មេធាវី​ចុះ​ប្រមូល​ព័ត៌មាន​ពី​កូនក្ដី​​ក្នុង​សំណុំ​រឿង​ពលរដ្ឋ​ម្នាក់​ស្លាប់​ពេល​ជាប់​ឃុំ​នៅ​បន្ទាយមានជ័យ​ដើម្បី​​តតាំង​នៅ​មុខ​តុលាការ

ដោយ អាស៊ីសេរី
2020-01-14
អាស៊ីសេរី

អ្នក​តវ៉ា​រឿង​ដីធ្លី ៥នាក់​ ដែល​អាជ្ញាធរ​ចាប់​​ឃុំឃាំង និង​វាយដំ កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ២០១៩។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ ៥នាក់ មាន​ម្នាក់ គឺ​លោក ទុយ ស្រស់ បាន​​ស្លាប់​ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២០។

អ្នក​តវ៉ា​រឿង​ដីធ្លី ៥នាក់​ ដែល​អាជ្ញាធរ​ចាប់​​ឃុំឃាំង និង​វាយដំ កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ២០១៩។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ ៥នាក់ មាន​ម្នាក់ គឺ​លោក ទុយ ស្រស់ បាន​​ស្លាប់​ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២០។

 Photo Provided


មេធាវី​ការពារ​ក្ដី​ឱ្យ​ដើមបណ្ដឹង ចាប់​ផ្ដើម​ចុះ​ប្រមូល​ព័ត៌មាន​ពី​កូន​ក្ដី ក្នុង​សំណុំ​រឿង​ដែល​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ម្នាក់​ស្លាប់ ក្នុង​ពេល​សមត្ថកិច្ច​ឃុំ​ខ្លួន​នៅ​ខេត្ត​បន្ទាយមានជ័យ។ ការ​ប្រមូល​ព័ត៌មាន​នេះ គឺ​សម្រាប់​តតាំង​ក្ដី​នៅ​តុលាការ ដើម្បី​ស្វែង​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ។ សាក្សី​និង​ជា​ជនរងគ្រោះ​ក្នុង​សំណុំ​រឿង​នេះ ទាមទារ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​ទៅ​លើ​ជនល្មើស​តាម​ច្បាប់។

មេធាវី​ លោក សំ ទិត្យ​សីហា ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ ទី១៤ មករា​ថា លោក​​នឹង​ទៅ​ដល់​ខេត្ត​បន្ទាយមានជ័យ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ។ លោក​បន្តថា មួយ​ថ្ងៃ​ក្រោយ​ពេល​ទៅ​ដល់​ខេត្ត​នេះ ​លោក​នឹង​ចុះ​ទៅ​ជួប​កូន​ក្ដី​​ ដើម្បី​ប្រមូល​ព័ត៌មាន​ទៅ​តតាំង​ក្ដី​នៅ​ក្នុង​តុលាការ។ លោក​បញ្ជាក់​ថា លោក​នឹង​ប្រឹង​ការពារក្ដី លើសំណុំរឿងនេះ ទៅតាម​វិជ្ជាជីវៈ​ដែល​​ចេះ​ដឹង ​ដើម្បី​​ស្វែង​រក​យុត្តិធម៌​ជូន​ដល់​កូន​ក្ដី​លោក​៖ « »

សាក្សី​និង​ជា​ដើម​បណ្ដឹង​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ ៣នាក់ ​បាន​ប្ដឹង​រក​យុត្តិធម៌​ទៅ​តុលាការ​​​លោក​ ហ៊ឹម គិរី ​ថ្លែង​ថា​ ពួក​លោក​ទាំង ៣នាក់ ក៏​ជា​ជន​រង​គ្រោះ​ ដែល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​​មាន​ជ័យ​វាយ​ដំ​ធ្វើ​ទារុណកម្ម​ដែរ។ លោក​បន្ថែម​ថា​ ពួក​លោក​នឹង​ប្រាប់​រឿង​រ៉ាវ​ទៅ​មេធាវី​ទៅ​តាម​ការ​ពិត​ជាក់​ស្ដែង​​ដែល​សមត្ថកិច្ច​វាយ​ធ្វើ​បាប​ពួកគាត់​​ដោយ​មិន​លាក់បាំង​ឡើយ។ លោក​បញ្ជាក់​ថា អាវុធហត្ថ​ខេត្ត​នេះ​បាន​ទាត់​ធាក់​មក​លើ​រូប​លោក​ជា​ច្រើន​ជើង​ធ្វើ​ឱ្យ​គ្រាំគ្រា​ក្នុង​ខ្លួន​​មិន​ទាន់​បាន​ធូរ​ស្បើយ​នៅ​ឡើយ​ទេ៖ «»

​លោក​បន្ត​ថា លោក ទុយ ស្រស់ តំណាង​ពលរដ្ឋ​មាន​ទំនាស់​​ដីធ្លី​នៅ​ភូមិ​ជ្រៃ ឃុំ​ចង្ហា ស្រុក​អូរជ្រៅ បាន​ស្លាប់​នៅ​ថ្ងៃ​ទី១ មករា គឺ​ក្រោយ​ពេល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ចាប់​បញ្ជូន​ទៅ​ខ្លួន និង​វាយ​ដំ​នៅ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ ចាប់​ពី​ថ្ងៃ​ទី២៨ ដល់​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ២០១៩។​

