អាជ្ញាធរ​ស្រុក​ស្រែ​អំបិល​រារាំង​ពលរដ្ឋ​មិន​ឱ្យ​មក​ដាក់​​ញត្តិ​ក្នុង​ទី​ក្រុង​ភ្នំពេញ ដោយ​បារម្ភ​​ខ្លាច​ចូលរួម​​ការ​ជំនុំ​ជម្រះ​លោក កឹម សុខា

ដោយ ហេង រស្មី
2020-01-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជ្ញាធរ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង រារាំង​ប្រជាពលរដ្ឋ​ណា ដែល​ប៉ុនប៉ង​ទៅ​ចូលរួម​សង្កេត​មើល​ការ​ជំនុំ​ជម្រះ លោក កឹម សុខា។

អាជ្ញាធរ​ស្រុក​ស្រែអំបិល​ កាល​ពី​ថ្ងៃ​​ទី១២ មករា បាន​រារាំង និង​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ​ដែល​មាន​គម្រោង​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​ដែន​ដី​ រឿង​ទំនាស់​ដី​ជាមួយ​ក្រុម​ហ៊ុន​ចិន​ ញូញៀន ឌិវីឡុបមិន គ្រុប (Union Development Group) ដោយ​យល់​ថា ពលរដ្ឋ​រូប​នោះ​ទៅ​ចូលរួម​សវនាការ​ជំនុំ​ជម្រះ​ក្តី​មេ​បក្ស​ប្រឆាំង​លោ កឹម សុខា។ ប៉ុន្តែ​បាន​អនុញ្ញាត​ឱ្យ​បន្ត​ដំណើរ​ទៅ​មុខ ​ក្រោយ​ពី​អាជ្ញាធរ​បាន​បង្ខំ​​អោយ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​មួយ​សន្លឹក។​

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​លោក​ស្រី សាំង ពុយ ប្រាប់​អាស៊ី​សេរី​ថា​ ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ប្រមាណ​ ២៥នាក់​ មក​ពី​ខេត្ត​កោះ​កុង​គ្រោង​នឹង​ដាក់​ញត្តិ​នៅ​ក្រសួង​ដែន​ដី នៅ​ទី​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣​ មករា​នេះ​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​រឿង​ទំនាស់​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​ជា​មួយ​ក្រុម​ហ៊ុន​ចិន ញូញៀន ឌិវីឡុបមិន គ្រុប (Union Development Group)។ លោក​ស្រី​បន្ត​ថា​ នៅ​ពេល​មក​ដល់​ស្រុក​ស្រែ​អំបិល​ខេត្ត​កោះកុង អាជ្ញាធរ​បាន​ឃាត់​ខ្លួន​លោក​ស្រី​អស់​រយះ​ពេល​បី​ម៉ោង​ ហើយ​តម្រូវ​ឱ្យ​ចុះ​កិច្ច​សន្យា​លើ​កំណត់​ហេតុ​មួយ​ច្បាប់​ ដោយ​សន្យា​​​ពី​គោល​បំណង​ដាក់​ញត្តិ​នេះ​មែន​ មិន​មែន​ទៅ​ចូល​រួម​សវនាការ​លើ​ករណី​លោក​កឹម សុខ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៥​ មករា​ខាង​មុន​នេះ​ទេ។ លោក​ស្រី​បញ្ជាក់​ថា​ នៅ​ពេល​លោក​ស្រី​ធ្វើ​តាម​​ការ​សន្យា​ទើប​អាជ្ញាធរ​បាន​ដោះ​លែង​អ្នក​ស្រី​មក​វិញ៖ «ខ្ញុំ​គិត​ថា​ វា​ហួស​ចិត្ត​ណាស់​ដល់​ធ្វើ​អញ្ចឹង​មិន​សម​មក​ដាក់​សម្ពាធ​មក​លើ​បងប្អូន​ប្រជាពលរដ្ឋ​ ថា​គេ​កំពុង​តែ​មាន​ទំនាស់​ដីធ្លី​ហើយ​ ធ្វើ​អ៊ីចឹង​ទេ ពី​ព្រោះ​គាត់​អត់​មាន​ដោះ​ស្រាយ​មក​ជាង​១០​ឆ្នាំ​ហើយ។ អ៊ីចឹង​យើង​មក​ជំរុញ​ប្រសិន​បើ​យើង​មិន​មក​ ក៏​យើង​អត់​សង្ឃឹម​ ។​យើង​អត់មាន​ថា​ឆន្ទៈ​របស់​អាជ្ញាធរ​ដោះ​ស្រាយ​អោយ​យើង​ទេ»

អភិបាល​ស្រុក​ស្រែ​អំបិល​លោក​ ជា ច័ន្ទកញ្ញា​ មិន​អាច​ស្នើ​សុំ​ដើម្បី​សេចក្ដី​អត្ថាធិប្បាយ​បាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។​

ប្រជាពលរដ្ឋ​ដែល​នៅ​សេស​សល់​ចំនួន​២៦​គ្រួសារ​បាន​ព្យាយាម​មក​ដាក់​ញត្តិ​ទៅ​ក្រសួង​ពាក់ព័ន្ធ​នៅ​ក្រុង​ភ្នំពេញ​តាំង​ពី​ឆ្នាំ​១០១៤​ រហូត​មក​ដល់​ឆ្នាំ​២០២០​ ដើម្បី​ទទូច​ឱ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ជួយ​អន្តរាគមន៍​ទៅ​ក្រុម​ហ៊ុន​ចិន​អោយ​ផ្ដល់​សំណង​សមរម្យ​នៅ​លើ​ផ្ទៃ​ដី​ចំនួន ៤៣២​ហិច​តា​នៅ​ស្រុក​បទុម​សាគរ​ខេត្ត​កោះ​កុង។

រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន ញូញៀន ឌិវីឡុបមិន គ្រុប កាល​ពី​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ២០០៨ មាន​ផ្ទៃ​ដី ៣ម៉ឺន ៦ពាន់​ហិកតារ នៅ​ស្រុក​បទុម​សាគរ និង​ស្រុក​គីរីសាគរ ខេត្ត​កោះកុង ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម កាស៊ីណូ​ កំពុង​ផែ និង​រមណីយដ្ឋាន​ទេសចរណ៍។ តែ​ការ​ផ្ដល់​ដី​សម្បទាន​នេះ​ត្រូវ​ពលរដ្ឋ និង​អង្គការ​សិទ្ធិ​មនុស្ស​រិះគន់​ថា ​ពោរពេញ​ទៅ​ដោយ​រំលោភ​សិទ្ធិមនុស្ស​​និង​ធ្វើ​អោយ​ពលរដ្ឋ​ឈឺចាប់​ដោយ​សារ​ការ​បាត់​បង់​ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment