លោក ហ៊ុន សែន ជួប​អ្នក​កាសែត​ប្រចាំ​ឆ្នាំ​ជា​លើក​ទី៤

ដោយ អាស៊ីសេរី
2020-01-14
អាស៊ីសេរី

អ្នកសារព័ត៌មាន​ពី​ស្ថាប័ន​នានា ចូលរួម​​ពិធី​ជួប​ជុំ​ប្រចាំ​ឆ្នាំ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​លើក​ទី៤ នៅថ្ងៃទី១៤ ខែ​មករា។

អ្នកសារព័ត៌មាន​ពី​ស្ថាប័ន​នានា ចូលរួម​​ពិធី​ជួប​ជុំ​ប្រចាំ​ឆ្នាំ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​លើក​ទី៤ នៅថ្ងៃទី១៤ ខែ​មករា។

 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបជាមួយអ្នកសារព័ត៌មានប្រចាំឆ្នាំជាលើកទី៤ នៅថ្ងៃទី១៤ ខែ​មករា ដែល​មាន​កម្មវិធី​ផឹក​ស្រា និង​ពិសា​អាហារ​រួម​គ្នា​ផង ប៉ុន្តែ​លោក ហ៊ុន សែន នៅតែ​មិន​បើក​ឱកាស​ឲ្យ​អ្នក​សារ​ព័ត៌មាន​សាក​សួរ​ដោយ​ផ្ទាល់​ដូច​ជំនួប​មុនៗ ដែរ។ អ្នក​សារ​ព័ត៌មាន​ឯករាជ្យ នៅ​តែ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ធានា​ពី​សេរីភាព និង​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សោភ័ណ្ឌ ប្រាប់​អាស៊ី​សេរី​ថា ជំនួប​រវាង​ប្រមុខ​រដ្ឋាភិបាល កម្ពុជា លោក ហ៊ុន សែន និង​អ្នក​សារ​ព័ត៌មាន នៅល្ងាចថ្ងៃទី១៤ ខែ​មករា​នេះ គឺ​មាន​អ្នក​ចូលរួម​ជាង ៥ពាន់នាក់ ដែល​ក្នុង​នោះ​មាន​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ទស្សនាវដ្ដី កាសែត គេហទំព័រ សមាគម និង​ក្លឹប​អ្នកកាសែត ថ្នាក់ដឹកនាំ​មួយ​ចំនួន​ ដែល​ធ្វើការ​ក្នុង​វិស័យ​សារព័ត៌មាន ព្រម​ទាំង​ភ្ញៀវ កិត្តិយស​ផ្សេងៗ ទៀត​ផង។

លោក​បញ្ជាក់​ថា ជំនួប​លើក​នេះ​ដូច​លើក​មុនៗ ដែរ គឺ​លោក​នាយក​រដ្ឋមន្ត្រី មិន​អនុញ្ញាត​ឲ្យ​អ្នក សារព័ត៌មាន​សួរ​សំណួរ​ដោយ​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​ពួក​គេ​អាច​លើក​ជា​សំណើ ឬ​មតិ​យោបល់ ផ្សេងៗ ដាក់​ជូន​នាយក​រដ្ឋមន្ត្រី តាម​រយៈ​សមាគម ឬ​ក្លឹប​អ្នកសារព័ត៌មាន ហើយ​បញ្ជូន​បន្ត​ឲ្យ​ក្រសួង​ព័ត៌មាន៖ «»

លោក មាស សោភ័ណ្ឌ បន្ត​ថា ចំពោះ​សំណើ​សុំ​ឲ្យ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​ករណី​អ្នក​សារ​ព័ត៌មាន ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់​រួម​មាន៖ អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​នាក់ គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ នោះ គឺ​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ ដោយសារ​សំណុំ​ទាំង​រឿង​នេះ កំពុង​ឋិត​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ។ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​រូប​នេះ ឆ្លើយ​តប​ដែរ​ថា ការ​រិះគន់​អំពី​សេរីភាព​សារ​ព័ត៌មាន​ធ្លាក់​ចុះ​នៅ​កម្ពុជា គឺ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នោះ​ទេ ដោយ​លោក​អះអាង​ថា ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា គឺ​សំបូរ​បែប និង​ល្អ​ប្រសើរ​ជាង ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ទៅ​ទៀត៖ «»