លោក​បន្ថែម​ថា​ រហូត​ដល់​ជនរងគ្រោះ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ទើប​បញ្ជូន​បន្ត​ទៅ​ពន្ធនាគារ​ខេត្ត និង​បណ្ដាល​ឱ្យ​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់។ លោក​ថា​ពេល​នោះ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន ៥នាក់​យក​ទៅ​សាកសួរ​ ដោយសារ​តែ​ពួក​គាត់ តវ៉ា​​​​​រឿង​ទំនាស់​ដី​របស់​ពួក​គាត់​នៅ​ស្រុក​ស្វាយ​ចេក។

កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ​នោះ ប្រជា​ពលរដ្ឋ​ជាង ១០០នាក់ បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត ចេញ​ទៅ​ជួប​ពួកគាត់​ពន្យល់​អំពី​មូលហេតុ ដែល​មិន​ឱ្យ​ពួក​គាត់​កាន់​កាប់​​ដី​ទំនាស់​ ប៉ុន្តែ​ពេល​នោះ​អាជ្ញាធរ​ខេត្ត​មិន​បាន​ចេញ​ជួប​ក្រុម​អ្នក​តវ៉ា​នោះ​ឡើយ។ នៅ​ថ្ងៃ​នោះ​ក្រុម​ពលរដ្ឋ​ក៏​មិន​ព្រម​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ​ គឺ​​រង់ចាំ​​ក្បែរ​របង​សាលា​ខេត្ត រហូត​ដល់​ម៉ោង ២រសៀល ស្រាប់​តែ​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ជា​ច្រើន​នាក់​​​ទៅ​បង្ក្រាប​​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​ និង​បាន​ចាប់​មនុស្ស ៥នាក់​យក​ទៅ​ឃុំ​ខ្លួន។ អំឡុង​ពេល​សមត្ថកិច្ច​ឃុំ​ខ្លួន​នោះ មាន​ពលរដ្ឋ​ម្នាក់​បាន​ស្លាប់​ ​ក្រោយ​ពេល​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​បាន​មួយ​​ថ្ងៃ​ និង ៤នាក់​ផ្សេង​ទៀត ត្រូវ​បាន​ដោះលែង​វិញ​នៅ​ថ្ងៃ​ទី៣ មករា។

អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា មន្ត្រី​អាវុធហត្ថ​មិន​បាន​ប្រើ​ហិង្សា​ទៅ​លើ​ជនរងគ្រោះ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ជុំ​វិញ​បញ្ហា​នេះ​រួច​ហើយ​ដែរ។​ ទោះ​ជា​យ៉ាង​ណា​លោក​ថា​ លោក​ជំរុញ​ឱ្យ​សាក្សី និង​សាច់ញាតិ​ជនរងគ្រោះ​ប្ដឹង​ទៅ​តុលាការ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់។​

ការ​ស្លាប់​របស់​លោក ទុយ ស្រស់ កាល​ពី​ថ្ងៃ​ទី​១ មករា ត្រូវ​បាន​សាលា​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បញ្ជាក់​ថា ជន​រងគ្រោះ​ស្លាប់​ពេល​បញ្ជូន​ទៅ​ព្យាបាល​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​មង្គលបូរី កាល​ពី​ថ្ងៃ​ទី​១ មករា។

ចំណែក​ឯ​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​​ចេញ​របាយការណ៍​ថា ជន​រងគ្រោះ​បាន​ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ក្នុង​ស្រុក​មង្គលបូរី។

ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​លោក​ អ៊ុង ស៊ីផាន បញ្ជាក់​នៅ​ក្នុង​របាយការណ៍​កាល​ពី​ថ្ងៃ​ទី​២ ​មករា​ថា មន្ត្រី​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត​នេះ បាន​ធ្វើ​កោសល្យវិច័យ​​ទៅ​លើ​សាកសព​ ហើយ​រក​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ ដោយសារ​ខ្យល់​គរ។ ក៏​ប៉ុន្តែ​មន្ត្រី​ជំនាញ​មិន​បាន​បញ្ជាក់​អំពី​ស្នាម​ជាំ​ភ្នែក និង​របួស​រលាត់​ដៃ​ឡើយ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ប្រតិកម្ម​នឹង​របាយការណ៍​នេះ​ថា ជា​របាយការណ៍​មិន​ច្បាស់​លាស់ និង​មិន​អាច​យក​ជា​ការ​បាន​ឡើយ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក ​(Adhoc) លោក​ សឹង សែន​ករុណា ​ថ្លែង​ថា​ ភាព​មិន​ច្បាស់​លាស់​ ដោយសារ​របាយការណ៍​របស់​អាជ្ញាធរ ២ស្ថាប័ន បាន​​រក​ឃើញ​ពី​ការ​ស្លាប់​ខុស​គ្នា។ លោក​បញ្ជាក់​ទៀត​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ​មាន​​ភាព​មិន​ប្រក្រតី ​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បើក​ការ​ស៊ើបអង្កេត​​ជា​បន្ទាន់​ និង​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles