ចៅក្រម​សាលា​ឧទ្ធរណ៍ លើក​ពេល​ប្រកាស​សាល​ដីកា លោក ម៉ៃ ហុងស្រៀង ទៅ​ថ្ងៃ​ទី​២១ មករា

ដោយ អូន ភាព
2020-01-13
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ម៉ៃ ហុងស្រៀង សកម្មជន​បក្ស​ប្រឆាំង​​នៅ​ខេត្ត​ព្រះសីហនុ ពេល​នគរបាល​នាំ​មក​ធ្វើ​សវនាការ​នៅ​សាលា​ឧទ្ធរណ៍ នៅ​ព្រឹក ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ២០២០។

លោក ម៉ៃ ហុងស្រៀង សកម្មជន​បក្ស​ប្រឆាំង​​នៅ​ខេត្ត​ព្រះសីហនុ ពេល​នគរបាល​នាំ​មក​ធ្វើ​សវនាការ​នៅ​សាលា​ឧទ្ធរណ៍ នៅ​ព្រឹក ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​អ្នកស្រី គា ស៊ី​សុគន្ធី


ចៅក្រម​សាលា​ឧទ្ធរណ៍ បាន​សម្រេច​លើក​ពេល​ប្រកាស​សាល​ដីកា​ លើ​សវនាការ​អង្គ​សេចក្ដី​របស់​​លោក ម៉ៃ ហុងស្រៀង ទៅ​ថ្ងៃ​ទី​២១ មករា។ មេធាវី និង​ភរិយា​របស់​លោក ម៉ៃ ហុងស្រៀង សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​នឹង​​សម្រេច​ដោះលែង លោក ម៉ៃ ហុងស្រៀង ដោយ​កាត់​តម្រឹម​ការ​ឃុំ​ខ្លួន​ត្រឹម​ជាង ៥ខែ ឬ​​យ៉ាង​យូរ​ ត្រឹម ៦ខែ​គត់។

មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ក្រុង​ព្រះសីហនុ​​ លោក ម៉ៃ ហុងស្រៀង គឺ​លោក​មេធាវី កែត ឃី ឲ្យ​ដឹង​ថា ​ក្នុង​សវនាការ​អង្គ​សេចក្ដី នៅ​ព្រឹក​ថ្ងៃ​ទី១៣ មករា មេធាវី​បាន​ស្នើសុំ​ឲ្យ​ចៅក្រម​សាលា​ឧទ្ធរណ៍ កាត់​តម្រឹម​ទោស​កូន​ក្ដី ដែល​នៅ​សេសសល់​ចោល និង​ដោះ​លែង លោក ម៉ៃ ហុងស្រៀង ឲ្យ​មាន​សេរីភាព។ លោក​​មេធាវី​បន្ត​ថា សវនាការ​ឧទ្ធរណ៍ គឺ​ជា​ការ​ប្ដឹង​ជំទាស់​នឹង​សាល​ក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​កាត់​ទោស​កូន​ក្ដី​លោក ឲ្យ​ជាប់​ឃុំ ១៨ខែ៖ «សុំ​បន្ថយ​ទោស មក​ត្រឹម​តែ​អ្វី​ ដែល​គាត់​បាន​ជាប់​ហើយ។ អ៊ីចឹង​ណា​។ មិន​មែន​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ទៀត​ទេ នេះ​គឺ​កាត់​រឿង​អង្គ​សេចក្ដី​ហើយ។ អ៊ីចឹង​ណា ព្រោះ​គាត់​ជាប់​ហើយ ​ដល់​ថ្ងៃ​សវនាការ​នេះ គឺ ៥ខែ ១២​ថ្ងៃ។ អ៊ីចឹង សុំ​ថា ដាក់​ត្រឹម​៦​ខែ​ អ្វី​ទៅ​ វា អប្បបរមា​នៃ​ទោស»

លោក ម៉ៃ ហុងស្រៀង គឺ​ជា​សកម្មជន​បក្ស​ប្រឆាំង​ក្រុង​ព្រះសីហនុ។ លោក​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ ឡោម​ព័ទ្ធ​កន្លែង​លាក់​ខ្លួន​ និង​ដេញ​ចាប់​ទាំង​កណ្ដាល​យប់ កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០១៩។ លោក​បាន​ផ្លោះ​របង​រត់​កាត់​ព្រៃ​ ហើយ​ត្រូវ​ប៉ូលិស​ចាប់​បាន​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ ជាយ​​រាជធានី​ភ្នំពេញ។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា មាន​បំណង​គាំទ្រ​សកម្មភាព​វិល​ចូល​ប្រទេស​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី និង​បាន​បង្ហោះ​សារ​ប្រមាថ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ។

ចៅក្រម​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កាត់​ក្ដី​ឲ្យ លោក ម៉ៃ ហុងស្រៀង ជាប់​ឃុំ​ ១ឆ្នាំ​កន្លះ។ តែ​លោក​មិន​​​សុខ​ចិត្ត​នឹង​សាលក្រម​នេះ ទើប​លោក​សម្រេច​ប្ដឹង​ឡើង​ឧទ្ធរណ៍។ គិត​ត្រឹម​ថ្ងៃ​សវនាការ​​លើ​អង្គ​សេចក្ដី ថ្ងៃ​ទី១៣ មករា លោក ម៉ៃ ហុងស្រៀង ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ចំនួន ៥ខែ ១២ថ្ងៃ។

ភរិយា​របស់ លោក ម៉ៃ ហុង​ស្រៀង គឺ​អ្នកស្រី គា ស៊ី​សុគន្ធី ហៅ​ការ​បន្ត​ឃុំ​ខ្លួន​ស្វាមី​ទាំង​បំពាន​ដូច​សព្វ​ថ្ងៃ​ គឺ​ជា​​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ ​លើ​ប្រជាពលរដ្ឋ​ខ្មែរ។ ​អ្នកស្រី ស្នើសុំ​​​ចៅក្រម​សាលា​ឧទ្ធរណ៍​​ដោះលែង លោក ម៉ៃ ហុងស្រៀង នៅ​ថ្ងៃ​ទី២១ មករា​នោះ ដោយ​មិន​ត្រូវ​​បន្ត​អូស​បន្លាយ​ ការ​ឃុំ​បន្ត​ខ្លួន​គាត់​បន្ត​​ទៀត​ទេ ព្រោះ​ការ​​បន្ត​ឃុំ​ឃាំង​លោក ម៉ៃ ហុងស្រៀង​ ស្មើ​នឹង​ការ​បន្ត​ ការ​ឈឺ​ចាប់​ឲ្យ​ប្រពន្ធ​កូន​​នៅ​ឯ​ផ្ទះ៖ «ហើយ​ខ្ញុំ​គិត​ថា បើ​​សិន​ជា​គេ​នៅ​តែ​បន្ត​ទៅ​ទៀត គឺ​ជា​ការ​រំលោភ​បំពាន​បំផុត​ទៅ​លើ​គាត់​ហើយ និង​អយុត្តិធម៌​បំផុត​ចំពោះ​គាត់ និង​ពលរដ្ឋ​គ្រប់​រូប ហើយ​ក៏​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លាច មិន​ហ៊ាន​បញ្ចេញ​មតិ​ទេ នៅ​ពេល​ដែល​គេ​ធ្វើការ​ឃុំ​ខ្លួន​អ្វី​អ៊ីចឹង គឺ​អ្នក​ខ្លះ អ្នក​មួយ​ចំនួន​គឺ គាត់​អត់​ហ៊ាន​អ៊ីចឹង​ហ្មង គាត់​នៅ​តែ​ស្ងៀម អត់​ហ៊ាន​បញ្ចេញ​មតិ​ទេ។ អ៊ីចឹង ខ្ញុំ​សំណូមពរ​ឲ្យ​លោក​តុលាការ​ពិចារណា​ឡើងវិញ ដោះលែង​គាត់​ឲ្យ​មាន​សេរីភាព​វិញ»

អ្នកស្រី គា ស៊ី​សុគន្ធី​ អះអាង​ថា ស្វាមី​របស់​អ្នក​ស្រី ​ចង់​ឃើញ​​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ពេញ​លេញ និង​ជីវភាព​រស់​នៅ​ល្អ​ប្រសើរ ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ តាម​រយៈ​ការ​ប្រើប្រាស់​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ហេតុ​នេះ ទើប​គាត់​​ចូលរួម​យ៉ាង​សកម្ម​ផ្នែក​នយោបាយ​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment