឃ្លាំមើលសវនាការរឿងលោក កឹម សុខា ឱ្យចុះឈ្មោះសុំប័ណ្ណចូលជាមុន
- តុលាការរបបភ្នំពេញផ្ដន្ទាទោសលោក សម រង្ស៊ី មួយករណីទៀតជាមួយមន្ត្រីបក្សប្រឆាំង ៣នាក់
- តុលាការកោះហៅសកម្មជនគណបក្សប្រឆាំងម្នាក់ទៀតទៅបំភ្លឺករណីលោក កឹម សុខា
- បក្សប្រឆាំងថ្កោលទោសរបបលោក ហ៊ុន សែន និងទាមទារឱ្យទទួលខុសត្រូវករណីរលំអគារនៅកែប
- ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្នើឱ្យគណបក្សប្រឆាំងធ្វើរឿងបីយ៉ាងជាចាំបាច់ ក្នុងឆ្នាំ២០២០នេះ
- លោក សម រង្ស៊ី សង្ឃឹមថា កម្ពុជានឹងមានការផ្លាស់ប្ដូរជាវិជ្ជមាននៅឆ្នាំ២០២០
- សកម្មជនគណបក្សសង្គ្រោះជាតិថ្កោលទោសមេប៉ូលិសខ្មែររឿងគាំទ្រការបង្ក្រាបបក្សប្រឆាំង
- សារនយោបាយមេបក្សកាន់អំណាច និងមេដឹកនាំបក្សប្រឆាំងក្នុងឆ្នាំ២០២០
- ប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅកូរ៉េខាងត្បូងលាលែងពីតំណែងដោយសារត្រូវចាកចេញពីប្រទេសនេះ
- តុលាការខេត្តរតនគិរីលើកពេលកាត់ក្តីសំណុំរឿងអតីតអ្នកកាសែត ខេមបូឌា ដេលី ២នាក់