ក្នុង​ឱកាស​ជួបជុំ​អ្នក​សារព័ត៌មាន​​ដែល​ភាគច្រើន​ជា​អ្នកសារព័ត៌មាន​​​គាំទ្រ​​រដ្ឋាភិបាល​នោះ លោក ហ៊ុន សែន មិនដែល​បើកឱកាស​ឲ្យ​អ្នកសារព័ត៌មាន​បាន​លើក​ឡើង​ពី​បញ្ហា ឬ​ចោទ​​សំនួរ​ទៅតាម​វិជ្ជាជីវៈ​របស់​ពួកគេ​ឡើយ ពោល​គឺ​លោក តែងតែ​កាន់​ក្បាល​មីក្រូ​និយាយ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ។

អ្នក​សារ​ព័ត៌មាន​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វីអូអេ (VOA ) លោក ស៊ុន ណារិន ថ្លែង​ថា លោក​មិន បាន​ចូល​រួម​ពិធី​ជួបជុំ​នេះ​ទេ ដោយ​សារ​មិន​បាន​ដាក់​ពាក្យ​សុំ​ចូលរួម ហើយ​ក៏​មិន​មាន​លិខិត​អញ្ជើញ ចូល​រួម​ដែរ។ លោក ស៊ុន ណារិន មិន​រំពឹង​ថា ជំនួប​នេះ​មាន​លទ្ធផល ឬ​ផ្ដល់​ប្រយោជន៍​សម្រាប់ អ្នក​សារព័ត៌មាន​ឯករាជ្យ​ឡើយ ព្រោះ​ក្រោយ​ជំនួប​បែប​នេះ​កន្លង​មក លោក​សង្កេត​ឃើញ​ថា សេរីភាព​សារ​ព័ត៌មាន​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង ដោយសារតែ​រដ្ឋាភិបាល​បាន​បង្ក្រាប​យ៉ាង​ដំណំ​ទៅ​លើ​សារ​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន ​ដែល​តែង​រាយការណ៍​រិះគន់​ការដឹកនាំ​របស់​រដ្ឋាភិបាល។ អ្នក​សារ​ព័ត៌មាន​រូប​នេះ ចង់​ឃើញ​រដ្ឋាភិបាល​ធានា​សេរីភាព និង​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន​ពិត​ប្រាកដ ដូច​ជា បើក​ទូលាយ​ឲ្យ​អ្នក​សារ​ព័ត៌មាន​អាច​ចូល​យក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ នាយករដ្ឋមន្ត្រី​ដោយ​គ្រាន់​តែ​ប្រើ​កាត​អ្នក​សារ​ព័ត៌មាន ដោយ​មិន​ចាំបាច់​មាន​កាត​បី​បួន​ផ្សេង​ទៀត​ជាដើម៖ «»

នៅ​មុន​ជំនួប​នេះ​ពីរ​ថ្ងៃ លោក ហ៊ុន សែន បាន​ថ្លែង​អរគុណ​ដល់​អ្នក​សារព័ត៌មាន និង​ជំរុញ​ឲ្យ​អ្នក សារព័ត៌មាន​សរសេរ​ព័ត៌មាន និង​ចូលរួម​ផ្សាយ​ព័ត៌មាន​ពិត និង​ព័ត៌មាន​វិជ្ជមាន​ល្អ​ពី​កម្ពុជា ដែល​លោក​ថា ជា​ការ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។

លោក ស៊ុន ណារិន យល់ថា​ជា​រឿង​ធម្មតា ដែល​រដ្ឋាភិបាល​តែងតែ​ចង់​ឲ្យ​អ្នក​សារ​ព័ត៌មាន​ផ្សាយ​តែ​ពី​រឿង​ល្អៗ ក្រោម​ការ​ដឹក​នាំ​របស់​ខ្លួន ប៉ុន្តែ​តួនាទី​របស់​អ្នកសារព័ត៌មាន គឺ​ត្រូវ​ផ្សាយ​ទាំង រឿង​វិជ្ជមាន និង​អវិជ្ជមាន ជាពិសេស រឿង​ណា​ដែល​មាន​គុណ​ប្រយោជន៍​សម្រាប់​សាធារណជន។ លោក​បន្ត​ថា រដ្ឋាភិបាល​មិន​គួរ​ខឹង​អ្នក​សារ​ព័ត៌មាន ដែល​ផ្សាយ​អំពី​ការ​ពិត និង​រឿង​អវិជ្ជមាន​នោះ​ទេ៖ «»

ក្នុង​ឱកាស​ជួប​ជាមួយ​លោក ហ៊ុន សែន នេះ សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJa) បាន​ដាក់​សំណើ​ចំនួន ១១ចំណុច ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍ ក្នុង​នោះ​មាន ការ​បញ្ចប់​ការ​ធ្វើ​ទុក​បុក​ម្នេញ វាយដំ ឃាត់ខ្លួន និង​ការ​រារាំង​ការងារ​របស់​អ្នក​សារ​ព័ត៌មាន ស្នើ​សុំ​ឲ្យ សមត្ថកិច្ច​គួរ​ស៊ើប​អង្កេត​ឡើង​វិញ រឿង​សម្លាប់​អ្នក​សារ​ព័ត៌មាន​នា​ពេល​កន្លង​មក ស្នើសុំ​ឲ្យ​បញ្ចប់ ការ​រើសអើង និង​លាប​ពណ៌​អ្នក​សារព័ត៌មាន និង​ស្នើសុំ​ឲ្យ​លុបចោល​ការ​ណែនាំ​អ្នក​សារព័ត៌មាន ឲ្យ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ពី​ការងារ​របស់​ពួក​គេ ដូច​ករណី​នៅ​ខេត្ត​រតនគីរី។ ជា​មួយ​គ្នា​នេះ សម្ព័ន្ធ​អ្នក សារ​ព័ត៌មាន​កម្ពុជា ក៏​ស្នើសុំ​ឲ្យ​លុយ​ចោល​សេចក្ដី​ប្រកាស​រួម ស្ដីពី​ការ​គ្រប់​គ្រង​អ៊ីនធើណិត និង គោល​ការណ៍​ផ្សេងទៀត ស្នើសុំ​ឲ្យ​ឆាប់​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន ធានា​ការ ចូល​រួម​របស់​ភាគី​ពាក់ព័ន្ធ​ប្រកប​ដោយ​ប្រសិទ្ធភាព លើ​ការ​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​ព័ត៌មាន​ក្លែង ក្លាយ (Cyber crime law) វិសោធនកម្ម​ច្បាប់​របប​សារ​ព័ត៌មាន និង​ស្នើសុំ​ឲ្យ​ផ្ដល់​សេរីភាព និង​ផ្ដល់ អាជ្ញាប័ណ្ណ​វិទ្យុ ដែល​ក្រសួង​បាន​ដក​កន្លង​មក ព្រម​ទាំង​បើក​លំហ និង​ជំរុញ​ឲ្យ​មាន​សេរីភាព​សារ​ព័ត៌មាន​ល្អ​ប្រសើរ​ឡើង​វិញ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា លោក ម៉ៃ ទិត្យថារ៉ា មាន​ប្រសាសន៍​ថា សមាជិក​របស់ លោក​ចំនួន ១០នាក់​ចូលរួម​ពិធី​ជួប​ជុំ​នេះ ហើយ​លោក​រំពឹង​ថា ជំនួប​នេះ​នឹង​មាន​សញ្ញា​វិជ្ជមាន សម្រាប់​អ្នក​សារ​ព័ត៌មាន​កម្ពុជា៖ «»

សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​រយៈ​ពេល ២ឆ្នាំ​ចុង​ក្រោយ​នេះ រង​ការ​រិះគន់​ថា អាក្រក់​ខ្លាំង​ដោយ​សារ​តែ​គណបក្ស​កាន់​អំណាច​របស់​លោក ​ហ៊ុន សែន​ ព្យាយាម​កម្ចាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រិះគន់​លោក។ សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ២០១៩​ ដែល​ចេញផ្សាយ​ដោយ​អង្គការ​អ្នក រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Border) បង្ហាញ​ថា​ កម្ពុជា​ជាប់លេខ ១៤៣ ដែល​មាន​ន័យ​ថា ចំណាត់ថ្នាក់​នេះ កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ស្ថាន​ភាព​លំបាក​ផ្នែក​សេរីភាព​សារព័ត៌មាន​។ រីឯ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human​ Rights Watch) បាន​ចេញ​សេចក្ដី​ ថ្លែងការណ៍​ កាលពី​ខែ​កក្កដា ឆ្នាំ២០១៩ ​ថា​ លោក​ ហ៊ុន​ សែន​ នៅតែ​ចាត់​ទុក​អ្នកសារព័ត៌មាន​ជា​ចំណាប់ខ្មាំង​ ដើម្បី​ដាក់ទណ្ឌកម្ម​អ្នក​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​របស់​លោក​។ អង្គការ​អន្តរជាតិ​នេះ​ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បរទេស​ និង​ម្ចាស់​ជំនួយ​ ចាត់​ទុក​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​ថា​ បាន​ស្លាប់​ដូច​គ្នា​នឹង​លទ្ធិប្រជាធិបតេយ្យ​ដែរ​ ហើយ​ជំរុញ​រដ្ឋាភិបាល កម្ពុជា​ឱ្យ​ទម្លាក់​ចោលការ​ចោទ​ ប្រកាន់​មិន​សម​ទំនង​នេះ​លើ​អ្នកសារព័ត៌មាន៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment