លោក កឹម សុខា៖ ​ជីវិត​នយោ​បាយ​ជួប​តែ​ការ​គំរាម​កំហែង ចោទ​ប្រកាន់ និង​ការ​ចាប់​ដាក់​គុក​

ដោយ៖ អ៊ឹម រចនា
13/01/2020 – 07:34
RFI

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ REUTERS

បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ នៅ​ថ្ងៃ​​ពុធ ទី​១៥ ខែ​មករា​ខាង​មុខ​នេះ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​លើ​សំណុំ​រឿង​លោក កឹម សុខា​។ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌក​ម្ពុជា​។ អ៊ឹម រចនា សូម​ឆ្លៀត​ឱកាស​នេះ នាំ​លោក​អ្នក​នាង​ទៅ​តាម​ដាន​ដំណើរ​ជីវិត​របស់​លោក កឹម សុខា ចាប់​តាំង​ពី​លោក​ចូល​ប្រឡូក​នៅ​ក្នុង​ឆាក​នយោបាយ​កម្ពុជា​។ តើ​នៅ​ក្នុង​ជីវិត​នយោបាយ​រយៈ​ពេល​ជិត​៣​ទសវត្ស​កន្លង​មក​នេះ លោក កឹម សុខា បាន​ជួប​ប្រទះ​រឿង​រ៉ាវ​អ្វី​ខ្លះ​? 

លោក កឹម សុខា ចាប់​ផ្ដើម​មាន​ឈ្មោះ​បោះ​សំឡេង នៅ​ពេល​លោក​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ឆ្នាំ​២០០២។ ប៉ុន្តែ​មែន​ទែន​ទៅ ដំណើរ​ជីវិត​លើ​ឆាក​នយោបាយ​របស់​លោក ចាប់​ផ្ដើម​តាំង​ពី​មួយ​ទសវត្ស​មុន​មក​ម្ល៉េះ ពោល​គឺ​នៅ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៩២​ គឺ​នៅ​ពេល​លោក​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ សេរីនិយម ព្រះ​ពុទ្ធសាសនា របស់​លោក សឺន សាន និង​បាន​ក្លាយ​ទៅ​ជា​សមាជិក​សភា​ធម្មនុញ្ញ នៅ​ឆ្នាំ​១៩៩៣​។​

លោក កឹម សុខា បាន​រៀបរាប់នៅ​ក្នុង​​សៀវភៅ ការ​ស្វែង​រក​យុត្តិធម៌​នៅ​កម្ពុជា អំពី​មូលហេតុ​ដែល​លោក​សម្រេច​ចិត្ត​ចូល​ធ្វើ​នយោបាយ​ថា គឺ​ដោយ​សារ​លោក​ចង់​មាន​អំណាច​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ៖ បញ្ហា​ប្រទេស​ជាតិ​កម្ពុជា​នា​សម័យ​នោះ នៅ​ក្នុង​ក្រសែ​ភ្នែក​លោក កឹម សុខា គឺ​សិទ្ធិ​មនុស្ស​។ លោក កឹម សុខា ចង់​លើក​ស្ទួយ​សិទ្ធិ​មនុស្ស ព្រោះ​សម្រាប់​លោក សិទ្ធិ​មនុស្ស​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ។

ស្ថិត​ក្នុង​តំណែង​ជា​សមាជិក​សភា​ធម្មនុញ្ញមក​ពី​គណបក្ស​​ប្រជាធិបតេយ្យ សេរីនិយម ព្រះ​ពុទ្ធសាសនា លោក កឹម សុខា បាន​រៀបចំ​វេទិកា​សាធារណៈ​ជា​ច្រើន​នៅ​តាម​បណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស ក្នុង​គោលដៅ​ទី​១៖ អប់រំ​ផ្សព្វផ្សាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ទៅ​ដល់​ប្រជាពលរដ្ឋ​ និងគោលដៅ​ទី​២៖ ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។ បញ្ហា​ចម្បង​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​កាល​ណោះ ភាគ​ច្រើន​លើស​លុប​គឺ​ជម្លោះ​ដី​ធ្លី​ជាមួយ​អ្នក​មាន​អំណាច​។

នៅ​ពេល​គណបក្ស​ប្រជាធិបតេយ្យ សេរីនិយម ព្រះ​ពុទ្ធសាសនា របស់​លោក សឺន សាន ចាញ់​ឆ្នោត​នៅ​ឆ្នាំ​១៩៩៨ អភ័យ​ឯកសិទ្ធិ​សមាជិក​សភា​ធម្មនុញ្ញ​របស់​លោក កឹម សុខា ក៏​ត្រូវ​បញ្ចប់​នៅ​ពេល​នោះ​ដែរ​។ លោក កឹម សុខា បាន​សម្រេច​ចិត្តចូល​រួម​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច នៅ​ឆ្នាំ​១៩៩៩ ប៉ុន្តែ​ក្រោយ​មក​បាន​ចែក​ផ្លូវ​ពី​គណបក្ស​នេះ​ទៅ​វិញ នៅ​ឆ្នាំ​២០០២​។

គឺ​​ឆ្នាំ​២០០២​នោះ​ហើយ ដែល​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​របស់​លោក កឹម សុខា ក្នុង​នាម​ជា​ស្ថាបនិក និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នា​ពេល​នោះ បាន​ចុះ​រៀបចំ​វេទិកា​សាធារណៈ​នៅ​តាម​បណ្ដា​ខេត្ត ដោយ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​។ ហើយ​តាម​​​រយៈ​ក្បាល​មេក្រូ​​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នេះ គេ​មាន​ឱកាស​បាន​ស្ដាប់​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​ទី​ជន​បទ​ដាច់​ស្រយ៉ាល។

នៅ​ចុងឆ្នាំ ២០០៥ លោក កឹម សុខា ក្នុងនាម​ជាប្រ​ធានមជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា ត្រូវបាន​អាជ្ញាធរ​ចាប់​យកទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទ​ពីបទ​បរិហារកេរ្ដិ៍ និង​ជេរប្រមាថ​ប្រមុខ​រាជរដ្ឋាភិបាល​។ ការ​ចោទប្រកាន់នេះ​ធ្វើ​ឡើង​ដោយ​សារ​តែ​​បដាមួយ​ លើក​នៅ​ពីក្រោយ​លោក កឹម សុខា ក្នុងពិធីជួបប្រជុំរបស់មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែលបដានោះបាន​​ចោទប្រកាន់​​លោកនាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ថា​បាន​លក់​ទឹកដីឲ្យវៀតណាម។ លោក កឹម សុខា ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០០៦​។

មួយ​ឆ្នាំ​បន្ទាប់​ពី​នោះ លោក កឹម សុខា លាលែង​ពី​តំណែង​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហើយ​ត្រឡប់​មក​ហក់​លោត​លើ​ឆាក​នយោបាយ​ឡើង​វិញ តាម​រយៈ​ការ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​។ គណបក្ស​នេះ ឈ្នះ​បាន​អាសនៈ​៣ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០០៨​ ហើយ​ដើម្បី​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង​ក្លា លោក កឹម សុខា សម្រេច​ចិត្ត​យក​គណបក្ស​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ទៅ​ច្របាច់​បញ្ចូល​ជាមួយ​គណបក្ស​សមរង្ស៊ី នៅ​ឆ្នាំ​២០១២ ដើម្បី​បង្កើត​គណបក្ស​មួយ​ថ្មី​។ គណបក្ស​នោះមាន​​ឈ្មោះ​​ថា សង្គ្រោះ​ជាតិ​ ហើយ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​លើស​លុប រហូត​ឈ្នះ​បាន​អាសនៈ​ចំនួន​៥៥​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​។

ចាប់​តាំង​ពី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ជីវិត​របស់​លោក កឹម សុខា ជួប​តែ​រឿង​មិន​ចេះ​ចប់​។ កាល​ពីអំឡុងឆ្នាំ ២០១៣ បាតុកម្មជា​ច្រើន​​ផ្ទុះ​ឡើង​ប្រឆាំង​នឹង​លោក កឹម សុខា បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​ខ្សែ​អាត់​សំឡេងដែល​គេ​ចោទ​ថា​ជា​សំឡេង​របស់​លោក កឹម សុខា និយាយ​ថា គុក​ទួល​ស្លែង​ជា​គុក​សិប្បនិម្មិត​។ ជនរងគ្រោះរួចផុតជីវិតពីគុកទួលស្លែង និងពលរដ្ឋកម្ពុជាដែល​រងគ្រោះ​ក្នុង​របប​​ខ្មែរក្រហម ជាច្រើន បាន​ទាមទាឲ្យលោក កឹម សុខា ​សុំទោស​ជន​រងគ្រោះ ក្នុង​របបខ្មែរក្រហម។​​ ប៉ុន្ដែ​លោក កឹម សុខា មិន​បាន​សុំទោសឡើយ ដោយ​លោក ថា លោក​មិនបាន​និយាយដូចការចោទនោះទេ។

លុះ​មក​ដល់​ឆ្នាំ​២០១៦ លោក កឹម​ សុខា ត្រូវបង្ខំចិត្ត​បង្ខាំងខ្លួនឯងនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ អស់ជាច្រើនខែ ដោយសារតែសំណុំរឿង​ស្នេហាលួច​លាក់ជាមួយកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។ តុលាការ​កោះ​ហៅ​លោក​ទៅ​បំភ្លឺ​ជា​ច្រើន​លើក​នៅ​ក្នុង​សំណុំ​រឿង​នេះ ប៉ុន្តែ​លោក​បដិសេធ​មិន​ព្រម​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​នោះ​ទេ​។ នៅ​ខែ​ឧសភា​ឆ្នាំ​២០១៦ លោក​ កឹម សុខា ត្រូវបាន​ប៉ូលិសប៉ុនប៉ង​ចាប់ខ្លួន​នៅស្នាក់​ការគណបក្ស​សង្គ្រោះជាតិ ប៉ុន្ដែបំណង​នេះ​មិន​បាន​សម្រេច​ទេ ដោយសារសកម្មជន​គណបក្សប្រឆាំងរាប់រយនាក់​នាំគ្នាទៅ​ដេកយាមនៅក្នុងស្នាក់ការនោះ ទាំងថ្ងៃទាំងយប់។

ការ​ចាប់​ខ្លួន​លោក កឹម សុខា បាន​សម្រេច​នៅ​យប់​ថ្ងៃ​ទី​០២ ឈាន​ចូល​ថ្ងៃ​ទី​០៣​ខែ​កញ្ញា ឆ្នាំ​២០១៧​ នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​ខណ្ឌទួលគោក រាជ​ធានីភ្នំពេញ​​ ក្រោម​បទចោ​ទសន្ទិដ្ឋិភាព​​។ លោក​ត្រូវ​អាជ្ញាធរ​​បញ្ជួនទៅឃុំខ្លួនភ្លាមៗ​​នៅពន្ធនាគារ​ត្រពាំង​ផ្លុង​មួយឆ្នាំ បន្ទាប់មកចៅក្រម​បានប្តូរពីការ​ឃុំខ្លួន​ក្នុងពន្ធនាគារ​ដោយ​ឲ្យមករស់​នៅតែ​ក្នុងផ្ទះ​រយៈពេល​ជាង​មួយ​ឆ្នាំទៀត។ នៅ​ថ្ងៃ​ទី​១០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ លក្ខខណ្ឌ​របស់​តុលាការ​ចំពោះ​លោក កឹម សុខា ត្រូវ​បាន​​បន្ថូរ​បន្ថយ ហើយ​លោក​ត្រូវ​បាន​​អនុញ្ញាតឲ្យ​ធ្វើ​ដំណើរ​ទូទាំង​ប្រទេស តែ​ហាម​ដាច់​ខាត​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ឡើយ​៕

What Next?

Recent Articles

Leave a Reply

Submit Comment