ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ប្រមាណ ១.០០០នាក់​មក​ពី​សហគមន៍​ដីធ្លី ៤ខេត្ត​ផ្សេង​គ្នា តវ៉ា​នៅ​មុខ​ក្រសួង​ដែនដី

ដោយ អាស៊ីសេរី
2020-01-13
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ដែល​កំពុង​កើត​ទុក្ខ​រឿង​បញ្ហា​បាត់​ដីធ្លី​មក​ពី​សហគមន៍​ដីធ្លី ៤ខេត្ត នាំ​គ្នា​អង្គុយ​តវ៉ា​នៅ​ក្រសួង​ដែនដី ក្រោម​ស្លាក​ពាក្យ​ស្លោក "អរគុណ​សន្តិភាព" និង "គ្មាន​ម្លប់​ណា​ត្រជាក់​ជាង​សន្តិភាព"។

ពលរដ្ឋ​ដែល​កំពុង​កើត​ទុក្ខ​រឿង​បញ្ហា​បាត់​ដីធ្លី​មក​ពី​សហគមន៍​ដីធ្លី ៤ខេត្ត នាំ​គ្នា​អង្គុយ​តវ៉ា​នៅ​ក្រសួង​ដែនដី ក្រោម​ស្លាក​ពាក្យ​ស្លោក “អរគុណ​សន្តិភាព” និង “គ្មាន​ម្លប់​ណា​ត្រជាក់​ជាង​សន្តិភាព”។

 រូប៖ ពលរដ្ឋ


ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​មក​ពី​ខេត្ត​៤ នាំ​គ្នា​ស្វែង​រក​អន្តរាគមន៍​ពី​ក្រសួង​ដែន​ដី


ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជិត ១​ពាន់​នាក់ មក​ពី​ខេត្ត​ចំនួន​៤ ប្រមូល​ផ្ដុំ​គ្នា​មុខ​ក្រសួង​ដែនដី ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ស្នើ​សុំ​លោក ជា សុផារ៉ា ពន្លឿន​ដំណោះស្រាយ​ឲ្យ​ពួកគេ​ឲ្យ​បាន​ឆាប់។ ពលរដ្ឋ​ដែល​មក​ពី​ខេត្ត​កោះកុង ខេត្ត​កំពង់​ស្ពឺ ខេត្ត​ព្រះ​វិហារ​ និង​ខេត្ត​ឧត្តរមានជ័យ ភាគ​ច្រើន​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ ​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា​ លី យ៉ុងផាត់ ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​របស់​ឧកញ៉ា ហេង ហ៊ុយ និង​ក្រុមហ៊ុន​ចិន​យូញៀន ច្រើន​ឆ្នាំ​មក​ហើយ។

«​ពួក​យើង​មិន​ត្រូវ​ការអភិវឌ្ឍន៍​យក​ផ្ទះ ដីធ្លី ប្រជាពលរដ្ឋ​ទេ​» «​គ្មាន​ដី គ្មាន​ជីវិត​» «​អភិវឌ្ឍន៍​មិន​គោរព​សិទ្ធិមនុស្ស សិទ្ធិ​ក្លែងក្លាយ»។ ទាំង​អស់​នេះ​ គឺ​ជា​ ឃ្លា​ពាក្យ​ស្លោក​ ដែល​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ​មក​ពី​ខេត្ត​កោះកុង កំពង់ស្ពឺ ព្រះវិហារ និង​ឧត្តរមានជ័យ ប្រមាណ ​១​ពាន់​នាំ​គ្នា​ឈរ​លើក​ឡើង​ និង​ស្រែក​ទាមទារ​ឲ្យ​ក្រសួង​ដែនដី​ ចេញ​មុខ​ដោះស្រាយ​បញ្ចប់​បញ្ហា​រឿង​ដីធ្លី ​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន​ចិន​ និង​ក្រុម​អ្នក​មាន​អំណាច បន្ទាប់ពី​ពួក​គាត់​អស់​ជំនឿ​លើ​ចំណាត់​ការ​ថ្នាក់​ខេត្ត។

តំណាង​ពលរដ្ឋ​មក​ពី​ខេត្ត​កោះកុង​ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ ចិន​យូញៀន លោកស្រី សាំង​ ពុយ ស្នើ​ដល់​ក្រសួង​ដែន​ដី​ចាត់​មន្ត្រី​ជំនាញ​ចុះ​ដល់​មូលដ្ឋាន​ពួកគាត់​មាន​ជម្លោះ​ ដើម្បី​ផ្ដល់​ដំណោះ​ស្រាយ​ជាក់​ស្ដែង​ដល់​ពលរដ្ឋ ប៉ុន្តែ​ក្រសួង​បែរ​ជា​តម្រូវ​ឲ្យ​ពួក​គាត់​ទៅ​រក​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​ខេត្ត​ដដែល​ទៅ​វិញ។

លោក​ស្រី សាំង ពុយ ថា ពួក​គាត់​ទៅ​រក​ដំណោះ​ស្រាយ​ពី​អភិបាល​រង​ខេត្ត​កោះកុង លោក សុខ សុធី ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​គ្មាន​បាន​អ្វី​ក្រៅ​ពី​ការ​សន្យា​ពី​មួយ​ពេល​ទៅ​មួយ​ពេល​នោះ​ឡើយ។ តំណាង​ពលរដ្ឋ​រូប​នេះ ទទូច​ស្នើ​ដល់​លោក ជា សុផារ៉ា ចាត់​ក្រុម​ការងារ​ចុះ​ពិនិត្យ​វិវាទ​ជាមួយ​ក្រុមហ៊ុន​ចិន​យូញៀន ដើម្បី​កុំ​ឲ្យ​ទំនាស់​បន្ត​អូស​បន្លាយ​តទៅ​ទៀត៖ «ក្រុម​បង​សំណូមពរ​ឲ្យ​ខាង​ក្រសួង​ហ្នឹង ចុះ​ទៅ​ធ្វើការ​នៅ​ក្នុង​មូលដ្ឋាន​ពួក​ខ្ញុំ​រស់នៅ​តែ​ម្ដង បាន​ដោះស្រាយ​រឿង​ហ្នឹង​បាន​ចប់​ ប៉ុន្តែ​បើ​ខេត្ត​រុញ​ទៅ​ក្រសួង ក្រសួង​រុញ​ទៅ​ខេត្ត​រឿង​អត់​ចប់​ទេ។ ពួក​បង​ទាំង​គ្នា​សំណូមពរ​ថា ចង់​ឲ្យ​មាន​ការ​កោះ​អញ្ជើញ​ក្រុមហ៊ុន​ចេញ​មក​ដោះស្រាយ​ឲ្យ​ម្ចាស់​ដី​នៅ​សេស​សល់​ហ្នឹង ព្រោះ​កន្លង​មក​អត់​ដែល​មាន​ការ​កោះ​អញ្ជើញ​ទេ។ យើង​ចង់​បាន​ដំណោះ​ស្រាយ​ឲ្យ​ឆាប់​បាទ»។

កាល​ពី​ឆ្នាំ២០០៨ ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន​ជាង ៤ម៉ឺន ៥ពាន់​ហិកតារ (៤៥.១០០) ​ពី​របប​ក្រុង​ភ្នំពេញ ដើម្បី​សាងសង់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ ក្នុង​រយៈ​ពេល ៥០ឆ្នាំ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ជិត​ ៤ពាន់​លាន​ដុល្លារ (៣,៨ពាន់​លាន​ដុល្លារ)។

គម្រោង​ទីក្រុង​ទេសចរណ៍​ដ៏​ធំ​សម្បើម​មួយ​នេះ​ បាន​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​ជាង ១ពាន់​គ្រួសារ​ ចាក​ចេញ​ពី​លំនៅឋាន ប៉ុន្តែ​នៅ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​​ស្រាយ​នៅ​ឡើយ​មក​ដល់​ពេល​នេះ។

ទន្ទឹម​គ្នា​នេះ​ដែរ សហគមន៍​ដីធ្លី​ចំនួន ៤ទៀត មកពី​ស្រុក​ស្រែ​អំបិល ស្រុក​បុទុមសាគរ និង​ស្រុក​គីរីសាគរ ក្នុង​ខេត្ត​កោះកុង ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា លី យ៉ុង​ផាត់ និង​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​របស់​ឧកញ៉ា ហេង​ ហ៊ុយ ក៏​នាំ​គ្នា​ស្វែង​រក​ដំណោះស្រាយ​ពី​ក្រសួង​ដែនដី​ដែរ។ ពួកគេ​ស្នើ​ដល់​ក្រសួង​ដែនដី ​ចុះ​ស៊ើប​អង្កេត​ករណី​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​អ្នក​មាន​អំណាច​ និង​ពន្លឿន​ដំណោះ​ស្រាយ​រឿង​ដីធ្លី​ឲ្យ​បាន​ឆាប់។

តំណាង​ពលរដ្ឋ​មក​ពី​ខេត្ត​ឧត្តរមានជ័យ លោក ម៉ា អ៊ុកជឿន ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ជិត​ ៤រយ​គ្រួសារ​ទៀត ​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ពី​ក្រុមហ៊ុន និង​អាជ្ញាធរ​នៅ​ឡើយ​ទេ។ លោក​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ពន្លឿន​ចំណាត់​ការ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ឲ្យ​ពលរដ្ឋ៖ «ខ្ញុំ​មើល​ឃើញ​ការ​ដោះស្រាយ​របស់​ថ្នាក់​មូលដ្ឋាន អត់​មាន​ចេញ​ជា​ផ្លែ​ផ្កា​អី​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ​ទេ បាន​យើង​សុខ​ចិត្ត​ឡើង​មក​ក្រសួង​នេះ ដើម្បី​រាយការណ៍​រឿង​អស់​ទាំង​នេះ មក​ក្រសួង​ ក៏​ដូចជា​រដ្ឋាភិបាល​ឲ្យ​បាន​ដឹង។ កុំ​ឲ្យ​ថ្នាក់ក្រោម​គាត់​រុញ​ដាក់​គ្នា ធ្វើ​ឲ្យ​មាន​ផល​វិបាក​ដល់​ប្រជាពលរដ្ឋ។ រឿង​ទាំងអស់​នេះ​ហើយ បាន​យើង​ឡើង​មក​ជួប​ក្រសួង​ថ្ងៃ​នេះ ដើម្បី​ជំរុញ​ឲ្យ​ថ្នាក់​ខេត្ត​និង​ក្រុង​ដោះស្រាយ​ឲ្យ​ពលរដ្ឋ។ ឥឡូវ​ហ្នឹង​មក​ដល់​ក្រសួង​ហើយ ក្រសួង​បង្វែរ​រឿង​ហ្នឹង ឲ្យ​ខ្ញុំ​ទៅ​ជួប​ខត្ត​ទៀត។ ឥឡូវ​យើង​ខ្ញុំ​ហាក់​ដូច​ជា​ទ័ល​ច្រក​ដែរ​ ដល់​អ៊ីចឹង»។

ចំណែក​តំណាង​ពលរដ្ឋ​មក​ពី​ខេត្ត​ព្រះវិហារ​វិញ គឺ​លោក សុ ភឿត ថ្លែង​ថា ជាង ១០ឆ្នាំ​មក​ហើយ ដែល​អាជ្ញាធរ​ខេត្ត​ មិន​អាច​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន ឡាន​ ហ្វេ​ង និង រ៉ូយ ហ្វេង។

តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​សុំ​ក្រសួង​ដែនដី​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី ដោយ​ពន្លឿន​ចុះ​បញ្ជី​ដី​សមូហភាព​សហគមន៍ និង​កាត់​ឆ្វៀល​ដីធ្លី​ព្រៃ​សហគមន៍ ចេញ​ពី​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន ព្រោះ​អ្នក​ភូមិ​ភាគច្រើន​ទទួល​ផល​ពី​ការ​បោច​វល្លិ៍ បោច​ស្លឹក ដង​ជ័រ​ទឹក​ក្នុង​ព្រៃ​សហគមន៍៖ «ខ្ញុំ​មក​នេះ​ ចង់​ឲ្យ​ក្រសួង​ដែនដី​ទទួល​ស្គាល់​ព្រៃ​សហគមន៍ និង​សុំ​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​សម្រាប់​ពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​ព្រៃឈើ។ សហគមន៍​មាន​ការ​ខ្វះខាត​ច្រើន​ណាស់ បាត់​បង់​ដីធ្លី​ គោ​ក្របី ធ្វើ​ឲ្យ​សហគមន៍​យើង​លំបាក​ទៀត»។

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ ហេង​ ហ្វូ​ ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ទំហំ​ជាង ៤២.០០០​ហិកតារ តាំង​ពី​ឆ្នាំ២០១១​ វិនិយោគ​ដាំ​អំពៅ​ និង​កៅស៊ូ។ ក្រុមហ៊ុន​នេះ​ ជា​ក្រុមហ៊ុន​មេ​ និង​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ ៥ទៀត​ ដូចជា​ ក្រុមហ៊ុន ឡាន ហ្វេង រួយ ហ្វេង ក្រុមហ៊ុន ហេង​ ណុង​ ក្រុមហ៊ុន​ ហេង​ រួយ​ និង​ក្រុមហ៊ុន ហេង យូ។

សហគមន៍​ថា​ ប្រភព​ចម្បង​ ដែល​នាំ​ឲ្យ​កើត​មាន​ជម្លោះ​ដីធ្លី​ធំធេង​ ក្រោយ​ពី​របប​ក្រុង​ភ្នំពេញ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន​ ឡាន​ ហ្វេ​ង និង រ៉ូយ ហ្វេ​ង រាប់​ម៉ឺន​ហិកតារ​ បង្ក​វិនាសកម្ម​ធំធេង​ ដល់​ធនធាន​ធម្មជាតិ​ និង​ប្រព័ន្ធ​សេដ្ឋកិច្ច​ជន​ជាតិ​ដើម​ភាគ​តិច​មូលដ្ឋាន។

រីឯ​តំណាង​ពលរដ្ឋ​មក​ពី​​កំពង់​ស្ពឺ លោក សឹង សុខុម ប្រាប់​អាស៊ី​សេរី​ថា ពលរដ្ឋ​ជាង ១ពាន់ ២រយ​គ្រួសារ នៅ​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​សមរម្យ​ណា​មួយ​ពី​អាជ្ញាធរ និង​ភាគី​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី​ យ៉ុងផាត់​ នៅ​ឡើយ​ទេ ចាប់​តាំង​ពី​មាន​ជម្លោះ​ដីធ្លី​នៅ​ឆ្នាំ២០១០។

លោក សឹង សុខុម ថា ក្រសួង​រង់​ចាំ​មើល​លទ្ធផល​នៃ​ការ​អនុគ្រោះ EBA ពី​សហភាព​អឺរ៉ុប​សិន​ មុន​នឹង​សម្រេច​ចុះ​ដោះ​ស្រាយ​ឲ្យ​ពួក​គាត់​ នៅ​ខែ​មីនា​ខាង​មុខ។ លោក​បន្ត​ថា ការ​សន្យា​នេះ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ។ តំណាង​ពលរដ្ឋ​រូប​នេះ ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ឱ្យ​ជួយ​អន្តរាគមន៍​ពន្លឿន​ការ​ដោះ​ស្រាយ​ដល់​ពលរដ្ឋ​ឲ្យ​បាន​ឆាប់៖ «គាត់​ថា​គាត់​ផ្អាក​ដោះស្រាយ​សិន រង់ចាំ EBA ប្រកាស​ហើយ​សិន។ ខ្ញុំ​មិន​គិត​យ៉ាង​មិច​ដែរ បើ​គាត់​និយាយ​អ៊ីចឹង។ គាត់​និយាយ​ភាសា​ហ្នឹង ដូច​និយាយ​បញ្ចប់​ចឹង មិន​ដោះ​ទេ ចាំ EBA តាម​ពិត​គាត់​មិន​ដោះ​យូរ​ហើយ។ ដល់​អ៊ីចឹង​ខ្ញុំ​ពិបាក​មែន​ទែន។ ​ពេល​ខ្លះ​គាត់​និយាយ​ផ្សេង ដល់​ពេល​នេះ គាត់​ទម្លាក់​ទៅ EBA ណា​ទៀត​ហើយ។ ពួក​យើង​មក​ច្រើន​ដង​ហើយ។ គាត់​សន្យា​ថា​ ខែ​៣​បាន​ចុះ​ទៅ»។

ការ​ស្រាវជ្រាវ​ដោយ​អង្គការ​សមធម៌​កម្ពុជា បាន​រក​ឃើញ​ថា សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស ប្រជាជន​កម្ពុជា លោក លី យ៉ុងផាត់ បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា លើ​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​ចំនួន ៩ពាន់​ហិកតារ​នៅ​ស្រុក​ថ្ពង ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ឆ្នាំ២០១០។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ ក៏​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជាង ៩ពាន់​ហិកតារ​នៅ​ស្រុក​ឱរ៉ាល់ និង​ផ្ទៃដី​អភិវឌ្ឍន៍​សត្វ​ព្រៃ​ចំនួន ៤.៧០០ហិកតារ​បន្ថែម​ទៀត។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​មាន​ផ្ទៃ​ដី​សរុប​ចំនួន ២ម៉ឺន ៣ពាន់​ហិកតារ ដែល​ជា​ទំហំ​លើស​ពី​ច្បាប់​អនុញ្ញាត។

ក្រោយ​ចូល​ជួប​មន្ត្រី​តំណាង​ក្រសួង​ដែនដី​ នៅ​ព្រឹក​ថ្ងៃ​ទី១៣ មករា ក្រុម​តំណាង​ពលរដ្ឋ ៤០នាក់​ មក​ពី​ខេត្ត​ទាំង​បួន ខក​ចិត្ត​ ចំពោះ​មន្ត្រី​ក្រសួង​ដែនដី ដែល​តម្រូវ​ឲ្យ​ពួក​គាត់​វិល​ត្រឡប់​ទៅ​រក​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​ថ្នាក់​ខេត្ត​វិញ ដោយ​យក​ហេតុផល​ថា ក្រសួង​បាន​ត្រឹម​តែ​ពិនិត្យ​ឯកសារ និង​បញ្ជូន​ទៅ​ឲ្យ​ថ្នាក់​ក្រោម​ជាតិ​ដោះ​ស្រាយ​ប៉ុណ្ណោះ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​ទាំង​អស់​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​ដែនដី លោក សេង ឡូត បាន​នៅ​ឡើយ​ទេ ដោយ​សារ​គ្មាន​ទទួល​ទូរស័ព្ទ។

ក្រុម​ពលរដ្ឋ​ទាំង ៤ខេត្ត សម្រេច​វិល​ត្រឡប់​ទៅ​ខេត្ត​រៀង​ខ្លួន​វិញ នៅ​រៀល​ថ្ងៃ​ដដែល​ ប៉ុន្តែ​ពួក​គាត់ បញ្ជាក់​ថា ​នឹង​នាំ​គ្នា​ឡើង​មក​តវ៉ា​ពី​ក្រសួង​ដែនដី​នៅ​រាជធានី​ភ្នំពេញ​ជាថ្មី​ទៀត បើ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​ខេត្ត។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត លើកឡើង​ថា បញ្ហា​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បន្ត​អូស​បន្លាយ​ដល់​បច្ចុប្បន្ន​នេះ ភាគ​ច្រើន​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​ឧកញ៉ា​មួយ​ចំនួន​។ លោក អំ សំអាត យល់​ថា ​ វិវាទ​ដីធ្លី​នេះ នឹង​ដោះស្រាយ​បញ្ចប់​ទៅ​បាន លុះត្រាតែ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រាកដ និង​យន្តការ​ច្បាស់​លាស់៖«ការ​ដោះស្រាយ​ទាល់​តែ​មាន​ឆន្ទៈ​ពិតប្រាកដ។ មិន​មែន​ការ​ដោះស្រាយ​ហ្នឹង ស្ថិត​នៅ​លើ​លិខិត​ស្នាម ដែល​ថា​ចេញ​ទៅ​ ឲ្យ​តែ​ថា​បាន​ចេញ។អ៊ីចឹងកាល​ណា​ថ្នាក់​ជាតិ ឬ​ក៏​រដ្ឋាភិបាល​ដែល​ចេញ​ទៅ​ហើយ ត្រូវ​តែ​តាមដាន​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន ហ្នឹង បាន​ដោះស្រាយ​ហើយ​ ឬ​ក៏​អត់​ទេ។ ឬមួយ​ក៏​បង្កើត​គណៈកម្មការ​ដោះស្រាយ​ ដូច​នៅ​កោះកុង អី​ពីមុន យើង​ឃើញ​ថា​បង្កើត​គណៈកម្មការ​ដើម្បី​ដោះស្រាយ វា​មាន​លទ្ធផល​ដែរ។ អ៊ីចឹងសំខាន់​បំផុត ទៅ​លើ​ឆន្ទៈ ហើយ​ដោះស្រាយ​ឲ្យ​ប្រាកដ​ប្រជា​ អ៊ីចឹង​បាន​អាច​ដោះស្រាយ​ទៅ​បាន»។

លោក អំ សំអាត ថា បញ្ហា​ដីធ្លី​នេះ ក៏​ជា​ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​ផ្សេង​ទៀត សម្រាប់​សហភាព​អឺរ៉ុប ក្នុង​ការ​វាយតម្លៃ​អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។ ហេតុ​នេះ ប្រមុខ​រដ្ឋាភិបាល​ គួរ​ដាក់​ចេញ​វិធានការ​ដែល​មាន​ប្រសិទ្ធភាព​ឲ្យ​បាន​ឆាប់​ ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​គ្រប់​បណ្ដា​​ខេត្ត​ក្រុង​ទាំង​អស់ ​ឲ្យ​បាន​ឆាប់​ តាម​តែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​រក្សា​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ប្រមាណ ១.០០០នាក់​មក​ពី​សហគមន៍​ដីធ្លី ៤ខេត្ត​ផ្សេង​គ្នា តវ៉ា​នៅ​មុខ​ក្រសួង​ដែនដី"

  1. Anonymous says:

    time for HUN SEN respecting Cambodian not to use them as his belonging. please do not lei to GOD . every one knew that HUN SEN was a dictator indeed HUN SEN never have been a democracy at all. as western world always saying life is too short the reason why they said that was to tell all dictator that no one can take any thing whit them. I tell you what western medical doctor is searching for the cue life lasting for ever but….. I tell you what they can not fight again GOD willing